Tue, 18 November 2014
ឈឹម ស្រីនាង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្រោយពីប្រកួតគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតកាលពីឆ្នាំ២០១៣-២០១៤កន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)បានទទួលដំណឹងពីក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រខបភើរេសិន ប្រទេសជប៉ុន ថាគំនូររបស់ កុមារី ផា មាលក្សី អាយុ៦ឆ្នាំត្រូវបានជ្រើសរើសឲ្យជាប់ជាពានរង្វាន់ពិសេសទូទាំងសកលលោក ក្នុងចំណោមរូបគំនូរចំនួន៦៦២០០០។ ជ្រើសរើសផ្ទាល់ពីសំណាក់លោក Akio Toyoda ជាប្រធានក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រខបភើរេសិន គំនូរគូរដោយកុមាកម្ពុជាបានជាប់ពានរង្វាន់ពិសេសថ្នាក់ពិភពលោកជាលើកទីមួយ។
ថ្លែងពីជោគជ័យនៃកុមារខ្មែររូបនេះ លោក គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានមោទនភាពណាស់ ដោយក្នុងចំណោមការប្រកួតនេះគឺមានកុមារៗចូលរួមច្រើន ហើយក្នុងស្រុកខ្មែរយើងក៏មានច្រើន។ យើងជ្រើសរើសយកតែអ្នកមានស្នាដៃល្អដើម្បីទៅប្រកួតជាអន្តរជាតិ។ ក្នុងចំណោមអន្តរជាតិដែលមានប្រទេសជាច្រើន ក្នុងនោះគឺមានកុមារី ផា មាលក្សី គឺគាត់បានជាប់ជាពានរង្វាន់ពិសេស ជាមោទនភាពរបស់ប្រទេសខ្មែរយើង ហើយក៏ជាមោទនភាពរបស់មាតាបិតាកុមារផងដែរ»។
ក្នុងឱកាសនោះផងដែរលោក លាង អាន ដែលត្រូវជាឪពុករបស់កុមារី ផា មាលក្សី បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រីករាយដោយគាត់ចេះមានគំនិតគូររថយន្តក្នុងក្តីស្រមៃរបស់គាត់ចេញមកហើយបានជាប់ជាពានរង្វាន់ពិសេសទូទាំងពិភពលោកទៀត»។
បន្ទាប់ពីបានឈ្នះជ័យលាភីលំដាប់ថ្នាក់ពិភពលោកនេះ ក្រុមគ្រួសាររបស់កុមារី ផា មាលក្សី បានទៅទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន៥ថ្ងៃ៤យប់។ ពួកគាត់ក៏បានទៅដល់ការិយាល័យក្រុមហ៊ុនតូយ៉ូតានៅណាគូយ៉ា (Nakuya) ទទួលពានរង្វាន់ពីក្រុមហ៊ុនតូយ៉ូតានៅទីក្រុងតូក្យូទស្សនកិច្ចការផលិតរថយន្តរបស់តូយ៉ូតា និងកន្លែងកម្សាន្តជាច្រើនទៀតដោយក្រុមហ៊ុនតូយ៉ូតាជាអ្នករ៉ាប់រងការចំណាយទាំងអស់។
ក្រុមហ៊ុនតូយ៉ូតាក៏បានរៀបចំបើកកម្មវិធីប្រកួតគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតឆ្នាំ២០១៥ ម្តងទៀតក្នុងគោលបំណងឲ្យក្មេងៗជំនាន់ក្រោយបានបង្ហាញនូវសមត្ថភាព ក៏ដូចជា គំនិតច្នៃប្រឌិតក្នុងការគូរគំនូរឲ្យបានស្អាតទៅតាមក្តីស្រមៃរបស់ខ្លួន។ នេះគឺជាលើកទី៥ហើយ ដែលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)រៀបចំកម្មវិធីប្រកួតប្រជែងគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនៅកម្ពុជា។
សម្រាប់អ្នកដែលមិនបានចូលរួមដោយផ្ទាល់នៅក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ក៏អាចផ្ញើគំនូរមកចូលរួមប្រកួតឲ្យបានមុនថ្ងៃទី៣១ មករាឆ្នាំ២០១៥។ លក្ខខណ្ឌនៃប្រភេទអាយុដែលអាចចូលរួមប្រកួតប្រជែងបានមានដូចជា ក្រោមអាយុ៨ឆ្នាំ ពីអាយុ៨ដល់១១ឆ្នាំ ពីអាយុ១២ដល់១៥ ឆ្នាំ។
ចំពោះជ័យលាភីថ្នាក់ជាតិ និងត្រូវជ្រើសរើសចំនួន៣នាក់នៃប្រភេទអាយុនីមួយ។ គំនូរជ័យលាភីថ្នាក់ជាតិនឹងបញ្ចូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន។ អ្នកឈ្នះមេដាយនឹងផ្ដល់ជូនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមពិធីប្រគល់រង្វាន់នៅខែសីហា ឆ្នាំ២០១៥ ជាមួយអាណាព្យាបាលពីររូបផងដែរ៕
Congratulations! a great little Cambodian girld