​អ្នកជំនាញ​ស្រូវ​អង្ករ​ថា​តម្លៃ​អង្ករ​ចុះថោក ដោយសារ​កម្ពុជា​ខ្វះ​អ្នកជំនាញ​កសិកម្ម​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក​ គឹម សាវុធ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូដ និង​ជា​អនុប្រធាន​សហព័ន្ធ អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា (រូបថត៖ ថុល ស្រីលក្ខណ៍)

​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​នៅ​កម្ពុជា​លើកឡើងថា មូលហេតុ​ស្រូវ​នៅ​កម្ពុជា​ចុះថ្លៃ​នាពេល​បច្ចុប្បន្ន​ដោយ​សារ​មូលហេតុ​ពីរ ទី​១. ដោយសារ​ថៃ ដែល​ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាង​គេ​លើ​ពិភពលោក កំពុង​សម្រុក​លក់​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​ទាប និង​ទី​២. ដោយសារ​កម្ពុជា​ខ្វះ​អ្នកជំនាញ​កសិកម្ម ។​

ក្នុង​កម្ម​ពិធីបុណ្យ​អង្ករ​លើក​ទី​២  ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​អង្ករ​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​វិច្ឆិកា​នេះ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូដ និង​ជា​អនុប្រធាន​សហព័ន្ធ អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​លោក គឹម សាវុធ មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ​កំពុង​សម្រុក​លក់​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​ទាប បណ្តាល​ឲ្យ​ប្រទេស​ក្នុង​ពិភពលោក​មួយ​ចំនួនរ​ង​គ្រោះ ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ ។ លោក​ថា នៅ​រដូវ​ប្រមូល​ផល​នេះ​ជា​ធម្មតា​ស្រូវ​ចាប់ផ្តើម​ធ្លាក់​ថ្លៃ តែ​ក្រុមហ៊ុន​មិន​ហ៊ាន​បោះទុន​ទិញ​ព្រោះ​ខ្លាច​ខាត ។ លោក​ថា «​យើង​លក់​បាន​តែ ទិញ​ម្តង​៥០០​តោន​ហ្នឹង ទិញ​ម្តង​២០០​តោន ទិញ​ម្តង​៥០​តោន ទិញ​ម្តង​២០​តោន អាហ្នឹង​យើង​ពូកែ​ណាស់ យើង​លក់​បុក​គ្នា លក់​ថោក​ទៀត តែ​អា​គេ​ទិញ​ម្តង​១០​ម៉ឺន​តោន​លក់​ថ្លៃ ប៉ុន្តែ​យើង​អត់​មាន​លទ្ធភាព​ទៅ​ចាប់​យក​អា​១០​ម៉ឺន​តោន ក្នុង​មួយ​លើក​ទេ យើង​អត់​មានលទ្ធភាព​តែម្តង​។ អ៊ីចឹង​យើង​ត្រូវការ​ពេលវេលា​ធ្វើ​ការងារ​ហ្នឹង ។ (​សំនួរ​អ្នកសារព័ត៌មាន​៖ កត្តា​ហ្នឹង​ដោយសារ​អង្ករ​យើង​វា​អត់​មាន​ស្តង់ដា ឬ​ដោយសារ​យើង​អត់​មាន​ផលិតកម្ម​ហ្នឹង​គ្រប់គ្រាន់​?) អត់​ត្រូវ​ទាំងអស់​! ស្តង់ដា​យើង​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់ ផលិតកម្ម​យើង​គ្រប់គ្រាន់​លើស លុយ​ធនាគារ​គេ​ថា​សល់ ប៉ុន្តែ​និយាយ​ទៅ យើង​ត្រូវការ​ធនធាន​មនុស្ស​ថែម​ទៀត​» ។​

