គ្រូបង្រៀន​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ​តវ៉ា​រឿង​កាំ​ប្រាក់ខែ

ដោយ វោហារ ជាតិ
2014-12-08
RFA

លោកគ្រូ​វិទ្យាល័យ​មួយ​ចំនួន​នៅ​ស្រុក​សំរោង ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ធ្នូ បាន​រិះគន់​អំពី​ភាព​មិន​ប្រក្រតី​នៃ​ចំណាត់​ការ​របស់​ប្រធាន​មន្ទីរ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​លោក​គ្រូ​បង្រៀន​មិន​ត្រឹមត្រូវ ដោយ​ពួក​គាត់​ចោទ​ថា មាន​អំពើ​ពុករលួយ និង​បក្សពួក​និយម។

លោកគ្រូៗ​បាន​សម្ដែង​ចម្ងល់​ថា គ្រូ​បង្រៀន​នៅ​ក្នុង​ស្រុក​សំរោង ដែល​ចេញ​ពី​រៀន​នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ ជំនាន់​ដូចគ្នា ហេតុអ្វី​បាន​ជា​លោកគ្រូ​អ្នកគ្រូ​ខ្លះ​បាន​ឡើង​កាំ​ប្រាក់​ខែ ឯ​លោក​គ្រូ​អ្នក​គ្រូ​ខ្លះ​ទៀត​មិន​បាន​ឡើង?

លោកគ្រូ ឌី សំអុល បង្រៀន​នៅ​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម ក្នុង​ស្រុក​សំរោង តវ៉ា​ថា រូប​គាត់​និង​លោកគ្រូ​ម្នាក់​ទៀត មិន​ត្រូវ​បាន​មន្ទីរ​អប់រំ​ស្រុក​ដំឡើង​កាំ​ប្រាក់​ខែ​ឲ្យ​ទេ ចាប់​តាំង​ពី​ពួកគាត់​ចេញ​ពី​​សិក្សា​គរុកោសល្យ​នៃ​វិទ្យាស្ថាន​អប់រំ​ជាតិ នៅ​ភ្នំពេញ តាំង​ពី​ឆ្នាំ​២០១១ មក៖ «សាលា​ខ្ញុំ​ហ្នឹង​បុគ្គលិក ២​នាក់​ដែល​ចេញ​មក​ដំណាល​គេ​ដែរ ហើយ​បុគ្គលិក​មួយ​ទៀត​ឈ្មោះ សឹង សុខ ពួក​ខ្ញុំ​​អត់​បាន​ឡើង​កាំ​ប្រាក់​នឹង​គេ​ទេ ជំនាន់​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ចេញ​មក​ដំណាល​គេ​ដែរ ហេតុ​អី​គេ​ឡើង កាំ​ប្រាក់​ពួក​ខ្ញុំ​អត់?»

លោកគ្រូៗ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចេញ​ពី​វិទ្យាស្ថាន​អប់រំ​ជាតិ​មក កាំ​ប្រាក់​ខែ​គ្រូ​ខ្លះ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​កាំ ៣-​១៤ ដដែល ក៏ប៉ុន្តែ​គ្រូ​ខ្លះ​ទៀត​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​គឺ កាំ ៣-១៣ ​បន្ទាប់​ពី​មាន​អតីតភាព​​បង្រៀន​បាន ២​ឆ្នាំ ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា។

លោកគ្រូ ហ៊ី សុខហេង ដែល​បង្រៀន​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​សំរោង ដែរ​នោះ បាន​សម្ដែង​ចម្ងល់​អំពី​ការ​ដំឡើង​កាំ​ប្រាក់ខែ​គ្រូបង្រៀន​នេះ ដោយ​លោក​អះអាង​ថា មាន​គ្រូ​ខ្លះ​ត្រូវ​បាន​ដំឡើង​កាំ​ប្រាក់​ខែ​ខ្ពស់​ហួស​ពី​ក្រសួង​បាន​កំណត់។

