សមា​ជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់​មិន​បោះប​ង់​អាសនៈ​សភារបស់ខ្លួន ​ឲ្យ​សហ​សេវិក​ដែល​ជាប់​ពន្ធ​នាគារ

ដោយ | December 9, 2014

ខេមបូឌា ដេលី

លោក យន្ត ថារូ សមាជិក​​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោក​នឹង​មិនបោះ​បង់​អាសនៈ​សភា​របស់​លោក​ដើម្បី​បើក​ផ្លូវ​​សម្រាប់​លោក មាជ សុវណ្ណរ៉ា មន្ត្រី​គណបក្ស​​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ឡើយ ដោយ​លើក​ឡើង​ថា ក្នុង​នាម​ជា​សមា​ជិក​សភា​​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ លោក​គួរ​នៅជា​​តំណាង​ផល​ប្រយោជន៍​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​​។

បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក មាជ សុវណ្ណរ៉ា កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពីបទ​ “កុបកម្ម​” មក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ស្នើ​ជា​សាធារណៈ​ថា​ លោក យន្ត ថារូ អាចលាលែង​​ដើម្បី​អនុញ្ញាត​មន្ត្រី​ដែល​ជាប់​ពន្ធនាគារ​កាន់​កាប់​អាសនៈ​របស់​លោក និងមាន​អភ័យ​​ឯកសិទ្ធិ​សភា​រួចផុតពីការ​ផ្ដន្ទាទោស​ទាក់​ទង​នឹងករណី​នេះ​។

ប៉ុន្តែ​លោក យន្ត​ ថារូ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្នុង​នាម​ជា​សំឡេងក្នុង​សភា​​តែ​មួយ​គត់តំណាង​ឲ្យ​ខ្មែរ​ក្រោម​​ ជាជនជាត​ិ​ដើម​ភាគតិចខ្មែរ​​ដែល​រស់​នៅ​ក្នុង​​​អតីត​ខេត្ត​ខ្មែរ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ លោក​មិន​​អាចបោះ​បង់​អាសនៈ​របស់​ខ្លួន​ឲ្យ​លោក មាជ សុវណ្ណរា៉ បាន​ទេ​។

លោក យន្ត​ ថារូ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់ពី​សួរ​សុខទុក្ខ​សហសេវិក​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា “ខ្ញុំ​នឹង​មិន​លាលែង​ដើម្បី​ផ្តល់តួនាទីនេះដល់​គាត់​ឡើយ​ ពីព្រោះ​ខ្ញុំ​ជា​សមាជិក​សភា​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​តំណាង​ឲ្យ​សំឡេង​ខ្មែរ​ក្រោម​នៅ​សភា”។ លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ខ្ញុំ​ជួប​ជាមួយ​គាត់​នៅ​ពន្ធនាគារ​ យើង​មិន​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្ដម សម រង្ស៊ី បានទាក់​ទង​មក​ខ្ញុំ​​ ដែល​លោក​បាន​សុំ​ឲ្យ​ខ្ញុំ​លាលែង​​ ប៉ុន្តែ​​ខ្ញុំ​បាន​ប្រាប់​លោក​ថា ខ្ញុំ​នឹង​មិន​លាលែង​ទេ ពីព្រោះ​ប្រជា​ជន​ខ្មែរ​ក្រោម​ត្រូវ​ការ​សំឡេង​របស់​ខ្ញុំ​”។ លោក​បាន​បន្ថែម​ថា “ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​ស្ងប់​ស្ងាត់ ហើយ​គ្មាន​នរណា​ម្នាក់​មក​សួរ​ខ្ញុំ​អំពី​បញ្ហា​នេះ​ទៀត​ទេ​”។

លោក យន្ត ថារ៉ូ​ ធ្លាប់​បាន​ដឹក​​នាំ​សមាគម​ខ្មែរក្រោមដើម្បី​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​​ មុន​​ពេល​​​ធ្វើ​ជា​សមាជិក​សភា​គណបក្ស​ សម រង្ស៊ី ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣។

