​សម្ព័ន្ធ​កំណែទម្រង់​បោះឆ្នោត​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ ប្រើ​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​បែប​ទំនើបកម្ម​​

ដោយ៖​ អុឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

បញ្ជីឈ្មោះ​បោះឆ្នោត ដែល​បិទជាសាធារណៈនៅ​តាម​ការិយាល័យឃុំ/សង្កាត់ នីមួយ​ (រូបថត៖ ម៉េង)

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​តាម​បែប​ទំនើបកម្ម ដោយ​ពួកគេ​អះអាងថា ងាយស្រួល​ជាង​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ដែល គ​.​ជ​.​ប កំពុង​ប្រើ​សព្វថ្ងៃនេះ ។​

នៅក្នុង​សិក្ខាសាលា​មួយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​នេះ ពន្យល់ថា ប្រព័ន្ធ​ថ្មី​តាម​បែប​ទំនើប​កម្មនេះ គឺ​មិន​អាច​លុបឈ្មោះ​អ្នក​បោះ ឆ្នោត​បាន​ដោយ​គ្មាន​ការឯកភាព​ពី​សា​ម៉ី​ខ្លួន​នោះទេ ។ លោក​ថា ប្រព័ន្ធ​នេះ​មិនចាំបាច់​ចំណាយ​ពេល​ទៅពិនិត្យ​ឈ្មោះ​ជា​រៀងរាល់ឆ្នាំ និង​គ្រាន់តែ​កាន់​ប័ណ្ណបោះឆ្នោត​មួយ​អាច​បោះឆ្នោត​បាន ។ លោក​បញ្ជាក់ថា «​គោលដៅ​ដែល​យើង​ធ្វើ​នេះ គឺ​យើង​ឈរ​លើ​មូលដ្ឋាន​នៃ​សមាសភាព របស់​ប្រទេស​កម្ពុជា​យើង​ផ្ទាល់ យើង​មាន​ការដកស្រង់​បច្ចេកវិទ្យា​មួយចំនួន​ពី​ខាងក្រៅ​ផងដែរ ហើយ​យើង​បាន​សហការ​ជាមួយ​អ្នកជំនាញការ​ខាង​បច្ចេកវិទ្យា​ផងដែរ ដែលមាន​អ្នក​មាន​ចំណេះដឹង​ដែល​រៀនសូត្រ​ពី​ប្រទេស​គេ ហើយ​ក្រុមហ៊ុន​ផ្តល់​ទីប្រឹក្សា យើង​បាន​សហការ​ដើម្បី​ធ្វើ​ជា​កម្មវិធី​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​» ។​

ប្រធាន​ក្រុមការងារ​រៀបចំ​កំណែទម្រង់​ការបោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ដែល​ចូលរួម​សិក្ខាសាលា​នេះ ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ថ្មី​សម្រាប់​ចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ ។ លោក​អះអាង​ថា នឹង​លើក​បញ្ហា​នេះ​ទៅ​ពិភាក្សា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ។ លោក​ថា «​យើង​ឃើញថា​ជា​ប្រព័ន្ធ​មួយ​ទំនើប ហើយ​ទំនើប​ហ្នឹង​វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ ប្រទេស​ដែល​គេ​រៀបចំ​ការបោះឆ្នោត​កន្លង​មក នៅក្នុង​អាស៊ី​ក្តី នៅ​អឺរ៉ុប​ក្តី នៅ​សហរដ្ឋអាមេរិក​ក្តី ហើយ​ជាពិសេស​នៅ​ប្រទេស​ជប៉ុន ដែល​មាន​បំណង​គម្រោង​ក្នុង​ការជួយ​ក្នុងការ​កំណែ​ទម្រង់ការ​បោះឆ្នោត​នេះ ក៏​គេ​បាន​អនុវត្ត​ដូចគ្នា​អ៊ីចឹង​ដែរ ។ អ៊ីចឹង​ហើយ​បានន័យថា មនុស្ស​ម្នាក់​វា​ត្រូវ​មាន​លេខ​កូដ​សំគាល់​ម្នាក់ ដូច្នេះ​វា​មិន​មាន​ស្អី​ដែល​ធ្វើឲ្យមាន​ការលំបាក​ស្មុគស្មាញ​ទេ ហើយ​ក៏​យើង​បាត់​ភាពមន្ទិលសង្ស័យ នៃ​ការលួចបន្លំ ឬ​មាន​ឈ្មោះ​ស្ទួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ហ្នឹង​» ។​

VOD បាន​ទាក់ទង​ប្រធាន​ក្រុមការងារ​រៀបចំ​កំណែទម្រង់​ការបោះឆ្នោត នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន តែ​ទូរ​សព្ទ​មិន​មាន​អ្នកទទួល ។​

