ដោយ សុ ជីវី
2014-12-02
RFA

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីអ្នកការពារសិទ្ធិមនុស្ស លោក មីសែល ហ្វ័រស (Michel Forst)។ Photo courtesy of UN.org
ក្រុមសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ការពារសិទ្ធិមនុស្សអន្តរជាតិ ចេញរបាយការណ៍ថ្មីមួយនៅថ្ងៃទី២ ខែធ្នូ ស្ដីពីការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១៤។
ក្នុងរបាយការណ៍នោះ បានចាត់ទុកប្រទេសកម្ពុជា ថាឋិតក្នុងចំណោមប្រទេសដែលកើតមានបញ្ហានិទ្ទណ្ឌភាពជាច្រើន ហើយនិទ្ទណ្ឌភាពនោះ គឺជាដើមចមចម្បងនៃការរំលោភបំពានអ្នកការពារសិទ្ធិមនុស្ស។ ស្របគ្នានេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ចាត់ទុករបាយការណ៍នោះថា អាចជាមូលដ្ឋានក្នុងការស្រាវជ្រាវសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គ្រោងនឹងដាក់របាយការណ៍អង្កេតពីឫសគល់បញ្ហាពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងនិទ្ទណ្ឌភាពនៅកម្ពុជា ទៅក្រុមប្រឹក្សាសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
គម្រោងការនេះ ត្រូវបង្ហាញនៅក្នុងរបាយការណ៍អង្កេតប្រចាំឆ្នាំរបស់ក្រុមសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ការពារសិទ្ធិមនុស្សហៅកាត់ថា ហ្វីដ (FIDH) និងអង្គការពិភពលោកប្រឆាំងទារុណកម្ម ដែលមានចំណងជើងថា «យើងមិនខ្លាច» បានផ្ដោតលើបញ្ហានិទ្ទណ្ឌភាពនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដោយរួមទាំងកម្ពុជា ផង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីអ្នកការពារសិទ្ធិមនុស្ស លោក មីសែល ហ្វ័រស (Michel Forst) ថ្លែងថា ក្នុងអាណត្តិនេះលោកនឹងបំពេញការងារជាអាទិភាព ដើម្បីកាត់បន្ថយចន្លោះនៃការអនុវត្តសេចក្ដីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីអ្នកការពារសិទ្ធិមនុស្ស។ លោក មីសែល បន្តថា ក្នុងគម្រោងទៅថ្ងៃមុខ លោកនឹងដាក់របាយការណ៍មួយទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីនិទ្ទណ្ឌភាព ទាក់ទងនឹងអំពើហិង្សាទៅលើអ្នកការពារសិទ្ធិមនុស្ស ដោយផ្ដោតការយកចិត្តទុកដាក់ចំពោះបញ្ហារបស់អ្នកដែលការពារដីធ្លី លំនៅឋាន ធនធានធម្មជាតិ និងបញ្ហាពាក់ព័ន្ធ។ លោកក៏នឹងបន្តយកចិត្តទុកដាក់ចំពោះអ្នកការពារសិទ្ធិមនុស្ស និងជំរុញអោយប្រទេសសាមី បង្កើនការទទួលខុសត្រូវ។
របាយការណ៍ដែលមានកម្រាស់ ១៥៦ទំព័រ បានលើកឡើងពីការគំរាមកំហែង ការចាប់ខ្លួនសកម្មជនការពារដីធ្លីផ្ទះសម្បែង ជាពិសេសក្រុមស្ត្រីមេផ្ទះដាក់ពន្ធនាការ ការប្រើហិង្សាវាយបំបែកការតវ៉ាដោយសន្តិវិធី ការបំផ្លាញធនធានធម្មជាតិ ដែលធ្វើអោយប៉ះពាល់សិទ្ធិជនជាតិដើមភាគតិច ការបាញ់សម្លាប់អ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី ដែលរហូតមកដល់ពេលនេះ អ្នកនៅពីក្រោយឃាតកម្មនោះ នៅមិនទាន់វែកមុខនៅឡើយ។ របាយការណ៍នោះរកឃើញដែរថា ការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងអ្នកមានអំណាច អ្នកមានប្រាក់ និងពលរដ្ឋសាមញ្ញ ឬអ្នកការពារសិទ្ធិមនុស្ស។
របាយការណ៍ដដែលនោះ បានស្នើអោយរដ្ឋាភិបាលយកចិត្តទុកដាក់ការពារសិទ្ធិអ្នកការពារសិទ្ធិមនុស្ស បញ្ឈប់រាល់អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស រួមទាំងការចាប់ខ្លួនពួកគេដាក់ពន្ធនាគារជាដើម។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្លាប់លើកឡើងជាញឹកញយថា កម្ពុជា ជាប្រទេសនីតិរដ្ឋ ដែលពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ តុលាការជាស្ថាប័នកំពូលដែលមានសិទ្ធិអំណាចដាក់ទោសកំហុសអ្នកប្រព្រឹត្តិល្មើស ហើយស្ថាប័ននេះតែងត្រូវក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា ធ្វើការដោយឯករាជ្យ ត្រឹមត្រូវ យុត្តិធម៌។