នៅ​ពេល​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមា​ជិក​សភា​​មណ្ឌល​បន្ទាយ​មានជ័យ​ម្ដង​ទៀត ហើយ​ពេល​នេះ​ក្នុង​នាម​ជា​បេក្ខ​ជន​លេខ​រៀង​ទី២​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​សម្រាប់​ខេត្ត​នេះ។

លោក មាជ សុវណ្ណរា៉ ជា​បេក្ខជន​លេខរៀង​ទី៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ទទួលបាន​អាសនៈ​របស់​លោក យន្ត ថារូ ដោយ​ស្វ័យ​ប្រវត្តិ​ប្រសិន​បើលោក​បាន​លាលែង​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រៅ​ពី​ផល​ប្រយោជន៍​នេះ ការ​​លាលែង​របស់​លោក យន្ត ថារូ អាច​ផ្ដល់​​ឱកាសដល់​លោក មាជ សុវណ្ណរា៉ នោះ​ លោក​ក៏​ចង់​ឲ្យ​សមាជិក​សភា​រូប​នេះ​លះ​បង់​អាសនៈ​សភា​របស់​លោកដែរ ពីព្រោះ​​កាល​​ពី​ពេល​ថ្មីៗ​នេះ​លោក​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា “ខ្ញុំ​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ ប៉ុន្តែ​ទាក់​ទង​លោក យន្ត ថារូ យើង​ត្រូវ​បន្តធ្វើ​ដោយសន្សឹមៗ ពីព្រោះ​គាត់​មាន​សុខភាព​មិន​ល្អ។ គាត់​មាន​​ជំងឺ​ដាច់​សរសៃ​​ឈាម​​ក្នុង​ខួរ​ក្បាល ហើយ​យើង​មិន​ចង់​សួរ​គាត់​ខ្លាំងៗនោះ​ទេ”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា បញ្ហា​សុខភាព​របស់​លោក យន្ត ថារូ ធ្ងន់ធ្ងរ​ណាស់សម្រាប់គាត​់​​មិន​អាច​បន្ត​ធ្វើជា​សមាជិក​សភា​បាន​ឡើយ​ ទោះ​បី​ក្រោយ​ការ​ពិចារណា​ពីការ​ពិត​ដែល​ថា លោក យន្ត ថារូ ជា​សមាជិក​សភា​តំណាង​​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ក៏ដោយ។

ប៉ុន្តែ​លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា លោក​មិន​លាលែង​តាម​សំណើរបស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​បាន​អះអាង​ថា លោក​នៅ​តែ​បន្ត​ការងារ​​របស់​លោក​ដដែល​។ លោក​ យន្ត ថារូ បាន​សង្កត់​ធ្ងន់​ថា “ខ្ញុំ​មាន​សុខភាព​ល្អ។ ខ្ញុំ​អាច​ចុះ​ទៅ​តាម​ភូមិ​ ជួប​ប្រជា​ជន​ និង​ធ្វើ​ការ​ងារ​របស់​ខ្ញុំ​នៅ​រដ្ឋសភា​បាន​។ ខ្ញុំ​មិនមានបញ្ហា​សុខភាព​ឡើយ​”៕

សារុន​ (រាយ​ការណ៍​​បន្ថែម​ដោយ Alex Willemyns)

What Next?

Recent Articles

2 Responses to "សមា​ជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់​មិន​បោះប​ង់​អាសនៈ​សភារបស់ខ្លួន ​ឲ្យ​សហ​សេវិក​ដែល​ជាប់​ពន្ធ​នាគារ"

  1. ចៅអាំងចេក says:

    ប្រពន្ធសមរង្សីឬកឹម សុខាគួរលាលែងជាគម្រូដល់មន្រ្តីបក្សប្រឆាំង បើចិត្តសឿង

    តែពួកនេះក្រាញអំណាចណាស់។

  2. people says:

    i support mr taro ‘ you have been working hard and people trust you and vote for you so don’t resign for mr sovanara ,because this game of politic must find the other solution .GOD bless you mr taro and GOD bless all cambodian people’