Fri, 21 November 2014
Kevin Ponniah
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សមាជិក ១ រូបនៃក្រុមចរចាពីការកែទម្រង់ការបោះឆ្នោតរបស់គណបក្សកាន់អំណាចបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការរំពឹងឲ្យមានកំណែទម្រង់ស៊ីជម្រៅនៅមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ គឺត្រូវការធ្វើឲ្យប្រាកដប្រជា។
លោក ព្រុំ សុខា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងថា ការសើរើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមានន័យថា រដ្ឋបាលរបស់ខ្លួននិងដំណើរការរបស់ខ្លួន នឹងត្រូវសើរើទាំងស្រុងនោះទេ។
លោកថ្លែងក្នុងបទសម្ភាសកាលថ្ងៃពុធថា៖ «អ្នកខ្លះ ពួកគេគិតថា គ.ជ.ប ថ្មីឬច្បាប់ គ.ជ.ប ថ្មី មានន័យថា អ្វីៗនឹងធ្វើឲ្យថ្មីតាមរយៈការលុបយន្តការចាស់និងរដ្ឋបាលចាស់។ ខ្ញុំនិយាយថា ទេ…វាមិនអាចផ្លាស់ប្តូរបានដូចនោះទេ»។ លោកបន្តថា៖ «យើងកំពុងផ្លាស់ប្តូរមន្រ្តីដែលត្រូវតែងតាំងតំណែងនយោបាយ»។
គោលការណ៍សំខាន់នៃកិច្ចព្រមព្រៀងថ្ងៃ ទី២២ កក្កដា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិមិនចូលសភា គឺដើម្បីឲ្យមានការសើរើ គ.ជ.ប ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
គ.ជ.ប ត្រូវបញ្ចូលនៅក្នុងជំពូកថ្មីមួយនៃរដ្ឋធម្មនុញ្ញ ដែលចែងថា សមាជិក ៩ រូបនៃគណៈកម្មាធិការនេះនឹងត្រូវជ្រើសរើសដោយគណបក្សនយោបាយ (ដែលពីមុនត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ)។
គណបក្សនីមួយៗនឹងត្រូវជ្រើសរើសសមាជិកបួនរូបនិង ១ រូបទៀតនឹងត្រូវ «ជ្រើសរើសដោយមានការឯកភាពគ្នា»។ គណបក្សទាំងពីរឥឡូវនេះកំពុងពិភាក្សាអំពីសេចក្តីព្រាងច្បាប់ថ្មីដែលនឹងដាក់បញ្ញត្តិសម្រាប់ គ.ជ.ប ថ្មីមុននឹងទៅដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។
បេក្ខជន គ.ជ.ប ៩ រូបមិនទាន់មានការសម្រេចចប់សព្វគ្រប់នៅឡើយ ប៉ុន្តែលោក ព្រុំ សុខា ថ្លែងថា គណបក្សប្រជាជនពិតណាស់គ្រោងនឹងធ្វើជាប្រធាន ដោយសារតែមានសំឡេងភាគច្រើននៅក្នុងសភា។
លោកបន្តថា៖ «នៅលើពិភពលោកបើនរណានេះ…មានសំឡេងភាគច្រើន តើអ្នកនោះនឹងឲ្យអ្នកដទៃយកតំណែងទេ?»។
ប៉ុន្តែលោកទទូចថា គ.ជ.ប ដែលដឹកនាំដោយបេក្ខជនគណបក្សប្រជាជនកម្ពុជានឹងនៅតែមានភាពអព្យាក្រឹតដោយសារតែសមាជិកទាំងអស់នឹងតម្រូវត្រូវឲ្យលាលែងពីគណបក្សរបស់ខ្លួន។
លោកបន្តថា «វិធាននិងបទប្បញ្ញត្តិ» ក៏ត្រូវធានានូវអព្យាក្រឹតភាពរបស់ គ.ជ.ប។
លោកបន្តទៀតថា៖ «ចំពោះខ្ញុំ ឯករាជភាពគឺអាស្រ័យទៅលើអព្យាក្រឹតភាពនៃស្ថាប័ននោះ វាមិនអាស្រ័យទៅលើបុគ្គលឬមនុស្សទេ»។
