ដោយ យន់ សាមៀន
2014-12-02
RFA

១២-មិថុនា-២០១៤៖ ជនអនាថាក្រីក្រសម្រាកតាមចិញ្ចើមថ្នល់មួយនារាជធានីភ្នំពេញ។ RFA/Ouk Savborey
វិទ្យាស្ថាន លីហ្គាថុម (Legatum) ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស បង្ហាញរបាយការណ៍តារាងនៃការរីកចម្រើនក្នុងបណ្ដាប្រទេសជាង ១០០ប្រទេសក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៤នេះ ប្រទេសកម្ពុជា ត្រូវបានដាក់ក្នុងលេខរៀង ១១២ ក្នុងចំណោមប្រទេស ១៤២ប្រទេស។ កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបជាងប្រទេសជិតខាងដូចជាប្រទេសវៀតណាម ថៃ និងឡាវ។
វិទ្យាស្ថាន លីហ្គាថុម ដាក់ចំណាត់ថ្នាក់ឲ្យប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៤នេះ ទាបជាងគេបង្អស់ក្នុងរយៈ ៦ឆ្នាំ ចាប់ពីឆ្នាំ២០០៩ មក។ របាយការណ៍ស្ដីពីការរីកចំរើនសម្រាប់ឆ្នាំ២០១៤ បោះពុម្ពផ្សាយនៅដើមខែវិច្ឆិកា នេះ បានសិក្សាទៅលើវិស័យមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ច ស្ថានភាពសហគ្រាស និងឱកាសស្វែងរកការងារធ្វើ អភិបាលកិច្ច អប់រំ សុខភាព សុវត្ថិភាព និងសន្តិសុខ សិទ្ធិសេរីភាពផ្ទាល់ខ្លួន និងមូលធនសង្គម។
របាយការណ៍បង្ហាញថា កម្ពុជាទទួលបានពិន្ទុទាបជាងគេក្នុងបណ្ដាប្រទេសជិតខាង។ ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់ទី ៥១ វៀតណាម ស្ថិតនៅលេខរៀង ៥៦ និងឡាវលេខរៀងទី ៩៣ ចំណែកកម្ពុជាវិញ ទទួលបានលេខរៀង ១១២។ ដោយឡែកប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខមួយដែលល្អជាងគេបំផុត គឺប្រទេស ន័រវែស (Norway) ចំណែកប្រទេសទទួលបានពិន្ទុអាក្រក់បំផុត គឺសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (Central African Republic)។
របាយការណ៍វិទ្យាស្ថាន លីហ្គាថុម បង្ហាញថា កាលពីឆ្នាំ២០០៩ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១០១។ ចំណាត់ថ្នាក់នេះបានល្អប្រសើរជាងកាលពីឆ្នាំ២០១០ និង ២០១១ គឺលេខ ៩៥ និង ៩៤ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១១ មក ចំណាត់ថ្នាក់កម្ពុជា បន្តធ្លាក់ចុះរហូត។
អ្នកវិភាគឯករាជ្យបណ្ឌិត កែម ឡី បញ្ជាក់ថា របាយការណ៍នេះឆ្លុះបញ្ចាំងការពិតពីស្ថានភាពនៅកម្ពុជា ដែលកំពុងដើរថយក្រោយជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖ «សំខាន់រឿងការងារ យើងអត់ចាប់អារម្មណ៍ យើងអត់មានប្រេងដូចប្រទេសប្រ៊ុយណេ ទេ មនុស្សម្នាក់ៗត្រូវតែមានការងារធ្វើទើបបានលុយ។ យើងអត់តាមដានអត្រាមានការងារធ្វើតើមានរងគ្រោះថ្នាក់ ឬក៏អត់? គោលនយោបាយប្រាក់ខែគោលវាសមរម្យឬអត់? ប្រសិនបើយើងមិនធ្វើទេ វាធ្វើមានគម្លាតអ្នកក្រច្រើន ឲ្យថៅកែចំណេញច្រើន តែកម្មករហូបអត់គ្រប់ ឲ្យបាត់បង់ឱកាសថែមទៀត ហើយយើងត្រូវគ្រប់គ្រងក្រុមហ៊ុនយក្សមួយចំនួនទៀតដែលចង់ស៊ីគេ ពីព្រោះក្រុមហ៊ុននោះ ធ្វើឲ្យរាំងស្ទុះសេដ្ឋកិច្ចណាស់ ហើយអត់ឲ្យគេចូលទេ»។
