លោក សុរិយា ស៊ូប៊ែឌី ទាមទារ​ឲ្យ​កម្ពុជា​គោរព​ច្បាប់​និង​គោលការណ៍​តុលាការ​ឯករាជ្យ

ដោយ កែវ និមល
2014-11-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុរិយា ស៊ូប៊ែឌី ៦១០

អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។ RFA/Uon Chhin


អាជ្ញាធរ និង​តុលាការ បាន​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​តវ៉ា​ដីធ្លី សមាជិក​បក្ស​ប្រឆាំង និង​ព្រះសង្ឃ​ចំនួន ១៧​នាក់​និង​អង្គ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​ជា​ខ្លាំង និង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង។ ការ​រិះគន់​ការ​ចាប់​ខ្លួន​នេះ មាន​ទាំង​ក្នុង​ប្រទេស និង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ។

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​ច្បាប់ និង​គោលការណ៍​តុលាការ​ឯករាជ្យ។ ការ​លើក​ឡើង​របស់ លោក ស៊ូប៊ែឌី កើត​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​កម្ពុជា ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​តវ៉ា​រឿង​ដីធ្លី សមាជិក​គណបក្ស​ប្រឆាំង និង​ព្រះសង្ឃ។

ក្រៅ​ពី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​ច្បាប់ លោក ស៊ូប៊ែឌី បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ប្រើ​សិទ្ធិ​អំណាច​ខ្លួន​ដោយ​ឯករាជ្យ គ្មាន​ការ​ជ្រៀតជ្រែក​ទទួល​ឥទ្ធិពល​ពី​ខាង​ក្រៅ។

នៅ​ក្នុង​លិខិត​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា លោក ស៊ូប៊ែឌី មាន​ប្រសាសន៍​ថា វា​ជា​រឿង​ធ្វើ​ឲ្យ​រូប​លោក​មាន​ទុក្ខ​ព្រួយ ដោយសារ​ឃើញ​តុលាការ​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​ចាប់​ខ្លួន និង​កាត់​ទោស​សកម្មជន​តវ៉ា​រឿង​ដីធ្លី និង​សមាជិក​គណបក្ស​ប្រឆាំង។ លោក ស៊ូប៊ែឌី លើក​ឡើង​ថា តាំង​ពី​លោក​ចូល​កាន់​មុខ​តំណែង​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បាន​ឃើញ​រឿង​បែប​នេះ​កើត​មាន​រាប់​មិន​អស់។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា មក អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ឃុំ​ខ្លួន​សកម្មជន​តវ៉ា​រឿង​ដីធ្លី ១០​នាក់ ព្រះសង្ឃ ៣​អង្គ និង​សមាជិក​គណបក្ស​ប្រឆាំង ៤​នាក់។

ស្រប​ពេល​ជាមួយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់ លោក សុរិយា ស៊ូប៊ែឌី កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​ទាំង​នោះ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​ទាមទារ​តវ៉ា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​បញ្ឈប់​ការ​ប្រើប្រាស់​ការ​ដាក់​សម្ពាធ​នយោបាយ​តាម​រយៈ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​នានា។

លោក ឡាត់ គី ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី ១០​នាក់ និង​ព្រះសង្ឃ ៣​អង្គ​នេះ បាន​បង្ហាញ​ថា អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន​ចំពោះ​បញ្ហា​អ្វី​ដែល​កើត​ឡើង ដោយសារ​យើង​កត់​សម្គាល់​ឃើញ​ថា យុទ្ធនាការ​ក្នុង​ការ​បង្ក្រាប និង​ឃុំ​ខ្លួន​នោះ វា​ជា​វិធានការ​មួយ​ទាក់ទង​ជាមួយ​ចេតនា​នយោបាយ​ខ្លះ ធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ»