អង្គការឃ្លាំមើលការបោះឆ្នោតបានអំពាវនាវជាយូរមកហើយឲ្យមានការផ្លាស់ប្តូរដំណើរការចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន និងដកចេញពីក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រគល់ទៅឲ្យ គ.ជ.ប វិញ។
ប៉ុន្តែលោក ព្រុំ សុខា បានថ្លែងថា ខណៈ គ.ជ.ប បើកចំហឲ្យមានការពិភាក្សាលើសំណើនោះ ជាថ្មី «ទាំងអស់គ្នាត្រូវតែប្រាកដប្រជា»។ «គ.ជ.ប ទើបតែមានបុគ្គលិកក្នុងរាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល។ ប៉ុន្តែនៅកម្រិតខេត្ត ពួកគេមានសមាជិកអចិន្រៃ្តយ៍តិចជាង ១០ នាក់ បើតាមខ្ញុំដឹង…នៅ ឃុំ-សង្កាត់ មិនមានបុគ្គលិកអចិន្រៃ្តយ៍ទេ»។
លោកច្រានចោលការលើកឡើងដែលថា ការងាររដ្ឋបាលចុះឈ្មោះអ្នកបោះឆ្នោតដោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតអាចមានភាពលម្អៀង។
លោក ព្រុំ សុខា បន្ថែមថា លោកជឿថា បើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីទាំងមូល ជាមួយនឹងការចុះបញ្ជីថ្មីអាចធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ គណបក្សប្រជាជនកម្ពុជានឹងយល់ស្រប។ លោកបន្តថា ជម្រើសមួយទៀតគឺបញ្ជីថ្មីត្រូវតែ «ពិនិត្យមើល»។
កញ្ញា កឹម មនោវិទ្យា ជាសមាជិកម្នាក់នៃក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ថ្លែងថា ការមិនឯកភាពគ្នាមួយក្នុងចំណោមការមិនឯកភាពដទៃៗទៀតរវាងគណបក្សទាំងពីរ គឺជុំវិញការផ្លាស់ប្តូររដ្ឋបាល គ.ជ.ប។
កញ្ញាថ្លែងថា៖ «បើយើងរក្សានីតិវិធីនៅដដែល ហើយយើងរក្សាមនុស្សដដែលក្នុងលេខាធិការដ្ឋាន យើងនឹងមានបញ្ហាដូចមុន នៅក្នុងការបោះឆ្នោតលើកក្រោយ»។ កញ្ញាបន្ថែមថា គណបក្សសង្គ្រោះជាតិមិនដែលព្រមថា គណបក្សប្រជាជនអាចតែងតាំងប្រធាន គ.ជ.ប ទេ។ គណបក្សប្រឆាំងកំពុងជំរុញឲ្យមានការឯកភាពគ្នាលើបេក្ខជន ទី៩ ដើម្បីដឹកនាំ គ.ជ.ប ឬឲ្យសមាជិក គ.ជ.ប ខ្លួនឯងបោះឆ្នោតជ្រើសរើសប្រធាន។
កញ្ញាថ្លែងដែរថា ការលើកឡើងដែលថា សមាជិកពីគណបក្សនយោបាយនីមួយៗមិនកាន់ជើងគណបក្សខ្លួនឯង គឺគួរឲ្យអស់សំណើច ដូច្នេះហើយទើបរូបមន្ត ៤‑៤‑១ ត្រូវបានបង្កើតឡើងដើម្បីឲ្យមាន «តុល្យភាពអំណាច»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ជាសមាជិកនៃអង្គការសម្ព័ន្ធកំណែទម្រង់បោះឆ្នោត ថ្លែងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដែលផ្តល់ឲ្យដោយរដ្ឋាភិបាលជប៉ុន (និងអាចមានពីសហភាពអឺរ៉ុប) សម្រាប់កំណែទម្រង់ការបោះឆ្នោតគួរតែជួយឲ្យការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី រួចរាល់មុនការបោះឆ្នោតឃុំ-សង្កាត់ ២០១៧។
