Thu, 25 December 2014
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បង្ហើបពីមន្តស្នេហ៍កូនស្រីនាង ព្រះកាយ ច័ន្ទ ត្រូវហ្វូងកន្លង់តាមឆ្វែលនោះ លោក ពៅ ច័ន្ទតារា បានអះអាងថា ពេលនេះមានបុរសជាថៅកែនៅឯនាយសមុទ្រពីរនាក់ទទូចសុំចូលស្តីដណ្តឹង ព្រះកាយ ច័ន្ទ។
លោក ពៅ ច័ន្ទតារា ប្រាប់ថា៖ «ព្រះកាយ ច័ន្ទ រាល់ថ្ងៃពិតជាមានបុរសក្រៅស្រុកពីរនាក់តាមសុំស្នេហ៍មែន ហើយអ្នកនៅក្នុងស្រុកក៏មានផងដែរ»។
លោកបន្តថា៖ «បុរសៗទាំងអស់ដែលមានបំណងទាក់ទងមកកូនស្រីខ្ញុំ ព្រះកាយ ច័ន្ទ មិនថា តែការងារទេ សូម្បីតែក្នុងន័យស្នេហា ក៏គេមិនរំលងខ្ញុំជាឪពុកដែរ ខ្ញុំដឹងតែទាំងអស់ហ្នឹង»។
មនុស្សជាច្រើន ពិសេសអ្នកនៅក្នុងសិល្បៈ សុទ្ធតែដឹងថា តារាសិល្បៈរាងខ្ពស់ស្រឡូន អតីតកញ្ញា ឯកប្រ៊ិជស្តូន ព្រះកាយ ច័ន្ទ ដែលមានជំនាញជាគ្រូបង្ហាត់របាំផងនោះ ត្រូវបានឪពុកដើរតាមគ្រប់ជំហាន ហើយក៏មិនដែលមានអាថ៌កំបាំងណានាងលាក់ពីក្រុមគ្រួសារដែរ បើសូម្បីតែផ្លាស់សម្លៀកបំពាក់ពេលខ្លះក៏ផ្លាស់មុខឪពុកនាងដែរ។
ទទួលស្គាល់ពីការលើកឡើងនេះ ឪពុក ព្រះកាយ ច័ន្ទ អួតពីកូនស្រីថា៖ «កូនស្រីខ្ញុំបានដូចចិត្ត មិនដែលធ្វើអ្វីឲ្យឪពុកម្តាយថ្នាំងថ្នាក់ដោយសារទង្វើណាមួយ ដែលក្រុមគ្រួសារមិនចូលចិត្តនោះទេ។ មិនឲ្យនាងកាន់ទូរស័ព្ទនាងក៏មិនទាមទារដែរ កូនស្រីខ្ញុំទៀតនាងក៏មិនចង់កាន់ទូរស័ព្ទដែរ ហេតុនេះហើយទូរស័ព្ទខ្ញុំកាន់ អ្នកណាខលមកក្នុងការងារអ្វីខ្ញុំជាអ្នកទទួលមុន ទើបនាងនិយាយតាមក្រោយ»។
ឪពុក ព្រះកាយ ច័ន្ទ បញ្ជាក់ថា៖ «ដូចបុរសអាណិកជនរស់នៅនាយសមុទ្រទាំងពីរនាក់ហ្នឹងអ៊ីចឹង ខ្ញុំដឹងថា គាត់ស្រឡាញ់កូនខ្ញុំ និងដឹងថា គាត់ចង់ចូលស្តីកូនខ្ញុំ ដូច្នេះគាត់បាននិយាយទូរស័ព្ទឆ្លើយឆ្លងជាមួយខ្ញុំដោយផ្ទាល់»។
លោកបន្ថែមថា៖ «បុរសទាំងពីរនាក់នោះបានព្យាយាមទាក់ទងកូនស្រីខ្ញុំអស់រយៈពេលប្រមាណ ៤ ខែមកហើយ ដោយអ្នកទាំងពីរគឺសុទ្ធតែចង់បាន ព្រះកាយច័ន្ទ ជាគូអនាគត ដូចគ្នា។ មានពេលខ្លះពួកគេ និយាយស្នើសុំខ្ញុំត្រង់ៗ សុំចូលស្ដីកូនស្រីតាមច្បាប់ ទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង»។
យ៉ាងណា នៅមិនដឹងថា បុរសអាណិកជនទ្រព្យស្តុកទាំងពីរនោះ អ្នកណាម្នាក់មានសំណាង បានឃុំគ្រងបេះដូងស្រីស្រស់ ព្រះកាយ ច័ន្ទ នោះទេ។ បើតាមការបង្ហើបពីឪពុកនាង បុរសទាំងពីរហាក់មិនទាន់មានម្នាក់ណាទទួលបានក្តីសង្ឃឹមនោះនៅឡើយ តែក៏អាស័្រយលើចិត្តអំណត់របស់ពួកគេដែរ។
លោក ពៅ ច័ន្ទតារា ប្រាប់ថា៖ «ខ្ញុំមិនចិញ្ចឹមកូនស្រីទុកទេ តែពេលនេះក៏មិនទាន់បង្ហាញសញ្ញាថា យល់ព្រមដែរ»។ ឪពុក ព្រះកាយ ច័ន្ទ បន្តថា៖ «មិនមែនបុរសអាណិកជនក្រៅប្រទេសពីរនាក់នោះ គ្មានគុណសម្បតិ្តធ្វើឲ្យខ្ញុំមិនពេញចិត្តនោះទេ រឿងមាននោះមានហើយ ពិសេសគេក៏មានចិត្តព្យាយាមក្លាហាននិយាយជាមួយខ្ញុំចំៗដែរ តែខ្ញុំចង់ឲ្យកូនស្រីនៅបន្តការងារសិល្បៈឲ្យបានកាន់តែប្រសើរជាងនេះសិន»។
លោក ពៅ ច័ន្ទតារា លើកឡើងថា៖ «បំណងកូនស្រីខ្ញុំ ព្រះកាយ ច័ន្ទ នាងចង់មានកេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈ ហើយក៏ចង់ឲ្យល្បីជាងសព្វថ្ងៃនេះដែរ។ ពេលនេះនាងកំពុងតែទទួលបានការងារសិល្បៈកាន់តែច្រើន ពិសេសការងារសិល្បៈនៅក្នុងតំណែងតួឯក ហើយស្របពេលនេះក៏ចង់ឲ្យនាងប្រឡូកការងារនេះឲ្យច្រើនដែរ ព្រោះនាងក៏នៅវ័យក្មេង»។
លោក ពៅ ច័ន្ទតារា បង្ហាញថា ព្រះកាយច័ន្ទ កំពុងមមាញឹកនឹងការថតខ្សែភាពយន្តខ្នាតធំក្នុងតំណែងតួឯករឿង «កូនខ្ញុំចម្លែក» និងវីដេអូភាគរឿង «ស្នេហ៍អមតៈ» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ផងដែរ»៕
ឃើញរូបអូន ច័ន្ទ ពីក្មេង លាបក្រែមក្រហមង៉ៅ សក់ពណ៍ហ្នឹង អៀមក្រហកហ្នឹង
បងចង់ឱបថើបណាស់ !
ប៉ុន្តែរូបអូនឥឡូវធំទៅខុសពីក្មេងថ្ពាល់ចេញក្លែបមិនដូចរូបអូនពីក្មេងសោះ ។