សម្រាប់​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ គ​.​ជ​.​ប លោក ហ៊ឺ រ៉ុង យល់ថា ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មិនទាន់​ទុកចិត្តបាន​នោះទេ ដូចជា ការចុះ​ឈ្មោះ​ដោយ​មិន​តម្រូវ​ឲ្យ​ដាក់​អាស័យដ្ឋាន​អ្នកបោះឆ្នោត និង​ការដាក់​អត្តលេខ​សំគាល់​អ្នកបោះឆ្នោត ។ លោក​បញ្ជាក់ថា «​លេខ​សំគាល់ គឺ​ស្គាល់​សម្រាប់តែ​អ្នក​ម្ចាស់ខ្លួន​គាត់​ទេ ប៉ុន្តែ​ក្នុង​ករណី​ម្ចាស់​ខ្លួន​គាត់​ស្លាប់បាត់ អ៊ីចឹង​អត់​មាន​អ្នកណា​ស្គាល់​លេខ​សំគាល់​នោះទេ បើ​អ៊ីចឹង​ត្រូវការ​លុបឈ្មោះ​គាត់ គឺជា​បញ្ហា​លំបាក​ណាស់ ហើយ​លេខ​សំគាល់​នេះ បើសិនជា​ឧបមា​ថា​គាត់​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ហើយ​យើង​ត្រូវ​លុបឈ្មោះ​គាត់ ក៏​អត់​មាន​អ្នកណា​អាច​ស្គាល់​ដែរ អ៊ីចឹង​ហើយ​ដែល​ជា​បញ្ហា​មួយ​លំបាក​ណាស់ អ៊ីចឹង​បញ្ហា​សំខាន់​បំផុត​ដែល​ខ្ញុំ​ឃើញ​ភាពមិន​ត្រឹមត្រូវ​នោះ គឺ​អត់​មាន​អាស័យដ្ឋាន​ច្បាស់លាស់​របស់​អ្នកបោះឆ្នោត ហើយ គ​.​ជ​.​ប ទាមទារ​សំខាន់​ណាស់ បញ្ហា​រឿង​អាស័យដ្ឋាន​របស់​អ្នកបោះឆ្នោត​មួយៗ​នោះ ព្រោះថា​បើ​យើង​ចង់​ប័ណ្ណ​ព័ត៌មាន​ដល់​គាត់ ដូច​គាត់​ចង់​ចែក​ប័ណ្ណ​បោះឆ្នោត បើ​អត់​ស្គាល់​អាស័យ​ដា្ឋន​របស់គាត់ គឺ​ថា​មិន​អាច​ចែក​ជូន​គាត់​បាន​ទេ​» ។​

យ៉ាងនេះក្តី បើ​តាម​លោក គល់ បញ្ញា ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​បែប​ទំនើប​នេះ គឺ​ចំណាយ​ថវិកា​ប្រមាណ​១៧​លាន​ដុល្លារ​តែម្តង គឺ​រួចរាល់​ដោយ​មិន​ចាំបាច់​ចំណាយ​ក្នុង​ការ​ឲ្យ​ពលរដ្ឋ​ទៅពិនិត្យ​ឈ្មោះ​បោះឆ្នោត​ជា​រៀងរាល់ឆ្នាំ ដែល​ចំណាយ​ថវិកា​ប្រមាណ​១,៧​លាន​ដុល្លារ​នោះទេ ។​

​របាយការណ៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំងរ​ក​ឃើញថា ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ចាស់​ដែល គ​.​ជ​.​ប កំពុង​ប្រើ​នោះ បាន​ធ្វើឲ្យ​បាត់​ឈ្មោះ អ្នកបោះឆ្នោត​ប្រមាណ​ជាង​១​លាន​នាក់ កាលពី​ពេល​ឆ្នោតជាតិ​ឆ្នាំ​២០១៣ ៕

​សូម​សរសេរ​មក​លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "​សម្ព័ន្ធ​កំណែទម្រង់​បោះឆ្នោត​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ ប្រើ​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​បែប​ទំនើបកម្ម​​"

  1. Bol says:

    ចេះតែនឹកឃើញ ពីទំនើបកម្ម។ វាល្អហើយ អារឿងទំនើបកម្មនេះ នរណាក៏ចង់បានដែរ គេក៏នឹកឃើញដូចគ្នា។
    សព្វថ្ងៃ គជប. មានគេហទំព័ររបស់គេរួចហើយ។យើងតែងបានឃើញថា អ្វីៗ ដែលជាពត៌មាន សេចក្តីប្រកាស សេចក្តីសម្រេច នានា ព្រមទាំងបញ្ជីឈ្មោះអ្នកម្ចាស់ឆ្នោត បញ្ជីឈ្មោះបេក្ខជន ផង ក៏មាននៅក្នុងគេហទំព័រដែរ។ មានន័យថា បើអ្នកចេះប្រើកំព្យូទ័រ និងចេះប្រើវេបសាយ គឺគេអាចមើលឈ្មោះរបស់គេក្នុងវេប ក៏បានដែរ។
    តែអារឿងចុះឈ្មោះ តាមវេបនេះ គិតថា ក្រែងវានឹងទទួលបានការចោទប្រកាន់ ឬអី?
    កុំគិតងាយពេកណាអ្នកពហុវិទ្យាសាស្ត្រ!!

    គិតថា យ៉ាងម៉េចៗ ឲ្យតែបក្សទាំងពីរឯកភាពគ្នាពីរឿងសញ្ជាតិ សិនទៅ!

    ចេះណាស់ ចេះនេះចេះ! នេះ បានចំជា « អ្នកពហុវិទ្យាសាស្រ្ត» មែន» ស្អីក៏ចេះៗ បើចេះ យ៉ាងនេះៗ ស្អែកខានស្អែក ស្រុកខ្មែរនេះ មិនដឹងជាមានអ្វីខ្លះទៀតទេ!