ដោយ ប្រាជ្ញ ចេវ
2014-11-19
RFA

ពិធីបុណ្យអង្ករកម្ពុជា លើកទី២ នាសណ្ឋាគារសូហ្វីតែល (Sofitel) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Brach Chev
ប្រទេសកម្ពុជា បានប្រារព្ធបុណ្យអង្ករលើកទី២នៅភ្នំពេញ ដើម្បីបង្ហាញពីអង្ករល្បីរបស់ខ្លួនឲ្យភ្ញៀវជាតិ ជាពិសេសគឺភ្ញៀវអន្តរជាតិបានស្គាល់ ដើម្បីឲ្យអង្ករខ្មែរមានទីផ្សារនៅក្រៅប្រទេសកាន់តែទូលាយ។
ក្រៅពីការដាក់តាំងបង្ហាញពូជអង្ករស និងពូជអង្ករក្រអូប ដែលជាអង្ករផ្ការំដួល ឬអង្ករផ្កាម្លិះ កម្មវិធីបានអនុញ្ញាតឲ្យអ្នកចូលរួមភ្លក់ឱជារសគ្រាប់បាយដែលមានក្លិនឈ្ងុយនេះផងដែរ។
សម្រស់ និងក្លិនអង្ករខ្មែរដ៏ល្បីឈ្មោះ គឺស្រូវផ្ការំដួល ឬផ្កាម្លិះ បានដាក់កញ្ជើល្អី ឬការុងតាំងបង្ហាញជាជួរៗមានទាំងរូបពិត មានទាំងរូបភាព ក្នុងសណ្ឋាគារសូហ្វីតែល (Sofitel) រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា។ សំនៀងតន្ត្រី និងការសម្ដែងសិល្បៈ បានកំដរក្លិនឈ្ងុយបាយដែលចេញពីឆ្នាំង ធ្វើឲ្យកម្មវិធីនេះរឹតតែទាក់ទាញភ្ញៀវដែលចូលទស្សនា ក្នុងការបង្ហាញនៃបុណ្យអង្ករលើកទី២នេះ។
ប្រធានក្រុមហ៊ុនខ្មែរហ្វូតគ្រុប (Khmer Foods Group) លោក គឹម សាវុធ ឲ្យដឹងថា ការរៀបចំកម្មវិធីបង្ហាញនេះ ដើម្បីឲ្យបរទេសកាន់តែស្គាល់អង្ករខ្មែរកាន់តែច្រើន។ លោក គឹម សាវុធ រំពឹងថា បុណ្យអង្ករឆ្នាំនេះ ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីចូលរួមកម្មវិធីនេះរួចហើយ នឹងទិញអង្ករយកទៅផ្ទះដើម្បីភ្លក់រសជាតិ៖ «យើងធ្វើម៉េចឲ្យទាំងប្រជាជនយើង ទាំងអ្នកទេសចរបរទេស គាត់បានភ្លក់គាត់ស្គាល់រសជាតិ ហើយគាត់ត្រឡប់ទៅផ្ទះវិញប្រាប់ប្រពន្ធកូនគាត់ ប្រាប់មិត្តភ័ក្ដិ ប្រាប់បងប្អូនគាត់ និងប្រាប់រដ្ឋាភិបាលគាត់ ឲ្យជួយទិញអង្ករខ្មែរ។ នេះ គឺជាគោលបំណងពិតប្រាកដរបស់បុណ្យអង្ករយើងថ្ងៃនេះ។ ការប្រារព្ធបុណ្យអង្ករនេះ គឺស្របពេលដែលសមិទ្ធផលស្រូវអង្ករសម្រេចបានច្រើន និងបន្ទាប់ពីកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អបំផុតលើលោកពីរឆ្នាំជាប់គ្នា កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣»។
