ប្រវត្តិ​ក្រខ្សត់​របស់​ម្ចាស់ពាន The Voice ប៊ុត សីហា

ម្ចាស់​ជ័យលាភី The Voice Cambodia រដូវកាល​ទី​១ ប៊ុត សីហា។

ម្ចាស់​ជ័យលាភី The Voice Cambodia រដូវកាល​ទី​១ ប៊ុត សីហា។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រោយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ខែ​កន្លះ នៅក្នុង​កម្មវិធី​ជ្រើសរើស​តារាចម្រៀង​ថ្នាក់​ពិភពលោក The Voice ដែល​នៅ​កម្ពុជា​ដាក់​ឈ្មោះ​ថា The Voice Cambodia ទីបំផុត​បេក្ខជន ប៊ុត សីហា បាន​ក្លាយ​ជា​ម្ចាស់ពាន The Voice Cambodia រដូវកាល​ទី​១ ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ហើយ​តារា​រូប​នេះ ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​អាជីព​នៅក្នុង​ផលិតកម្ម​រស្មីហង្សមាស​ដោយ​ស្វ័យប្រវត្តិ​។

ជាមួយ​នឹង​ការ​ស្វាគមន៍​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​ថា​ជា​បេក្ខភាព​ស័ក្តិសម​បំផុត​ក្នុង​ការ​លើក​ពាន The Voice Cambodia រដូវកាល​ទី​១​នេះ ប៊ុត សីហា តារា​ទើប​នឹង​រះ​ថ្មី​មកពី​ដែនដី​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ពិធីករ​លោក ជា វិបុល ប្រកាស​នៅ​វគ្គ​ចុងក្រោយ​ដ៏រន្ធត់​ថា «ម្ចាស់ពាន​គឺ ប៊ុត សីហា»។

ម្ចាស់ពាន The Voice Cambodia ប៊ុត សីហា និង​ម្តាយ។ សហការី

សំឡេង​ហ៊ោកញ្ជ្រៀវ ការ​រំជួលចិត្ត អម​ជាមួយ​នឹង​ទឹកភ្នែក​បាន​កើតឡើង​ព្រម​គ្នា​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​នៅ​តាម​គេហដ្ឋាន។ ការ​លើក​ពាន​នេះ​ហើយ​ដែល​គេ​គិត​ថា នេះ​ជា​ឱកាស​នៃ​ការ​សាង​ជីវិត​ថ្មី​របស់ យុវជន ប៊ុត សីហា លើ​វិថី​សិល្បៈ ខណៈ​ដែល​គេ​ដឹង​ថា សីហា គឺជា​យុវជន​ក្នុង​គ្រួសារ​ខ្សត់ខ្សោយ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ហើយ​ឪពុក​របស់​គេ​ទើបតែ​ស្លាប់​នៅក្នុង​អំឡុង​ពេល​ដែល សីហា កំពុង​ប្រឡង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី The Voice Cambodia។

លោក អ៊ឹង សុខលាភ ប្រធាន​ផលិតកម្ម​វិធី The Voice Cambodia របស់​ទូរទស្សន៍​ហង្សមាស បាន​និយាយ​ថា៖ «​អ្នក​ចូលរួម​ប្រឡង​នៅក្នុង​កម្មវិធី​នេះ មាន​ទាំង​អ្នក​ជីវភាព​គ្រាន់​បើ និង​អ្នក​ខ្សត់ខ្សោយ ហើយ​បើ​តាម​ខ្ញុំ​ដឹង ប៊ុត សីហា ក៏​មាន​ជីវភាព​ខ្សត់​ម្នាក់​ដែរ សព្វថ្ងៃ​គេ​ជា​អ្នក​ដើរ​ច្រៀង​តាម​ក្រុម​តន្ត្រី​រោងការ គ្រួសារ​របស់​គេ​ក៏​អត់​ដែរ…»។

គិត​មក​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ កម្មវិធី The Voice Cambodia នេះ មាន​រយៈពេល​៣​ខែ​កន្លះ ប៉ុន្តែ បើ​តាម​លោក អ៊ឹង សុខលាភ បាន​ឲ្យ​ដឹង​ថា ការ​ដំណើរការ​កម្មវិធី​នេះ មាន​រយៈពេល​ស្ទើរ​ពេញ​មួយ​ឆ្នាំ ហើយ​កម្មវិធី​នេះ​បាន​ចំណាយ​ថវិកា​អស់​យ៉ាងច្រើន​។

បេក្ខភាព​៤​រូប​ចុងក្រោយ សយ រតនៈ ចំរើន សុភ័ក្រ ប៊ុត សីហា និង ឃុន វុត្ថា។ រូបថត សហការី

