Thu, 20 November 2014
មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
តាកែវៈ ស្ត្រីពីរនាក់ម្តាយ និងកូនស្រីបានរងរបួសធ្ងន់ក្នុងករណីជះទឹកអាស៊ីតពីជនដៃដល់កាលពីព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ។ ហេតុការណ៍នេះកើតឡើងក្នុងផ្សារទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ ប៉ុន្តែ ជនសង្ស័យពីរនាក់ដែលជាបងប្អូនបង្កើតបានរត់គេចខ្លួនបាត់។
លោក គាំ សុថា មន្រ្តីនគរបាល ស្រុកគិរីវង់ បាននិយាយកាលពីម្សិលមិញថា ហេតុការណ៍ជះទឹកអាស៊ីតនេះកើតឡើងដោយសារជម្លោះរវាងអាជីវករដែលមានតូបលក់ដូរនៅទល់មុខគ្នាក្នុងផ្សារទន្លាប់ ដែលធ្វើឲ្យស្រ្តីម្នាក់ និងកូនស្រីអាយុទើបតែ ២ ឆ្នាំរងរបួសធ្ងន់។
លោកបានបន្តថា ស្រ្តីឈ្មោះ មួង ស្រីមុំ អាយុ ៣១ឆ្នាំ បានរងរបួសពេញខ្លួន និងកូនស្រីឈ្មោះ សុខ ម៉េត ម៉ូលីតា អាយុ ២ ឆ្នាំរងរបួសពេញមុខ និងដងខ្លួន និងបុរសដែលជាប្តីឈ្មោះ លុយ សុវណ្ណារ័ត្ន អាយុ ៣១ឆ្នាំ មិនបានរងរបួសដោយអាស៊ីតទេ តែរងរបួសស្រាលដោយការវាយតប់ពីជនដៃដល់។
លោក គាំ សុថា បានរៀបរាប់ពីដំណើររឿងថា៖ «នៅម៉ោង ៦ និង ៥០ នាទីព្រឹក បុរសជាប្តីស្រ្តីរងគ្រោះកំពុងតែរៀបចំអីវ៉ាន់លក់ជាធម្មតាដូចសព្វដងស្រាប់តែបុរសជាជនដៃដល់បានមករករឿងឈ្លោះប្រកែកគ្នា ដែលពួកគេមានរឿងប្រកែកគ្នាម្តងរួចហើយកាលពីថ្ងៃអង្គារ ពីការលក់ដូរ»។ លោកបន្តទៀតថា ជម្លោះនោះបានធ្វើឲ្យខាងជនដៃដល់វាយតប់គ្នាជាមួយនឹងបុរសដែលជាប្តីជនរងគ្រោះរហូតពកក្បាល។ កំពុងតែឈ្លោះប្រកែកគ្នា ស្រាប់តែនារីជាជនដៃដល់ម្នាក់ទៀតដែលជាប្អូនស្រីបង្កើតរបស់បុរសខាងលើបានយកទឹកអាស៊ីតដែលលាក់ទុកក្នុងធុងស្ពេត្រូលមកជះសំដៅទៅលើស្រ្តីរងគ្រោះដែលកំពុងតែបញ្ចុកបាយព្រឹកដល់កូនស្រី ធ្វើឲ្យរងរបួសធ្ងន់។
លោក គាំ សុថា បានឲ្យដឹងទៀតថា ជនដៃដល់ទាំងពីរជាបងប្អូនបង្កើតគ្នា មានឈ្មោះ បេង មាស អាយុ ២៨ឆ្នាំ ដែលជាបងប្រុសរបស់កញ្ញា បេង លក្ខិណា អាយុ ២១ឆ្នាំ។ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនខណៈពួកគេគេចខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពទៅលើជនរងគ្រោះរួចមក។
ក្រុមគ្រួសារជនរងគ្រោះក៏បានដាក់បណ្តឹងមកសមត្ថកិច្ចរួចហើយផងដែរ ដោយប្តឹងឲ្យផ្តន្ទាទោសទៅតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត។
លោក គាំ សុថា ថ្លែងថា៖ «វាអាចជាគម្រោងគិតទុកជាមុនរបស់ជនដៃដល់ ដោយសារតែទឹកអាស៊ីតត្រូវបានរៀបចំរួចជាស្រេចទុកនៅក្នុងតូបពួកគេ ហើយនេះជាករណីជះទឹកអាស៊ីតលើក ទី១ ក្នុង ឆ្នាំ២០១៤ នេះបន្ទាប់ពីបានកើតឡើងម្តង កាលពី ២ ឆ្នាំមុន»។
លោកបន្តថា សមត្ថកិច្ចមិនអាចឲ្យជនដៃដល់ទាំងពីរនេះរួចពីសំណាញ់ច្បាប់បានទេ។
លោក ពៅ សុខណា បុគ្គលិកមន្ទីរពេទ្យបង្អែក ស្រុកគិរីវង្ស កាលពីថ្ងៃម្សិលមិញបានឲ្យដឹងដែរថា ជនរងគ្រោះម្តាយ និងកូនត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបឋម បន្ទាប់មកខាងមន្ទីរពេទ្យបានទាក់ទងទៅកាន់អង្គការជួយជនរងគ្រោះដោយអាស៊ីតមកព្យាបាលនៅទីក្រុងភ្នំពេញ។
លោក សុខណា បញ្ជាក់ថា៖ «អ្នករងគ្រោះត្រូវបានអង្គការជួយជនរងគ្រោះដោយអាស៊ីតយកទៅព្យាបាលនៅពេទ្យកៀនឃ្លាំងភ្នំពេញរួចហើយ។ ស្រ្តីរងការរលាកខ្លួននិងមុខប្រមាណជា ២៥ ភាគរយអាចប៉ះពាល់ភ្នែកខាងស្តាំផងដែរ ចំណែកកូនស្រីប៉ះដុំៗលើផ្ទៃមុខនិងដងខ្លួនដោយសារការខ្ទាតពីម្តាយ»៕

សូមចាប់អោយបានដាក់គុកមួយជីវិតទើបសម្យ នឹង ទង្វើដ៍សែនអាក្រក់នេះ
សូមលោកតុលាការកុំស៊ីសំណូក ត្រូវកាតទោសឲ្យបានធ្ងន់ធ្ងរដល់ជនដៃដល់ទាំងពីរនាក់នោះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងសង្គម
ហឹង្សាមិនអាចដោះស្រាយបញ្ហាបានទេ សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាសូមដោះស្រាយដោយ
សន្តិវិធី