ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ស្រ្តីជាតំណាងរាស្ត្របក្សប្រឆាំង អញ្ជើញទៅសួរសុខទុក្ខសកម្មជនដីធ្លី១០នាក់ ដែលត្រូវជាប់ឃុំនៅពន្ធនាគារព្រៃស (រូបថត៖ ញឹម សុខន)
ស្ត្រីជាតំណាងរាស្ត្របក្សប្រឆាំង ព្រឹកថ្ងៃព្រហស្បតិ៍នេះ គំរាមថា ពួកគេនឹងធ្វើញត្តិរួមគ្នា ថ្កោលទោស រដ្ឋាភិបាល បើស្ត្រីជាសកម្មជនដីធ្លី នៅតែបន្តឃុំខ្លួនទាំងអយុត្តិធម៌។
ការព្រមាននេះ ធ្វើឡើងនៅមុខពន្ធនាគារព្រៃស នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៤នេះ បន្ទាប់ពីស្ត្រីជាតំណាងរាស្ត្របក្សប្រឆាំងចំនួន៧នាក់ មានលោកស្រី មូរ សុខហូរ លោកស្រី កែ សុវណ្ណរតន៍ លោកស្រី លី ស្រវីណា ជាដើម បានចូលជួបសកម្មជនដីធ្លី១០នាក់ ដែលកំពុងឃុំខ្លួន ។
លោក ស្រី កែ សុវណ្ណរតន៍ ប្រាប់អ្នកសារព័ត៌មានថា ដើមចមនៃការចាប់ឃុំខ្លួនស្ត្រីជាសកម្មជនដីធ្លី១០នាក់ដាក់ពន្ធនាគារព្រៃសនេះ ដោយសារទឹកជន់លិចភូមិ ការប្រឈមនឹងការបណ្តេញចេញ ដែលអាជ្ញាធររាជធានី មិនអន្តរាគមន៍ដោះស្រាយ ឲ្យមានប្រសិទ្ធភាព ដើម្បីធានាសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។ លោកស្រីយល់ថា ការឃុំខ្លួនបែបនេះហាក់មិនយុត្តិធម៌ទេ។ លោកស្រីមានប្រសាសន៍ថា «ស្ថានភាពដែលកំពុងតែជួបប្រទះ របស់ស្ត្រីរងគ្រោះទាំងស្ត្រីបឹងកក់ ទាំងស្ត្រីដីក្រហម ទាំងស្ត្រីថ្មគោល ហើយឥឡូវនេះយើងឃើញហើយថា ស្ត្រី១០នាក់ដែលតស៊ូ ដើម្បីលំនៅដ្ឋាន ដើម្បីសិទ្ធិសេរីភាពនៃជីវិតរស់នៅរបស់ខ្លួន ត្រូវបានគេចាប់យ៉ាងអយុត្តិធម៌ ដោយមិនមានដំណោះស្រាយ ។ អ៊ីចឹងសូមឲ្យរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ប្រើប្រាស់អំណាចរបស់ខ្លួន ដែលខ្លួនកំពុងតែធ្វើការសព្វថ្ងៃ ចាត់វិធានការជាបន្ទាប់ដើម្បីដោះស្រាយស្ត្រីទាំងអស់ ចេញពីពន្ធនាគារ» ។
លោកស្រី លី ស្រីវីណា ដែលចូលសួរសុខទុក្ខស្ត្រីជាប់ឃុំដែលនោះ អះអាងថា រដ្ឋាភិបាលគួរតែដាក់ទោសទណ្ឌទៅមន្ត្រីពាក់ព័ន្ធ ដែលអសមត្ថភាព បង្កផលលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនត្រូវចាប់ខ្លួនអ្នករងគ្រោះដែលចេញតវ៉ា មកដាក់ពន្ធនាគារបែបនេះទេ ។ លោកស្រីបន្ថែមថា «យើងគ្រាន់តែបញ្ជូនសារមួយថា យើងធ្វើជាតុលាការ ត្រូវធ្វើតុលាការរបស់រាស្ត្រ ហើយឲ្យប្រកាន់ នូវភាពយុត្តិធម៌ មិនមែនតែតំណាងរាស្ត្រទេ ឬព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិទេ ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស សុំជំរុញឲ្យតុលាការឯករាជ្យ ឲ្យតុលាការចេះវិនិច្ឆ័យ កុំឲ្យធ្វើជាតុលាការអាយ៉ងរបស់គណបក្សកាន់អំណាច» ។
