អាជ្ញាធរ​ផ្អាក​ការ​សាង​សង់​សំណង់​ឥត​ច្បាប់​របស់ ស៊ុយ សុផាន

សំណង់​របស់​លោក​ស្រី ស៊ុយ សុផាន ក្នុង ខណ្ឌ​ទួល​គោក ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជា​ឲ្យ​ផ្អាក​ការ​សាង​សង់។

សំណង់​របស់​លោក​ស្រី ស៊ុយ សុផាន ក្នុង ខណ្ឌ​ទួល​គោក ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជា​ឲ្យ​ផ្អាក​ការ​សាង​សង់។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អាជ្ញាធរ​រាជធានី​បាន​ដោះ​លែង​បុរស​បួន​នាក់ ដែល​ជា​កម្មករ​សំណង់​សាង​សង់​អគារ​ផ្ទះ​ល្វែង របស់​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច ជា​ក្រុម​ហ៊ុន​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​ក្តៅ​គគុក​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា ក្រោយ​ពី​បាន​ចុះ​ផ្អាក​ការ​សាង​សង់ ហើយ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ ដោយ​សារ​សំណង់​នេះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត សង់​ចូល​ដី​ចំណី​ផ្លូវ​និង​ដី​អ្នក​ដទៃ។

លោក ប៉ាង លីដា អភិបាល​រង ខណ្ឌ​ទួល​គោក បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា បុរស​បួន​នាក់​ជា​កម្មករ​សំណង់ ត្រូវ​បាន​ឃាត់​ខ្លួន​មក​ធ្វើ​ការ​អប់រំ​ណែនាំ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​សមត្ថកិច្ច​អាជ្ញាធរ ខណ្ឌ​ទួលគោក ចុះ​ហាម​ឃាត់​ការ​បន្ត​សាង​សង់​សំណង់​ផ្ទះ​ល្វែង​លើ​ដី​ឡូត៍​នៅ​ផ្លូវ​លេខ ៦១៤ ក្បែរ​ផ្សារ​ទួលគោក ក្នុង ខណ្ឌ​ទួលគោក ដោយ​សារ​សំណង់​នេះ ពុំ​មាន​លិខិត​អនុញ្ញាត​ឲ្យ​សាង​សង់។ លោក​ថ្លែង​ថា៖ «យើង​គ្រាន់​តែ​ណែនាំ​ទេ​ព្រោះ​គេ​ជា​កម្មករ។ យើង​សួរ​ថា មាន​ដឹង​ថា សំណង់​នេះ គេ​ហាម​ឃាត់​មិន​ឲ្យ​សង់​ទេ? ពួក​គេ​អត់​បាន​ដឹង​ទេ។ យើង​ឲ្យ​ទៅ​ផ្ទះ​វិញ​ហើយ»។

លោក​អភិបាល​រង​ខណ្ឌ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សំណង់​របស់​លោក​ស្រី ស៊ុយ សុផាន នេះ ក៏​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​រក្សា​ការពារ​មិន​ឲ្យ​សាង​សង់​ផង​ដែរ។

តាម​ដីកា ចុះ​ថ្ងៃ ២៨ តុលា របស់​លោក​ចៅក្រម ស្វាយ តុញ បាន​បញ្ជាក់​ថា សំណង់​នេះ​បាន «សាង​សង់​ចូល​មក​ផ្លូវ​លេខ ៦១៤ ហើយ​ជាក់​ស្តែង​បើ​តាម​ការ​វាស់​របស់​ការិយាល័យ​ជំនាញ គឺ​មាន​ផល​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ដទៃ និង​ផ្លូវ​សាធារណៈ»។

លោក ប៉ាង លីដា មិន​បាន​ឲ្យ​ដឹង​ថា តើ​អាជ្ញាធរ​នឹង​ធ្វើ​យ៉ាង​ណា ជាមួយ​សំណង់​នេះ​តទៅ​ទៀត​នោះ​ទេ ដោយ​គ្រាន់​តែ​ថា «ផ្អាក​ការ​សាង​សង់​សិន»។

