ដោយ៖ បូ សាវី
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
ដោយ៖ បូ សាវី
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប រិះគន់ការតែងតាំងកូនប្រុសអភិបាលខេត្ដនេះ ជានាយករងរដ្ឋបាលសាលាខេត្តថាធ្វើឡើងដោយលួចលាក់ បក្សពួកនិយម និងរំលោភលើស្ថាប័នក្រុមប្រឹក្សាខេត្ដ ។
យោងតាមសេចក្ដីប្រកាសតែងតាំងមន្ដ្រីរាជការ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ដោយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែល VOD ទទួលបាននៅថ្ងៃពុធនេះ បង្ហាញថា ក្រសួងតែងតាំងលោក ឃឹម ហ្វីណង់ កូនប្រុសអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ឲ្យកាន់តួនាទីជានាយករងរដ្ឋបាលសាលាខេត្ដសៀមរាប ។
ករណីនេះ សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក សុខ គឹមសេង ថ្លែងថា ការតែងតាំងកូនប្រុស អភិបាលខេត្ដសៀមរាប ជានាយកររងរដ្ឋបាលសាលាខេត្ដនេះ ធ្វើឡើងដោយលួចលាក់ បក្សពួកនិយម និងរំលោភលើស្ថាប័នក្រុមប្រឹក្សា ។ លោកបន្ដថា លោកមិនជំទាស់ការតែងតាំងមន្ដ្រីរាជការជាយុវជននោះទេ ប៉ុន្ដែត្រូវធ្វើឡើងដោយការប្រគួតប្រជែង ប្រកបដោយយុត្ដិធម៌ និងមានតម្លាភាព ដើម្បីលើកទឹកចិត្ដដល់មន្ដ្រីរាជការមានបទពិសោធន៍ ។
លោក សុខ គឹមសេង មានប្រសាសន៍បន្ដថា កូនប្រុសអភិបាលខេត្ដសៀមរាប ឈ្មោះ ឃឹម ហ្វីណង់ នោះមិនមែនជាមន្ដ្រីរាជការសាលាខេត្ដឡើយ គឺជាអ្នកគ្រប់គ្រងសណ្ឋាគារ ។ លោកបន្ថែមថា លោក ឃឹម ប៊ុនសុង មិនត្រឹមតែតែងតាំងកូនប្រុសរបស់លោកឲ្យមានតំណែងនៅសាលាខេត្ដប៉ុណ្ណោះទេ ថែមទាំងបានដាក់សែស្រឡាយ ក្រុមគ្រួសារសាច់ញាតិជាច្រើននាក់ទៀត ជាមន្ដ្រីសាលាខេត្ដ ដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ដមន្ដ្រីមានបទពិសោធន៍ផងដែរ ។
VOD មិនអាចទាក់ទងអភិបាល ខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ដើម្បីសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះបានទេ ។ ប៉ុន្ដែនាយរងរដ្ឋបាលសាលាខេត្ដ លោក សុខ ថុល បដិសេធថា មិនមានការតែងតាំងដូចការលើកឡើងនោះទេ ។
អ្នកសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា ការដាក់សែស្រឡាយបក្សពួកជាមន្ដ្រីរាជការ ធ្វើឲ្យអាប់ឱនដល់នីតិរដ្ឋបាលក្នុងតំណាក់កាលកំណែទម្រង់ស៊ីជម្រៅ និងអាចនាំឲ្យការកើនឡើងនូវអំពើពុករលួយ ។ លោកបញ្ជាក់ថា បញ្ហានេះ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងពីការដឹកនាំជាលក្ខណៈគ្រួសារ នៅក្នុងស្ថាប័នរដ្ឋផងដែរ ប៉ុន្ដែមិនទាន់មានវិធានការណាមួយនៅឡើយទេ ។