តំណាងរាស្ត្រមួយរូបទៀត គឺលោក ស្រី មូរ សុខហួរ ឲ្យដឹងដែរថា ករណីចាប់ឃុំខ្លួនសកម្មជនដីធ្លីចំនួន១០នាក់ នៅតំបន់បឹងកក់ និងថ្មគោល មកឃុំខ្លួននៅពន្ធនាគារនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងកោះហៅមន្ត្រីពាក់ព័ន្ធមកសាកសួរក្នុងសភា ដើម្បីស្វែងរកយុត្តិធម៌ពិតដល់ស្ត្រីដែលកំពុងជាប់ឃុំខ្លួន ។ លោកស្រីថា បើស្ថាប័នពាក់ព័ន្ធនៅតែព្រងើយកន្តើយ នោះតំណាងរាស្ត្របក្សប្រឆាំងមួយនេះ និងធ្វើញត្តិថ្កោលទោសរដ្ឋាភិបាលតាមអំណាចអ្នកតំណាងរាស្ត្រ ។ លោកស្រីមានប្រសាសន៍ថា «យើងជាតំណាងរាស្ត្រអាចអញ្ជើញរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ចូលមកដល់សភាពេញអង្គ ឆ្លើយនៅក្នុងសំណួររបស់តំណាងរាស្ត្រ មួយរូប ក៏បានដែរ ហើយចប់ពីហ្នឹងទៅ យើងឃើញហើយតំណាងរាស្ត្រ៣០រូប អាចធ្វើលិខិតថ្កោលទោស ។ ដូច្នេះយើងធ្វើម្តងមួយដំណាក់កាលៗ ដោយសង្ឃឹមថា នឹងមានដំណោះស្រាយ» ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ពេលចុះចែកសញ្ញាបត្រដល់និស្សិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះថា ការកាត់ទោសជនសង្ស័យណាមួយជាអំណាចរបស់តុលាការ មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ ។
ការចាប់ឃុំខ្លួន ស្ត្រីជាសកម្មជនដីធ្លីដាក់ពន្ធនាគារម្តងទៀតនៅពេលនេះ ត្រូវអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សូរិយា សូប៊ែឌី អះអាងថា តុលាការនៅកម្ពុជា នៅតែមិនធ្វើឲ្យខ្លួនក្លាយជាស្ថាប័នឯករាជ្យ ហើយរាល់កិច្ចការរបស់ខ្លួនធ្វើឡើងតាមការចង់បានរបស់អ្នកនយោបាយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ហេតុអ្វីចាំបាច់គំរាម?
ប្រសិនបើតំណាងរាស្រ្តយល់ថាការចាប់អ្នកទាំងនោះអនុវត្តខុសនិតិវិធីច្បាប់គួរតែអ្នកតំណាងរាស្រ្ត
កោះហៅរដ្ឋាភិបាលមកសួរ ថាតើហេតុអ្វីបានជារដ្ឋាភិបាលគ្មានវិធានការ?
ខ្ញុំយល់ថាការប្រើពាក្យគំរាមមិនមែនជាការប្រសើឡើយក្នុងករណីនេះ។
តំណាងរាស្ត្រកញ្រ្ជោងបីសាច មូរ សុខហរ ខ្លួនអែងនូវមិនទាន់រួចខ្លួននៅឡើយទេឲតែផុតកំណត់អភ័យអែក្កសិត្តពេលណាគឹតុលានិងកោះហៅកញ្រ្ជោងបីសាច អែងឲទៅទទួលទោសទៀតហើយដូច្នេះតំណាងរាស្ត្រកញ្រ្ជោងបីសាច មូរ សុខហរ ខ្លួនអែងក៏នៅតែជាប់ក្តីនូវឡើយទេ?
មុខរបរសកម្មជន គឺមុខរបរដើររំខានសណ្តាប់ធ្នាប់សង្គម រំខានឬបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ។
មុខរបរ តួនាទីរបស់អាជ្ញាធរ និង តុលាកា គឺការអនុវត្តច្បាប់ការពារសិទ្ធប្រជាពលរដ្ឋទូទៅ និងអ្វីៗ ជាសម្បត្តិឯកជន និងសាធារណៈ។
សកម្មជនមានសិទ្ធិធ្វើ ហើយអាជ្ញាធរក៏មានសិទ្ធិចាប់សកម្មជន ឯតុលាកា ក៏មានមុខរបរខាងសម្រេចដាក់ទោសទៅតាមសិទ្ធិអ្នកសកម្មជនដែរ។
សកម្មជន រំខាន ឬបំផ្លិចបំផ្លាញ តិច ដាក់ទោសតាមតិ រំខាន ឬបំផ្លិចបំផ្លាញខ្លាំង ដាក់ទោសតាមខ្លាំង។
យើងមានសិទ្ធិធ្វើអី ក៏ធ្វើទៅ មិនអីទេ! ព្រោះមានអ្នកចាំឲ្យតម្លៃ ហើយ៕