Wed, 19 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មកត្រឹមឆ្នាំ២០១៤នេះ មានរយៈពេលប្រហែល២៥ឆ្នាំហើយ ដែលតារាសម្តែងឈរតំណែងកំពូលលោក ទេព រិន្ទដារ៉ូ បានសម្រេចចិត្តរស់នៅខ្លួនមួយក្រោយលែងលះជាមួយភរិយា តែយ៉ាងណាតារារូបនេះបញ្ជាក់យ៉ាងច្បាស់ថា ជីវិតលោកគ្មានវិប្បដិសារីទេ ទោះបីជាគ្មានកូនប្រុសស្រីណាម្នាក់បន្តពូជពង្សវង្សត្រកូលក៏ដោយ។
តារាសម្តែងវ័យ៥១ឆ្នាំលោក ទេព រិន្ទដារ៉ូ ធ្លាប់រៀបការជាមួយនឹងនារីមានមុខមាត់ម្នាក់កាលពីឆ្នាំ១៩៨៧ នៅក្នុងអំឡុងពេលដែលលោកនៅបម្រើការងារជាអ្នកបច្ចេកទេសយន្តហោះចម្បាំង(មិច២១ ប៊ិក) នៅប្រទេសវៀតណាម នៅមុនពេលដែលលោកចូលសិល្បៈ តែអកុសលក្រោយរៀបការដោយការចាប់បង្ខំពីឪពុកម្តាយមិនបានប៉ុន្មានឆ្នាំផង ស្នេហាមួយនោះក៏ឈានដល់ការលែងលះគ្នា។
តារាសម្តែងជើងចាស់សង្ហាមិនចាញ់ក្មេងរូបនេះ បាននិយាយថា៖«នៅមុនពេលចូលលេងកុនហ្នឹង ខ្ញុំបានរៀបការជាមួយនឹងនារីម្នាក់ គាត់ធ្វើការធំដែរ។ ខ្ញុំធ្វើការជាអ្នកបច្ចេកទេសយន្តហោះហ្នឹងបាន ៣-៤ឆ្នាំដែរ តែទីតាំងគឺនៅវៀតណាម ហើយនៅអំឡុងពេលនោះ ខ្ញុំមានបញ្ហាធំដុំណាស់ជាមួយប្រពន្ធខ្ញុំរហូតមានការប្តឹងប្តល់គ្នាលែងលះតែម្តង»។
ក្នុងនាមជាតារាសម្តែងល្បីឈ្មោះ ហើយមានរូបសម្រស់ស្រស់សង្ហាគួរឲ្យទាក់ទាញផងនោះ ច្បាស់ណាស់ថា ក្រោយលែងលះមិនខ្វះទេ អ្នកតាមសុំស្អំបេះដូងនោះ។ ពិតដូចការលើកឡើង លោក ដារ៉ូ បានសារភាពថា ជាការពិតណាស់ នៅក្នុងអំឡុងពេលលោករស់នៅខ្លួនមួយមានអ្នកតាមស្រឡាញ់លោកច្រើនណាស់ ហើយពេលខ្លះលោកក៏បានសាកល្បងរាប់អានគ្នាធ្វើជាសង្សារដែរ ប៉ុន្តែដោយសារតែលោកខ្លាចរអានឹងរឿងស្នេហាពេក អ្វីៗហាក់មិនអាចផ្តល់ឱកាសឲ្យទំនាក់ទំនងនោះជាប់លាប់ទេ។
ការស៊ូទ្រាំរស់នៅខ្លួនមួយ មិនយកប្រពន្ធនាំឲ្យមានការចោទសួរថា តើលោក ទេព រិន្ទដារ៉ូ មិនសោកស្តាយ ឬក៏មានវិប្បដិសារីដោយសារគ្មានអ្នកបន្តពូជពង្សវង្សត្រកូលទេ?
