ដោយ ម៉ម មុនីរតន៍
2014-11-20
RFA

ក្រុមកម្មកររោងចក្រ ជីម លី (Ghim Li) ប្រមូលផ្ដុំនៅខាងមុខរោងចក្ររង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំ ដើម្បីឈានទៅបញ្ចប់ជម្លោះដែលអូសបន្លាយអស់ពេល ៤ថ្ងៃមកហើយដោយពុំមានដំណោះស្រាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Morm Moniroth
កម្មកររោងចក្រ ជីម លី (Ghim Li) ដែលមានទីតាំងឋិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រកាសជំហរជាថ្មីថា ពួកគេនឹងធ្វើបាតុកម្មបន្តទៀតនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា។ បាតុកម្មនោះ នឹងធ្វើដំណើរទៅមុខរដ្ឋសភាវិញម្តង បន្ទាប់ពីការចរចាត្រីភាគីពេញមួយថ្ងៃនៅថ្ងៃទី២០ វិច្ឆិកា មិនទទួលបានជោគជ័យ។
តំណាងកម្មករនៃរោងចក្រ ជីម លី ដែលមានថៅកែជាជនជាតិចិន អះអាងថា ពួកគេនឹងធ្វើដំណើរដោយថ្មើរជើងទៅកាន់វិមានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២១ វិច្ឆិកា ដើម្បីសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រនៃគណបក្សនយោបាយទាំងពីរវិញម្ដង ជុំវិញវិវាទនៅក្នុងរោងចក្រ ដែលបានអូសបន្លាយឈានចូលថ្ងៃទីបួននៃការធ្វើកូដកម្មនេះ។
លោកស្រី លី វាសនា ដែលអះអាងថាជាតំណាងនៃកម្មកររោងចក្រ ជីម លី ឲ្យដឹងក្រោយកិច្ចប្រជុំបានបិទបញ្ចប់នៅម៉ោងជិត៥ ថ្ងៃទី២០ វិច្ឆិកា ថា កម្មករប្រមាណ ២ពាន់នាក់ នឹងធ្វើបាតុកម្មបន្តទៀតប្រឆាំងលទ្ធផលនៃកិច្ចប្រជុំ ដើម្បីបញ្ចប់ជម្លោះនៅពេលនេះ។ លោកស្រីថ្លែងថា អ្វីដែលកម្មករកើតទុក្ខមិនសុខចិត្ត គឺលទ្ធផលនៃការចរចានៅពេលនេះ ត្រូវបានភាគីរោងចក្រច្រានចោល។ ហេតុនេះ ជម្រើសបន្ទាប់ គឺកម្មករទាំងជាង ២ពាន់នាក់នេះ នឹងស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រនៃគណបក្សនយោបាយទាំងពីរវិញម្ដង៖ «បើសិនជាក្រុមហ៊ុនគាត់ឥតចរចារឿងបញ្ហាហ្នឹង ពួកខ្ញុំនឹងមានជំហរមួយ គឺថាស្អែក គឺធ្វើកូដកម្មទៀតហើយ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបញ្ជាក់បន្ថែមពីភាគីរោងចក្របានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
បើទោះជាបែបណាក្តី កិច្ចប្រជុំដើម្បីឈានទៅបញ្ចប់វិវាទនៅរោងចក្រ ជីម លី នេះ ពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានចូលស្តាប់ឡើយ ក្រៅពីអ្នកដែលមានភារកិច្ចប្រជុំប៉ុណ្ណោះ។
ការចរចាដើម្បីឈានទៅបញ្ចប់ជម្លោះនេះ គឺមានសមាសភាពមកពីខាងសហជីព តំណាងកម្មករ ភាគីរោងចក្រ និងក្រសួងការងារ។ ជាលទ្ធផលនៃការចរចាដែលប្រើពេលស្ទើរពេញមួយថ្ងៃទី២០ វិច្ឆិកា ខាងភាគីរោងចក្របានទាត់ចោលការទាមទារចំនួន ៤ចំណុច ក្នុងចំណោមគោលការណ៍ ៨ចំណុច ដែលស្នើឡើងដោយកម្មករ។
ការបន្តខ្វែងគំនិតគ្នារហូតមិនអាចរកចំណុចរួមបាននោះ គឺក្រៅពីប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារហើយ ជាពិសេសនោះ ខាងក្រុមហ៊ុនបដិសេធមិនអាចទទួលយកឈ្មោះ សេស ពិសី ជាកម្មករផ្នែកជាងម៉ាស៊ីន ឲ្យចូលធ្វើការឡើងវិញទេ។ ក្រុមកម្មករអះអាងថា អ្វីដែលភាគីរោងចក្រច្រានចោលនេះ គឺជាទិសដៅសំខាន់ដែលពួកគេទាមទារ។ ដោយឡែកប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារនោះ ពួកគេចាត់ទុកថា វាគឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះ។