​លោក គឹម សាវុធ បន្ថែមថា​ការនាំចេញ​របស់​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ នៅតែ​ប្រឈម​ដោយសារ​ការផ្សព្វផ្សាយ​មិនទាន់​បាន​ទូលំទូលាយ ខណៈ​ប្រទេស​ថៃ គេ​ផ្សព្វផ្សាយ​នៅតាម​ព្រលានយន្តហោះ​ក្នុងប្រទេស និង​តាម​ទូរទស្សន៍​អន្តរជាតិ​(CNN) តែ​កម្ពុជា​មាន​លទ្ធភាព​ត្រឹមតែ​ធ្វើ​សិក្ខាសាលា ឬ​ពិ​ពណ៌​តាមរយៈ​ភ្ញៀវ​ទេសចរណ៍​តែប៉ុណ្ណោះ ។
​សម្រាប់​ប្រធាន​អង្គការ​សេ​ដាក លោក យ៉ង សាំង​កុមារ មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ មិន​អាច​ទុក​ឲ្យ​កសិករ​បន្ត​រងគ្រោះ​ដោយសារ​ស្រូវ​ចុះថ្លៃ​នោះទេ ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អ្នក​រក្សា​តម្លៃ​ស្រូវ​របស់​កសិករ តាមរយៈ​ការប្រមូលទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ ឬ​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ទិញស្រូវ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ចុះ​ទិញស្រូវ​ពី​កសិករ​នៅ​រដូវ​ច្រូតកាត់ មិនមែន​ទុក​ឲ្យ​កសិក​រខ្វះ​ទីផ្សារ​យ៉ាង​ដូច្នេះ​នោះទេ ។ លោក​បញ្ជាក់ថា «​អាច​ថា​ជា​ការឧបត្ថម្ភ​ធន​ខ្លះ​ទៅ​លើ​តម្លៃ វា​មិនមែន​ជា​ដំណោះស្រាយ​វែងឆ្ងាយ​ទេ ប៉ុន្តែ​ជា​ដំណោះស្រាយ​ខ្លី ដើម្បី​ជួយ​សម្រួល នៅ​កម្ពុជា​យើង​អត់​មាន​អាហ្នឹង​។ ដោយឡែក នៅ​ថៃ​ទោះបី​ម៉េច​ក៏ដោយ ក៏​គេ​មាន​អន្តរាគមន៍​ដើម្បី​ជួយ​ក្នុង​មតិ​វាយតម្លៃ​ហ្នឹង ចំនុច​មួយទៀត ប្រសិន​ជា​រដ្ឋាភិបាល​យើង មិន​អាច​ធ្វើ​ដូច​ប្រទេស​គេ​បាន ក៏​យើង​អាចជួយ​សម្រួល​ម៉េច​ដើម្បីឲ្យ​ក្រុមហ៊ុន​ឯកជន ដូច​សហគមន៍​ហ្នឹង គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់ ទិញស្រូវ​មក​ស្តុក​ទុក​ក្នុងពេល​រដូវ​ប្រមូល​ផល​ហ្នឹង​» ។​

​តាម​របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យដឹងថា នៅ​ឆ្នាំ​២០១៣ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៣៧​ម៉ឺន​តោន ហើយ​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៤​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៣០​ម៉ឺន​តោន ។ តាម​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា កម្ពុជា​គ្រោង​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ។ តាម​សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា បាន​ព្យាក​រថា នៅ​ឆ្នាំ​២០១៤​នេះ កម្ពុជា​អាច​នឹង​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រហែល​៥០​ម៉ឺន​តោន​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

3 Responses to "​អ្នកជំនាញ​ស្រូវ​អង្ករ​ថា​តម្លៃ​អង្ករ​ចុះថោក ដោយសារ​កម្ពុជា​ខ្វះ​អ្នកជំនាញ​កសិកម្ម​​"

  1. អាឡេវ says:

    កម្ពុជាសំបូរតែអ្នកជំនាញខាងលក់ជាតិ,កាប់ឈើ,ចាប់ជនស្លូតត្រង់ដាក់គុក,លនឹងល។

  2. ប្រជាពលរដ្ឋ says:

    លោក គឹម សាវុធ និង លោក យ៉ង សាំងកុមារ និយាយ ត្រូវ តើធ្វើ យ៉ាងម៉េច អោយ បានល្អ !

  3. chantra says:

    មិនពិតទេដឹងលោក គ្រាន់តែគ្មានអ្នកជំនាញនាំអោយទិន្នផលជុញគ្មានទីផ្សារ ហើយចុះទម្រាំដល់មាន អ្នកជំនាញតើទិន្នផលយកទៅណាបើរដ្ឋាភិបាលបែបនេះ ។ កុំនិយាយបានតែនិយាយមិនមើលសកម្មភាពរដ្ឋាភិបាលផង ។រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃគ្មានសមត្ថភាពនោះទេ សម័យតេជោមិនត្រូវការអ្នកចេះទេគឺមានតែអញទេដែលចេះជាងគេ ។ ប្រទេសអញនិយម គ្រួសារនិយម អន្ឋពាលនិយម ស៊ីជោរនិយម និងបម្រើបរទេសនិយម ។
    បើដូរតាសែនចេញអាចទៅរួចខ្លះ ។