​វិភាគ​៖ មូលហេតុ​នៃ​ការខ្វែងគំនិត​គ្នា ករណី​កំណត់​សញ្ជាតិ​របស់​សមាជិក គ​.​ជ​.​ប​​

ដោយ៖​ ពៅ​ មេត្តា​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

VOD-nec-logo-2014-01-28

​ការចរចា​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​មិនទាន់​កំណត់ថា នឹង​បញ្ចប់​នៅពេល​ណា​នៅឡើយ បើទោះជា​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​អះអាងថា មាន​ការឯកភាព​គ្នា​បាន​ជាង​៩០​ភាគរយ​ហើយ​ក៏​ដោយ​ ។​

ក្រោយពេល​ជួប​ជជែក​គ្នា​នៅ​វិមាន​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​កន្លង​ទៅនេះ ក្រុមការងារ​គណបក្ស​ទាំង​ពីរ​ទាល់ច្រក​ត្រង់ចំណុច ការកំណត់​សញ្ជាតិ និង​ដាក់​ញាតិ​លោហិត​ចូលក្នុង​សមាសភាព គ​.​ជ​.​ប ។​

​ចំណុច​ទាំង​ពីរ​ខាងលើនេះ គឺ​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ទាមទារ​គឺ​ទាមទារ​សមាជិក គ​.​ជ​.​ប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ និង​មិនឲ្យ​មាន​ការដាក់​ញាតិ​សាច់សាលោហិ​តរបស់​ប្រធាន និង​អនុប្រធាន​គណបក្ស​ចូល​ក្នុង​សមាសភាព​នេះ​ទេ ។​

​ចំណុច​ទាល់ច្រក​របស់​ក្រុមការងារ​គណបក្ស​ទាំងពីរ នាំឲ្យ​សាធារណៈជន​ចាប់អារម្ម​ណ៍​ករណី​ដែល​កំណត់​ឲ្យ​សមាជិក គ​.​ជ​.​ប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ ថា​តើ​ពាក់ព័ន្ធ​ឯករាជ្យភាព និង​ប្រសិទ្ធភាព​ការងារ​យ៉ាង​ម៉េច ?  ចំណែក​ការកំណត់​មិន​ឲ្យ​ដាក់​ញាតិ​លោហិត​នោះ មិនមែន​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់​ទេ​ព្រោះថា បើ​ស្ថាប័ន​មួយ​មាន​តែ​សាច់ញាតិ​មនុស្ស​មួយ​ក្រុម​នោះ ប្រាកដជា​មិន​មាន​ភាព​ឯករាជ្យ​ទេ គឺ​ពួកគេ​ប្រាកដ​ជា​ប្រឹងប្រែង​បំពេញ​ការងារ​ដើម្បី​បក្ខពួក​នោះ ។​

ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បញ្ជាក់ថា មូលហេតុ​ដែល​តម្រូវ​ឲ្យ​សមាជិក គ​.​ជ​.​ប មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នោះ ព្រោះ​ចង់ឲ្យ​សមាជិក គ​.​ជ​.​ប ថ្មី​នោះ បំពេញ​ការងារ​ដោយ​ឯករាជ្យ មិន​រង​ឥទ្ធិពល​ពី​ខាងក្រៅ ។ លោក​មានប្រសាសន៍ថា «​យើង​ឲ្យ​សញ្ជាតិ​តែមួយ គឺ​ដើម្បី​ឲ្យ​គាត់​បញ្ជាក់​ថា គាត់​មាន​សញ្ជាតិ​ខ្មែរ ហើយ​គាត់​ធ្វើការ​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ជា​មួយ​កន្លែង​ដទៃ​ទេ អព្យាក្រឹតភាព​ហ្នឹង​គឺ​យើង​ចង់​ឲ្យ​អព្យាក្រឹត ហើយ​យើង​និយាយ​ឲ្យ​ឆ្ងាយ​ទៅ​គឺថា​មាន​ឥទ្ធិពល​ពី​នេះ​ពី​នោះ យើង​មិន​ចង់ឲ្យ​មាន​តែ​ប៉ុណ្ណឹង​ទេ គឺ​ដូចជា​សំណូមពរ​ដែល​យើង​គិតថា គ​.​ជ​.​ប ឥឡូវនេះ​ជា គ​.​ជ​.​ប ដែល​ឯករាជ្យ អព្យាក្រឹត ហើយ​ដែល​មាន​ចារ​នៅក្នុង​រដ្ឋធម្មនុញ្ញ វា​ខុស​ពី​មុន​»​ ។​

ផ្ទុយ​ពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ឲ្យ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​សមាជិក គ​.​ជ​.​ប ទេ ។​

