​សភា​ឲ្យ​ក្រសួង​អប់រំ​ចាត់វិធានការ​តឹងរ៉ឹង​លើ​នាយិកា​វិទ្យាល័យ​មួយ​ករណី​ពុករលួយ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

​ប្រធាន​រដ្ឋសភា​ឲ្យ​ក្រសួ​ងអប់​រំ យុវជន និង​កីឡា ស្រាវជ្រាវ​ចាត់វិធានការ​ផ្នែក​រដ្ឋបាល​តឹងរ៉ឹង​ ទៅ​លើ​ករណី​នាយិកា​វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ ជាយ​រាជធានី​ភ្នំពេញ ពី​បទពុករលួយ និង​បក្សពួក​និយម​។​

ចំណាត់ការ​របស់​ប្រធាន​សភា​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ទទួលបន្ទុក​អំពើពុករលួយ លោក ហូរ វ៉ាន់ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០១៤ បានសាកសួរ​នាយិកា​សាលា​វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ លោកស្រី ទា មិ​សា ម្តង​ហើយ ករណី​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាម​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​នៅ​ទីនោះ​។

លិខិត​របស់​ប្រធានរដ្ឋសភា​លោក ហេង សំរិន ដែល ​VOD ទទួលបាន​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យដឹងថា សភា​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​ពាក្យបណ្តឹង​ដែល​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ ​ប្តឹង​នាយិកា​វិទ្យាល័យ​នេះ​កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ឲ្យ​ដក​ចេញពី​តួនាទី និង​ផ្តន្ទាទោស​នាយិកា និង​នាយករង​នៃ​វិទ្យាល័យ​នេះ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។​ ចំណាត់ការ​របស់​ប្រធានរដ្ឋសភា គឺ​យោង​តាម​ការសាកសួ​ររ​បស់​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ទៅ​កាន់​ម្ចាស់​ពាក្យបណ្តឹង និង​ភាគី​រង​ការប្តឹងដែល​ឲ្យដឹងថា ពិតជា​មាន​ភាពមិនប្រក្រតី​កើត​​ប្រា​កដ​មែន​។​

VOD ​មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ទេ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។​

អ្នកសម្របសម្រួល​បណ្ដា​ញ​រួបរួម​គណនេយ្យភាព​សង្គមនៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ សាទរ​នឹង​វិធានការ​នោះ​។ លោក​យល់ថា ក្រសួង​គួរ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

តាម​ព័ត៌មាន​ពី​ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ ឲ្យដឹងថា គ្រូបង្រៀន​នៅ​វិទ្យាល័យ​នេះ ធ្លាប់​បាន​ប្ដឹង​ករណីនេះ​ទៅកាន់​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ និង​ក្រសួងអប់រំ ចំនួន​៥​លើក​មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចំនួន​៣​សំខាន់ ទី​១. ការលួចបន្លំ​ហត្ថលេខា​គ្រូ​បង្រៀន​ដើម្បី​ទទួលបាន​ប្រាក់​ម៉ោង​បង្រៀន​លើស ទី​២. ការកេងប្រវ័ញ្ច​លុយ​សង្គមកិច្ច​របស់​សាលា និង​ទី​៣. ការកឹបកេង​លុយ​សម្រា​ប់ទ្រ​ទ្រង់សាលា ប៉ុន្តែ​មិន​ទាន់​ទទួលបាន​ការដោះស្រាយ​ជាក់លាក់​នៅឡើយ​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​សភា​ឲ្យ​ក្រសួង​អប់រំ​ចាត់វិធានការ​តឹងរ៉ឹង​លើ​នាយិកា​វិទ្យាល័យ​មួយ​ករណី​ពុករលួយ​​"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ឆ្នាលួចស៊ីត្រីអាំងនាំគ្នាដេញវាយមួយភូមិតែដល់ខ្លាស៊ីគោរត់ពួនមួយពូជ!!!!!