Tue, 2 December 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សកាន់អំណាច និងបក្សប្រឆាំង បានបញ្ចប់កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់ជុំវិញស្ថាប័នបោះឆ្នោតកាលពីថ្ងៃម្សិលមិញពាក់ព័ន្ធនឹងការបង្កើតអង្គការថ្មី ហើយនៅតែសម្លឹងមើលប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក សម្រាប់សមាជិក ទី៩ នៃស្ថាប័ននេះ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ ម៉ោងដើម្បីបច្ចប់សេចក្តីព្រាងច្បាប់ក្នុងសភាកាលពីថ្ងៃម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារ CPP និងលោក គួយ ប៊ុនរឿន មន្រ្តីជាន់ខ្ពស់នៃក្រុមការងារគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកយកព័ត៌មានថា គណបក្សទាំងពីរ បានឯកភាពគ្នា ៩៩ ភាគរយជុំវិញ គ.ជ.ប មានតែចំណុចសេសសល់មួយតែប៉ុណ្ណោះដែលត្រូវទុកឲ្យមេដឹកនាំ CNRP សម្រេចនោះគឺអត្ថន័យក្នុងមាត្រា ៥៧។
លោក ប៊ិន ឈិន បាននិយាយថា CPP បានពិភាក្សាថា ច្បាប់នេះផ្អែកលើមាត្រា ៥៧ នៃច្បាប់ ដែលចែងថា ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន គ.ជ.ប. ត្រូវកំណត់ដោយអនុក្រឹត្យយោងតាមការស្នើសុំរបស់ គ.ជ.ប.។ CNRP ចង់បន្ថែមចំណុចមួយទៀតដែលនិយាយអំពីតួនាទីរបស់លេខាធិការដ្ឋាន ត្រូវកំណត់ដោយ គ.ជ.ប.។ លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំ មិនហ៊ានបន្ថែមទេ។ វាជាបញ្ហាចម្រូងចម្រាសដោយសារតែចំណុចមួយនេះ»។
ពាក់ព័ន្ធនឹងបេក្ខភាពរបស់លោកស្រី ពុង ឈីវកេក ដែល CPP និង CNRP បានយល់ព្រម បែរទៅជាមិនយល់ព្រមវិញ ដោយសារតែលោកស្រី មានសញ្ជាតិ ២ ទាំងលោក ប៊ិន ឈិន និងលោក គួយ ប៊ុនរឿន នៅតែបញ្ជាក់ថា លោកស្រី ស្ថិតក្នុងការពិចារណារបស់បក្សទាំងពីរ ដរាបណាលោកស្រី លាលែងសញ្ជាតិបារាំង។ ប៉ុន្តែគណបក្សទាំងពីរ បានបង្ហាញថា ពួកគេ នឹងពិចារណាឡើងវិញ បន្ទាប់ពីធ្វើច្បាប់ គ.ជ.ប.រួច។ លោក ប៊ិន ឈិន បានអះអាងបន្តថា៖ «យើងមិនទាន់សម្លឹងមើលអ្នកផ្សេងទេ ព្រោះច្បាប់ មិនទាន់ចេញនៅឡើយទេ នៅពេលនេះ អ្វីដែលយើងមានពីមុន គឺនៅដដែល។ យើងចង់មើលចំណេះដឹងដែលច្បាប់ទាមទារ ព្រោះនៅពេលដែលច្បាប់ចេញ យើង នឹងជ្រើសរើសមនុស្ស»។
