ដោយ៖ ទូច សុខា
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា ការនាំអង្ករកម្ពុជាទៅលក់នៅទីផ្សារអន្តរជាតិនៅមានកម្រិត ដោយសារតែកម្ពុជានៅមានការខ្វះខាតថវិកា សម្រាប់បចេ្ចកទេសក្នុងការវេចខ្ចប់ និងការផ្សព្វផ្សាយ ។
មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅពេលសម្រាក ក្នុងពិធីបុណ្យអង្ករលើកទី២ នៅថ្ងៃពុធនេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជានៅមានការខ្វះខាតថវិកាក្នុងការសាងសង់ឃ្លាំងស្តុកស្រូវ មិនទាន់មានឡសម្ងួតគ្រប់គ្រាន់ និងថវិកាក្នុងការប្រមូលទិញស្រូវឲ្យបានច្រើនពីកសិករ ។ លោកបន្តថា បច្ចេកទេស និងសោភ័ណក្នុងការវេចខ្ចប់ផលិតផលអង្ករកម្ពុជាក៏នៅមិនទាន់មានលក្ខណៈល្អគ្រប់គ្រាន់នៅឡើយ ខណៈដែលអង្ករកម្ពុជាមានគុណភាពល្អរួចស្រេចទៅហើយ ។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ការធ្វើឲ្យមានម៉ាកយីហោហ្នឹងសំខាន់ណាស់ យើងមានរបស់ល្អ អង្ករៗលេខ១នៅក្នុងពិភពលោកអង្ករយើង ប៉ុន្តែយើងមិនទាន់បានធ្វើការផ្សព្វផ្សាយ ឬយើងវេចខ្ចប់នេះ វេចខ្ចប់ឲ្យឃើញទៅពេញចិត្តហ្មងហ្នឹងណា យើងវេចខ្ចប់ត្រឹមប្លាស្ទិកហ្នឹងអត់កើតទេ ដាក់ប្រអប់ដាក់អីហ្នឹង ទើបបានតម្លៃវាខ្ពស់ថែមទៀត» ។
ទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល បន្ថែមថា កម្ពុជាបានរៀបចំរកប្រាក់កម្ចី៣០០លានដុល្លារអាមេរិចពីប្រទេសចិន ដើម្បីមកវិនិយោគលើឃ្លាំងស្តុកស្រូវចំនួន៤០ នៅក្នុងខេត្តចំនួន៩ក្នុងប្រទេសកម្ពុជា ។ លោករំពឹងថា ថវិកាទាំងនោះ នឹងអាចយកមកប្រើប្រាស់បាននៅឆ្នាំក្រោយ ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ មានប្រសាសន៍ថា ដើម្បីជម្រុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កម្ពុជាខ្លួនឯងត្រូវពង្រឹងគុណភាពពូជស្រូវ បង្កើនទិន្នផលស្រូវ មានឃ្លាំងស្តុកស្រូវស្របតាមស្តង់ដារ និងធានាឲ្យបានក្នុងការផ្គត់ផ្គង់អង្ករទៅតាមតម្រូវការទីផ្សារ ។
លោក សុខ ពុទ្ធិវុធ មានប្រសាសន៍ថា «ដើម្បីធ្វើអញ្ចឹងបាន យើងត្រូវពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងៗប្រទេសយើងជាមុនសិន។ បច្ចុប្បន្នហ្នឹងយើងឃើញរោងម៉ាស៊ីនអង្ករធំៗច្រើនដែលគាត់មានឃ្លាំងមានអី ប៉ុន្តែបើយើងធ្វើការជាមួយក្រុមហ៊ុនធំមួយនៅក្រៅ យើងអត់មានបរិមាណគ្រប់គ្រាន់ធ្វើការជាមួយគេ អញ្ចឹងយើងត្រូវបញ្ចូលគ្នា មានន័យថា យើងត្រូវបង្កើនការនាំចេញហ្នឹងចូលរួមគ្នាឲ្យមានបរិមាណកើន និងគុណភាពឲ្យស្រប ឲ្យល្អដូចគ្នា ហើយផែនការដឹកជញ្ជូនហ្នឹងឲ្យត្រូវតាមផែនការរបស់គេ» ។
លោកបន្ថែមទៀតថា «អញ្ចឹង នេះជាចំណុចដែលខ្ញុំតែងតែលើកថា យើងត្រូវតែមានការរួបរួមគ្នា ចេះសាមគ្គីគ្នា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារធំៗបាន បើមិនអញ្ចឹងទេយើងឲ្យទៅតូចៗទៅទីផ្សារ យើងឲ្យទៅច្រើនមាន ប៉ុន្តែតូចៗវាអត់ប្រសិទ្ធភាពក្នុងការចរចា វាអត់សូវខ្លាំងទេ»។
តាមរបាយការណ៍ក្រសួងកសិកម្មឲ្យដឹងថា នៅឆ្នាំ២០១៣ កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិប្រមាណ៣៧ម៉ឺនតោន ហើយក្នុងរយៈពេល១០ខែឆ្នាំ២០១៤នេះ កម្ពុជានាំអង្ករចេញបានជាង៣០ម៉ឺនតោន ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករថា នៅឆ្នាំ២០១៤នេះ កម្ពុជាអាចនឹងនាំអង្ករចេញទៅទីផ្សារអន្តរជាតិប្រហែល៥០ម៉ឺនតោន ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
អ្នកទិញគេចេះតែថាខុសនេះខុសនោះអញ្ចឹងហើយ។ បញ្ហារគឺតែមួយគត់គឺប្រទេសខ្មែរមានឈ្មោះ អាក្រក់រំលោភសិទ្ធិមនុស្សដែលគេមិនចង់ទិញរបស់ដែលបានមកពីការរំលោភសិទ្ធិមនុស្សដូចជា ដណ្តើមដីពីប្រជាជនទន់ខ្សោយមិនរើសមុខ ដូច្នេះគេមិននិយាយឲ្យចំនោះទេ។