ប្រតិកម្ម​តប​ចំពោះ​ការ​លើក​ឡើង​របស់ លោក ស៊ូប៊ែឌី និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ដីធ្លី ព្រះសង្ឃ និង​សមាជិក​គណបក្ស​ប្រឆាំង​នេះ លោក ទិត្យ សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា លោក ស៊ូប៊ែឌី កំពុង​តែ​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មាន​និទ្ទណ្ឌភាព​ហើយ៖ «លោក ស៊ូប៊ែឌី គួរ​តែ​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​វិភាគ​នយោបាយ​កម្ពុជា ឲ្យ​មាន​ភាព​ស៊ី​ជម្រៅ​ជាង​នេះ ពីព្រោះ​ជានិច្ច​ជា​កាល លោក​តែង​តែ​រិះគន់​អំពី​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ពេល​រាជ​រដ្ឋាភិបាល ឬ​មួយ​ក៏​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ ចាត់​ការ​ទៅ​លើ​ជន​ប្រព្រឹត្ត​បទល្មើស អ៊ីចឹង​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពង្រឹង​ការ​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ ជា​ការ​ខុស​ច្បាប់ ឬ​ជា​ការ​គំរាម​កំហែង ឬ​មួយ​ជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ? លោក ស៊ូប៊ែឌី បើ​សិន​ជា​គាត់​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​ជា​ការ​គាប​សង្កត់ ចុះ​ពាក្យ​ដែល​គាត់​ធ្លាប់​រិះគន់​កន្លង​មក​ថា និទ្ទណ្ឌភាព​នោះ​វា​ទៅ​ជា​យ៉ាង​ណា​ទៅ​វិញ? គាត់​ចង់​ឲ្យ​កម្ពុជា មាន​នីតិរដ្ឋ​ពិត​ប្រាកដ ឬ​មួយ​គាត់​គ្រាន់​តែ​ចង់​យក​កម្ពុជា ធ្វើ​ល្បែង ចង់​ក្រឡុក​កម្ពុជា ឬ​ចង់​ធ្វើ​បង​ធំ​នៅ​កម្ពុជា?»

អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា បទ​ចោទ​លើ​សកម្មជន​ដីធ្លី សមាជិក​គណបក្ស​នយោបាយ និង​ព្រះសង្ឃ​ចំនួន ១៧​នាក់​និង​អង្គ នោះ មាន​សភាព​ធ្ងន់ធ្ងរ ហើយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ ពួក​គេ​អាច​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ​ដល់ ៣០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