លោក​បាន​លើក​ជា​ឧទាហរណ៍ អ្នកគ្រូ​នៅ​វិទ្យាល័យ​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន អង្គ​ព្រះស្ដេច ជា​តឹកតាង៖ «តវ៉ា​ថា តើ​ការ​ធ្វើ​របស់​គាត់​ហ្នឹង គាត់​ធ្វើ​តាម​គោលការណ៍ ឬ​ក៏​គាត់​មាន​ទំនោរ​អំពើ​ពុករលួយ? ទាក់ទង​ករណី​គ្រូ​ម្នាក់​គាត់​ឡើង​ពី​ ក៣-១៤ មក ក៣-១០ ហើយ​ជំនាន់​ដូច​ខ្ញុំ​ដែរ​ហេតុ​អី​បាន​ឡើង​បាន​តែ​ម្នាក់​ហ្នឹង ហើយ​គ្រូ​ដទៃ​ទៀត​​មិន​បាន​អ៊ីចឹង ហើយ​រហូត​មាន​អ្នកខ្លះ​មិន​បាន​ឡើង ១៤ មក ១៣ ទៀត​ផង»

ក្រៅ​ពី​នេះ​លោក​បន្ត​ថា មាន​គ្រូ​ខ្លះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បើកប្រាក់ខែ តែ​អត់​មាន​វត្តមាន​មក​បង្រៀន​ក៏​មាន៖ «ហើយ​មួយ​ទៀត​ទាក់ទង​ការ​ដំឡើង​កាំ​ហ្នឹង​ដែរ។ មាន​អ្នក​ខ្លះ​គាត់​អត់​ធ្វើ​ការ​ទេ គាត់​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង តែ​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​និយតកម្ម​ត្រូវ​បាន​ឡើង​កាំ​ដែរ។ អា​ហ្នឹង​ហាក់​ដូច​ជា​អយុត្តិធម៌​ពេក​សម្រាប់​អ្នក​ដែល​ធ្វើការ»

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​សំរោង លោក កង ថាន់ ឆ្លើយ​ថា មិន​មាន​អំពើ​ពុករលួយ​អ្វី​ទេ ក្នុង​ការ​រៀបចំ​បញ្ជី​ប្រាក់​ខែ​គ្រូបង្រៀន។ ផ្ទុយ​ទៅ​វិញ​លោក​ថា មន្ត្រី​ការិយាល័យ​ស្រុក​របស់​លោក​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ប្រាក់​ខែ​គ្រូ​ទាំង​អស់​នៅ​ក្នុង​ស្រុក ទៅ​តាម​កម្រិត​ថ្នាក់​ មាន​ចំនួន​លោកគ្រូ អ្នកគ្រូ​សរុប​ប្រហែល ១​ពាន់​នាក់ ដែល​ការ​ធ្វើ​បញ្ជី​នេះ នឹង​អាច​ចប់​សព្វគ្រប់​នៅ​ដំណាច់​ឆ្នាំ​២០១៤ នេះ។

ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អ្នកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន អង្គ​ព្រះស្ដេច ឡើង​កាំ​ប្រាក់​ខែ​ខ្ពស់​ហួស​ពី​ការ​កំណត់​នោះ លោក កង ថាន់ ឲ្យ​ដឹង​ថា ការិយាល័យ​របស់​លោក​បាន​កែ​តម្រូវ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "គ្រូបង្រៀន​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ​តវ៉ា​រឿង​កាំ​ប្រាក់ខែ"

  1. people says:

    this is the old communist style ‘ all teachers must watch out all the corruption ‘this is the modern world and we are walking to democracy,21 century
    and must give up the old style(communist) .people and teachers or all level are equal right ,only respect in the work place but out side must treat equal.western country they treat everybody the same but cambodia sometime i saw people bloody kneel down or bend to the big or power man ,this is old style ,the government or big man should respect people because people vote for them to work for people if they don’t people will vote to humble ,gentle people.GOD bless all cambodian people’