អតីតប្រធានផ្នែកជាងម៉ាស៊ីនដេរប្រចាំរោងចក្រ ជីម លី លោក សេស ពិសី ថ្លែងថា ការដែលរោងចក្រសម្រេចបញ្ឈប់លោកនេះ គឺពុំមានកំហុសអ្វីឡើយ ដោយលើកហេតុផលតែម្យ៉ាងថា កុងត្រាការងារមិនអាចបន្តឲ្យបាន។ លោកអះអាងថា ការបំពេញក្នុងតួនាទីជាប្រធានផ្នែកជាងម៉ាស៊ីនដេរនេះ គឺពុំដែលមានភាពសៅហ្មង ឬកំហុសឆ្គងសម្រាប់ក្រុមហ៊ុនឡើយ។ លោកដាក់ការសង្ស័យថា ការបញ្ឈប់លោកនេះ ទំនងក្រោមហេតុផលលោកត្រូវបានគេអូសទាញ ដើម្បីចូលជាសមាជិកសហជីព៖ «ពីមុនខាងសហជីពដែលនៅក្នុងហ្នឹងគេហៅខ្ញុំផ្ដិតមេដៃបង់វិភាគទានបង់ឲ្យសហជីពបង។ ដល់ហើយខ្ញុំឥតមានបានទទួលនេះទេ គ្រាន់តែខ្ញុំប្រាប់គាត់ថា ខ្ញុំឥតមានទាន់បានចូលខាងសហជីពទេ។ ខ្ញុំគិតមើលសិន ដល់ស្រាប់ថាខ្ញុំមិនទាន់បានមួយខែកន្លងមកផង ស្រាប់តែគេដកខ្ញុំអ៊ីចឹង»។
អគ្គលេខាធិការនៃសម្ព័ន្ធសហជីពចលនាកម្មករ លោក ឆេង ឈន់ ចាត់ទុកថា ការសម្រេចចិត្តធ្វើបាតុកម្ម ឬកូដកម្មបន្តរបស់កម្មករ គឺជាជម្រើសរបស់ពួកគេ។ លោកយល់ឃើញថា ការដែលភាគីរោងចក្របញ្ឈប់ប្រធានផ្នែកជាងម៉ាស៊ីនដេរនេះ គឺមិនបានអនុវត្តទៅតាមច្បាប់ការងារទេ៖ «លោក ពិសី ហ្នឹងគាត់ឥតមានកំហុសអ្វីដែលក្រុមហ៊ុនត្រូវហៅមកព្រមាននឹងមាត់ ទាំងលាយលក្ខណ៍អក្សរ គឺឥតមានទេ។ អ៊ីចឹងនេះជារឿងមួយដែលគាត់បញ្ឈប់ លោក ពិសី ហ្នឹង បើគិតទៅតាមផ្លូវ (ច្បាប់) គឺវាស្របទៅតាមផ្លូវច្បាប់»។
កម្មករប្រមាណ ២ពាន់នាក់នៃរោងចក្រ ជីម លី ដែលមានទីតាំងឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានធ្វើកូដកម្មអស់រយៈពេល ៤ថ្ងៃមកហើយ ដោយពុំមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មករចោទរោងចក្រស្បែកជើងជូហួយថារក្សាក្រុមក្មេងជើងកាងទប់ទល់នឹងកម្មករ
- បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីយល់ព្រមចូលធ្វើការវិញនៅថ្ងៃសុក្រទី២១
- កម្មកររោងចក្រជីមលីស្នើក្រសួងការងារដោះស្រាយលក្ខខណ្ឌការងារ
- កម្មកររោងចក្រជីមលីជាង២ពាន់នាក់តវ៉ាទាមទារលក្ខខណ្ឌការងារ
- សាលាឧទ្ធរណ៍យល់ព្រមបិទបណ្ដឹងសុំនៅក្រៅឃុំដើម្បីព្យាបាលជំងឺរបស់លោក វន់ ពៅ
- ការចរចាដោះស្រាយវិវាទការងាររវាងបុគ្គលិកនិងក្រុមហ៊ុនទ្រូថាមអាស៊ីបរាជ័យ
- បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីតវ៉ាមិនឲ្យបុគ្គលិកថ្មីចូលធ្វើការ
- រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ខែអប្បបរមាឲ្យកម្មករចំនួន១២៨ដុល្លារនៅឆ្នាំ២០១៥
- តុលាការខេត្តកំពង់ចាមដោះលែងមន្ត្រីសហជីពនិងកម្មករ៥នាក់ឲ្យនៅក្រៅឃុំ
ឱ អស់លោកសហជីព និងបងប្អូនកម្មករទាំងឡាយអើយ អីក៏ម្លេះៗៗ?
ពេលនេះហើយ តើបងប្អូនចូលចិត្តបង្កជម្លោះម្លេះ?
យើងក៏ដាក់គំនាបលើរោងចក្រម្លេះ? ចុះបើថៅកែរោងចក្រ គេបិទទ្វារ ទៅរកស៊ីនីមីយ៉ាន់ម៉ារ ស្រីលង្ការ អស់ទៅ តើបងប្អូន ត្រូវធ្វើការនៅឯណា? ម៉េចគិតថា អាតែទៅថៃឬ? ទៅឥឡូវបងប្អូន នាំគ្នាទៅ ព្រោះឥឡូវនេះ គេចំហរទ្វារហើយ ។ ប៉ាស្ព័រក៏ថោកដែរ , នាំគ្នាទៅ!!
ឱម្នាលថៅកែរោងចក្រអើយ ! មានលុយហើយ ម្តេចក៏ឲ្យកម្មករជិះជាន់? ទៅ គួរតែរកកន្លែងថ្មីហើយ ដូចជាទៅប្រទេសវៀតណាម ដែលកម្មករគេមានវិន័យ ល្អ។ ទីផ្សារអ្នកកុម្មង់ទិញ ក៏មិនខុសគ្នាពីស្រុកខ្មែរដែរ! គេមានគោលនយោបាយអនុគ្រោះដូចចំពោះស្រុកខ្មែរអញ្ចឹង! ទៅ គួរតែចេញទៅ ! គឺមិនត្រូវមានលុយហើយ នៅឲ្យគេជិះជាន់នេះ ទេ!