អ្នកជំនាញបញ្ជាក់ថា អង្ករកម្ពុជា ដែលឈ្នះពានរង្វាន់អង្ករល្អបំផុតមានឈ្មោះថា អង្ករផ្ការំដួល ប៉ុន្តែសាធារណជនទូទៅ បែរជាហៅថាអង្ករផ្កាម្លិះទៅវិញ។
ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លើកឡើងថា ពិធីបុណ្យអង្ករនេះ បានទាក់ទាញបុគ្គលសំខាន់ៗជាច្រើនក្នុងឧស្សាហកម្មស្រូវអង្ករ ដូចជា កសិករមកពី ១១ខេត្ត ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងអ្នកតំណាងជាច្រើនរូបមកពីស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងវិស័យនេះ។
តំណាងនាំចេញនៃក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ ខេមបូឌា (Golden Rice Cambodia) លោក គង់ សារិទ្ធ ប្រាប់ថា ក្រុមហ៊ុនលោកបានលក់អង្ករចេញទៅបណ្ដាទីផ្សារប្រទេសអឺរ៉ុប ចិន និងបារាំង ចាប់តាំងពីឆ្នាំ២០០៩។ លោកបន្តថា ពេលនេះទីផ្សារអង្ករខ្មែរកំពុងដំណើរការទៅមុខតិចៗហើយ បើទោះជាទីផ្សារអន្តរជាតិមិនសូវស្គាល់អង្ករខ្មែរ៖ «បើយើងប្រៀបធៀបជាមួយប្រទេសផ្សេងៗ យើងឥឡូវកំពុងតែទៅហើយ ប៉ុន្តែគ្រាន់តែថាមិនសូវរលូនប៉ុន្មានទេណា ដោយសារទីមួយ យើងនាំទៅហ្នឹង គឺក្រោយប្រទេសគេជិតខាង ចឹងហើយឈ្មោះរបស់យើងគេអត់សូវស្គាល់ ដូចរបស់ដែលមួយយើងអត់ល្បី គេអត់សូវឲ្យតម្លៃទេ ប៉ុន្តែឥឡូវគេចាប់ផ្ដើមមកគាំទ្រផលិតផលដូចជាអង្ករខ្មែរ»។
សព្វថ្ងៃ កម្ពុជា មានទីផ្សារអង្ករនៅអូស្ត្រាលី ចិន ហុងកុង បារាំង អាមេរិក និងអាហ្វ្រិក និងនៅបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប។ ទៅថ្ងៃមុខ កម្ពុជា មានគម្រោងពង្រីកទីផ្សារអង្ករទៅប្រទេសចំនួន៦ទៀត។ រដ្ឋាភិបាលកម្ពុជា មានមហិច្ឆតាថានៅឆ្នាំ២០១៥ នឹងនាំអង្ករចេញឲ្យបានមួយលានតោន។
លោក ហ៊ុន យ៉ាដាណា ប្រធានការិយាល័យផែនការសហប្រតិបត្តិការនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលយកពូជស្រូវដាក់បង្ហាញដូចជា ផ្ការលៀត ផ្ការំដួល សែនពិដោរ និងដំណើបស្បៃមង្គល ឲ្យដឹងថា ភ្ញៀវដែលចូលមកទស្សនា ភាគច្រើនមានការចាប់អារម្មណ៍ច្រើនពីស្រូវអង្ករ និងទាក់ទងចង់បានអង្ករទាំងនោះ។ លោក ហ៊ុន យ៉ាដាណា បន្តថា អង្គការរបស់លោកជួយបណ្តុះបណ្តាលដល់កសិករ ដើម្បីឲ្យកសិករធ្វើការផ្លាស់ប្ដូរទម្លាប់ធ្វើស្រែពីបែបប្រពៃណី មកបែបបច្ចេកទេសវិញ៖ «គោលបំណងរបស់យើង គឺដើម្បីសេចក្តីចម្រើនរបស់កសិករ តាមរយៈការផ្លាស់ប្ដូរចំណេះដឹងរបស់គាត់ ចំណេះដឹងមូលដ្ឋាន ការផ្លាស់ប្ដូរទម្លាប់ ការផ្លាស់ប្ដូរឥរិយាបថរបស់គាត់ បីហ្នឹងសំខាន់។ គាត់មានចំណេះ គាត់មាន និងការប្រតិបត្តិរបស់គាត់ ដើម្បីប្រើបច្ចេកវិទ្យាទៅឲ្យវាបានផលច្រើន បើយើងទៅមួយរដូវនឹងគេដែរ បើយើងអត់ដឹងក្នុងការធ្វើស្រែបច្ចេកវិទ្យាទាំងអស់ហ្នឹង វាបានផលតិច ចុងបញ្ចប់អ្នកខាតមិនមែនយើងអ្នកនេះណា គាត់ដដែលហ្នឹង»។
ចំណូលពីវិស័យកសិកម្មក្នុងសេដ្ឋកិច្ចកម្ពុជា ស្មើនឹង ២៩% នៃប្រាក់ចំណូលពីការនាំចេញ។ ពិធីបុណ្យអង្ករកម្ពុជា លើកទី២ ផ្តល់ឱកាសដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តក្នុងសកម្មភាពស្ទូងស្រូវ ការសម្ដែងវប្បធម៌ ប្រវត្តិសាស្ត្រនៃស្រូវអង្ករកម្ពុជា ការប្រកួតប្រជែងជ្រើសរើសស្រូវអង្ករកម្ពុជា ល្អដាច់គេ និងការបង្ហាញនូវការចម្អិនម្ហូបដោយចុងភៅល្បីឈ្មោះ ដែលត្រៀមជាស្រេចដោយបាយអង្ករកម្ពុជា ដ៏ឈ្ងុយឆ្ងាញ់សម្រាប់អ្នកទស្សនាដោយមិនគិតប្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំចោទមេឃុំថាដាក់ព្រួលរាំងមុខទឹកបណ្ដាលឲ្យទឹកជន់លិចស្រូវ
- ស្រូវវស្សាជិត៤ពាន់ហិកតារនៅកំពង់ចាមប្រឈមនឹងខូចខាតដោយសារខ្វះទឹក
- អ្នកជំនាញ៖ កម្ពុជាពុំទាន់មានសមត្ថភាពដាក់ដេញថ្លៃនាំចេញអង្ករលើផ្សារអន្តរជាតិ
- ស្រូវជិត១ពាន់ហិកតារក្នុងខេត្តចំនួនពីរប្រឈមនឹងខូចដោយសារទំនប់ក្រុមហ៊ុនចិន
- ពលរដ្ឋនៅកំពង់ធំជួបបញ្ហាលំបាកគ្មានលុយសងបំណុលធនាគារបន្ទាប់ទឹកជំនន់
- ការឆបោកនៃការបណ្ដាក់ទុនរួមគ្នាបង្កើតក្រុមហ៊ុននឹងប៉ះពាល់ដល់ការនាំចេញអង្ករ
- ស្រូវជាង៥ពាន់ហិកតារនៅឧត្ដរមានជ័យប្រឈមខូចខាតដោយសារគ្រោះរាំងស្ងួត
- សន្ទូងស្រូវវស្សារាប់ពាន់ហិកតារនៅពោធិ៍សាត់ខូចខាតដោយសារខ្វះទឹក
- អ្នកវិភាគថាកម្ពុជាមានសមត្ថភាពតិចតួចនាំអង្ករទៅចិនតាមអនុស្សរណៈយោគយល់
ប្រទេសកម្ពុជាយើង មានទ្រព្យសម្បត្តិធម្មជាតិ គ្រប់ មុខ គ្រប់វិស័យ !
ប្រទេសកម្ពុជា យើង មិនសម ជាប្រទេស ក្រី ក្រ នោះ ទេ !