ដោយ៖ ជន ស្រីណុច
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានចាប់ខ្លួនឪពុក និងកូនដែលកំពុងមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ដោយចោទពីបទលួចដោយមានស្ថានទម្ងន់ទោស បំផ្លិចបំផ្លាញ ប្រើហិង្សាលើសិទ្ធិកាន់កាប់អចលនវត្ថុ និងបរិហាកេរិ៍្ត តាមបណ្តឹងរបស់ក្រុមហ៊ុនឃុនសៀ អ៊ីមផតអិចផត ។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ដែលកំពុងតាមដានករណីនេះ ឲ្យVODដឹងនៅរសៀលថ្ងៃទីអង្គារនេះថា សមត្ថកិច្ចបានចាប់ខ្លួនពីរនាក់ឪពុកកូន ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឃុនសៀ អ៊ីមផតអិចផត តាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ។ លោកបន្តថា នៅព្រឹកមិញនេះ សមត្ថកិច្ចបានចាប់ខ្លួន លោក លី ស្រ៊ាខេង ដែលជាម្ចាស់ដីឡូតិ៍លេខ១៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅឃុំហើយថា នៅរសៀលម៉ោងប្រមាណ៤នេះ សមត្ថកិច្ចបានចាប់កូនស្រីលោកលី ស្រ៊ាខេង ម្នាក់ទៀត ឈ្មោះកញ្ញា លី សៀវមិញ។
លោក វណ្ណ សុផាត ឲ្យដឹងទៀតថា ប៉ុន្មានខែចុងក្រោយនេះតុលាការបានចេញដីកាកោះហៅក្រុមគ្រួសារនេះជាហូរហែ ហើយកន្លងមក មានការរុកកួនក្រុមគ្រួសារពួកគេតាមរូបភាពផ្សេងៗ ហើយមកដល់ពេលនេះ ក្រុមហ៊ុនបានប្រើប្រព័ន្ធតុលាការមកចាត់ការ ដែលលោកអះអាងថាមានលក្ខណៈអយុត្តិធម៌ ។
ភរិយាលោក លី ស្រ៊ាខេង អ្នកស្រីម៉ក់ សៀវហ៊ុង រៀបរាប់ថា តុលាការកោះហៅក្រុមគ្រួសារអ្នកស្រីទាំងអស់ឲ្យចូលទៅបំភ្លឺ តាមបណ្តឹងរបស់ក្រុមហ៊ុនឃុនសៀអ៊ីមផតអិចផត ។ អ្នកស្រីបន្តថា តុលាការចាត់ការមិនយុត្តិធម៌ទេ ខណៈខ្លួនជាម្ចាស់ដី បែរជាត្រូវចាប់ដាក់ពន្ធធានាគារ ។
VODមិនទាន់អាចទាក់ទងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ដែលបានចេញដីកាកោះហៅ ឪពុកកូននេះបាននៅឡើយទេ។
គ្រួសារមួយ ក្នុងចំណោម៣គ្រួសារ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្លាប់ត្រូវជនមិនស្គាល់មុខព្រលែងពស់វែកចំនួន៤ក្បាល ចូលផ្ទះរបស់ពួកគាត់ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ និងធ្លាប់រងនូវការគំរាមបោកគ្រាប់បែកចូលផ្ទះ នៅពេលដែលពួកគាត់បដិសេធលក់ដីទៅឲ្យក្រុមហ៊ុនឃុនសៀ ។
ទំនាស់ដីធ្លីរវាងពលរដ្ឋ៤គ្រួសារនៅតំបន់បឹងកក់១ ជាមួយនឹងក្រុមហ៊ុន ឃុន សៀ កើតឡើងចាប់ពីខែមេសា ឆ្នាំ២០១៣ ដោយពលរដ្ឋអះអាងថា ក្រុមហ៊ុនមួយនេះបានព្យាយាមទិញយកដីពលរដ្ឋនៅទីនោះចំនួន៣គ្រួសារ ដោយឲ្យតម្លៃ១៥០០០ដុល្លារក្នុងមួយគ្រួសារ ដោយឡែកពលរដ្ឋមួយគ្រួសារនេះមិនព្រមលក់៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
កងទ័ពថៃ បំបិទមាត់ក្រុមសកម្មជនដីធ្លីដោយធ្វើការចាប់ខ្លួនមនុស្ស៥នាក់
Tue, 18 November 2014
The Bangkok Post
ក្រុងបាងកកៈ ទាហាន និងប៉ូលិសថៃ កាលពីថ្ងៃអាទិត្យ បានរារាំងការប៉ុនប៉ងរបស់ក្រុមសកម្មជនកំណែទម្រង់ដីធ្លីក្នុងការធ្វើសន្និសីទកាសែតមួយដើម្បីពន្យល់ពីមូលហេតុដែលរបបយោធានេះ បានហាមប្រាមពួកគេមិនឲ្យរៀបចំកម្មវិធីពិភាក្សាអំពីកំណែទម្រង់ដីធ្លី។
អ្នករៀបចំកិច្ចពិភាក្សា៥នាក់ត្រូវបានគេប្រមូលផ្តុំនៅប៉ុស្តិ៍ប៉ូលិសចាណាសុងក្រាម ក្រោយពីពួកគេតវ៉ាដោយមាត់ របស់ពួកគេបិទស្តុតខ្មៅនៅពីមុខកន្លែងប្រារព្ធវិញ្ញាណក្ខន្ធនៅថ្ងៃទី១៤ខែតុលានៅឯកន្លែងជួបគ្នាKok Wua នៅតាម ផ្លូវ Ratchadamnoen បានចែកលិខិតជាចំហដល់ក្រុមអ្នកកាសែត។
ម្នាក់ក្នុងចំណោមអ្នកទាំងប្រាំនាក់ គឺ Nitirat Sap អតីតជាអគ្គលេខានៃសហព័ន្ធនិស្សិតថៃ។
ពួកគេតវ៉ាប្រឆាំងបម្រាមរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់(NCPO)ទៅលើព្រឹត្តិការណ៍ដែលត្រូវបានគេគ្រោងនៅថ្ងៃអាទិត្យនៅឯAlliance Francaise នៅតាមដងផ្លូវWitthayu ក្នុងក្រុងបាងកក។
ចំណងជើង«ដីរបស់យើង តើដីទាំងអស់ជាកម្មសិទ្ធិរបស់អ្នកណា?»។
ព្រឹត្តិការណ៍នោះ ត្រូវបានគ្រោងបញ្ចូលកិច្ចពិភាក្សា និងការប្រគុំតន្រ្តី។
នៅថ្ងៃសៅរ៍ លោក Pakorn Areekul ជាសមាជិកនៃក្រុមអ្នករៀបចំព្រឹត្តិការណ៍ នេះ បាននិយាយថា លោកអនុសេនីយ៍ទោ Passakorn Kulrawiwan ជា មេបញ្ជាការកងវរសេនាតូចទ័ពសេះ បានទូរស័ព្ទប្រាប់លោកថា NCPO នឹងមិនអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ដូចដែលបានគ្រោងនោះទេ
តុលាការចោររកស៊ីរួមគ្នា