​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន លើកឡើងថា ការទាមទារ​មិន​ឲ្យ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​លើ​សមាជិក គ​.​ជ​.​ប នេះ ព្រោះ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅប្រទេស ហើយ​មាន​បទពិសោធន៍​អាចមាន​លទ្ធភាព​បម្រើ​ការងារ ក្នុង​ស្ថាប័ន​នេះ​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការរៀបចំ​ការបោះឆ្នោត ។ លោក​ពន្យល់​ថា «​ព្រោះ​នៅ​ស្រុក​គេ ហើយ​បាន​ទទួល​សញ្ជាតិ​ហ្នឹង​មាន​លក្ខណៈសម្បត្តិ​មួយ ទទួលបាន​ចំណេះ​ជំនាញ​ដើម្បី​មក​បម្រើ​ការងារ ហើយ​កាលណា​យើង​បិទ​ផ្លូវ​អ៊ីចឹង យើង​ឃើញថា អាច​មាន​ការរើសអើង​»​ ។​

តើ​មាន​មូលហេតុ​អ្វី​បានជា​គណបក្ស​ទាំង​ពីរ​ខ្វែងគំនិត​គ្នា បើ​ភាគី​សងខាងសុទ្ធ​តែ​ចង់​បាន គ​.​ជ​.​ប ក្លាយ​ជា​អាជ្ញាកណ្តាល​មួយ ដែល​ស្អាតស្អំ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​នោះ ?

​ក្រៅ​ពី​ហេតុផល​ដែល​គណបក្ស​ទាំង​ពីរ បាន​លើក​ឡើង​គេ​ក៏​អាច​មើលឃើញ​មូលហេតុ​ផ្សេងទៀត ទាក់ទង​ផល​ប្រយោជន៍​បក្ស និង​ការយក​ប្រៀប​លើ​គូប្រជែង ។​

ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​លើ​សមាសភាព គ​.​ជ​.​ប អាចជា​ឧបសគ្គ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ។ មូលហេតុ​ប៉ះពាល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធនធាន​មនុស្ស​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ខ្មែរ​នៅ​ក្រៅប្រទេស ដែល​កំពុង​ផ្តល់​ជា​គំនិត និង​ថវិកា​ជួយ​ដំណើរការ​បក្ស ហើយ​គណបក្ស​នេះ ក៏​អាច​នឹង​យក​អ្នក​ទាំងនោះ​មក​បំពេញ​ការងា​រ​នៅ​ស្ថាប័ន​មួយចំនួន តាម​តម្រូវការ​បក្ស​ដែរ ។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​កំណើត និង​បុកគ្រឹះ​ជាង​៣០​ឆ្នាំ​មកនេះ មិន​ចោទ​ជា​បញ្ហា​ទេ ព្រោះ​ធនធានមនុស្ស​របស់​គ​ណ​បក្ស​នេះ ស្ថិត​នៅក្នុង​ប្រទេស​ស្ទើរ​ទាំងអស់ ។

សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ដល់​ឃើញ​ថា សញ្ជាតិ​មួយ ឬ​លើស​ពី​មួយ​នោះ​មិនមែន​ជា​ផ្នែក​មួយ នៃ​ការធ្វើ​ឲ្យ​ប៉ះពាល់​ឯករា​ជ្យ​ភាព​របស់ គ​.​ជ​.​ប ទេ តែ​អ្វី​ជា​ការ​សំខាន់​នោះ បុគ្គល​នោះ​មាន​ការជឿជាក់​ថា អាច​បំពេញ​ការងារ​ដោយ​ឯករាជ្យ ។

ការទាមទារ​ឲ្យមាន​ការ​កំណត់​យក​សញ្ជាតិ​ខ្មែរ​តែ​មួយ​នៅពេលនេះ គឺអាច​ប៉ះពាល់​ដល់​សមាជិក​ទី​៩​របស់ គ​.​ជ​.​ប ដែល​មាន​ការឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​តាម​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ។ សមាជិក​ទី​៩​ដែល​បក្ស​ទាំង​ពីរ​យល់ថា ជា​បុគ្គល​ឯករាជ្យ​នោះ​គឺ​លោកស្រី  ពុង ឈី​វ​កេក បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លីកាដូ ។ ប្រធាន​អង្គការ​លីកា​រូបនេះ មាន​ការគាំទ្រ​ពី​បក្ស​ទាំងពីរ និង​សាធារណជន តែ​គាត់​មាន​សញ្ជាតិ​លើស​ពី​មួយ​ ។​

