​អ្នកនេសាទ​នៅ​សៀមរាប​ថា​បទល្មើស​នេសាទ​កើតមាន​ច្រើន​ខណៈ​រដូវ​ទឹក​ស្រ​ក​​

ដោយ៖​ បូ សាវី​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ស្បៃមុងដែល​គេ​ដាក់​ពង្រាយ​ដើម្បី​ចាប់​ត្រី (រូបថត​៖ បូ សាវី)

ប្រជា​នេសាទ​នៅ​ស្រុក​ជី​ក្រែង ខេត្ដ​សៀមរាប ឲ្យដឹង​ថា​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប កំពុង​កើតមាន​ច្រើន​គួរឲ្យ​បារម្ភ ខណៈ​រដូវ​ទឹក​ស្រក​ដោយសារ​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​ឃុបឃិត​យក​លុយ​ពី​អ្នកប្រព្រឹត្ដ​បទល្មើស​នោះ ។​

​អ្នកនេសាទ​នៅ​ស្រុក​ជីក្រែង លោក ជិន ដា​រ៉ា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បទល្មើស​ទាំងនោះ​រួមមាន អូស​អ៊ូ​ន រុញ​ស៊ី​ប ដាក់​ដាយ ឆ្នុក មង​ក្រឡា​ញឹក​រាប់​គីឡូ​ដី កំពុង​កើតមាន​ច្រើន​ក្នុង​តំបន់​មាត់​ខ្លា និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​បឹង​ទន្លេសាប ដែល​ភាគច្រើន​ប្រព្រឹត្ដដោយ​ជនជាតិ​យួន ។ លោក​បន្ដថា ការដាក់​ឧបករណ៍​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នេះ ដោយសារ​សមត្ថកិច្ច​មន្ដ្រីជលផល និង​បរិស្ថាន​ឃុបឃិត​គ្នា​ជាមួយ​អ្នកនេសាទ​ខុស​ច្បាប់​ជា​ជនជាតិ​វៀតណាម​នោះ ដោយ​បង់លុយ​ឲ្យ នូវ​ឧបករណ៍​ខុស​ច្បាប់​ដាក់​មួយ​កន្លែង ចាប់ពី​៥០០០០​រៀល​ដល់​រាប់លាន​រៀល ។ លោក​ថា «​ស្បៃ​មុង​ហ្នឹង​គេ​យក​ពី​៥០០០០ ទៅ​១០០០០០​រៀល បើ​ឆ្នុក​នេះ​គេ​យក​ពី​៥០០ ០០០​រៀល តែ​ដល់​ពេល​សាច់​ដាយ​ដែល​រាប់​គីឡូ​ដី​នេះ គេ​យក​ពី​១​លាន​ទៅ​រាល់​ពាន់​[​លាន​]​។ មច្ឆា​ជាតិ​ហ្នឹង​គេ​បំផ្លាញ​មួយឆ្នាំ​បន្តិចៗ អនាគត​ទៅ​កូនចៅ​សារ​ក្រោយ​ក៏​អត់​នឹង​ស្គាល់​ពូជ​ត្រី​តទៅទៀត ជួន​កាល​វា​បាត់បង់​អស់​ទៅ​» ។​