ដោយ​សុំ​មិន​បញ្ជាក់​ពី​ខ្ទង់​ចំណាយ លោក សុខលាភ បាន​និយាយ​ថា៖​« The Voice Cambodia បើ​យើង​គិត​តែ​លើ​ការ​ចាក់​ផ្សាយ​នៅលើ​ទូរទស្សន៍​មាន​រយៈពេល​៣​ខែ​កន្លះ​ទើប​រកឃើញ​អ្នក​លើក​ពាន ពោល​គឺ​ទាំង​ការ​ផ្តើម​រៀបចំ ការ​ដើរ​ជ្រើសរើស​តាម​ខេត្ត​រយៈពេល​២​ខែ ការ​បង្ហាត់​បង្រៀន កម្មវិធី​នេះ​យើង​ដំណើរ​ស្ទើរ​ពេញ​មួយ​ឆ្នាំ​មក​ហើយ។ អ៊ីចឹង​ការ​ចំណាយ​របស់​យើង​មាន​ទំហំ​ធំ​ណាស់ បើ​យើង​គិត​ដោយ​ខ្លី ឧទាហរណ៍​ថា ១​ថ្ងៃ​ចំណាយ​១០០​ដុល្លារ ចុះ​មួយ​ឆ្នាំ​អស់​ប៉ុន្មាន»។

ទោះបី​ជា​យ៉ាង​ណា លោក និង​ក្រុម​ការងារ​បាន​សម្តែង​ការ​សប្បាយ​រីករាយ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ស្ទើរ​មួយ​ឆ្នាំ​ពេញ​នេះ ចុងក្រោយ ទូរទស្សន៍​ហង្សមាស ឬ The Voice Cambodia អាច​រកឃើញ​តារាចម្រៀង​ដ៏​មាន​សមត្ថភាព​ពិតប្រាកដ គឺ ប៊ុត សីហា មកពី​កំពង់ស្ពឺ។ លោក​បាន​និយាយ​ថា៖ «​បេក្ខជន​ដែល​ប្រឡង​នៅ​វគ្គ​ចុងក្រោយ​មាន​៤​រូប ពួកគេ​ពិតជា​ខ្លាំង មាន​សមត្ថភាព​បំផុត តែ​មាន​តែ សីហា ម្នាក់គត់ ដែល​ត្រូវ​ចុះ​កុងត្រា ជាមួយ​ផលិតកម្ម​ហង្សមាស»។

នៅ​វគ្គ​ចុងក្រោយ​មាន​បេក្ខភាព​៤​រូប ក្នុង​នោះ មាន ប៊ុត សីហា ចំរើន សុភ័ក្រ ឃុន វុត្ថា និង សយ រតនៈ ហើយ​ទីបញ្ចប់ ប៊ុត សីហា ជា​បេក្ខភាព​មួយ​រូប​គត់ ដែល​អាច​លើក​ពាន The Voice Cambodia។ ក្រៅពី​មហាកិត្តិយស​ស្ទើរ​ធ្វើឲ្យ សីហា មិន​អាច​ហារស្តី​បាន​នោះ អ្នក​ឈ្នះ​ពាន សីហា បាន​ទទួល​ទឹកប្រាក់ ១០០​លាន​រៀល ទទួល​កុងត្រា​ជា​តារាចម្រៀង​អាជីព​នៅ​ផលិតកម្ម​រស្មី​ហង្សមាស ទទួល​បាន​ម៉ូតូ​ហុងដា​ស៊េរី​២០១៥ មួយ​គ្រឿង និង​ស្រាបៀរ​កម្ពុជា ២០​កេស។ រីឯ​៣​រូប​ទៀត​មិន​ទទួល​បាន​ជ័យលាភី ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ម្នាក់ ១០០០​ដុល្លារ ម៉ូតូ​ហុងដា​ស៊េរី​២០១៥ មួយ​គ្រឿង និង​ស្រាបៀ​កម្ពុជា ២០​កេស។

លោក អ៊ឹង សុខលី បាន​បញ្ជាក់​ថា៖​«​សីហា នឹង​ចេញ​បទចម្រៀង​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​រូប​គេ និង​៣​នាក់​ផ្សេង​ទៀត​នឹង​ទទួល​បាន​ការងារ​ជាច្រើន​ពី​ទូរទស្សន៍ និង​ផលិតកម្ម​ហង្សមាស ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត»។

