​ក្រសួង​ពាណិជ្ជកម្ម​ថា​ក្រុមហ៊ុន​ចំនួន​ប្រាំ​ព្រម​បញ្ចុះ​ថ្លៃ​ប្រេង​​

ដោយ៖​ អុឹង ប៊ុនថន​​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

​ក្រសួង​ពាពាណិជ្ជកម្មប្រកាសថា មាន​ក្រុមហ៊ុន​ចំនួន​ប្រាំបាន​ព្រម​បញ្ចុះ​ថ្លៃ​ប្រេង​សាំង និង​ប្រេង​ម៉ា​សូ​ត ចាប់ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​នេះ​តទៅ ចន្លោះ​ពី​២៥០​រៀល​ទៅ​ដល់​៦០០​រៀល​ក្នុង​១​លីត្រ ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្មនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យដឹងថា ក្រុមហ៊ុនសូ​គី​មិច តេលា ភីធីធី និង ប៊ីវីអឹម បាន​បញ្ចុះ​ថ្លៃ​ប្រេងសាំង​ពី៥០៥០រៀល មក​នៅ៤៧៥០​រៀលក្នុង​១​លីត្រ​ ។ ចំណែកប្រេង​ម៉ា​សូត​បញ្ចុះ​ពី៤៧៥០រៀល មក​នៅ៤៥០០​រៀល​ក្នុង​១​លីត្រ​ ។​

សេចក្តីជូនដំណឹង​នេះបន្តថា ក្រុមហ៊ុនសា​វី​ម៉ិច បាន​បញ្ចុះ​ថ្លៃ​ប្រេងសាំង​ពី៥០៥០រៀល មក​នៅ​៤៤៥០​រៀលក្នុង​១​លីត្រ​។ ចំណែក​ប្រេង​ម៉ា​សូត​បញ្ចុះ​ពី​៤៧៥០​រៀល មក​នៅ​៤៣៥០​រៀល​ក្នុង​១​លីត្រ​ ។​

​ក្រសួងពាណិជ្ជកម្ម​អះអាងថាការបញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​វិស័យ​ឯកជន ​។​

ចំណាត់ការ​នេះ​ធ្វើឡើងបន្ទាប់ពី​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន បញ្ចុះថ្លៃ​ប្រេងឥន្ធនៈ ដោយ​លើកឡើង​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក តម្លៃ​ប្រេងកាត​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ចុះថ្លៃ​ពី​១០០​ដុល្លារ មក​ត្រឹម​៨០​ដុល្លារ ក្នុង​មួយ​ធុង​ចំណុះ​១៥៩​លីត្រ ។​

​លិខិតបន្តថា តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​វៀតណាមចាប់ពី​ដើម​ខែ​សីហា ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ បាន​ចុះ​ពី​១,២២​ដុល្លារ​ក្នុង​១​លីត្រ មក​ត្រឹម​១,០៨​ដុល្លារ​ក្នុង​១​លីត្រ ​។ ដោយឡែក​តម្លៃ​ប្រេង​នៅ​ប្រទេស​កម្ពុជា ​ចេះ​តែ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​រហូតដល់​១,៣០​ដុល្លារក្នុង​១​លីត្រ នាពេល​បច្ចុប្បន្ន ដែល​រដ្ឋសភា​ចាត់ទុក​ថា​បាន​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ៕

សូមសរសេរមកលោក អុឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "​ក្រសួង​ពាណិជ្ជកម្ម​ថា​ក្រុមហ៊ុន​ចំនួន​ប្រាំ​ព្រម​បញ្ចុះ​ថ្លៃ​ប្រេង​​"

  1. Sakai says:

    សូមអបអរសាទរដល់ប្រជាជនខ្មែរ