​អ្នកនេសាទ​មួយរូប​ទៀត លោក លឹម ម៉ៅ ឲ្យដឹងថា​សកម្មភាពប​ទ​ល្មើស​នេសាទ​នេះ កើតឡើង​នៅ​ពេលយប់ ហើយ​ជនល្មើស​មួយចំនួន​ជា​សែស្រឡាយ​អាជ្ញាធរ​មូលដ្ឋាន ។ លោក​បន្ដថា ចំណែក​ពលរដ្ឋ​ក្រីក្រ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​មិន​មាន​លុយ​បង់​ឲ្យ​មន្ដ្រី​ជំនាញ​ទាំងនោះ សមត្ថកិច្ច​នឹង​ចាប់​ឧបករណ៍​ដុត​កម្ទេច​ចោល ។ ពួកគេ​គាត់​អំពាវ​ឲ្យ​មន្ដ្រី​ជំនាញ​ថ្នាក់លើ​ជួយ​ទប់ស្កាត់ និង​ចាត់វិធានការ​លើ​ករណី​នេះ ដើម្បី​រក្សា​មច្ឆា​ជាតិ​ដែល​កំពុង​រង​ការបាត់បង់​ជា​បណ្ដើរៗ​នេះ ។ លោក​បន្ថែមថា «​ខ្ញុំ​សូមឲ្យ​តែ​សមត្ថកិច្ច​ជួយ​បង្ក្រាប់​ឲ្យ​បាន ឲ្យធ្វើ​ម៉េច​បាត់​អំពើ​ពុករលួយ​នេះ​ឲ្យអស់​។ ធម្មតា​តែ​ចុះមក​១០-៣០​ម៉ឺន​យក​ញាត់​ហោប៉ៅ​។ សូម្បី​តែ​ត្រី​ទើប​នឹង​ញាស់​ពី​មេ​មក​ក៏​មិន​អាច​រស់​បាន​ដែរ​» ។​

VOD មិនអាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ដ​សៀមរាប លោក ព្រិ​ន សាវិន បានទេ ដោយ​ទូរ​សព្ទ​ចូល​ច្រើនដង​ប៉ុន្ដែ​មិន​មាន​អ្នកទទួល ។ ប៉ុន្ដែ​អភិបាល​ស្ដីទី​ស្រុក​ជី​ក្រែង លោក ពៅ ប៊ុនធឿន មានប្រសាសន៍ថា លោក​ទទួលស្គាល់​បទល្មើស​កើតឡើង ប៉ុន្ដែ​មិន​បានដឹង​ពី​ការឃុបឃិត​របស់​សមត្ថកិច្ច​និង​ជនល្មើស​នោះ​ទេ ។ លោក​ថា លោក​នឹង​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​អន្ដរាគមន៍​លើ​ការ​ជា​បន្ដបន្ទាប់ ។ លោក​ថា «​ឥឡូវ​ខ្ញុំ​កំពុងតែ​ជំរុញ​ឲ្យ​ជំនាញ​ជលផល ជំនាញ​បរិស្ថាន​ទន្លេសាប​នោះ ចុះបង្ក្រាប​ជា​ប្រចាំ​ហើយ ចុះបង្ក្រាប​ជា​បន្តបន្ទាប់​។ កន្លង​មក​វា​មាន​បញ្ហា​ដូចជា​ដាក់​ឆ្នុក ដូចជា​ស្បៃ​មុង ដូចជា​ការចិញ្ចឹម​ត្រី​រ៉​ស់ ត្រី​ឆ្តោ​ខុសច្បាប់​» ។​

​ទោះជា​យ៉ាងណា ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សុ​ចែត មានប្រសាសន៍ថា បទល្មើស​នេសាទ​ខុសច្បាប់​កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង ខណៈ​ត្រី​សំបូរ​នៅ​រដូវ​ទឹក​ស្រក ហើយ​ករណី​នេះ​កើតឡើង ដោយសារ​មន្ដ្រី​ជំនាញ​មកពី​តាម​បណ្ដា​ស្ថាប័ន​ក្រសួង​នានា​ជា​អ្នក​ឃុបឃិត​គ្នា ។ លោក​បន្ដថា ដើម្បី​បទ​ស្កាត់​បទល្មើស​នេសាទ ឲ្យមាន​ប្រសិទ្ធភាព លុះត្រា​រដ្ឋាភិបាល​ត្រូវ​ដាក់​កំណត់​វិធានការណ៍ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធានា​ខុសត្រូវ នៅ​កន្លែង​នី​មួយៗ ៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នកនេសាទ​នៅ​សៀមរាប​ថា​បទល្មើស​នេសាទ​កើតមាន​ច្រើន​ខណៈ​រដូវ​ទឹក​ស្រ​ក​​"

  1. ទឺកភ្នែកជនរងគ្រោះ says:

    ត្រូវតែបង្កើតសហគមន៍នេសាទដែលមានច្បាប់ មានលិខិតបទដ្ឋានគតិយុត្តិ

    ពិសេសគឺព្រះរាជក្រិត្យនិងអនុក្រិត្យស្ដីពីសហគមន៍នេសាទ

    រួចហើយត្រូវផ្ដល់សិទ្ធិអំណាចឲ្យពួកគាត់គ្រប់គ្រងព្រោះពួកគាត់ជាម្ចាស់ធនធានធម្មជាតិ

    មិនត្រូវឲ្យមានមន្ត្រីជំនាញដែលស្កាត់មកតាំងពីណាពីណីអត់ដឹងស្អីមកវ៉ាងទីធ្វើខ្លួនឯង

    ជាអ្នកចេះដឹងនិងជាអ្នកគ្រប់គ្រងមកត្រួតត្រាលើពួកសហគមន៍ដែលជាម្ចាស់ស្រុកម្ចាស់

    ធនធានបែបគ្រាន់បើ។ នយោបាយឆ្កួតលីលាចឹងបានវារលាយធនធានធម្មជាតិអស់ស្ទើ

    គ្មានសល់។ មើលចុះព្រៃឈើ ត្រី តូចធំ វាអស់ដោយសាអ្វី??? គឺវាអស់វារលាយរលត់ដោយ

    សាស្នាដៃអាពួកមន្រ្តីជំនាញនិងតែម្ដងដែលវាមានសិទ្ទិមានអំណាចមកកាប់មកបំផ្លាញ

    មកឃុបឃិតជាមួយជនល្មើសគ្រប់ទីកន្លែង។ នេះហើយជាគោលការនយោបាយដឹកនាំ

    ប្រទេសឲ្យសេដ្ឋកិច្ចប្រទេសជាតិធ្លាក់ចុះគ្មានថ្ងៃក្រោករួច។

    បង្កើតស្ថាបន័ច្រើន បង្កើត ជំនាញច្រើន ធនធានធម្មជាតិក៏ឆាប់ហិនហោចច្រើន។​

    មានតែប្រទេសខ្មែរមួយទេដែលបង្កើតសហគមន៍ព្រៃឈើ និងសហគមន៍នេសាទហើយ

    មិនផ្ដល់សិទ្ធិអំណាចឲ្យសហគមន៍ចាប់បទល្មើស និងជនល្មើស ។​ សហគមន៍បានត្រឹមតែ

    ការពារនិងថែរក្សា ធ្វើគង់វង្សនិងរីកចំរើន និងមានសិទ្ធិត្រឹមតែរាយការណ៍ នៅពេលបាន

    ឃើញនិងជួបបទល្មើសនិងជនល្មើស គឺទុកឲ្យមន្ត្រីជំនាញជាអ្នកចាប់ចង និងពិន័យ។

    ប៉ុន្តែមន្ត្រីជំនាញច្រើនតែទៅឃុបឃិតជាមួយពួកល្មើស ទៅយកតែលុយពីជនល្មើសរួច

    ហើយបណ្ដោយឲ្យជនល្មើសធ្វើសកម្មភាពបន្តទៀត។

    តើប្រជាជនសហគមន៍មានទឹកចិត្តការពារទេបើផលប្រយោជន៍បានទៅលើមន្ត្រីជំនាញ???

    បើមន្រ្តីជំនាញជាជនល្មើសស៊ុំគ្រលំឃុបឃិតជាមួយជនល្មើសដើម្បីតែផលប្រយោជន៍បក្ស

    ពួកខ្លួន?

