ព្រឹទ្ធាចារ្យ​សាដៀវ​ចង់​ឲ្យ​តន្ដ្រី​ខ្សែ​មួយ​នៅ​គង់វង្ស​បន្ទាប់​ដង្ហើម​ចុងក្រោយ

លោកតា ឌុច ជា​ព្រឹទ្ធាចារ្យ​ជំនាញ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្សែ​មួយ​ឈ្មោះ​ថា​សាដៀវ​។

លោកតា ឌុច ជា​ព្រឹទ្ធាចារ្យ​ជំនាញ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្សែ​មួយ​ឈ្មោះ​ថា​សាដៀវ​។ រូបថត Eli Meixler



ភ្នំពេញប៉ុស្តិ៍

តាកែវ: បើ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​តាម​ផ្លូវ​ជាតិ​លេខ​២​ទៅ​កាន់​ខេត្ដ​តាកែវ យើង​នឹង​ទៅ​ដល់​ផ្ទះ​លោកតា សុខ ឌុច ជា​គ្រូ​សាដៀវ​ចុងក្រោយ​។

នៅ​ផ្ទះ​របស់​លោកតា​ក្នុង​ស្រុក​បាទី ព្រឹទ្ធាចារ្យ​រូប​នេះ​បាន​សម្រាន្ត​នៅលើ​គ្រែ​ឈើ​មួយ និង​បាន​បរិយាយ​រៀបរាប់​ពី​អាការ​រោគ​របស់​លោក​ក្នុង​សំឡេង​ក្ងួរ​ថា​៖ «​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​២-៣​ខែ​មក ហើយ លែង​អាច​បង្រៀន​សិស្ស​បាន​ដូច​មុន​ទៀត​ហើយ។ ប៉ុន្ដែ​ពេល​នេះ​ខ្ញុំ​បាន​ធូរស្បើយ​បន្ដិច ដែល​អាច​និយាយ​ជាមួយ​គេឯង​បាន​»។

សាដៀវ​ត្រូវ​បាន​គេ​ប្រគំ​ដោយ​ប្រើ​ម្រាមដៃ​កេះ។ រូបថត Eli Meixler

លោកតា ឌុច អាយុ​៨៨​ឆ្នាំ គឺជា​តន្ដ្រីករ​សាដៀវ​ដែល​នៅ​រស់រាន​មាន​ជីវិត​តែ​ម្នាក់គត់ មាន​ជំនាញ​ផ្នែក​សាដៀវ​ជា​ឧបករណ៍​ភ្លេង​ខ្សែ​មួយ​ដែល​មាន​ប្រវត្ដិ​យូរលង់​មក​ហើយ។ វា​មាន​នៅលើ​រូបចម្លាក់​នានា​នៃ​ប្រាង្គប្រាសាទ​សម័យ​អង្គរ​។ សព្វថ្ងៃ​ចំនួន​អ្នកលេង​សាដៀវ​មាន​មិន​ដល់​២០​នាក់​ឡើយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ភាគច្រើន​គឺជា​សិស្ស​របស់​លោកតា​។

លោកតា ឌុច ដែល​ផ្ដើម​លេង​សាដៀវ​តាំងពី​អាយុ​១៣​ឆ្នាំ បាន​រៀបរាប់​ថា​៖ «​ដោយសារ​ខ្ញុំ​មាន​ទេពកោសល្យ​ពី​កំណើត ខ្ញុំ​បាន​រៀន​រយៈពេល​៣​ខែ មុន​ចាប់ផ្ដើម​លេង​ជាមួយ​ក្រុម​ឪពុកមា​លើ​វេទិកា​»។

នៅពេល​លោកតា​លេង​សាដៀវ​នៅ​សម័យ​អាណានិគម​បារាំង ពួកគេ​សើចចំអក​ខ្លាំង​ណាស់​ដោយសារ​តែ​ឧបករណ៍​របស់​លោកតា​មាន​ខ្សែ​តែ​មួយ​ប៉ុណ្ណោះ​។ ក្នុង​របប​ខ្មែរក្រហម លោកតា​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​ទេ ប៉ុន្ដែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ក្រុម​តន្ដ្រី​។

លោកតា បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​មាន​កូន​៦​នាក់ ហើយ​ក្នុង​របប​ប៉ុលពត យើង​មាន​សំណាង​ដូច​គ្នា ពីព្រោះ​ខ្ញុំ​អាច​លេង​តន្ដ្រី​បាន​»។

ក្រោយ​របប​ខ្មែរក្រហម លោកតា ឌុច បាន​លេង​សាដៀវ​នៅ​ព្រះរាជពិធី​សោយក្រយា​ពេល​ល្ងាច​របស់​អតីត​ព្រះមហាក្សត្រ​នៅក្នុង​ព្រះរាជវាំង​។