ថ្មីៗនេះតំណាងរាស្ត្របក្សប្រឆាំង បានលាតត្រាដាងឲ្យដឹងនូវការតែងតាំងគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋសភា ដែលធ្វើឲ្យបំបាត់ថវិកាជាតិ និងបណ្តាលឲ្យខូចឈ្មោះដល់ស្ថាប័ននីតិបញ្ញត្តិមួយនេះ ហើយក៏មានលេចឮនូវព័ត៌មានថា ឪពុកធ្វើរដ្ឋមន្ត្រី ឯប្រពន្ធ និងកូន មានតួនាទីសំខាន់ៗនៅក្នុងក្រសួងជាមួយនោះជាដើម ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
they should learn from the daughter of mr jokowi (indonesia)this is modern world now not like old time .GOD bless all cambodian people’
តាមពិតទៅ មកដល់សង្គមយើងរាល់ថ្ងៃនេះ, ករណីនះ វាបានក្លាយទៅជារឿងធម្មតាទោហើយ ដែលយើងមិនដឹងថា តើថ្ងៃក្រោយទៅ យើងនឹអាចកែបានឬយ៉ាងណា នោះទេ។
បញ្ហាប្រយោជន៍បុគ្គល គឺជារឿងដែលនរណាក៏តែងតែគិតថា ថ្ងៃនេះ អញថាឲ្យគេ អញប្រឆាំងគេ តែដល់ថ្ងៃក្រោយ បើជាអញវិញ តើអញត្រូវធ្វើយ៉ាងណា សម្រាប់កូនអញ ប្អូនអញ បងអញ ពូអញ។
យើងមិនដឹងថា កូនលោកនោះ មានក្របខ័ណ្ឌជាមន្ត្រីរាជការឬយ៉ាងណានោះទេ ទើបអាចតែងតាំងជានាយរងរដ្ឋបាលបាន។ តែទោះជាបានឬ មិនបាន ក៏យើងមើលទៅ វាក៏មិនល្អដែរ ព្រោះមានរឿងច្រើនដែលយើងត្រូវតែគិតដល់។ ទី១) ការទាញមនុស្សម្នាក់ពីក្រៅមកឲ្យបំពេញតួនាទីគ្របពីលើអ្នកខាងក្នុង ដែលនៅយូរមកហើយ។ រឿងនេះ នឹងបង្កើតរឿងមិនសប្បាយចិត្ត។ រឿងទី២ ) តើវាខុសនឹងចវិធានរដ្ឋបាលឬទេ? ឪពុកចៅហ្វាយខេត្ត ឯកូនជានាយរងរដ្ឋបាល? ចង់មិនចង់ គឺប្រព័ន្ធការងារដែលមានឪពុកនិងកូន ជាខ្សែបណ្តោយមួយ វាមិនល្អទេសម្រាប់ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ។ ចង់មិនចង់ មន្ត្រីរាជការ គេខ្លាចកូន ដូចខ្លាចលោកចៅហ្វាយខេត្ត។ ហេតុម្តេចក៏មិនតែងតាំងជាប្រធានហិរញ្ញវត្ថុសលាខេត្ត ឬប្រធានមន្ទីហិរញ្ញវត្ថុ តែម្តងទៅ? យើងគិតថា ប្រសិនបើកូនលោកចៅហ្វាយខេត្តជាមន្ត្រីដែលធ្វើការនៅសាលាខេត្តជាយូរមកហើយ វាមិនអីទេ, តែដល់តែយើងយកពីណាពីណីមកអញ្ចឹង វាមិនល្អទេ។ យក៎ល្អ លោកអាចឲ្យធ្វើការងាររាជការបាន តែសុំកុំឲ្យធ្វើការនៅសាលាខេត្ត។ លោកអាចសុំស្នើក្រសួងណាមួយ ដើម្បីតែងតាំងដាក់កូនលោកទៅជាប្រធានប្រធានមន្ទីរសាធារណការ ឬមន្ទីរទេសចរណ៍ មន្ទីរសេដ្ឋកិច្ចទៅ វាល្អជាង។
យើងព្រួថា ទិដ្ឋភាពបែបនេះ នឹងនាំឲ្យគណបក្សប្រជាជនបាត់សម្លេង ដោយសារមន្ត្រីសាលាខេត្ត។
តែចេះតែទ្រាំនឹងពាក្យចំអកទៅ ។ តែក៏វាមិនសមទេ!