ដោយ វោហារ ជាតិ
2014-11-18
RFA

ក្បួនផ្សព្វផ្សាយយុទ្ធនាការបុរសល្អនៅខេត្តកំពត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។ Photo MoWA
អាជ្ញាធរខេត្តកំពត នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា បានហែក្បួនយុទ្ធនាការបុរសល្អថ្នាក់ជាតិនៅតាមទីប្រជុំជនក្នុងក្រុង ដើម្បីផ្សព្វផ្សាយគោលការណ៍ ៦ចំណុចដល់សាធារណជន បំណងលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅក្នុងខេត្តនេះ។
ពិធីហែក្បួនផ្សព្វផ្សាយយុទ្ធនាការបុរសល្អនេះ មានអ្នកចូលរួមប្រមាណ ៣៥០នាក់ ដែលភាគច្រើនជាកងកម្លាំងប្រដាប់អាវុធ ដូចជា មន្ត្រីប៉ូលិស ប៉េអិម និងយោធា ដែលមានអភិបាលរងខេត្ត លោក ហេង វត្ថា ចូលរួមជាអធិបតី។
ពិធីនេះផ្ដួចផ្ដើមឡើងដោយក្រសួងកិច្ចការនារី និងអង្គការសន្តិភាព និងអភិវឌ្ឍន៍ ហៅកាត់ថា ភីវ៉ាយឌី (PYD) របស់ប្រទេសអេស្ប៉ាញ (Spain)។
អនុប្រធានការិយាល័យច្បាប់នៃក្រសួងកិច្ចការនារី កញ្ញា ស ស៊ីវណែត ដែលចូលរួមពិធីនេះបញ្ជាក់ថា ការជ្រើសរើសយកកងកម្លាំងប្រដាប់អាវុធចូលរួមនេះ គឺដោយសារពួកគេជាកម្លាំងមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ និងបង្ក្រាបបទល្មើសហិង្សាលើស្ត្រី និងក្មេងស្រី៖ «កងកម្លាំងប្រដាប់អាវុធទាំងអស់ហ្នឹង គឺជាគំរូល្អក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ហើយចំណុចមួយទៀត គឺយើងលើកកម្ពស់ឲ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទងលើស្ត្រី និងក្មេងស្រី ហើយចំណុចសំខាន់ហ្នឹង គឺយើងមានគោលបំណងដើម្បីផ្សព្វផ្សាយដល់បុរសនៅក្នុងខេត្តកំពត ឲ្យគាត់យល់ដឹងអំពីគោលការណ៍ស្នូលទាំង៦ របស់បុរសល្អហ្នឹង ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាពិសេសនៅពេលគាត់ទប់ស្កាត់ហើយ គឺគាត់មានសុភមង្គលនៅក្នុងគ្រួសាររបស់គាត់»។
ចំណែក លោក ហេង វត្ថា អភិបាលរងខេត្តដែលថ្លែងបើកពិធីផ្សព្វផ្សាយយុទ្ធនាការបុរសល្អនេះដែរ មានជំនឿថា យុទ្ធនាការផ្សព្វផ្សាយគោលការណ៍ ៦ចំណុច ក្នុងការលុបបំបាត់អំពើហិង្សាលើស្រី និងក្មេងស្រីនេះ អាចជំរុញឲ្យមានការផ្លាស់ប្ដូរគំនិតក្នុងការចូលរួមកម្មវិធីនយោបាយរបស់រដ្ឋាភិបាល និងជាយុទ្ធសាស្ត្រទប់ស្កាត់ជាបឋម ឬទប់ស្កាត់មុនពេលអំពើហិង្សាកើតឡើងលើស្ត្រី។ គោលការណ៍ ៦ចំណុចនៃយុទ្ធនាការបុរសល្អនោះ គឺជំរុញឲ្យបុរសចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី ជួយចែករំលែកកិច្ចការផ្ទះ ដោះស្រាយបញ្ហាដោយពិភាក្សាគ្នា ធ្វើខ្លួនជាគំរូល្អក្នុងការលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី ធ្វើការសម្រេចចិត្តរួមគ្នា និងយកចិត្តទុកដាក់ចំពោះបុរស និងស្ត្រីឲ្យបានស្មើគ្នា។
មន្ត្រីទំនាក់ទំនងអង្គការសន្តិភាព និងអភិវឌ្ឍន៍ ហៅកាត់ថា ភីវ៉ាយឌី អ្នកស្រី ហ៊ាង វត្ដី ឲ្យដឹងថា មូលហេតុដែលអង្គការ ភីវ៉ាយឌី ជ្រើសរើសយកខេត្តកំពត ធ្វើយុទ្ធនាការផ្សព្វផ្សាយគោលការណ៍បុរសល្អនេះ គឺដោយសារខេត្តកំពត មានហិង្សាលើស្ត្រី និងក្មេងស្រីច្រើនជាងខេត្តផ្សេង៖ «ដោយសារទី១ ខេត្តកំពត ហ្នឹងយោងតាមរបាយការណ៍មួយចំនួនថា វាមានអត្រានៃអំពីហិង្សាហ្នឹងវាមានច្រើន ហើយមួយទៀតក៏ជាខេត្តទិសដៅមួយនៃការសួវ៉េ (Survey = ស្ទាបស្ទង់មតិ) របស់អង្គការខ្ញុំហ្នឹង ដូច្នេះយើងធ្វើខេត្តហ្នឹង គឺជាខេត្តគោលដៅមួយក្នុងចំណោមខេត្តទាំងបួន»។