លោក ទេព រិន្ទដារ៉ូ និយាយថា៖«នៅពេលនេះ ខ្ញុំទម្លាប់ទៅហើយ មានប្រពន្ធ ឬគ្មានប្រពន្ធគ្មានអ្វីចម្លែកទេ។ សំខាន់នៅពេលនេះ ខ្ញុំមានម្តាយ មានបងប្អូន និងក្មួយៗគួរឲ្យស្រឡាញ់ជាច្រើន ហើយខ្ញុំមានបន្ទុកច្រើនមើលថែពួកគេ។ ក្មួយៗរបស់ខ្ញុំគ្មានអ្វីខុសពីកូនរបស់ខ្ញុំទេ ខ្ញុំស្រឡាញ់ពួកគេអស់ពីចិត្ត ប្រៀបបាននឹងកូន ហើយពួកគេក៏ស្រឡាញ់ខ្ញុំវិញដែរ អ៊ីចឹងហើយគ្មានអ្វីជាវិប្បដិសារីទេ»។
បើវិលនិយាយដល់រឿងភរិយាលោក ទេព រិន្ទដារ៉ូ ហាក់មានរឿងវិបត្តិល្វីងជូរចត់កប់ជ្រៅនៅក្នុងជម្រៅបេះដូងជាច្រើនដែលលោកបានទទួលមេរៀនពីភរិយានៅក្នុងអំឡុងពេលរស់នៅក្នុងនាមជាប្តីប្រពន្ធ តែមិនអាចនិយាយស្តីបាន។ មេរៀនទាំងនោះហើយ ដែលបានធ្វើឲ្យរូបលោកហាក់មានអារម្មណ៍រន្ធត់ចិត្តនៅពេលនិយាយដល់រឿងរៀបការប្រពន្ធថ្មី ហើយក៏សម្រេចរស់នៅខ្លួនមួយមិនយកប្រពន្ធ។
លោកនិយាយថា៖«វាពិតជាមានរឿងជូរចត់ច្រើនណាស់ តែកុំនិយាយទៀត ដោយសារតែរឿងគេចង់លែងលះហ្នឹងវាផ្ទុះធំណាស់ បានធ្វើឲ្យខ្ញុំរងគំនាបសង្កត់យ៉ាងខ្លាំងពីកន្លែងការងារ រហូតគេដកខ្ញុំពីមូលដ្ឋានទ័ពនៅវៀតណាមមកបញ្ឈរជើងនៅខ្មែរ ព្រោះកាលនោះច្បាប់តឹងរ៉ឺងណាស់ ម្យ៉ាងខាងស្រីគេធ្វើការធំដែរ។ ដូច្នេះតាំងពីពេលនោះមក ខ្ញុំមានភាពរអាណាស់ គ្រាន់តែនឹកដល់រឿងរៀបការ គឺខ្លាចតែម្តង»។
ទោះបីជាមានការបញ្ជាក់បែបនេះក្តី តែទស្សនិកជនភាគច្រើនបានលើកឡើងនូវហេតុផលផ្សេងថា លោក ទេព រិន្ទដារ៉ូ មិនរៀបការអស់រយៈពេលជាង២០ឆ្នាំនោះ ដោយសារតែលោកស្រឡាញ់មនុស្សប្រុសដូចគ្នា។ ចំពោះរឿងនេះ លោកក៏បានទទួលស្គាល់ថា លោកក៏ធ្លាប់ឮរឿងនេះដែរ ប៉ុន្តែលោកមិនដឹងថា ត្រូវបកស្រាយយ៉ាងណា បើគេគិតបែបនោះទៅហើយ។
តារាសម្តែងគួរឲ្យគោរពរបស់តារាជំនាន់ក្រោយរូបនេះ និយាយថា៖«អាហ្នឹងវាជាការនិយាយពីមួយទៅមួយរបស់អ្នកដទៃដល់ពេលគេចោទ គេនិយាយច្រើនពេកទៅ ខ្ញុំហាក់លែងចង់និយាយបកស្រាយអ្វីទៀតហើយ ឲ្យគេនិយាយទៀតចុះ យើងនៅតែយើង វាជាពាក្យចចាមអារ៉ាម…»។
ដោយឡែកពាក់ព័ន្ធនឹងរឿងសិល្បៈវិញ នៅពេលនេះ លោក ទេព រិន្ទដារ៉ូ ចាប់អារម្មណ៍ថា ការងាររបស់លោកនៅតែមានជាបន្តបន្ទាប់ គ្រាន់តែពេលនេះ ភាគច្រើនដើរតួជាតួឪពុក។ លោកនិយាយថា៖«ការងារនៅពេលនេះ វាមិនដូចកាលពីយើងនៅក្មេងទេ ព្រោះពេលនេះ យើងចាស់ហើយ»។
គួរបញ្ជាក់ថា លោក ទេព រិន្ទដារ៉ូ មានកំណើតនៅភូមិសំរោង ស្រុកសង្កែ (បច្ចុប្បន្ន ស្រុកឯកភ្នំ) ខេត្តបាត់ដំបង ។ លោកបានចូលសិល្បៈកាលពីឆ្នាំ១៩៨៩ ដែលកាលនោះ ម្ចាស់ផលិតកម្មលោកម្នាក់ដែលជាអ្នកបាត់ដំបងដែរបានស្វែងរករូបមកថតកុន ដោយសារតែត្រេមុខលោកប្រហាក់ប្រហែលនឹងតារាសម្តែងល្បីឈ្មោះ សម វិជ្ជា។
លោក ទេព រិន្ទដារ៉ូ មានបងប្អូន៣នាក់(ស្រី២ប្រុស១) ហើយម្តាយរបស់លោកនៅពេលនេះ មានវ័យ៧៣ឆ្នាំហើយ រីឯឪពុកបានស្លាប់កាលពីសម័យ ប៉ុល ពត ។ លោក ទេព រិន្ទដារ៉ូ បានទទួលបន្ទុកធ្ងន់ក្នុងការចិញ្ចឹមបីបាច់ក្មួយៗ ដោយសារតែបងស្រីម្នាក់របស់លោកបានស្លាប់ តែនៅពេលនេះ លោកធូរស្រាលហើយ ដោយសារតែពួកគេមានការងារធ្វើរៀងៗខ្លួនអស់ហើយ៕

Ro…you need to get out of the closet!!!
Yes he is
Kateuy !!