​មន្ត្រី​គណៈ​កម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ត្រូវបាន​តែងតាំង​ដោយព្រះរាជ​ក្រឹត្យ​

ដោយ៖​ នួន បូរិន​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កិច្ចប្រជុំ​រវាង​គណៈកម្មការ​កែ​ទម្រង់​នៃ​ស្ថាប័ន​បោះឆ្នោតនៃ​គណបក្សទាំងពីរ កាលពី​ម្សិលមិញ (រូបថត៖ ឡាយ សាមាន)

​គណៈកម្មការ​កែ​ទម្រង់​នៃ​ស្ថាប័ន​បោះឆ្នោត (​គ.ជ.ប​) បានសម្រេចជាគោលការណ៍ នៃ​ការកំណត់តែងតាំងមន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិដោយព្រះរាជ​ក្រឹត្យ ហើយបញ្ចប់ក្រ​បខណ្ឌកិច្ចសន្យាដែល​ធ្លាប់អនុវត្ត​កន្លង​មក។​

ការឈាន​ទៅ​ដល់កិច្ចព្រមព្រៀងដូចនេះ បាន​ធ្វើឡើងនៅក្នុង​កិច្ចប្រជុំកាលពី​ថ្ងៃចន្ទ ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។​

លោក ​ប៊ិន ឈិន ប្រធាន​ដឹកនាំគណៈកម្មការ​កែ​ទម្រង់​នៃគណបក្សប្រជាជន​កម្ពុជា បានប្រាប់​អ្នកសារព័ត៌មានថា ករណីចម្រូងចម្រាសលើកំណត់ក្រម​ខណ្ឌ​មន្ត្រី នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ពីមុនជា​បុគ្គ​លិក​កិច្ចសន្យា គឺ​ពេល​នេះបាន​ឯកភាពគ្នា​ជាគោលការណ៍ គឺ​ទាំងមន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយព្រះរាជ​ក្រឹត្យ។ លោក​បញ្ជាក់ថា នេះគឺជាចំនុចឯកភាពគ្នាមួយ ក្នុងចំណោមចំនុច​ខ្វែងគ្នា​ដែលមិនទាន់​ឈានដល់​កិច្ចព្រមព្រៀង។

បើតាមលោក គួយ​ ប៊ុនរឿន ប្រធាន​ដឹកនាំគណៈកម្មការ​កែ​ទម្រង់​នៃគណបក្ស​សង្គ្រោះ​ជាតិ ចំនុចដែល​មិន​ទាន់​ដោះស្រាយបាន គឺករណី​កំណត់​សញ្ជាតិថ្នាក់ដឹកនាំ គ.ជ.ប ពីថ្នាក់លើ និង​ថ្នាក់​អគ្គលេខាធិការ និង​អធិការរង។ លោកបញ្ជាក់​ថា​ចំនុច​នេះ គឺបញ្ហាសំខាន់ដែលត្រូវបន្តកិច្ចពិភាក្សា នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ខាងមុខ​នេះ​ទៀត។​

គួរកត់សំគាល់​ថា ក្នុងចំណោមឥស្សរជនដែលត្រូវ​ចូល​ទៅ​កាន់​តំណែង គណៈកម្ម​ការធិការជាតិរៀបចំការបោះឆ្នោតទាំង៩រូប​គឺមាន​ លោកស្រី​ ពុង ឈីវកេក មួយរូបផងដែរ​ ដែលមាន​សញ្ជាតិ​ខ្មែរផង និង​សញ្ជាតិបារាំង។​

​តែ​សូម​រំឭក​ថា ចំពោះ​បេក្ខភាពលោកស្រី​ ពុង ឈីវកេក ភាគី​ទាំងពីរ​នៃគណបក្សជាប់ឆ្នោតបាន​ឯកភាពគ្នារួចហើយ​ថា ទទួលយក​លោក​ស្រីជា​បេក្ខជនទី​៩ នៃ​ស្ថាប័ន គ.ជ.ប ដោយ​មាន​លាយ​លក្ខ​​អក្សរផ្លូវការ​ទៀតផង៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "​មន្ត្រី​គណៈ​កម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ត្រូវបាន​តែងតាំង​ដោយព្រះរាជ​ក្រឹត្យ​"

  1. ប្រជាពលរដ្ឋ says:

    គណបក្សទាំង ​ 2 ត្រូវ ធ្វើអ្វីៗ ដើម្បី ប្រយោជន៍ជាតិកម្ពុជា កុំក្បត់ជាតិ លួចទៅបំរើ បរទេសឈ្លានពាន !