លោក ជា ស្រ៊ុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូប​នីយកម្ម សំណង់ និង​សុរិយោ​ដី​ដែល​បាន​ចេញ​លិខិត​ជម្រាប​ជូន​សាលា ខណ្ឌ​ទួលគោក ឲ្យ​ធ្វើ​ការ​ផ្អាក​ការ​សាង​សង់​ផ្ទះ​ល្វែង​លោក​ស្រី ស៊ុយ សុផាន បាន​បដិសេធ​ផ្តល់​អធិប្បាយ ដោយ​លោក​ឲ្យ​ទៅ​សួរ​ខាង ខណ្ឌ​ទួល​គោក។

លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។

នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ករណី​របស់​លោក​ស្រី ស៊ុយ សុផាន ត្រូវ​បាន​លើក​ឡើង​ជា​សាធារណៈ។ កាល​ពី​ថ្ងៃ ទី១៦ តុលា លោក​ស្រី សុផាន ត្រូវ​បាន​គណៈកម្មការ ទី១០ គឺ​គណៈកម្មការ អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ដឹក​នាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក ហូរ វ៉ាន់ បាន​កោះ​ហៅ​ទៅ​បំភ្លឺ លើ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បុរីកីឡា ក្នុង ខណ្ឌ​៧​មករា ដែល​លោក​ស្រី​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ចោទ​ថា មិន​បាន​បំពេញ​ទៅ​តាម​កិច្ច​សន្យា​សាង​សង់​អគារ​ឲ្យ​គ្រប់​ចំនួន ១០ ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ទី​នោះ​ជា​ថ្នូរ​នឹង​អ្វី​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ លើ​ដី​នៅ​សល់​ចំនួន ២,៦ ហិកតា។ ដោយ​សារ​តែ​ក្រុម​ហ៊ុន​នេះ​សាង​សង់​តែ ៨ អគារ ទើប​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

នៅ​ពេល​នោះ​លោក ហូរ វ៉ាន់ បាន​ព្រមាន​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​នេះ មិន​ព្រម​សាង​សង់​អគារ​បន្ថែម​ពីរ​ទៀត ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​កិច្ច​សន្យា ចែក​ជូន​ប្រជា​ពលរដ្ឋ ដើម្បី​បញ្ចប់​ជម្លោះ នោះ​រដ្ឋសភា​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​នេះ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​អ្វី​ពី​រដ្ឋសភា​នៅ​ឡើយ​ទេ។

កាល​ពី ខែ​កក្កដា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ស្នើ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ធ្វើ​ការ​បង្កក​គណនី​លោក​ស្រី ស៊ុយ សុផាន ដោយ​សារ​លោក​ស្រី មិន​ព្រម​សង​លុយ​រដ្ឋ ក្រោយ​ពី​បាន​ទិញ​អគារ​រដ្ឋ​មួយ​ចំនួន។ ស្រ្តី​ម្ចាស់​ក្រុម​ហ៊ុន ផាន អ៊ីម៉ិច រូប​នេះ ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​សំណង ២,៧ លាន​ដុល្លារ ទៅ​ឲ្យ​ក្រុម​ហ៊ុន​កូរ៉េ​មួយ​ឈ្មោះ​ក្រុម​ហ៊ុន Landevel ដែល​លោក​ស្រី​បាន​ព្រម​ព្រៀង​លក់​ដី​នៅ​តំបន់​បុរីកីឡា ជា​តំបន់​ដែល​គេ​បណ្តេញ​ប្រជាជន​ចេញ​ដោយ​ហិង្សា​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​បង់​សង​នៅ​ឡើយ ដោយ​សារ​លោក​ស្រី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍៕


What Next?

Recent Articles

One Response to "អាជ្ញាធរ​ផ្អាក​ការ​សាង​សង់​សំណង់​ឥត​ច្បាប់​របស់ ស៊ុយ សុផាន"

  1. កម្មករឡួឥដ្ឋ says:

    មានងារជាឧកញ៉ា​តែធ្វើអ្វី ច្រើនរំលោភច្បាប់​ ពេលណាទើបបានស្គាល់ជាតិនីតិរដ្ឋនឹងគេ លោកអើយ លោក !!!!!!!!!!