ទាក់ទិននឹងបញ្ហានេះ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកអះអាងថា កម្ពុជា ជានីតិរដ្ឋ គឺមានតែឈ្មោះ តែការអនុវត្តនៅមិនទាន់ពេញលេញនៅឡើយ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា លោកមិនសង្ឃឹមថា សម្ពាធរបស់អង្គការសហប្រជាជាតិ នឹងធ្វើអោយរដ្ឋាភិបាលងាកមកយកចិត្តទុកដាក់ការពារសិទ្ធិអ្នកការពារសិទ្ធិមនុស្សឡើយ។ លោកថា អង្គការសហប្រជាជាតិ អាចដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដូចជាបញ្ឈប់អ្នកផ្តល់ជំនួយល្អៗ និងវិនិយោគទុនល្អៗមិនអោយមកកម្ពុជា ប៉ុន្តែមេដឹកនាំរដ្ឋាភិបាលគេមិនខ្វល់ទេ ព្រោះគេមានប្រទេសកុម្មុយនីស្ត មានចិន វៀតណាម អីចាំជួយ។ ហេតុនេះ លោកសង្ឃឹមតែទៅលើអំណាចពលរដ្ឋតាមរយៈការបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប មួយត្រឹមត្រូវ និងយុត្តិធម៌ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។
ក្នុងរបាយការណ៍របស់អង្គការអន្តរជាតិដដែលបង្ហាញថា ការធ្វើទុក្ខទោសទៅលើអ្នកការពារសិទ្ធិមនុស្ស ភាគច្រើនអាចធ្វើឡើងដោយក្រុមមន្ត្រីរដ្ឋាភិបាល ក្រុមកងកម្លាំងប្រដាប់អាវុធ កងសន្តិសុខក្រុមហ៊ុន ក្រុមឃាតកស៊ីឈ្នួល និងអ្នកនយោបាយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលនិងព្រះសង្ឃគ្រោងហែក្បួនធម្មយាត្រាសិទ្ធិយាត្រាប្រារព្ធទិវាសិទ្ធិមនុស្ស
- CCHR បញ្ជូនញត្តិរូបថតបញ្ចប់និទ្ទណ្ឌភាពទៅក្រសួងយុត្តិធម៌
- អារម្មណ៍របស់កូនៗដែលម្ដាយជាប់ពន្ធនាគារព្រោះតវ៉ាដីធ្លី
- អ្នកជាប់ឃុំព្រោះតវ៉ារឿងផ្ទះលិចទឹកធ្វើយុទ្ធនាការបង្អត់អាហារក្នុងគុកព្រៃស
- មន្ត្រីក្រសួងធម្មការមិនទាន់ឆ្លើយតបសំណើសុំអន្តរាគមន៍ដោះលែងព្រះសង្ឃខ្មែរក្រោម៣អង្គ
- ក្រុមសន្តិសុខប្រើហិង្សាវាយបំបែកក្រុមយុវជនផ្សព្វផ្សាយពីការការពារបរិស្ថាននៅវត្តភ្នំ
- ពលរដ្ឋអះអាងថាជនជាតិម៉ុងតាញ៉ា២នាក់ត្រូវប៉ូលិសមូលដ្ឋានខេត្តរតនគិរីចាប់ខ្លួន
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំចោទអាជ្ញាធរថាមិនឲ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាស្រុក
- ជនពិការស្នើរដ្ឋាភិបាលបន្តជំរុញឲ្យក្រសួងស្ថាប័នរដ្ឋនិងឯកជនបញ្ឈប់ការរើសអើង
Good to hear this kind of action, please provide more assistance to build roads, bridges, schools, Heath centers, medical equipments and monies to provide more training and education programs for polices, court staffs, thus Cambodia build a bright future with fully respect human right? By the way when the USA drop bombs in Cambodia for more than 2.7 million tons and 100 million cluster sub munitions and chemical weapons to kill around half million Cambodian people, how can we (Cambodian people) get justice? Please provide your advise and intervention from UN to find justice for innocent people, and at least pay 100 billion USA dollars to compensate this kingdom.
I believe my peoples than ur Un , nothing to do against hun sen