ប៊ុត សីហា និង គណៈកម្មការ​ព្រមទាំង​អ្នក​ស្និទ្ធស្នាល​អបអរ​ក្នុង​ពេល​ទទួល​បាន​ពាន។ រូបថត សហការី

រីឯ​អ្នក​ឈ្នះ​ពាន The Voice Cambodia ប៊ុត សីហា បាន​និយាយ​រន្ធត់​ចិត្ត​នឹង​ជ័យលាភី​ថា៖​«​ខ្ញុំ​ត្រេកអរ​ផង ភ័យផង ខ្ញុំ​ពិតជា​អរ​រក​អ្វី​និយាយ​មិន​បាន​ទេ ទីបំផុត​ក្តីស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការពិត»។

ប្រវត្តិ​ពិត​ខ្លីៗ ប៊ុត សីហា

ប៊ុត សីហា ជា​កូនប្រុស​ពៅ​នៅក្នុង​គ្រួសារ ដែល​មាន​បងប្អូន​សរុប ៦​នាក់​(​បងប្អូន​ខ្លះ​ឪពុក​ម្តាយ​ផ្សេង​គ្នា) ។

ដោយសារ​បញ្ហា​ជីវភាព​ក្រលំបាក​ពេក សីហា បាន​បង្ខំចិត្ត​ឈប់​ការសិក្សា​នៅ​ថ្នាក់​ទី​១១ ហើយ​រូបគេ​បាន​ទៅ​សុំ​គេ​ច្រៀង​ឱ្យ​ក្រុម​តន្ត្រី​អកកាដង់ មួយ​ដើម្បី​យក​ប្រាក់​ជួយ​ដោះ​ទាល់​បញ្ហា​ជីវភាព​អ្នកម្ដាយ​ដែល​មាន​មុខរបរ​ជា​ជាង​កាត់សក់​ក្នុង​ភូមិ រីឯ​ឪពុក​ជា​មន្ត្រី​ប៉ូលិស។ ជា​អកុសល ឪពុក​របស់ សីហា បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​ជា​ទម្ងន់ នៅក្នុង​អំឡុង​២-៣​ថ្ងៃ​មុន សីហា ប្រឡង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ The Voice។

ក្រៅពី​ជួប​ការ​លំបាក ឪពុក​ស្លាប់​ក្នុង​ពេល​ប្រឡង សីហា ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ទៀត គឺ​ការ​ខ្វះខាត​ប្រាក់​ធ្វើ​ដំណើរ​ឡើង​ចុះ ភ្នំពេញ​កំពង់ស្ពឺ ដើម្បី​ប្រឡង និង​ហ្វឹកហាត់​ប្រកួត The Voice Cambodia។ តែ​យ៉ាងណា​ម្ដាយ សីហា បាន​ខ្ចីប្រាក់​អ្នកភូមិ​ដើម្បី​ឱ្យ​កូន​ធ្វើ​សោហ៊ុយ​មក​ប្រឡង​។

ជា​រឿង​អស្ចារ្យ​មួយ​ទៀត នៅក្នុង​ការ​មក​ប្រឡង​នេះ​ដោយសារ​តែ សីហា ស្លៀកពាក់​សម្លៀកបំពាក់​ចាស់ៗ មិន​សូវ​ស៊ីវិល័យ​ដូចជា​បេក្ខជន​ដទៃ​ទៀត​នៅពេល​មក​ប្រឡង អ្នកភូមិ​របស់ សីហា បាន​នាំ​គ្នា​រៃ​ប្រាក់​ម្នាក់​បន្តិចៗ ជួយ​ឧបត្ថម្ភ​ដល់ សីហា។

ទីបំផុត សីហា មិន​ឲ្យ​ទស្សនិកជន​អស់​សង្ឃឹម​នោះ​ទេ គេ​បាន​ក្លាយ​ជា​បេក្ខភាព​តែ​ម្នាក់​គត់​លើក​ពាន The Voice Cambodia ជាមួយ​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​របស់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​។

ម្ដាយ​របស់​ប៊ុត សីហា បាន​បញ្ជាក់​ថា សីហា​គឺជា​ក្មេង​រៀនពូកែ មិន​ថា ភាសាខ្មែរ ឬ​ភាសា​អង់គ្លេស ប៉ុន្តែ​គេ​បាន​សម្រេចចិត្ត​បោះបង់​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ១១ ដោយសារ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ និង​ជួប​ការ​លំបាក​ពេក​៕


What Next?

Recent Articles

One Response to "ប្រវត្តិ​ក្រខ្សត់​របស់​ម្ចាស់ពាន The Voice ប៊ុត សីហា"

  1. kim says:

    Congratulations boy