ពែកមី ធ្វើឲ្យ​អ្នក​រតនគិរី​ខកចិត្ត

តារាកំប្លែង​នាយ ពែកមី​។

តារាកំប្លែង​នាយ ពែកមី​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

រតនគិរី: ដូច​ពាក្យ​គេ​ថា «ឮ​គេ​និយាយ​មួយរយ​ដង មិន​ស្មើ​ឃើញ​ផ្ទាល់​ភ្នែក​ម្តង​នោះ»។ ទទួល​បាន​ការ​ផ្សព្វផ្សាយ​ថា ក្រុម​កំប្លែង​នាយ ពែកមី ពិសេស​នាយ ពែកមី ក៏​នឹង​លេច​វត្តមាន​ផ្ទាល់​នោះ ទស្សនិកជន​ដែល​ភាគច្រើន​ជា​អម្បូរ​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី បាន​នាំ​គ្នា​សាទរ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ ២០១៤ នៅ​ផ្សារ​ណាត់​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ជួយ​កុមារកំព្រា និង​ជនរងគ្រោះ បើ​ទោះ​ជា​ត្រូវ​ដឹកជញ្ជូន​ប្តីប្រពន្ធ​កូនចៅ​ពី​តំបន់​ដាច់ស្រយាល​ឆ្ងាយៗ​ពី​ទី​រួមខេត្ត​ឆ្លងកាត់​ផ្លូវលំបាក​យ៉ាង ក៏​មក​ស៊ូទ្រាំ​អង្គុយ​ចាំ​មើល​តារាកំប្លែង​នាយ ពែកមី។

តាម​ការ​បញ្ជាក់​របស់​បងប្អូន​ខ្មែរ​លើ​នៅ​ទីនោះ ប្រាប់​ថា ការ​ប្រគំតន្ត្រី​សប្បុរសធម៌​នៅ​បានលុង នៃ​ខេត្ត​រតនគិរី​នោះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ប្រគំតន្ត្រី​កំដរ​ដំណើរ​កម្សាន្ត និង​ការ​លក់​ផលិតផល​ផ្សេងៗ​រយៈពេល​៤​យប់​៥​ថ្ងៃ។

ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​មហាជន ដែល​សម្តែង​ការ​ខកចិត្ត មិន​ទទួល​បាន​ចំណីចក្ខុ តាម​ការ​ប្រកាស​របស់​ក្រុម​ការងារ​ប្រគំតន្ត្រី​នោះ​បាន​សរសេរ​ថា៖ «តាម​ការ​ប្រកាស​ផ្សព្វផ្សាយ​ទាំង​នៅ​លើ​ប៉ាណូ និង​ពិធីករ ពិធីការិនី​ថា នៅ​យប់​ចុងបញ្ចប់​ថ្ងៃ​ទី​១៧ ត្រូវ​នឹង​យប់​ទី​៤ នៃ​ការ​ប្រគំតន្ត្រី​នឹង​មាន​វត្តមាន​តារាកំប្លែង​ក្រុម​នាយ ពែកមី គឺ​លោក​ពែកមី​ផ្ទាល់​ក៏​មាន​វត្តមាន​សម្តែង​ដែរ តែ​មិន​ដូច​ការ​ប្រកាស​នោះ​ទេ មាន​តែ​សមាជិក​ក្នុង​ក្រុម​ហ្នឹង​»។

ដូច​គ្នា​នោះ លោក ឆាយ ធី ដែល​មាន​នាទី​ជា​ប្រធាន​សាខា​អង្គការ​អាដហុក​ខេត្ត​រតនគិរី ក៏​បាន​សរសេរ​បរិយាយ​ពី​ការ​ខកចិត្ត ដែល​លោក​បាន​នាំ​ប្រពន្ធ​កូន​អង្គុយ​រង់ចាំ​វត្តមាន​សម្តែង​លោក ពែកមី ផ្ទាល់​ផង​ដែរ។ ជាមួយ​ការ​ផុស​រូបភាព​ដែល​ជា​សកម្មភាព​ចេញ​កំប្លែង​របស់​ក្រុម​នាយ ពែកមី ជាច្រើន​សន្លឹក​នៅ​ក្នុង​គណនី​ហ្វេសប៊ុក អវត្តមាន​តែ​លោក ពែកមី នោះ លោក ឆាយ បាន​សរសេរ​រៀបរាប់​ថា៖ «​លោក​ពែកមី​ធ្វើឲ្យ​អ្នកស្រុក​ខ្មែរ​លើ ខេត្ត​រតនគិរី ខកចិត្ត​»។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ នៅ​រសៀល​ម្សិលមិញ លោក ឆាយ ធី និយាយ​ថា រូប​លោក​ផ្ទាល់​បាន​ទៅ​ទស្សនា​ការ​ប្រគំតន្ត្រី​នោះ​ទាំង​ប្រាំ​យប់ ដោយ​បាន​ស្ដាប់ឮ​ការ​ប្រកាស​របស់​ពិធីករ ពិធីការិនី​ប្រកាស​មិន​ដាច់​ពី​មាត់​ថា នៅ​យប់​បញ្ចប់ ឬ​យប់​ទី​ប្រាំ​នឹង​មាន​វត្តមាន​កំប្លែង​នាយ ពែកមី ហើយ​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក ពែកមី ផ្ទាល់​ក៏​មក​សម្តែង​ផង​ដែរ។