    មន្ត្រីជំនាញទាំងនេះជាអ្នកប្រឆាំងនិងគោលការនយោបាយរបស់រដ្ឋាភិបាលពិសេសអ្នកដឹកនាំ

    ប្រទេសដែលមានលោកហ៊ុនសែនបានចុះហត្ថលេខានិង បោះត្រា ឈ្មោះក្រហមយ៉ាងណា

    ក៏មន្ត្រីទាំងនោះមិនខ្វល់មិនគោរពគឺពួកគាត់ប្រែជាបំភិតបំភៃប្រជាជនមូលដ្ឋានឲ្យខ្លាចមិនហ៊ាន

    និយាយការពិតអំពីទង្វើអាក្រក់របស់ពួកគេ។

    លោកហ៊ុនសែនគួរតែត្រូវពិនិត្យពិច័យឲ្យបានច្បាស់ ពិសេសត្រូវចំណាយពេលវេលាអានរាល់

    ឯកសារដែលពាក់ពន័ឲ្យយល់ច្បាស់មុននឹងចុះហត្ថលេខាបោះត្រាក្រហម ។ ព្រោះថានៅក្នុង

    ឯកសារច្បាប់ បទដ្ឋានទាំងនោះវាមិនបានឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋដែល

    ជាជនរងគ្រោះ វាបង្កប់តែបញ្ហា សម្រាប់ប្រជាជន ឯផលប្រយោជន៍វាបានទៅលើមន្ត្រីជំនាញ

    ដែលស៊ីប្រាកខែរជាតិ ហើយបំផ្លាញជាតិថែមទៀត។ ជាក់ស្ដែងដូចជានយោបាយឲ្យមានការ

    កាត់ឡូត៍នេសាទ កែប្រែដីធ្លី និងព្រៃឈើ ហើយមានការបង្កើតសហគមន៍ដើម្បីប្រជាជនថ្នាក់

    មូលដ្ឋានមានសិទ្ធិទទួលផលនិងគ្រប់គ្រងការពារ ប៉ុន្តែផ្ទុយទៅវិញគឺសហគមន៍មានសិទ្ធិត្រិម

    តែការពារគ្រប់គ្រង រីឯការទទួលផលគឺត្រូវបានទៅលើមន្ត្រីជំនាញឯណោះវិញ

    មិនត្រឹមតែប៉ុណ្ណោះថែមទាំងចូលរួមបំផ្លាញធនធានជាមួយនិងជនល្មើសនិងថែមទៀត។

    ដើម្បីស្ដារធនធានប្រទេសជាតិឡើងវិញទាល់តែរដ្ឋាភិបាលត្រូវតែរំលាយមន្រ្តីសា្ថបន័

    ជំនាញទាំងនោះចេញ។ ឧទាហរណ៍កាលពីជំនាន់សង្គមរាស្ដ្រនិយម គ្មានមន្ត្រីជំនាញណា

    ច្រើនស្កេកស្កះដូចនេះទេ គឺមានត្រឹមតែមន្ត្រីមេព្រៃប៉ុណ្ណោះ និងមេជលផលប៉ុណ្ណោះ។

    ឥឡូវមានទាំងមន្ត្រីការិយាល័យ មន្ត្រីសង្កាត់ មន្ត្រីខណ្ឌ មន្ត្រីនាយកដ្ឋាន មន្ត្រីរដ្ឋលេខាដ្ឋាន

    មន្ត្រីអាជ្ញាធរដែនដី មន្ត្រីយោធា មន្ត្រីនគបាល មន្ត្រីបរិស្ថាន មន្ត្រីសេដ្ឋកិច្ច ។ល។

    មន្រ្តីទាំងអស់នេះគឺសុទ្ធតែចូលរួមកំទេចបំផ្លិចបំផ្លាញធនធានធម្មជាតិដណ្ដើមគ្នា

    ហែកស៊ីដូចសត្វឆ្កែអីចឹង! ចឹងហើយបានធនធានស្រុកខ្មែរវាឆាប់ហិនហោច

    ព្រោះតែអំណាច រៀងៗខ្លួន ជំនាញរៀងៗខ្លួន និងអាងមានខ្នងរៀងៗខ្លួន ដែមមានក្រុម

    ឧកញ្ញានិងឯកឧត្តមនៅពីក្រោយ។ ដូចនេះ ហត្ថលេខា និងត្រាក្រហមរបស់លោកហ៊ុនសែន

    អត់មានតំលៃ ត្រូវបានក្រុមនេះកោតខ្លាចនិងគោរពត្រាប់តាម។