ការកំណត់​សញ្ជាតិ​នេះ អាច​ជា​ឧបសគ្គ​ថ្មី​បន្ថែម​ទៀត​លើ​លោក​ស្រី ពុង ឈី​វ​កេក ខណៈ​ពេល​កន្លងមក​លោក​ស្រី​ធ្លាប់​ស្នើសុំ​អភ័យឯកសិទ្ធិ ដូច​សមាជិកសភា​ក្នុង​ការបំពេញ​ការងារ​ជា​សមាជិក គ​.​ជ​.​ប តែ​ត្រូវ​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​សម្រេច​បដិសេធ ។​

​មូលហេតុ​ខាងលើនេះ​ប្រសិន​បើ​លោក​ស្រី ពុង ឈី​វ​កេក សម្រេច​ដក​បេក្ខភាព​ចេញ​ដោយ​ខ្លួន​ឯង​វិញ​នោះ ដំណើរការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្មី​របស់ គ​.​ជ​.​ប កាន់តែ​អូសបន្លាយ​យូរ​ទៅទៀត ។​

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់ឃើញថា ការចរចា​របស់​គណ​បក្ស​ទាំងពីរ​ក្នុង​ការរៀបចំ​ក្បាលម៉ាស៊ីន គ​.​ជ​.​ប បើ​មិន​បាន​ចប់​នៅ​ចុងឆ្នាំ​២០១៤​នេះ​ទេ មិន​អាច​រៀបចំ​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ឲ្យមាន​ភាពត្រឹមត្រូវ ធ្វើឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ទុកចិត្ត និង​ទទួលលទ្ធផល​នោះទេ ។​

ទោះ​យ៉ាងណា​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ចែងថា ប្រសិនបើ​ក្បាលម៉ាស៊ីន គ​.​ជ​.​ប ថ្មី​មិន​ទាន់​បង្កើន​ឡើង​នោះ គ​.​ជ​.​ប បច្ចុប្បន្ន​នៅតែ​បន្ត​ដំណើរការ​រៀបចំ​កា​រ​បោះឆ្នោត​ដូច​មានចែង​ក្នុង​ច្បាប់​បោះឆ្នោត​ដដែល​ ។ ករណី​នេះ​បើសិនជា គ​.​ជ​.​ប បច្ចុប្បន្ន ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទថា បម្រើ​ការងារ​ដោយ​គណបក្ស​ប្រជាជន​នោះ នៅ​តែ​ធ្វើ​អាជ្ញាកណ្តាល​ទៀត​នោះ លទ្ធផល​បោះឆ្នោត​លើក​ក្រោយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ទៀត​នោះ ការតវ៉ា​ដូច​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ នឹង​កើតមាន​ទៀត​ដដែល​ជា​មិន​ខាន ៕

​សូម​សរសេរ​មក​លោក  ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "​វិភាគ​៖ មូលហេតុ​នៃ​ការខ្វែងគំនិត​គ្នា ករណី​កំណត់​សញ្ជាតិ​របស់​សមាជិក គ​.​ជ​.​ប​​"

  1. Judge says:

    To avoid any influence from outside world, set of rules and regulations are to be abided by regardless whether single nationalities or dual nationality. It is always put limitation to any role or task to manage. For instance, even PM should also has time limit.

  2. sankongborom says:

    Ms.Pong Chiv Kek must see that 4CPP/4CNRP mean conflict of interest. How NEC can be ethics ??

  3. chantra says:

    កុំភ្លិចថាបើគជបឯករាជ្យគណបក្សតាសែនគឺ សូន្យ ចំណែកគណបក្សប្រឆាំងគឺដឹកនាំរដ្ឋាភិបាល
    បាត់ ទៅហើយឆ្នាំ ២០១៣ ។ មានសំណួរពីរត្រូវលើកមកសួរៈ
    ១.តើតាសែនចង់អោយគជបឯករាជ្យដើម្បីអ្វី បើគជបឯករាជ្យដូចសម្លាប់ខ្លួនឯងអញ្ជឹង ?
    ២. តើតាសែនព្រមប្រគល់អំណាចទេពេលចាញ់ឆ្នោត ?ស្រួលមិនស្រួលចាញ់ហើយមិនចុះក៏ថាបាន គ្រាន់តែក្រោយបោះឆ្នោត២០១៣ទាហានដឹកចូលភ្នំពេញ និងគ្រាន់តែកម្មករបាតុកម្ម យកទាហានមក បង្រ្កាបយ៉ាងព្រៃផ្សៃយ៉ាង នេះទៅហើយចុះទម្រាំចាញ់ងើបមុខលែងរួចទៀតតើគាត់សម្លាប់ខ្លួនឬសម្លាប់រស្រ្ដ។ កុំឆ្លើយថាអន្ដរជាតិជួយ គឺមិនអាចទៅរួចទេដូចនៅលីប៊ី ស៊ីរី ផ្សេងៗ។ល។ សុទ្ឋតែជាបញ្ហា ។