បណ្ឌិត កែម ឡី បន្ថែមទៀតថា ដើម្បីឲ្យកម្ពុជា មានការរីកចម្រើនលូតលាស់នោះ មនុស្សគ្រប់រូបត្រូវចេះបែងចែកភោគផលឲ្យស្មើៗគ្នាក្នុងសង្គម៖ «ជារួម អ្នកធំ អ្នកមានល្មមចង់មានចង់បានហួសហេតុ។ សំណូមពររបស់ខ្ញុំចង់ឲ្យមានគោលនយោបាយគាំទ្រអ្នកក្រឲ្យមានសមធម៌។ ស្រុកខ្មែររីកចម្រើនមិនមែនរឿងឧស្សាហកម្ម មិនមែនវិនិយោគស្រុកខ្មែរយើង រឿងកសិកម្ម អេកូទេសចរណ៍ បើប្រឹងវិនិយោគដីសម្បទានសេដ្ឋកិច្ច ហើយភ្លេចអេកូទេសរណ៍ ខ្ញុំគិតថា ងើបមិនរួចទេស្រុកខ្មែរយើង»។
ផ្ទុយទៅវិញ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បដិសេធរបាយការណ៍វិទ្យាស្ថាន លីហ្គាថុម។ លោកបញ្ជាក់ថា ស្ថានភាពប្រជាធិបតេយ្យ និងសន្តិសុខនៅកម្ពុជា បច្ចុប្បន្ននេះ មានលក្ខណៈល្អប្រសើរជាងប្រទេសថៃ ទៅទៀត។
របាយការណ៍វិទ្យាស្ថាន លីហ្គាថុម សិក្សាទៅលើមូលដ្ឋានចំនួន ៨សំខាន់ៗ ក្នុងនោះរួមមានវិស័យសេដ្ឋកិច្ច ដែលជាកត្តាមួយអាចជំរុញឲ្យមានកំណើនប្រាក់ចំណូល និងសុខុមាលភាពសម្រាប់ពលរដ្ឋ។ ការសិក្សាមើលទៅលើម៉ាក្រូសេដ្ឋកិច្ច លទ្ធផលនិងក្តីរំពឹងទុកក្នុងវិស័យសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពនៃវិស័យសេដ្ឋកិច្ច។ ចំណែកមូលដ្ឋានទី២ គឺសហគ្រាស និងឱកាសស្វែងរកការងារធ្វើ។ ការសិក្សាផ្ដោតទៅលើបរិយាកាសនៃសហគ្រាសដែលអនុញ្ញាតឲ្យពលរដ្ឋមានឱកាសបង្កើតគំនិតថ្មីៗ និងការបង្កើតឱកាសដើម្បីឲ្យពលរដ្ឋមានគំនិតកែច្នៃ ដើម្បីបង្កើនប្រាក់ចំណូល និងសុខុមាលភាព។ មូលដ្ឋានទី៣ គឺអភិបាលកិច្ច។
ការសិក្សាបង្ហាញថា ពលរដ្ឋទទួលបានការសប្បាយរីករាយក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ជាងប្រទេសដែលគ្មានលទ្ធិប្រជាធិបតេយ្យ។ អភិបាលកិច្ចប្រកបដោយយុត្តិធម៌និងប្រសិទ្ធភាពអាចបង្កើនចំណូលពលរដ្ឋ។ មូលដ្ឋានទី៤ គឺវិស័យអប់រំ ការបង្កើនចំណេះដឹងដល់ពលរដ្ឋអាចជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងអាចជំរុញឲ្យការរស់នៅប្រកបដោយភាពរីករាយ និងការពេញចិត្ត។ ទី៥ គឺសុខភាព។ ពលរដ្ឋដែលអាចទទួលបានសុខភាពផ្នែករាងកាយនិងចិត្តល្អ អាចជំរុញឲ្យបង្កើនប្រាក់ចំណូលបាន។ ទី៦ បញ្ហាសុវត្ថិភាពនិងសន្តិសុខ ក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់ឱកាសក្នុងការរកប្រាក់ចំណូល និងសុខុមាលភាពពលរដ្ឋដែរ។ ទី៧ ផ្ដោតលើសិទ្ធិសេរីភាពបុគ្គល។ បុគ្គលដែលមានសិទ្ធិសម្រេចវាសនាខ្លួនឯងទទួលបានភាពរីករាយក្នុងជីវិត ហើយសង្គមដែលមានសេរីភាពនឹងអាចបង្កើតឲ្យមានប្រាក់ចំណូលខ្ពស់។ ទី៨ ជាមូលដ្ឋានសិក្សាចុងក្រោយ គឺមូលធនសង្គម។ មូលធនសង្គមនឹងអាចកើតមានឡើងនៅពេលដែលមនុស្សជឿជាក់ទៅលើគ្នា និងមានការជួយជ្រោមជ្រែងពីគ្រួសារ និងមិត្តភ័ក្ដិ នឹងអាចជំរុញបង្កើនប្រាក់ចំណូលពលរដ្ឋ។