សិស្ស​របស់​លោកតា ឌុច ដែល​ចេះ​លេង​ឧបករណ៍​ឯកតន្ត្រី​។ រូបថត Eli Meixler

តន្ដ្រីករ​ជើងចាស់​រូប​នេះ បាន​រំឭក​ថា​៖ «​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ប្រាប់​ខ្ញុំ​ថា កុំ​បោះបង់​វា​ចោល​។ ជួយ​អភិរក្ស​វា​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​»។

ក្នុង​ឆ្នាំ​២០០២ លោកតា ឌុច បាន​ចាប់ផ្ដើម​ធ្វើការ​នៅ សិល្បៈ​ខ្មែរ​អមតៈ (CLA) ដោយ​បង្រៀន​សិស្ស​នៅ​វត្ដ​ក្នុង​ខេត្ដ​សៀមរាប​អស់​រយៈពេល​៣​ឆ្នាំ។

លោក ឈួន សារិន ជា​អ្នក​គ្រប់គ្រង​ផ្នែក​កម្មវិធី​នៅ​អង្គការ​បាន​ពន្យល់​ថា ខណៈ​ពេល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ឆ្នាំ​នេះ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​រៀបចំ​វគ្គ​សិក្សា​ថ្មី​ដែល​បង្រៀន​ដោយ​កូនសិស្ស​របស់​លោកតា​។

លោកតា ឌុច សង្ឃឹម​ថា តន្ដ្រី​ដែល​លោក​ស្រឡាញ់​ពេញចិត្ដ​នឹង​នៅ​តែ​មាន​ជីវិត​ក្រោយពី​លោក​ចែកឋាន​ទៅ ប៉ុន្ដែ​លោកតា​នៅ​តែ​បារម្ភ។

ខណៈ​ពេល​បន្ទាប​ខ្លួន​ទម្រេត​ទៅលើ​គ្រែ លោកតា​បាន​បន្ដ​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​គ្រូបង្រៀន​សាដៀវ​ចុងក្រោយ ខ្ញុំ​ចង់​ឃើញ​ក្មេង​ជំនាន់​ក្រោយ​យល់​ច្បាស់​ពី​វប្បធម៌ ប្រវត្ដិសាស្ដ្រ និង​ស្គាល់​ឧបករណ៍​តន្ដ្រី​បុរាណ​ខ្មែរ ព្រមទាំង​នាំ​គ្នា​អភិរក្ស​ក្រោយពី​ខ្ញុំ​ផុត​ដង្ហើម​ទៅ​»។

ចៅប្រុស​របស់​លោកតា​អាច​ផ្ដល់​ក្ដីសង្ឃឹម​ចុងក្រោយ​បាន​។ លោក លន់ ជំនិត អាយុ​២៥​ឆ្នាំ បាន​រៀន​លេង​សាដៀវ​តាំងពី​តូច បើ​ទោះ​ជា​លោក​ដឹង​ថា​ខ្លួន​មិន​មាន​ទេពកោសល្យ​ក្ដី​។

យុវជន​រូប​នេះ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​និយាយ​ប្រាប់​ខ្លួនឯង​ថា វា​ពិបាក​រៀន​ណាស់ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ ពីព្រោះ​ខ្ញុំ​ចង់​ឈ្នះ​ជីតា​របស់​ខ្ញុំ​ដែល​គាត់​បាន​ប្រាប់ ហើយ​បញ្ជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​នូវ​ក្ដីសុបិន​ដែល​ចង់​លេង និង​បង្រៀន​សិស្ស​ពី​ឧបករណ៍​ភ្លេង​បុរាណ​សាដៀវ​នេះ​»៕ HR


What Next?

Recent Articles

One Response to "ព្រឹទ្ធាចារ្យ​សាដៀវ​ចង់​ឲ្យ​តន្ដ្រី​ខ្សែ​មួយ​នៅ​គង់វង្ស​បន្ទាប់​ដង្ហើម​ចុងក្រោយ"

