ដោយ៖ ជន ស្រីណុច
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
សន្និសីទសារព័ត៌មានរបស់អង្គការសង្គមស៊ីវិល កាលពីព្រឹកមិញ (រូបថត៖ ជន ស្រីណុច)
អង្គការសមាគមចំនួន៦ថ្កោលទោសអាជ្ញាធរថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្កឲ្យមាន អស្ថិរភាពនៅក្នុងសង្គម ចំពោះការបង្ក្រាប និងចាប់ខ្លួនតំណាងសហគមន៍នានា រួមទាំងសកម្មជននយោបាយ និងព្រះសង្ឃជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍រួមដែលផ្សព្វផ្សាយនៅក្នុងសន្និសីទមួយនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ឲ្យដឹងថាការចាប់ឃុំខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់នេះ ហាក់ដូចជាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាវិលមករកភាពតានតឹងក្នុងការកែទម្រង់ស្ថាប័ននានា ផ្ទុយពីកិច្ចព្រមព្រៀង ២២ កក្កដា ២០១៤ របស់គណបក្សនយោបាយទាំងពីរថា បញ្ចប់ភាពជាប់គាំងនយោបាយ។
អង្គការសមាគមទាំងនោះមានអង្គការខុមហ្វ្រែល អង្គការCHRAC និងបណ្តាញព្រះសង្ឃឯករាជ្យជាដើម។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា ថ្លែងថាការចាប់ខ្លួនសកម្មជន និងព្រះសង្ឃជាបន្តបន្ទាប់នេះ ជារឿងនយោបាយសុទ្ធសាធ ដោយសារតែភាពមិនចុះសម្រុងគ្នារវាងបក្សនយោបាយទាំងពីរ ហើយយកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជារាស្ត្រស្លូតត្រង់ ខណៈអ្នកដែលត្រូវបានចាប់ទាំងនោះរកមិនឃើញពីកំហុសអ្វីឡើយ។ លោកថា «ករណីដែលពាក់ព័ន្ធនឹងលោក មាជ សុវណ្ណារ៉ានេះ ករណីនេះវាគ្មានយុត្តាធិការនៃក្រុមព្រហ្មទណ្ឌណាហើយ វាអត់មានត្រូវយកក្រមព្រហ្មទណ្ឌ តុលាការ ចាប់អី អត់មានសោះ។ រកឃើញករណីហ្នឹង វាអត់ត្រូវមានការចោទប្រកាន់ ខាងផ្លូវច្បាប់ ខាងអង្គហេតុ ខាងអង់ច្បាប់អត់មានសោះ។ អ៊ីចឹងវាគួរតែបញ្ចប់ទៅ គិតធ្វើម៉េចកសាងការជឿទុកចិត្តគ្នារវាងគណបក្សទាំងពីរហ្នឹង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងហ្នឹង ឲ្យបានចប់សព្វគ្រប់»។
ប្រធានលេខាធិការដ្ឋាននៃអង្គការCHRAC លោក សួន ប៊ុនស័ក្តិ ថ្លែងថា សកម្មភាពរបស់អាជ្ញាធរក្រុងភ្នំពេញជះឥទ្ធិពលខ្លាំងដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលគ្រាន់តែទាមទារឲ្យមានដំណោះស្រាយសមរម្យខណៈពួកគេជាជនរងគ្រោះសុទ្ធសាធ។ លោកបញ្ជាក់ថា «រឿងអីដែលការតវ៉ារបស់គាត់ អាជ្ញាធរបែរជាមិនយកបញ្ហាទៅដោះស្រាយ ទៅជាចាប់គាត់ទៅវិញ។ នេះជារឿងមួយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់។ បញ្ហាមួយទៀត គឺការជះឥទ្ធិពលមិនល្អ ទៅថ្ងៃអនាគត បើសិនជាប្រជាពលរដ្ឋខ្មែរយើង គ្រាន់តែជួបជុំគ្នាបញ្ចេញមតិ គ្រាន់តែជួបជុំគ្នាដើម្បីលើកបញ្ហា ទទួលរងការចាប់ខ្លួនអ៊ីចឹង ខ្ញុំគិតថា ការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ ដើម្បីបង្ហាញបញ្ហាហ្នឹងគឺជារឿងលំបាក សម្រាប់ប្រជាពលរដ្ឋកម្ពុជានៅពេលខាងមុខមែនទែន»។