របាយការណ៍បង្ហាញទៀតថា ក្នុងវិស័យទាំង៨ ដែលបានសិក្សានោះ អភិបាលកិច្ចនៅកម្ពុជា មានលក្ខណៈទន់ខ្សោយ ចំណែកវិស័យសេដ្ឋកិច្ចកម្ពុជា ក៏មិនសូវល្អប្រសើរដែរ។ ប្រសិនបើប្រៀបធៀបទៅនឹងប្រទេសឡាវ ថ្វីត្បិតតែសេដ្ឋកិច្ចឡាវ មិនល្អប្រសើរដូចកម្ពុជា តែអភិបាលកិច្ចវិស័យអប់រំ សន្តិសុខ និងសុវត្ថិភាព សិទ្ធសេរីភាពផ្ទាល់ខ្លួន និងមូលធនសង្គម មានលក្ខណៈល្អប្រសើរជាងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសផ្ដល់ប្រាក់កម្ចី៨០០លានដុល្លារដល់កម្ពុជា
- អាជ្ញាធរខេត្តកំពង់ឆ្នាំងគ្រោងស្ថាបនាផ្លូវចូលទស្សនាតំបន់ទឹកធ្លាក់នៅស្រុកទឹកផុស
- ថវិកាជាតិជិត២៥ភាគរយដែលបែងចែកគ្មានខ្ទង់ចំណាយត្រូវបានកាត់បន្ថយ
- សិក្ខាសាលាលើបញ្ហាប្រឈមអំពីសន្តិសុខស្បៀងនិងកង្វះអាហារូបត្ថម្ភនៅកម្ពុជា
- កម្ពុជាបារម្ភពីបញ្ហាធនធានមនុស្សនិងបច្ចេកវិទ្យាពេលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន
- ផលវិបាកបណ្ដាលមកពីក្រុមហ៊ុនរួមគ្នាផ្ដាច់មុខលើការផ្គត់ផ្គង់ប្រេងសាំងនៅកម្ពុជា
- កសិករត្អូញត្អែរពីបញ្ហាតម្លៃស្រូវចុះថោក
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលឆ្លើយបំភ្លឺនៅសភាអំពីរឿងថវិកាជាតិ
- ពលរដ្ឋរស់នៅខេត្តស្វាយរៀងចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍតំបន់ក្បែរព្រំដែន
GOOD GOOD RANK
I have seen the homeless people in US that is worst than the situation in the picture above.
I still remember, last year, the Cam News said that Cambodia is the country that developes fastest than any other countries in South East Asia. The Cam News says a lot of things opposit all the time.
Very good rank for fucking Hun Sen corruption government !
Bastard government never wake up,they always shameless.
king dumb of wonder ‘ only a few rich in phnom-penh and most rich people competed new cars and new home but the roads terrible compare to the next door country.most rich people so arrogant and smart’ass no moral at all.poor cambodian people’GOD bless all cambodian peopl’
ល្បង ឈាង វុន និយាយ ទាំង បិទភ្នែក (« បុរស មានភ្នែក ធ្វើខ្វាក់ »)