លោក ប៊ិន ឈិន បានអះអាងបន្ថែមថា ក្រុមមេដឹកនាំ CPP កំពូលៗ នឹងមិនជួបជាមួយក្រុមមេដឹកនាំកំពូលៗរបស់ CNRP ដើម្បីសម្រេចចំណុចតូចមួយនេះទេ ដោយនិយាយថា ក្រុមការងារ CNRP ត្រូវតែយកចំណុចនេះដាក់ជូនលោក សម រង្ស៊ី ដើម្បីសម្រេច។ លោក ប៊ុនរឿន បញ្ជាក់ថា៖ «តាមស្មារតី យើង នៅតែគិតដល់លោកស្រី ពុង ឈីវកេក ប៉ុន្តែយើងត្រូវពិនិត្យចំណេះដឹងខាងផ្លូវច្បាប់របស់យើង។ យើងចង់ឲ្យលោកស្រីបំពេញការងារក្នុងគណៈកម្មាធិការសភាជាតិ។ ឲ្យតែលោកស្រី បំពេញការងារតាមលក្ខខណ្ឌច្បាប់ យើងអាចទទួលយកបានទាំងអស់»។
លោកបានបញ្ជាក់ថា៖ «យើងបានដឹងថា ការរៀបចំនេះ និង គ.ជ.ប មានរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច។ ដូច្នេះយើង នឹងផ្ទៀងផ្ទាត់ប្រសិនបើវាត្រូវកម្រិតដោយអនុក្រឹត្យដែលគេមិនបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ថា តើមានអ្វីផ្ទុយខ្លះ ហើយតើវានឹងប៉ះពាល់ស្ថាប័ន គ.ជ.ប ឬទេ?»។
លោកបានថ្លែងបន្តថា ទោះបីប្រសិនបើរចនាសម្ព័ន្ធ នឹងតួនាទីរបស់លេខាធិការដ្ឋាន គ.ជ.ប.ត្រូវកំណត់ដោយអនុក្រឹត្យក៏ដោយ ក៏វាត្រូវតែមានការស្នើសុំពី គ.ជ.ប. ហើយដរាបណា មានការសម្រេចចិត្តពីសមាជិក គ.ជ.ប. ភាគច្រើន។
លោកស្រី ពុង ឈីវកេក មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ប៉ុន្តែ លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ទោះបីលោកស្រី ពុង ឈីវកេក មិនត្រូវបានគេជ្រើសតាំងឲ្យធ្វើជាប្រធាន គ.ជ.ប. ឬសមាជិក គ.ជ.ប. ក៏វាមិនមានបញ្ហាទេសម្រាប់គាត់ ព្រោះ គាត់ មិនទាន់ត្រូវបានគេជ្រើសតាំងជាផ្លូវការនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «លោកស្រី បានដាក់លក្ខខណ្ឌថា គ.ជ.ប. ត្រូវឯករាជ្យ និងមានអភ័យឯកសិទ្ធិ និងសិទ្ធិក្នុងការជ្រើសរើសបុគ្គលិកដោយស្វ័យប្រវត្តិ និងក៏មានសិទ្ធិគ្រប់គ្រងថវិកាដោយស្វ័យប្រវត្តិផងដែរ។ ប្រសិនបើគេយល់ព្រម នោះលោកស្រី នឹងធ្វើ។ ប្រសិនបើគេ មិនយល់ព្រមទេ លោកស្រី នឹងមិនធ្វើផងដែរ ព្រោះលោកស្រី ចង់បាន គ.ជ.ប.ឯករាជ្យ។ វាមិនសំខាន់ទេរឿងសញ្ជាតិនោះប្រសិនបើគេត្រូវការលោកស្រីនោះគឺគេនឹងធ្វើតាមដោយពុំបាច់គិតរឿងនោះ»៕
គួរពិចារណាឪ្យបានល្អិតល្អន់ ទាំងអត្ថរស និង អត្ថន័យ ក្នុងភាសាច្បាប់ ព្រមទាំងការ អនុវត្តន៍ទៅថ្ងៃមុខ។ បើព្រមសញ្ជាតិពីរ ខ្មែរ / បារាំង ឥឡូវ, តើទៅថ្ងៃក្រោយ ព្រម យក សញ្ជាតិពីរ ខ្មែរ / វៀតណាម ឬទេ?
មួយក្រឡានេះ គឺ ពិបាកដើរ ហើយ ។