លោក​បាន​រៀបរាប់​ថា៖ «​បងប្អូន​ច្រើន​ណាស់​គាត់​ថា​ចង់​មក​មើល​កំប្លែង​ពែកមី ផ្ទាល់ ខ្លះ​មកពី​ដី​១០០​គីឡូដី ត្រូវ​ជិះ​ឡាន​៥​ទៅ​៦​ម៉ោង។ បងប្អូន​នៅ​ទី​នោះ គាត់​មិន​សូវ​បាន​ឃើញ​ផ្ទាល់​ទេ ឃើញ​តាម​ការ​ចាក់​ឌីស និង​បញ្ចូល​តាម​ទូរស័ព្ទ។ តែ​ពេល​ឮ​ថា មក​សម្តែង គាត់​នាំ​គ្នា​មាន​ប្រពន្ធ​កូន​ខ្ចី មក​មើល​ភ្លូកទឹក​ភ្លូកដី​មែន មាន​អ្នក​មក​ទស្សនា​មិន​ក្រោម​ពី​៥​ទៅ​៦​ពាន់​នាក់​ទេ ដែល​ភាគច្រើន​ជា​អ្នក​ចង់​ឃើញ​ការ​សម្តែង​ពែកមី​ផ្ទាល់​»។

លោក​បន្ថែម​ថា៖​ «នៅ​យប់​ទី​៥​ថ្ងៃ​បញ្ចប់ ខ្ញុំ​ប្រពន្ធ​ខ្ញុំ និង​កូនស្រី តស៊ូ​អង្គុយ​មើល​ខាង​មុខ​គេ​ទៀត តាំងពី​ម៉ោង​៨​យប់​ដល់​ម៉ោង​១១​យប់ ព្រោះ​ចង់​ឲ្យ​កូន​ឃើញ ពែកមី ផ្ទាល់​។ តែ​ជាក់ស្តែង​លោក​ពែកមី​អត់​មក​សោះ មក​តែ​ក្រុម​កំប្លែង​របស់​គាត់ ខកចិត្ត​គ្រប់​គ្នា​»។

ទោះបី​យ៉ាងណា ជុំវិញ​បញ្ហា​នេះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តារា​កំប្លែង​នាយ ពែកមី បាន​ឡើយ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍ ព្យាយាម​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក​ច្រើនសា តែ​មិនមាន​អ្នក​ទទួល​។ ប៉ុន្តែ​យ៉ាងណា ទស្សនិកជន​នៅ​ខេត្ត​រតនគិរី​ក៏​មិន​បាន​ប្រកាន់​ទោស​អូស​ដំណើរ​តារាកំប្លែង​យីអ៊ុន​ឡើង​កប់​ពពក​រូប​នេះ​ដែរ។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ខាងលើ​បាន​លើក​ឡើង​ថា៖ «អ្នកភូមិ​ទីជនបទ គឺ​ចង់​មើល​ជាក់ស្តែង​ខ្លាំង​ណាស់ ព្រោះ​ពួកគាត់​មិន​សូវ​បាន​មើល​តាម​ទូរទស្សន៍ ញឹកញាប់​ទេ ហេតុនេះ​បើ​មាន​លើក​ក្រោយ សូម​លោក ពែកមី មក​ពិតប្រាកដ​ផង»៕


What Next?

Recent Articles

One Response to "ពែកមី ធ្វើឲ្យ​អ្នក​រតនគិរី​ខកចិត្ត"

  1. Bol says:

    ប្រជារាស្រ្តខ្មែរល្ងង់ដល់ថ្នាក់ហ្នឹង!
    តើនាយពែរមីនេះ ជាស្អី? បើបានឃើញ ផ្ទាល់ បើបានស្តាប់ផ្ទាល់ នុះ ថ្ងៃស្អែករកចំណុលបាន លើសរាល់ថ្ងៃ ១០០០០ រៀល ឬ ១០ ម៉ឺនរៀលឬទេ?
    យើងមិនចងបន្ថោកសិល្បករស្រុកខ្មែរនេះ ទេ!
    តែយើងគិតថា បើធ្វើបុណ្យអស់ ដើម ៥០០០ ដុល្លា ហើយជួលពែរមី ឬ ក៏នរណាទៀតអស់ ៣០០០ ដុល្លា , យើងគួរតែទុក ៣០០០ ដុល្លា វេរប្រគេនព្រះសង្ឃកាសងវត្ត ឬធ្វើផ្លូវទៅវិញ គឺល្អជាង!! កុំសុខចិត្ត ជិះម៉ូតូកាត់ភក់ ហើយយកលុយមកឲ្យសិល្បករ។
    តែ នាយពែរមីនេះ គឺរបររកស៊ីតែអញ្ចឹង។ នៅពេលដែលទៅជួលក្រុមនាយពែរមី , ឧបមា ថា អស់ ៣០០០ ដុល្លា គេប្រាប់យើងថា គេទៅទាំងក្រុម ដែលមានទាំងពែរមី ផង។ តែដល់ថ្ងៃសំដែង ពែរមី មិនទៅ ទេ។ ពេលនោះ ទើបក្រុមគេប្រាប់ថា គ្រាន់តែនាយពែរមីម្នាក់ គេយកអស់ ១០០០ ដុល្លា ហើយ។ ដូចនេះ បើចង់បានពែរមីន ត្រូវថែម ១០០០ ដុល្លា ទៀត។
    រឿងនេះ យើងធ្លាប់ជួបដោយផ្ទាល់។
    ណ្ហើយ បងប្អូន!! ស្តាយលុយ! យើងទទួលបច្ច័យពីម្នាក់ ៥០០០ រៀល ១០០០០ រៀល ទេដើម្បីយកទៅវត្ត។ ហេតុអ្វី ក៏ត្រូវយកលុយ ៤ ឬ៥ពាន់ទៅឲ្យពួកនេះ?
    គិតមើលទៅ!!!