លោក ព្រាប កុល បានបញ្ជាក់ដែរថា៖ «បើអ្នកនិយាយអំពីការធ្វើអ្វីមួយដែលធ្វើឲ្យមានភាពប្រសើរឡើងនោះ គឺយើងកំពុងតែនិយាយអំពីការធ្វើអ្វីមួយឲ្យមានភាពខុសពីមុន។ ចុះហេតុអ្វីយើងត្រូវធ្វើតាមនីតិវិធីដដែលទៅវិញ?»៕
មនុស្សយើង កាលណាគេធ្លាប់រកសីុអីបាន រកសីុហ្នឹងបន្តទៀត។ មធ្យោបាយវាយត្រីបព្ចូាលស៊ងចាប់ផ្តើមទៀតហើយ។ លើកមុន គេវាយមួយផូងនៅស្ពានក្បាលថ្នល់ មួយផូងនៅផ្លូវវេងស្រេង មួយផូងនៅពោធិចិនតុង មួយផូងនៅស្ពាននាគ ត្រីចូលស៊ងបានមួយគន្លាក់ (កិច្ចព្រមព្រៀង22 កក្កដា) តែមិនទាន់ចូលស៊ុបដូចការចង់បាន។ លើកនេះ មួយផូងនៅបឹងកក់ មួយផូងនៅតាមវត្ត មួយផូងនៅCNRP តើត្រីហ៊ានចូលស៊ងមួយគន្លាក់ទៀតកាន់តែជ្រៅឬអត់ (យល់ព្រមតាមអ្វីដែលCPP ចង់បានក្នុងការប្រជុំក្រុមការងាររបស់បក្សទាំង២)? ក្នុងកាលៈទេសៈនេះ CNRPត្រូវពង្រឹងជំហររបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាថា គជបថ្មីពិតជាឯករាជ្យយុត្តិធម៌ ។ នេះជាមហាឪកាសក្នុងប្រវត្តិសាស្រ្ត អាចថា សំណាង1ក្នុង1000ឆ្នាំគ្រោះថា្នក់ សំរាប់យើងទាំងអស់គ្នាជាខ្មែររស់តទៅទៀត។ CNRPមិនត្រូវភ័យខ្លាច ចុះញ៉ម ចុះចាញ់ ចុះចូល ចំពោះការគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី ដោយតុលាការបក្សនេះឡើយ។ យើងសង្កេតឃើញថា នៅពេលក្រុមការងារបច្ចេកទេសធ្វើការដល់ចំនុចរសើប ឬចំនុចស្លាប់រស់សំរាប់គជបឯករាជ្យ ក៏ស្រាប់តែមានការចាប់ខ្លួនសកម្មជនតែម្តង។ ដូច្នេះ ការចាប់ខ្លួនសកម្មជនប៉ុន្មានថ្ងៃកន្លងមកនេះ បង្ហាញឲ្យឃើញថា CPP ពុំមានឆន្ទះនយោបាយពិតប្រាកដក្នុងការកែទំរង់គជបឡើយ។ CPPគិតថា ឆ្លៀតពេលដែលអន្តរជាតិកំពង់ទទួលស្គាល់រដ្ឋាភិបាលខ្លួន(ព្រោះនាយករដ្ឋមន្រ្តីមានមោទនភាពដោយត្រូវបានអព្ជើាញឲ្យទៅចូលរួមនៅតាមវេទិការនានាក្នុងប្រទេសជាច្រើន) ប្រហែលជាមិនមានសំពាធពីអន្តរជាតិទេ ប្រសិនបើខ្លួនធ្វើអ្វីមិនត្រឹមត្រូវ។ ប៉ុន្តែ រដ្ឋាភិបាលបាននិងកំពង់ទទួលរងសំពាធពីអន្តរជាតិ។ ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផង អ្នករាយការណ៏ពិសេសរបស់អសបលោកស៊ូបេឌី និង តំណាងសហភាពអឺរ៉ុបលោកកូតាំង ក៏បានចេញមករិះគន់ភ្លាមដែរ។
ដំណាក់កាលនេះលែងជាដំណាក់កាលចរចារទៀតហើយ។ ការចរចារបានបព្ចាប់កាលពីថ្ងៃទី22 កក្កដា។ កិច្ចព្រមព្រៀង 22 កក្កដា ជាលទ្ធផលនៃការចរចាររួចទៅហើយ។ ដំណាក់កាលនេះ គឺការអនុវត្តលទ្ធផលនៃការចរចារ(កិច្ចព្រមព្រៀង 22 កក្កដា)។ សូមបព្ជាាក់ថា ក្រុមការងារបច្ចេកទេសមិនមែនក្រុមចរចារទេ។ ក្រុមការងារបច្ចេកទេសពិភាក្សាការងារបច្ចេកទេស ។
អរគុណ