10 Responses to "លោក សុរិយា ស៊ូប៊ែឌី ទាមទារ​ឲ្យ​កម្ពុជា​គោរព​ច្បាប់​និង​គោលការណ៍​តុលាការ​ឯករាជ្យ"

  1. Judge says:

    លោក សូរិយា ស៊ូបាឌី ថ្លែងក្នុងនាម អ្នកធ្វេីការអោយ អង្គការសហប្រជាជាតិ។ ការទទួលស្គាល់ជា បណ្ឌិត ថ្នាក់អន្តរជាតិ បានសេចក្តីថា ការពិចារណា គ្រប់ជ្រុងជ្រោយ និង ភាពចាស់ទុំ ក៏ប្រហែលជាថ្នាក់ អន្តរជាតិដែរ។ និទណ្ឌភាព នេះ មិនមែន ជាល្បែងសំដី ដូចលោកទិត សុធា បានលេីកឡេីងនោះទេ។ ដដែលហេីយ ដដែលទៀត ការរំលោភ នៃអ្នកគួរអនុវត្តអំណាច ឫវប្បធម៌ ” អញ ធំ” លេីរាស្ត្រ ដោយ រលោភ សិទ្ធិ នៃការអនុវត្តិ អំណាច បានក្លាយ ទៅជាទុក្ខវេទនារបស់រាស្ត្រ។
    អំណាចប្រតិបត្ត និង អំណាច តុលាការ ចងក្រងឡឿង ដេីម្បី ទប់ស្កាត់ ការ រំលោភ។ តែជា អកុសល អំណាច នេះ បាន បង្ក្លាយ ទៅជា និទណ្ឌភាព ទៅវិញ។ ម្យ៉ាងវិញទៀត សូមមេត្តា យល់ថា ប្រទេសកម្ពុជា មិនទាន់ជាប្រទេស ឯករាជ្យ នៅឡេីយ ទាំង នយោបាយគ្រប់គ្រង ទាំងសេដ្ឋកិច្ច ទោះបី ជាការបង្ហាញអោយឃេីញជារូបភាពនៃអភិវឌ្ឍន៏ ជាង ២០ ឆ្នាំ ក៏ដោយ។ ក្រោយសិទ្ធិសញ្ញា ឆ្នាំ ១៩៩១ បាននាំមកលំហូរនៃ ថវិកា ពីបរទេស ទាំង ជំនួយសង កាប្រាក់ និង ជំនួយឥតសំណង ដេីម្បីអភិវឌ្ឍន៏។ សមិទ្ធិផល ជាតឹកតាងនៃការព្រមព្រៀងនៃសិទ្ធិសញ្ញា គឺ រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាខ្នាតនៃការគ្រប់គ្រង តែជាលទ្ធផល ការអនុវត្ត រដ្ឋធម្មនុញ្ញ បានត្រឹម ២០ ទៅ២៥ % បន្ទាប់ពីការព្រមព្រៀងមក រួមទៅដោយ សហការនៃអង្គការសង្គមសីុវិល ដែលផ្តល់ទុនពីប្រទេសរួមសម្បាច់ ក្នុងសិទ្ធិសញ្ញាផង។
    អាស្រ័យហេតុនេះ គួរបញ្ឈប់ការបដិសេធដល់ការពិត នៃការឧបត្ថមនៃប្រទេសផ្តល់ជំនួយ ដោយសុឆន្ទៈ ដោយមានអង្គការសហប្រជាជាតិ ជាអ្នកផ្តល់ត្រីវិស័យផង។ ការបាញ់បោះ និងបំបាត់ដាន នៃនិទណ្ឌភាព គេបានដឹង ទាំងក្នុងនិង ក្រៅប្រទេស។
    គួរចាប់អារម្មណ៏ថា វប្បធម៌ ” ស្តាប់ មេ” ជំនួស អង្គការ បានយកមកបំពាក់អោយខ្មែរ វង្វេង ធ្វេីបាបខ្មែរ គ្នាឯងទាំងបង្ខំចិត្ត។
    ដោយរងទុក្ខ និង ការចេញក្រៅរបស់ខ្មែរ និង កូនខ្មែរ បានធ្វេីអោយខ្មែរ ឈប់វង្វេង ក្រៅពីអ្នកឈ្លក់នឹងភ្លេីងពណ៌។
    ព្រះពុទ្ធ បានសំដែង ពីសេចក្តីស្ងប់ គឺ សុខរបស់ចិត្ត( PEACE OF MIND) ជាសុខដ៏បំផុត។ សំរាប់មនុស្សមានបញ្ញ សម្បត្តិ គ្រាន់តែជាសំបក ឯ បញ្ញា គឺ ជាស្បៀង ឫជា អាវុធ។ ដូចនេះ គួរខ្មែរឈប់បណ្តោយខ្លួនអោយវង្វេង ដោយ អវិជ្ជា ឫសេចក្តី លោភ ទេីប ខ្មែរចែកសុខ និងជួបសុខជាអង្វែង។ ម្លោះហេីយ ការបកស្រាយ ដោយវង្វេង របស់ ទិត សុធា មិននាំមកនូគតិបណ្ឌិតនោះទេ។ សូមអរគុណ។
    សំនៀង

  2. people says:

    king dumb of cambodia”” king dumb of injustices, king dumb of dirty water,king dumb of dictator.the criminal free and the victim in jail.chhouk bun dit free, the shooters of factories workers free ,the scandal in the parliament free,the companies rob people free,this is king dumb of cambodia’.cambodian people never have a justice if cpp lead the country.poor cambodian people.GOD bless all cambodian people’

  3. Anonymous says:

    ទិត្យ សុធា មនុស្សក្បត់សច្ចះធម៏ ជាមនុស្សមានភ្នែកធ្វើខ្វាក់ ! , ដេកយប់ សុបិនអាក្រក់ , !

