ដីសម្បទាននៅកម្ពុជាស្ទើរទាំងអស់ប៉ះពាល់និងធ្វើឲ្យពលរដ្ឋកាន់តែក្រ

សម្បទាន​ដី​តំបន់​បុរីកីឡា​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​អត់​ទី​ជម្រក​ដល់​សព្វ​ថ្ងៃ។

សម្បទាន​ដី​តំបន់​បុរីកីឡា​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​អត់​ទី​ជម្រក​ដល់​សព្វ​ថ្ងៃ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ស្ទើរ​តែ ១០០ ភាគរយ​ពាក់​ព័ន្ធ​នឹង​អចលន​ទ្រព្យ​ដែល​មាន​ម្ចាស់​កាន់​កាប់​ឬ​មាន​អ្នក​ស្រុក​រស់​នៅ ដោយ​មិន​មាន​ការ​សួរ​នាំ​ឬ​ការ​ពិគ្រោះ​យោបល់ ហើយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ដី​និង​ធ្វើ​ឲ្យ​ជីវភាព​ពួក​គេ​កាន់​តែ​ដុន​ដាប។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​លើ​ការងារ​នេះ។

របាយ​ការណ៍​របស់​អង្គការ​គោល​នយោបាយ​ដីធ្លី និង​អង្គការ​គំនិត​ផ្តួច​ផ្តើម​និង​ធនធាន បាន​រក​ឃើញ​ថា គំរូ​នេះ​ជា​រឿង​ធម្មតា ក្នុង​ការ​ធ្វើ​សម្បទាន​ចំនួន ៧៣០០០ នៅ​ក្នុង​ប្រទេស​ចំនួន ៨ ដែល​គេ​បាន​សិក្សា​និង​បាន​រក​ឃើញ​ថា ជាង ៩៣ ភាគ​រយ ពាក់​ព័ន្ធ​នឹង​ដី​ដែល​មាន​មនុស្ស​រស់​នៅ។

របាយ​ការណ៍​នេះ​បន្ត​ទៀត​ថា ជម្លោះ​រវាង​ក្រុម​ហ៊ុន​និង​សហគមន៍​នៅ​ក្នុង​ប្រទេស​មួយ​និង​សម្រាប់​គម្រោង​មួយ បាន​ចំណាយ​គិត​ជា​មធ្យម ១០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក Andy White អ្នក​សម្រប​សម្រួល​សិទ្ធិ​និង​ធនធាន​បាន​ថ្លែង​ថា៖ «ជម្លោះ​ទាំង​អស់​នេះ​និង​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​វិនិយោគិន​ប្រឈម​មុខ គឺ​អាច​ចៀស​ផុត​បាន។ ក្រុម​ហ៊ុន​និង​រដ្ឋាភិបាល​ដែល​ជាប់​ពាក់​ព័ន្ធ​ចាំ​បាច់​ត្រូវ​គោរព​ទាំង​ស្រុង ហើយ​ជនជាតិ​ដើម​ភាគ​តិច​និង​សហគមន៍​ព្រៃ​ឈើ នៅ​គ្រប់​ទិដ្ឋភាព​នៃ​ការ​ធ្វើ​វិនិយោគ​មិន​មែន​ជា​អ្នក​ឈរ​មើល​ហេតុ​ការណ៍​ដែល​គេ​ទុក​ដោយ​ឡែក​ទេ»។

ការ​វិភាគ​ពី​ជម្លោះ​ដី​សម្បទាន​ចំនួន ១០០ ករណី​ដែល​មាន ៣ ករណី​នៅ​កម្ពុជា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​របៀប​និង​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ទំនាស់។ ភាគ​ច្រើន​នៃ​ជម្លោះ​នេះ បាន​វិវត្ត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​គម្រោង​ដោយ​សារ​មិន​បាន​ពិភាក្សា​ជាមួយ​អ្នក​ស្រុក។

របាយ​ការណ៍​នេះ​បន្ត​ដែរ​ថា៖ «ទីពីរ​គេ​អាច​កាត់​បន្ថយ ហានិភ័យ​បាន​ដោយ​រក្សា​នូវ​ស្តង់ដារ​បរិស្ថាន​ដ៏​រឹង​មាំ ព្រោះ​ច្បាប់​បរិស្ថាន គឺជា​ប្រភព​សាមញ្ញ​បំផុត​នៃ​ការ​មិន​បាន​អនុវត្ត​ពាក់​ព័ន្ធ​នឹង​ការ​ពិន័យ និង​បណ្តឹង»។ លើស​ពី​នេះ​ដោយ​គ្មាន​ទំនាក់​ទំនង​ដ៏​រឹង​មាំ​និង​ការ​បង្កើត​ឲ្យ​មាន​ទំនុក​ចិត្ត​ជាមួយ​សហគមន៍​ការ​តាំង​លំនៅ​ជា​ថ្មី និង​សំណង់​ជាដើម។

ទោះ​ជា​យ៉ាង​ណា​នៅ​កម្ពុជា អ្នក​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​សហគមន៍​បុរី​កីឡា នឹង​ត្រូវ​បាន​សន្យា​ថា ផ្តល់​លំនៅឋាន​ជា​ថ្មី​កាល​ពី ឆ្នាំ​២០០៣ ហើយ​ដែល​មើល​ឃើញ​ថា ពួក​គាត់​ត្រូវ​គេ​បោះ​បង់​ចោល បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រកាស​ពី​ភាព​ក្ស័យធន បាន​ឱ្យ​ដឹង​ថា បញ្ហា​នេះ​គឺ​មក​ពី​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

លោក ឆាយ គឹមហ៊ន ជា​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា បាន​លើក​ឡើង​ថា៖ «ប្រសិន​បើ​ក្រុម​ហ៊ុន​និង​មន្ត្រី​រាជ​រដ្ឋាភិបាល​គោរព​និង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ជាមួយ​សហគមន៍​នោះ ពលរដ្ឋ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ។ លោក គឹមហ៊ន បន្ត​ថា៖ «គឺ​អាជ្ញាធរ​និង​ក្រុម​ហ៊ុន​ទេ ដែល​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ខក​ចិត្ត​កន្លង​មក​នេះ»៕

រាយការណ៍​បន្ថែម​ដោយៈ ឃុត សុភចរិយា


What Next?

Recent Articles

2 Responses to "ដីសម្បទាននៅកម្ពុជាស្ទើរទាំងអស់ប៉ះពាល់និងធ្វើឲ្យពលរដ្ឋកាន់តែក្រ"

  1. ?? says:

    I agree whit this articles it is so sad for our nation . how can you trust PAGODA kid to be that smart how can he competing whit the world economic .useless, hopeless.that all cam from willing less of this uneducated leader. peace for all

  2. សែនសម្បូរចោរក្បត់ជាតិ យកប្រជាជនធ្វើចំណាប់ខ្មាំង says:

    នេះហើយជានយោបាយឈ្នះៗធ្វើអ្នកមានសម្រាប់បក្ខពួកមន្រ្តីគណបក្សប្រជាជន
    ក្រោមការដឹកនាំរបស់ ហ៊ុន សែន កញ្ជះដីសម្បទានដាច់ថ្លៃ
    នយោបាយនេះធ្វើឱ្យប្រជាជនខ្មែរក្រីក្រ មានបានតែពួកមន្រ្តីគណបក្សប្រជាជនតែប៉ុណ្ណោះ !