Tue, 2 December 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ សហជីព និងសហគមន៍ពលរដ្ឋរស់នៅតាមបណ្តាខេត្តនានានឹងចាប់ផ្តើមធ្វើធម្មយាត្រាសិទ្ធិយាត្រា ចាប់ពីថ្ងៃ ទី៣ ធ្នូ នេះ ចាប់ផ្តើមមុនគេពី ខេត្តរតនគិរី ក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីចំណេះដឹងផ្នែកសិទ្ធិមនុស្សដើម្បីឲ្យមានការគោរពសិទ្ធិនិងសន្តិភាព ក្នុងទិវាអបអរសិទ្ធិមនុស្ស ១០ ធ្នូ។
លោក ង៉ែត ម៉ូសេ មន្ត្រីព័ត៌មាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាសមាជិកគណៈកម្មការរៀបចំធម្មយាត្រា ហៅថា «ក្រុមមិត្ត ១០ ធ្នូ» ឲ្យដឹងថា ធម្មយាត្រា នឹងធ្វើឡើងមុនគេនៅ ខេត្តរតនគិរី ដែលឆ្ងាយជាងគេ បន្ទាប់មកនៅតាមខេត្តនានាដែលស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងចាប់ធ្វើនៅថ្ងៃ ទី៥ ធ្នូ ដោយធ្វើធម្មយាត្រា ដង្ហែក្បួនដែលមានព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណ ៦០ អង្គ/នាក់ ដង្ហែពីតាមខេត្តដែលមានផ្លូវជាតិទាំង ៦ ឲ្យដល់រាជធានីភ្នំពេញ នៅថ្ងៃ ទី១០ ខែធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិលើក ទី៦៦ នាឆ្នាំ២០១៤ នេះ។
ក្រៅពី ខេត្តរតនគិរី ដែលនឹងប្រើប្រាស់ផ្លូវជាតិលេខ ៧ មានព្រះសង្ឃនិងពលរដ្ឋដែលនឹងធ្វើធម្មយាត្រាតាមផ្លូវជាតិលេខ ១ រហូតដល់លេខ ៦ មាននិមន្តនិងមកពីស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ចាម។
លោក ង៉ែត ម៉ូសេ ឲ្យដឹងថា ក្រុមមិត្ត ១០ ធ្នូ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញ ថ្ងៃ ១០ ធ្នូ ដើម្បីដាក់ញត្តិជូនរដ្ឋសភានិងគណបក្សជាប់ឆ្នោតក្នុងរដ្ឋសភា ទាំងពីរ។ លោកថ្លែងថា៖ «យើងដាក់ញត្តិដើម្បីឲ្យមានការដោះលែងតំណាងសហគមន៍ដីធ្លីដែលជាប់ពន្ធនាគារ»។
ក្រុមមិត្ត ១០ ធ្នូ បានធ្វើការជូនដំណឹងទៅកាន់អភិបាលខេត្ត ដែលពួកគេត្រូវឆ្លងកាត់ផងដែរ ដើម្បីឲ្យជួយរក្សាសន្តិសុខជូនធម្មយាត្រា។ ប៉ុន្តែពួកគេបារម្ភចំពោះកន្លែងស្នាក់នៅ ដែលអាចជាបញ្ហាចំពោះពួកគេ។ លោក ម៉ូសេ ថា៖ «កាលពីឆ្នាំមុនក៏មានបញ្ហារឿងស្នាក់នៅដែរ ដោយសារវត្តដែលយើងបានសុំស្នាក់នៅមិនអនុញ្ញាតឲ្យយើង ព្រោះថា មានអាជ្ញាធរមកគំរាមចៅអធិការវត្ត ប៉ុន្តែបើមិនមានវត្តស្នាក់នៅ យើងនឹងរកផ្ទះពលរដ្ឋឬកន្លែងផ្សេងទៀត អាចថា តាមផ្លូវក៏បានព្រោះយើងមានតង់»។
ក្រៅពីក្រុមមិត្ត ១០ ធ្នូ មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏មានគម្រោងប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅរាជធានីភ្នំពេញ ផងដែរ នៅ វត្តបុទមវតី និងបានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីសុំទីតាំងប្រារព្ធពិធីផងដែរ។ ក្នុងលិខិតមួយដែលមានតំណាងលោក សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលដាក់ជូនទៅសាលារាជធានីភ្នំពេញ ឲ្យដឹងថា ពួកគេនឹងរៀបចំដង្ហែក្បួនចំនួន ៣០០០ នាក់ពីពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅតាមមហាវិថីមុន្នីរ៉េត ព្រះសីហនុ និងសុធារស ដើម្បីទៅកាន់កន្លែងប្រារព្ធពិធីនា វត្តបទុមវតី នៅថ្ងៃ ទី១០ ធ្នូ នេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ឲ្យដឹងថា សាលារាជធានី គ្រោងនឹងកោះអញ្ជើញអង្គការសង្គមស៊ីវិល មកពិភាក្សាគ្នានៅក្នុងសប្តាហ៍នេះ ទាក់ទិននឹងការប្រារព្ធពិធី ១០ ធ្នូ នេះ៕

ល្អណាស់!! មុននឹងផ្សព្វផ្សាយអប់រំទៅដល់ប្រជាជន គួរតែផ្សព្វផ្សាយអប់រំព្រះសង្ឃជាមុន អំពីការធ្វើបាតុកម្ម.