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ កែវ សុម៉ាលី ដែលរងការគំរាមមិនឲ្យចេញតវ៉ាក្នុងសង្គមមានថេរដីកាថា កន្លងមកសមត្ថកិច្ចបានមាក់ងាយព្រះសង្ឃតាមរយៈការប្រើពាក្យសម្តី ដែលចេញតវ៉ា ហើយពេលនេះពួកគេហ៊ានប្រព្រឹត្តិធ្ងន់ធ្ងរ ដោយចាប់ព្រះសង្ឃផ្សឹកខុសពីវិន័យសង្ឃ ដែលទង្វើនេះប្រាសចាកពីច្បាប់ទាំងស្រុង។ ព្រះអង្គមានសង្ឃដីកាថា «អាជ្ញាធរគ្រាន់តែមានសិទ្ធិនាំខ្លួនព្រះអង្គ បញ្ជូនទៅមន្ត្រីសង្ឃ គេចាប់ផ្សឹក។ ពេលនេះយើងឃើញថា មិនមែនអំណាចរបស់មន្ត្រីសង្ឃ ចាប់ផ្សឹកទេ គឺជាអំណាចរបស់អាជ្ញាធរ រហូតដល់បំពានចាប់ទាំងបង្ខំហើយ ដោះស្បងចីពរហើយវាយដំ ញាត់ចូលគុកថែមទៀត។ នេះក្នុងនាមអាត្មាជាសមាជិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម អាត្មាអត់ពេញចិត្តទេ»។
VOD មិនទាន់អាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានទេ ដោយលោកមិនលើកទូរសព្ទ។
តែថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ ទាក់ទងនិងករណីនេះ គឺបញ្ជាក់ជំហរថា គណបក្សកាន់អំណាចថ្កោលទោសដាច់អហង្ការ ទៅនឹងការចោទប្រកាន់ទាំងឡាយណាដែលថា ខ្លួនកំពុងខ្ចីដៃតុលាការ ដើម្បីវាយបំបាក់ស្មារតីដៃគូប្រកួត ឲ្យទទួលយកនូវលក្ខខណ្ឌអ្វីមួយដែលខ្លួនចង់បាន។ សេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនសកម្មជនការពារសិទ្ធិដីធ្លី និងមន្ត្រីនយោបាយនោះ គឺជាការបំពេញការងារដោយឯករាជ្យរបស់តុលាការ។
តាមការយល់ឃើញក្រុមអង្គការសង្គមស៊ីវិលទាំងនោះ អំពាវនាវ និងទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនទាំងនោះជាបន្ទាន់ ដោយគ្មានលក្ខខ័ណ្ឌ ហើយអំពាវនាវរដ្ឋាភិបាលបើកចំហលទ្ធិប្រជាធិបតេយ្យ ដោយផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋគ្រប់រូបក្នុងការទាមទារសិទ្ធិ បញ្ឈប់ការដាក់សំពាធតាមរយៈការចោទប្រកាន់ផ្សេងៗ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ប្រទេសជាតិមានច្បាប់របស់ប្រទេអាជ្ញាធរគេមិនដែលទៅដើរចាប់មនុស្សឥតមានកុំហុសយកទៅដាក់គុគនោះទេបើបន្តោយឲពួកអានាធិបតេយ្យអស់នេះធ្វើតាមតែអំពើរចិត្ត តើប្រទេសចាំបាច់មានច្បាប់ធ្វើអ្វី?និយាយឡើងសុទ្ធតែសិទ្ធមនុស្ស តើអង្ការគ្រប់រូបអែងបានធ្លាប់គិតទេថា ពលរដ្ឋដ៏ទៃទៀតក៏គេមានសិទ្ធដែរមិនមែនមានតែពួគអានាធិបតេយ្យមួយក្រុមតូចនោះទេ! ឲតែស្អីឡើងនាំគ្នីគ្នាធ្វើបាតុកម្មបិទផ្លូវ ចុះពលរដ្ឋរាប់ពាន់រាប់មុឹននាក់ទៀតដែលពួគគាត់ត្រូវការធ្វើដំណើរតាមផ្លូវដើម្បីរកសុីដែរនោះ !តើអស់លោកនាក់ដែលហៅខ្លួនថាជាអង្ការសិទ្ធមនុស្សយល់យា៉ងណាដែរដល់ពលរដ្ឋទាំងនោះតើពួគគាត់មិនមែនជាមនុស្សទេតើពួគគាត់មិនមានសិទ្ធប្រើប្រាស់ផ្លូវនោះទេឬក៏យា៉ងម៉េច អញ្ចិងមានសិទ្ធតែពួកអានាធិបតេយ្យមួយក្រុមនេះឬ ?កុំចេះតែនាំគ្នាកាន់ជើងមនុស្សខូចមួយជុំនួនតូចនោះឲគិទប្រយោជន៍ធំដល់ប្រជាពលរដ្ឋទូទៅផង អស់ លោកអង្ការសិទ្ធមនុស្សអើយ!