ដោយ ឡេង ម៉ាលី
2015-01-11
RFA

២២-វិច្ឆិកា-២០១១៖ ជនជាប់ចោទ ខៀវ សំផន នៅក្នុងសវនាការបឋមសំណុំរឿង ០០២ ថ្ងៃទី២។ Photo courtesy of ECCC
មេធាវីការពារក្ដីឱ្យជនជាប់ចោទនៅក្នុងសំណុំរឿង ០០២ វគ្គ ២ ឱ្យដឹងថា ជនជាប់ចោទ ខៀវ សំផន ដែលមានជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យ មានស្ថានភាពល្អខ្លះហើយ។ មន្ត្រីសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ពេទ្យត្រូវពេលវេលាបួន ឬប្រាំថ្ងៃ សម្រាប់ពិនិត្យតាមដានជំងឺ។
មេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន នៅក្នុងសំណុំរឿង ០០២ វគ្គ ២ គឺលោក គង់ សំអុន ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី១១ មករាថា ស្ថានភាពសុខភាពរបស់កូនក្ដីលោក បានគ្រាន់បើជាងមុន ទោះជាត្រូវនៅបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ៖ «ជាទូទៅបានប្រសើរហើយមកដល់ពេលនេះ ប៉ុន្តែការព្យាបាលនៅតែមានធ្វើបន្ត។ អ៊ីចឹងលោកមិនបានចាកចេញទេ»។
រហូតមកដល់ល្ងាចថ្ងៃអាទិត្យ ទី១១ មករា ដដែល អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ស្ថានភាពសុខភាពជនជាប់ចោទ ខៀវ សំផន នៅថេរ ហើយការបន្តសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយនេះ គឺដើម្បីទុកពេលឱ្យក្រុមគ្រូពេទ្យតាមដាន និងព្យាបាលជំងឺរបស់គាត់៖ «បានន័យថា ស្ថានភាពសុខភាពរបស់គាត់ស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ ហើយរបាយការណ៍លម្អិតទាក់ទងនឹងស្ថានភាពសុខភាពថា តើមានការវិវឌ្ឍយ៉ាងម៉េច យើងមិនទាន់បានទទួលនៅឡើយទេ ហើយយើងសង្ឃឹមថា នៅដើមសប្ដាហ៍នេះ របាយការណ៍របស់ក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់អង្គជំនុំជម្រះសាលាដំបូង»។
គ្រូពេទ្យប្រចាំសាលាក្ដីខ្មែរក្រហម សម្រេចបញ្ជូនជនជាប់ចោទ ខៀវ សំផន ទៅមន្ទីរពេទ្យភ្លាមៗ កាលពីនៅរសៀលថ្ងៃទី៨ មករា ដោយសារបញ្ហាវិលមុខខ្លាំង និងសម្ពាធឈាមគាត់ឡើងខ្ពស់ ដែលធ្វើឱ្យគាត់មិនអាចចូលរួមសវនាការបាន។
បញ្ហានេះ បណ្ដាលឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ដែលចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញនៅថ្ងៃទី៨ មករា នោះ បង្ខំចិត្តផ្អាកសវនាការរបស់ខ្លួនលើសំណុំរឿង ០០២ វគ្គ ២ នោះ។ អង្គជំនុំជម្រះសាលាដំបូងគ្រោងចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញ នៅថ្ងៃទី១៥ មករា។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែងបន្ថែមថា តាមស្ថានភាពសុខភាពរបស់កូនក្ដីលោកដូចពេលនេះ កូនក្ដីលោកអាចនឹងចូលរួមសវនាការនៅថ្ងៃទី១៥ មករា ខាងមុខបាន៖ «បើសិនជាស្ថានភាពនៅបន្តប្រសើរបែបនេះ អាហ្នឹងប្រហែលជាគាត់អាចចូលបាន លើកលែងតែមានបញ្ហាអីផ្សេងទៀតទាក់ទងសុខភាពរបស់គាត់។ ប៉ុន្តែបើស្ថានភាពបច្ចុប្បន្ននេះ មើលទៅឃើញថា ការព្យាបាលរបស់ពេទ្យមានលក្ខណៈល្អប្រសើរ»។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញ លើសំណុំរឿង ០០២ វគ្គ ២ បន្តទៀត កាលពីនៅព្រឹកថ្ងៃទី៨ មករា ហើយស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ មាស សុខា បានមួយព្រឹក។ សក្ខីកម្មរបស់សាក្សីឈ្មោះ មាស សុខា គឺទាក់ទងទៅនឹងរឿងរ៉ាវនៅសហករណ៍ត្រាំកក់ ការប្រព្រឹត្តទៅលើពុទ្ធសាសនិក និងមន្ទីរសន្តិសុខក្រាំងតាចាន់ នៅខេត្តតាកែវ ដែលជាអង្គហេតុនៅក្នុងសំណុំរឿង ០០២ វគ្គ ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការលើសំណុំរឿងលោក ខៀវ សំផន បណ្ដោះអាសន្ន
- លោក ខៀវ សំផន ចូលសម្រាកពេទ្យបន្ទាប់ចូលរួមសវនាការបានមួយព្រឹក
- សាលាក្ដីខ្មែរក្រហមបញ្ជូនកំហុសវិជ្ជាជីវៈមេធាវីលោក ខៀវ សំផន ទៅអង្គភាពមានសមត្ថកិច្ច
- អាដហុកបញ្ជ្រាបការយល់ដឹងពីសាលាក្តីខ្មែរក្រហមដល់ពលរដ្ឋនៅខេត្តក្រចេះ
- សាលាក្ដីខ្មែរក្រហមបង្គាប់ឲ្យតែងតាំងមេធាវីប្រចាំការថ្មីដល់ខៀវសំផន
- អង្គជំនុំជម្រះសម្រេចរកមេធាវីថ្មីដើម្បីការពារក្ដីជនជាប់ចោទ ខៀវ សំផន
- លោកខៀវសំផននៅតែមិនឱ្យមេធាវីលោកចូលរួមសវនាការរឿង០០២វគ្គ២
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការព្រោះអវត្តមានមេធាវីរបស់ជនជាប់ចោទ ខៀវ សំផន
- មេធាវីការពារក្ដីជនជាប់ចោទក្នុងសំណុំរឿង០០២វគ្គ២នៅតែរក្សាជំហរមិនចូលសវនាការ
ខៀវ សំផន បានបញ្ចេញទស្សនះវណ្ណះកសិករតាមរយះទិសស្លោកថា “កសិករ ជាទាសករលើដីស្រែខ្លួនឯង” ដូចនេះវណ្ណះកសិករត្រូវតែក្រោកឡើងតស៊ូប្រឆាំងនឹងពួកវណ្ណះសកិ្តភូមិ នាយទុន និងរដ្ឋាភិបាលពុករលួួយ មហាពុករលួយ កត្តានេះជាចំណែកបញ្ចេះកំហឹងនិងកើតឡើងជាការប្រយុទ្ធយ៉ាងស្វិតស្វាញ ។