កញ្ញាបន្តថា អង្គការ ភីវ៉ាយឌី ដែលជាដៃគូមួយរបស់រដ្ឋាភិបាល ធ្វើការលុបបំបាត់អំពើហិង្សានោះ បានជ្រើសរើសខេត្តបួនជាគោលដៅសម្រាប់ផ្សព្វផ្សាយ គឺខេត្តកំពត ខេត្តកំពង់ស្ពឺ រតនគិរី និងស្ទឹងត្រែង។
អ្នករត់រ៉ឺម៉កជើងម្នាក់ដែលអង្គុយមើលក្បួនហែនោះ សុំមិនបញ្ចេញឈ្មោះ បញ្ចេញយោបល់ថា ការជ្រើសរើសកងប្រដាប់អាវុធមកចូលរួមហែក្បួន ដើម្បីផ្សព្វផ្សាយនៃការកាត់បន្ថយអំពើហិង្សានេះ គឺត្រឹមត្រូវចំណុចតែម្ដង ព្រោះថា កងកម្លាំងប្រដាប់អាវុធ ភាគច្រើនចូលចិត្តប្រើហិង្សាទៅលើប្រពន្ធកូន ដោយលោកបានលើកឧទាហរណ៍ថា រឿងនេះធ្លាប់កើតឡើងចំពោះអ្នកជិតខាង និងនៅក្នុងគ្រួសាររបស់លោកផ្ទាល់៖ «ពួកហ្នឹងសុទ្ធតែពួករំលោភលើស្រីៗហើយហ្នឹង ផឹកស៊ីហើយទៅរំលោភសិទ្ធិនៅតាមផ្ទះ វាយប្រពន្ធកូន ចុះបើគេអ្នករកស៊ីរកលុយអីបាន គេផឹកស៊ីហើយគេទៅផ្ទះ ហើយប្រពន្ធកូននៅផ្ទះគេវាយហើយរឿងប្រពន្ធកូន ទាំងកូនគេកូនខ្ញុំដូចគ្នា»។
ចំណែកបុរសម្នាក់ទៀតឈ្មោះ នាក់ អាន អាយុ ៦៥ឆ្នាំ មកពីឃុំកូនសត្វ ស្រុកទឹកឈូ បានពោលថា យុទ្ធនាការនេះមិនខុសពីការអប់រំទូន្មានរបស់ចាស់ទុំជំនាន់ដើមទេ ដែលប្រុសៗ ឬប្ដីៗ គួររៀនសូត្រតាម។ គាត់បានរំឭកថា កាលពីគាត់នៅក្មេងមិនមានយុទ្ធនាការបុរសល្អដូចសព្វថ្ងៃនេះទេ តែព្រះសង្ឃ ចាស់ទុំ មេបា និងលោកអាចារ្យនានា តែងអប់រំទូន្មានកូនចៅប្ដីប្រពន្ធជំនាន់នោះ ឲ្យចេះគោរពគ្នាដូចការផ្សព្វផ្សាយសម័យនេះដែរ៖ «អត់ទេខ្ញុំយើងមើលឃើញអ៊ីចឹង អានេះយើងធ្វើគំរូគេ បុរសល្អជាមេគ្រួសារកុំប្រើអំពើហិង្សា យើងលើកស្ត្រីឲ្យស្មើយើងដែរ ប្រើអំពើហិង្សាអីហ្នឹងសង្គមគេអត់មានពេញចិត្តយើងទេ។ ប្រពៃណីខ្មែរត្រូវតែយើងប្ដីប្រពន្ធចាត់ទុកថា ដូចម៉ែឪយើងស្រឡាញ់គ្នា យើងរាប់អានគ្នា ទោះបីជាយើងអត់ឃ្លាន មានអីយើងស្រឡាញ់គ្នាទៅ»។
មន្ត្រីអង្គការ ភីវ៉ាយឌី ឲ្យដឹងថា ការផ្សព្វផ្សាយនៃយុទ្ធនាការបុរសល្អនេះ នឹងធ្វើឡើងនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខនេះ ហើយអង្គការ ភីវ៉ាយឌី និងក្រសួងកិច្ចការនារី គ្រោងធ្វើនៅខេត្តរតនគិរី និងស្ទឹងត្រែង ជាបន្តបន្ទាប់។
ពិធីហែក្បួនយុទ្ធនាការបុរសល្អនេះ បានបញ្ចប់ទៅបន្ទាប់ពីបានហែក្បួនតាមទីប្រជុំជនអស់រយៈពេលមួយម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា
- សាលាឧទ្ធរណ៍យល់ព្រមបិទបណ្ដឹងសុំនៅក្រៅឃុំដើម្បីព្យាបាលជំងឺរបស់លោក វន់ ពៅ
- HRW ជំរុញឲ្យប្រទេសផ្ដល់ជំនួយគួរប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់កម្ពុជា
- CCIM សាទរចំពោះតុលាការខេត្តកំពង់ឆ្នាំងករណីកាត់ទោសអ្នកសម្លាប់អ្នកកាសែត
- ពលរដ្ឋប្រមាណ៨០០នាក់គ្រោងធ្វើបាតុកម្មមុខរដ្ឋសភាទាមទារដោះលែងសកម្មជនដីធ្លី
- សមាគមធាងត្នោតចេញរបាយការណ៍អង្កេតស្តីពីការជួលលំនៅឋាននៅភ្នំពេញ
- អង្គការសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លី
- គ្រួសារជនរងគ្រោះនៅខេត្តត្បូងឃ្មុំស្នើឲ្យតុលាការពន្លឿននីតិវិធីចាប់ជនដៃដល់ប្រើហិង្សា
- ក្រសួងនឹងអនុញ្ញាតឲ្យមានការចូលរួមមតិលើសេចក្តីព្រាងច្បាប់”សិទ្ធិទទួលបានព័ត៌មាន”
តោកៗសឹកមាត់ត្រដោកមិនបានការអី!!!!!