ការចាប់ខ្លួនឪពុកនិងកូនស្រីនៅសង្កាត់បឹងកក់១ សង្គមស៊ីវិលរិះគន់ថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សង្គមស៊ីវិល​ធ្វើការផ្នែកសិទិ្ធមនុស្សរិះគន់ សមត្ថកិច្ចដែលចាប់ខ្លួនប្រជាពលរដ្ឋ២​នាក់​ក្នុង​គ្រួសារ​តែមួយ នៅសង្កាត់​បឹងកក់១ រាជធានីភ្នំពេញ ថាធ្វើឡើងដោយខុសច្បាប់ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ពលរដ្ឋពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៨ វិច្ឆិកានោះ មានលោកលី ស្រ៊ាខេង ជាឪពុក និងកញ្ញាលី សៀវមិញ ជាកូនស្រី ដែលមានជម្លោះជាមួយក្រុមហ៊ុនឃុន សៀ។

​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់ថា ការចាប់ខ្លួនគ្រួសារលោក លី ស៊្រាខេង ដែលដឹកនាំដោយ អនុប្រធានការិយាល័យព្រហ្ម​ទណ្ឌកម្រិត​ស្រាល​លោក​វរសេនីយទោ ជាវ វិបុល ជាការរំលោភសិទ្ធិមនុស្ស និងនីតិវិធីច្បាប់។   លោកថា នេះជាភាព​អយុត្តិធម៌​សម្រាប់​រងគ្រោះ។ លោកវណ្ណ សូផាត យល់ថា ទង្វើដែលសមត្ថកិច្ចធ្វើទៅលើគ្រួសារលោកលី ស្រ៊ាខេង គឺជាការគំរាម​កំហែង និងគាបសង្កត់ឲ្យគ្រួសារនេះទទួលព្រមយកដំណោះស្រាយរបស់​ក្រុមហ៊ុន។

ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ការចាប់ខ្លួនលោកលី ស្រ៊ាខេង ដោយមិនឲ្យគាត់ស្លៀកពាក់ គឺជាការធ្វើដោយកម្រោល រំលោភលើសិទ្ធិបុគ្គល។ លោក នី ចរិយា បន្ថែម​ថា ការចាប់ខ្លួននរណាម្នាក់ មិនមែន​ពឹងលើ​ការ​ប្រព្រឹត្តខុសនីតិវិធីនោះទេ ប៉ុន្តែគឺត្រូវមើលទៅលើអង្គហេតុ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ អង្គការការពារសិទ្ធិមនុស្សចំនួន៧ មានដូចជាអង្គការអាដហុក លីកាដូ និង​មជ្ឈ​មណ្ឌល​ការពារសិទ្ធិកម្ពុជាជាដើម បានចេញ​សេចក្ដីថ្លែងការណ៍រួមគ្នា ថ្កោលទោសការចាប់ខ្លួនលោក លី ស្រ៊ាខេង និង​កញ្ញា លី សៀវម៉ិញ ជាកូនស្រី ថាជាការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ប្រជាពលរដ្ឋ​ក្នុងការ​ដោះ​ស្រាយ​ទំនាស់ដីធ្លី គឺផ្ទុយនឹងច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

សូមជម្រាបថា ដីមានជម្លោះរវាងគ្រួសារលោកលី ស្រ៊ាខេង និងក្រុមហ៊ុន ឃុន សៀ ជា​អតីត​សាលា​សង្កាត់​បឹងកក់​១ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅឆ្នាំ២០១០ ក្រុមហ៊ុន​ឃុន សៀ បានទទួល​សិទ្ធិអភិវឌ្ឍ​តំបន់នេះ ហើយជម្លោះក៏ចាប់កើតមានតាំងពីពេល​នោះ​មក។

តាមព័ត៌មានពីអង្គការសង្គមស៊ីវិលដែលតាមដានករណីនេះឲ្យដឹងថា កន្លងមក តុលាការធ្លាប់​បានចេញ​ដីកា​កោះ​ហៅគ្រួសារលោក លី ស្រ៊ាខេង ចំនួន៣ដង ហើយការចាប់ខ្លួនេះ ធ្វើឡើងតាមដីកាដោះ​ឲ្យចូលខ្លួនលើកទី៤។

ក្រុម​គ្រួសារ លោក លី ស្រ៊ាខេង ធ្លាប់​រងនូវការ​ប្រមាថដល់​ជីវិតជាច្រើនដង ដូចជា​ការ​បោះ​ពស់​វែកចូល​ផ្ទះ ការបង្ក​អគ្គិភ័យ និងការលួចវាយប្រហារពេលធ្វើដំណើរតាមផ្លូវជាដើម ក្នុងនោះ​កញ្ញា លី សៀវម៉ិញ ជាកូនស្រី​របស់លោកលី ស្រ៊ាខេង ធ្លាប់​ត្រូវ​ក្រុម​ជនមិនស្គាល់មុខកាប់ជាច្រើន​កាំបិត ដែលគ្រួសារនេះអះអាងថា ជនមិនស្គាល់មុខទាំងនោះ ជាកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុនឃុន សៀ៕

What Next?

Recent Articles

One Response to "ការចាប់ខ្លួនឪពុកនិងកូនស្រីនៅសង្កាត់បឹងកក់១ សង្គមស៊ីវិលរិះគន់ថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​"

  1. Bol says:

    កុំភ័យអារឿងអ្នករិះគន់ នេះ!
    អាអ្នករិះគន់នេះ ស្អីក៏វារិះដែរ។
    រឿងដែលល្អ គឺរឿងធានាស្េរភាពសង្គមដើម្បីមនុស្សរាប់លាននាក់៕