  4. Bol says:

    មានប្រទេសជាច្រើន ដែលបានរងគ្រោះធ្លាក់ក្នុងសង្គ្រាម ដោយសារការទាមទារ និងការញុះញង់របៀបស៊ូបឺឌី នេះ៕

  5. Bol says:

    សិស្ស ៤នាក់ ត្រូវចាប់ខ្លួន ពេលធ្វើបាតុកម្ម ក្នុងទីក្រុងឡុងដ៍
    Thursday, 20 November 2014 10:29 ប្រែសម្រួលដោយ ៖ ដើមអម្ពិល ID-015

    ឡុងដ៍ ៖ សិស្សសាលារាប់ពាន់នាក់ បានចូលរួមធ្វើបាតុកម្ម នារសៀលថ្ងៃពុធម្សិលមិញនេះ នៅក្នុងទីក្រុង ឡុងដ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយគុណភាពអប់រំ និងបង្កើនថ្លៃសាលា ដោយហេតុការណ៍នេះបានបណ្ដាល ឲ្យសិស្សចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ។
    ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការធ្វើបាតុកម្ម នេះ ត្រូវ បានរៀបចំឡើងដោយ យុទ្ធនាការជាតិ ប្រឆាំងការបង់ថ្លៃ និងការកាត់បន្ថយ រួមទាំងមនុស្សជាច្រើនក្រុមផ្សេងទៀត ដែលតវ៉ាទាមទារ តម្រូវឲ្យមានប្រព័ន្ធអប់រំសេរី និងតវ៉ាឲ្យសាកលវិទ្យាល័យបញ្ឈប់ការឡើង ថ្លៃនៅត្រឹម ៩ពាន់ផោន ស្មើនឹង ១៤.១១៩ដុល្លារក្នុងមួយឆ្នាំ ។

  6. Bol says:

    និស្សិត​ថៃ​៥​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារតែ​លើក​ម្រាមដៃ​បីគំនាប់ដូច​ក្នុង​រឿង​The Hunger Games

    ថ្ងៃទី 20 វិច្ឆិកា 2014, 09:36:AM
    84 Google +0 0 0
    និស្សិត​ថៃ​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន​ដើម្បីធ្វើការ​អប់រំ​កែប្រែ​អំពី​អាកប្បកិរិយា ក្រោយពី​ពួកគេ​បាន​ធ្វើ​គំនាប់​ម្រាមដៃ​បី​តាម​ភាពយន្ត​រឿង​The Hunger Games​ចំពោះ​នាយក​រដ្ឋមន្ត្រី​ដែល​គាំទ្រ​ដោយ​យោធា នៅ​ក្នុង​ការប្រឆាំង​តវ៉ា​ដ៏​ហ៊ាន​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាលយោធា​ថៃ​។​

    ​ពួក​និស្សិត​ដែល​ពាក់​អាវយឺត​មាន​សរសេរ​អក្ស​រថា​”​មិន​ចង់​បាន​រដ្ឋប្រហារ​” បាន​ឈរ​បែរ​ខ្នង​ដាក់​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​នៅពេល​លោក​និយាយ​នៅ​លើ​វេទិកា​មួយ​នៅ​ទីក្រុង​ខុន​ឃែ​នភា​គឦសាន ដែល​ជា​មូលដ្ឋាន​អំណាច​រឹងមាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​ត្រូវបាន​​ទម្លាក់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦​។

  7. Bol says:

    នាយករដ្ឋមន្ត្រីថៃ និយាយថា បណ្តាញសារព័ត៌មាន ត្រូវគោរពច្បាប់
    ថ្ងៃទី 18 វិច្ឆិកា 2014, 09:08:PM
    13 Google +0 0 0
    នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន អូចា បាននិយាយថា បណ្តាញសារព័ត៌មានរីករាយជាមួយសេរីភាព ប៉ុន្តែលោកបានបដិសេធការជាប់ពាក់ព័ន្ធក្នុងដកចេញពិធីការិនីម្មាក់នៃ កម្មវិធីទូរទស្សន៍ថៃThai PBS ។

    ប្រតិកម្ម របស់លោក ប្រាយុទ្ធ ចាន អូចា គឺជាការឆ្លើយតបទៅនឹងការរិះគន់រដ្ឋាភិបាលនិងក្រុមប្រឹក្សាជាតិ ដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់(NCPO) នៅពេលដែល លោកស្រី នាត់តាយ៉ា វ៉ាវវីរ៉ាខាប់ (Nattaya Wawweerakup) ត្រូវបានដកចេញពីតួនាទីរបស់លោកស្រីក្នុងម្មវិធីទូរទស្សន៍ថៃThai PBS នេះ គឺបន្ទាប់ពីពួកទាហានបាន ទៅដល់ស្ថានីយ៍ទូរទស្សន៍នេះ។