  1. Bol says:

    ក្នុងនាមជាខ្មែរដូចគ្នា ដែលស្រឡាញវប្បធម៌ខ្មែរ ចង់រក្សាឲ្យបាននូវអត្តសញ្ញាជាតិ យើងសូមអំពាវនាវ ២ ចំណុច ដល់ ៖
    ទី ១) ថ្នាកដឹកនាំរដ្ឋាភិបាល និងនិយាយឲ្យចំ គឺក្រសួងវប្បធម៌នេះ តែម្តង សុំមើលឲ្យគ្រប់ជ្រុងជ្រោយ គឺ មើលដោយពុំចាំបាច់ ទាល់តែអ្នកកាសែតបង្ហើប ទើបដឹង ឬក៏ទើបឮ។ សូមបើកភ្នែកមើលថា តើអ្នកតន្ត្រីករ ឬសិល្បករបែបនេះ មានប៉ុន្មាននាក់ ដែលនៅរស់រាន មានជីវិត និងកំពុងស្ថិតក្នុងស្ថានភាពលំបាកវេទនា ។ ត្រូវមើលដោយមិនចំពោះតែ ឧទាហរណ៍ ចំពោះតែលោកតា ប្រាជ្ញឈួន តែម្នាក់ទេ។ គឺត្រូវមើលទាំងអស់។ ត្រូវមានគោលនយោបាយ ជួយបីបាច់ថែទាំសុខភាព និងផ្លូវចិត្តរបស់គាត់ ឲ្យមានជំនឿថា អ្វីៗ ជាការខិតខំរបស់គាត់ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ យើងបានសំគាល់ឃើញនូវលោកតា លោកយាយចាស់ៗ ច្រើនណាស់ ដែលជាអ្នកបានខិតខំបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ និងបាន ថែទាំមរតកវប្បធម៌ខ្មែរ ដូចជាលោកយាយសាស្ត្រាចារ្យរបសំព្រះរាជទ្រព្យ លោកតាជូជក់ ក្នុងរឿងព្រះវេសណ្តរ ជដើម ដែលគាត់រស់នៅក្នុងភាពតោកយ៉ាកជាទីបំផុត តែពុំមាននរណាគិតគូរជួយគាត់។ សូម្បីតែទូរទស្សន៍ជាច្រើនបានទៅសម្ភាសន៍ពួកគាត់ដល់ផ្ទះ ឃើញគាត់ដេកនឹងកន្ទេល ឬក្ររហេមរហាម តែក្រសួងវប្បធម៌ ដូចជាខ្វាក់មើលមិនឃើញ ( នេះមិនមែនសំដៅតែលើរដ្ឋមន្ត្រីថ្មីនេះ ទេ) ។ យើងក៏បានឮលោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យជួយគិតគូរថែទាំ លោកតាប្រាជ្ញឈួន។ តែយើងគិតថា នេះ វាហាក់បីដូចជាភ្ញាក់ពីដេក អញ្ចឹង។ ល្អណាស់ ប្រសិនបើក្រសួងរៀបចំគោលនយោបាយមួយ សម្រាប់ជួយអ្នកទាំងនោះ ។ តើជួយ៉ាងម៉េច? ទី ១ ត្រូវពិនិត្យ និង ស្រង់ឈ្មោះតន្ត្រីករ សិល្បករចាស់ៗ ទាំងនោះឲ្យអស់ ឲ្យដឹងពីប្រវត្តិ និងស្ថានភាពសេដ្ឋកិច្ច និងសុខភាព របស់គាត់. … ទី២ រៀបចំគោលនយបាយថែទាំជីវភាពរបស់គាត់ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ការថែទាំសុខភាព របស់គាត់។ ទី៣ លើកទឹកចិត្តគាត់ឲ្យខិតខំបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ។ នេះគ្រាន់តែជាគំនិតខ្លះ ទេ ដែលយើងចង់បាន។

    ទី២ ) យើងចង់ឃើញថា សមាគមសិល្បករ ដែលមានលោកសុះម៉ាចជាប្រធាន និង ទូរទស្សន៍កម្ពុជាទាំងអស់ ក៏ដូចជាអ្នករើបចំកម្មវិធីទស្សនីភាពសប្បាយផ្សេង គួរតែរើបចំឲ្យមានមូលនិធីសម្រាប់ជួយដល់អ្នកតន្រ្តីករបុរាណទាំងនោះផង។ ឧទាហរណ៍ថា យើងមានលុយចំនួន ១០០លាន ឲ្យ ប៊ុតសីហា ក្នុងកម្មវិធីប្រឡងចំរៀង The Voice Cambodia តើយើងអាចរំលែក ៣០ % ឬ ៤០ % សម្រាប់ដាក់ជាមូលនិធិ រួម របស់ទូរទស្សន៍ ដើម្បីប្រគល់ឲ្យក្រសួងវប្បធម៌ ប្រើប្រាស់ចែករំលែកដល់តន្រ្តីករបុរាណបានឬទេ? យើងបានឃើញថា ប្អូនសិល្បករយើងសព្វថ្ងៃ បាននិយាយថា​ខ្លួនស្រឡាញ់ជាតិ ស្រឡាញវប្បធម៌ជាតិ ណាស់ ខ្លួនកំពុងលើកស្ទួយ តើប្អូនអាចធ្វើយ៉ាងនេះ បានឬទេ? បានឃើញថា ថ្វីដ្បិតលោកសុះម៉ាច ជាប្រធាសមាគម ក៏ប៉ុន្តែ លោកហាក់ដូចជាពុំមានឥទ្ធិពល និងអាចជួយធ្វើអ្វីដើម្បីគាំទ្រថែទាំ សិល្បៈវប្បធម៌បុរាណ បានទេ។

    ជាចុងក្រោយ យើងគ្រាន់តែមានយោបលថា ដោយសារ មុខរបររបស់អ្នកសិល្បៈ តន្រ្តីបុរាណ មិនអាចផ្តល់ឱកាស ឲ្យ អ្នកទាំងនោះរស់បាននេះ ហើយ ទើបក្មេងសម័យឥឡូវ រៀនរាំស្វាតាមបែបកូរ៉េ និងចម្រៀងឆ្កួតរបស់ពួកស្បែកខ្មៅ៕