ដោយ៖ ណាត សុភាព
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សម រង្ស៊ី ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសទាំង១៧នាក់នៅព្រឹកថ្ងៃអាទិត្យនេះ (រូបភាព៖ ណាត សុភាព)
មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅបរិវេណពន្ធនាគារព្រៃស នាព្រឹកថ្ងៃអាទិត្យនេះថា លោកសង្ឃឹមថានឹងមានដំណោះស្រាយដោះលែងស្ត្រីសកម្មជនដីធ្លី អតីតព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិនាពេលឆាប់ៗនេះ។
លោកសម រង្ស៊ី បានថ្លែងបែបនេះ ក្រោយពេលលោកចេញពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លី១០រូប ដែលកំពុងជាប់ឃុំនៅមន្ទីរសន្តិសុខម២ នៃពន្ធនាគារព្រៃស។ លោកថា បរិយាកាសទូទៅអំណោយផលល្អ ហើយលោកសង្ឃឹមថា នឹងមានការដោះស្រាយករណីនេះឲ្យបានឆាប់រហ័ស។
ក្រោយពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីបឹងកក់ និងថ្មគោលទាំង១០រូប នៅមន្ទីរសន្តិសុខម២ លោកសម រង្ស៊ី និងលោកហូរ វ៉ាន់ បានចូលទៅសួរសុខទុក្ខមន្ត្រីគណបក្សសង្គ្រោះជាតិ៤រូបផ្សេងទៀតនៅមន្ទីរសន្តិសុខម១។ ចំណែកឯតំណាងរាស្ត្រ៩រូបផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ មិនត្រូវបានឆ្មាំសន្តិសុខអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីរសន្តិសុខម១នោះទេ។
សូមជម្រាបថា ចាប់ពីក្រោយកិច្ចព្រមព្រៀង ២២ ខែកក្កដា បញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត មកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤រូបត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ស្ត្រីសកម្មជនដីធ្លី១០រូបត្រូវបានចាប់ខ្លួន ក្នុងបាតុកម្មទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ បង្ហូរទឹកសម្អុយចេញពីភូមិរបស់ពួកគេ និងព្រះសង្ឃ៣អង្គត្រូវបានផ្សឹកនិងដាក់ពន្ធនាគារពាក់ព័ន្ធនឹងការគាំទ្រការធ្វើបាតុកម្មរបស់ស្ត្រីសកម្មជនទាំងនោះ ហើយព្រះសង្ឃទាំងបីអង្គ ក៏សកម្មក្នុងការទាមទារឲ្យរដ្ឋាភិបាលវៀតណាមសុំទោសករណីបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមផងដែរ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Good luck all!