  8. _ says:

    នៅក្នុងកំលុងពេលខ្មែរក្រហមកាន់អំណាច ប្រជាពលរដ្ឋមួយចំនួនត្រូវបានសំលាប់ដោយសារបំពានច្បាប់អង្គការ ដូចជា លួចជីកដំឡូងដែលខ្លួនដាំក្បែរផ្ទះហូប ដែលជាបទល្មើសក្បត់សមូហភាព ។ល។ និង ។ល។ សម័យនោះច្បាប់មិនមានច្រើនទេ តែគ្រប់គ្រាន់សំរាប់ដាក់បន្ទុកលើអ្នកដែលប្រព្រឹត្តរំលោភលើច្បាប់នោះ អាចទទួលទោសប្រហាជីវិតបាន ។
    ជារួមតាមគោលការណ៏នេះ អ្នកដឹកនាំសម័យនោះគ្មានការខ្វះខាតទេ ក្នុងការអនុវត្តច្បាប់! តែបច្ចុប្បន្ននេះ កំពុងតែអង្គុយក្នុងក្រចកសេះ….

  9. Knight Rider says:

    សូបែ ឌី ជាបណ្តិតខ្នាតអន្តរជាតិមែន ប៉ុន្តែបណ្តិតរូបនេះខ្វះនូវ សម្ពញជញៈ ជាអ្នក កណ្តាល ដោយ គាត់បានកើតនៅប្រទេស ដែល ក្រីក្ររ ដូច កម្ពុជា ដែរ មិនមែន កើតនៅប្រទេស ជឿន លឿនដូចនៅ អាមេរិក ឬ នៅ អឺរ៉ុបឯណា ម្លោ៉ះហើយរបៀបរស់នៅនិងសង្គមបរិកាសរបស់គាត់មិនខុសពី ស្រុកខ្មែរប៉ុន្មានទេ គឺសម្បូរដោយពួកអានាធិប្បតេយ្យច្រងេងច្រងាងមិន គោរពច្បាប់ ហើយក៏បានជាប់និស្ស័យអត់ដឹងខ្យល់អីមកជាមួយគាត់ដូច្នោះដែរ។
    Mr.Sobedie was born in the poor country which has a lot of anarchists, thugs and gangsters.
    He was surrounded by the tough neiborhoods. For that kind of living condition and environment it’s very hard for him to be a fair person no matter how highest degree he earned from schools. As you can see his reaction toward the Cambodian Government is outrageous.
    Mr. Sobedi you need to investigate first before jumping to the wrong conclusion otherwise no one will respect you no matter who you are !!!!!

  10. Knight Rider says:

    សូបែ ឌី ជាបណ្ឌិតខ្នាតអន្តរជាតិមែន ប៉ុន្តែបណ្ឌិតរូបនេះខ្វះនូវ សម្ពញជញៈ ជាអ្នក កណ្តាល ដោយ គាត់បានកើតនៅប្រទេស ដែល ក្រីក្ររ ដូច កម្ពុជា ដែរ មិនមែន កើតនៅប្រទេស ជឿន លឿនដូចនៅ អាមេរិក ឬ នៅ អឺរ៉ុបឯណា ម្លោ៉ះហើយរបៀបរស់នៅនិងសង្គមបរិយាកាសរបស់គាត់មិនខុសពី ស្រុកខ្មែរប៉ុន្មានទេ គឺសម្បូរដោយពួកអានាធិប្បតេយ្យច្រងេងច្រងាងមិន គោរពច្បាប់ ហើយក៏បានជាប់និស្ស័យអត់ដឹងខ្យល់អីមកជាមួយគាត់ដូច្នោះដែរ។
    Mr.Sobedie was born in the poor country which has a lot of anarchists, thugs and gangsters.
    He was surrounded by the tough neiborhoods. For that kind of living condition and environment it’s very hard for him to be a fair person no matter how highest degree he earned from schools. As you can see his reaction toward the Cambodian Government is outrageous.
    Mr. Sobedi you need to investigate first before jumping to the wrong conclusion otherwise no one will respect you no matter who you are !!!!!