ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅបន្តខ្វែងគំនិតគ្នា ក្នុងការកំណត់ថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃហែក្បួនឃោសនា ខណៈគណបក្សកាន់អំណាចចង់កាត់បន្ថយចំនួនថ្ងៃឃោសនា ។
ក្រោយពីកិច្ចពិភាក្សាកាលពីរសៀលថ្ងៃចន្ទម្សិលមិញ តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន លើកឡើងថា គណបក្សនេះចង់ឲ្យយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល៣០ថ្ងៃដូចដែលមានកំណត់ក្នុងច្បាប់បោះឆ្នោតចាស់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់ឲ្យបន្ថយការឃោសនាបោះឆ្នោតមកនៅតែ១៤ថ្ងៃវិញ ។ ចំណែកការហែក្បួនឃោសនា គណបក្សកាន់អំណាចចង់ឲ្យធ្វើតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃដំបូង និងថ្ងៃបញ្ចប់នៃយុទ្ធនាការ ។ ប៉ុន្តែគណបក្សសង្រ្គោះជាតិជំទាស់ ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថាការកំណត់ថ្ងៃឃោសនាតិច នាំឲ្យមានការបិទសេរីភាពក្នុងការបញ្ចេញមតិ ហើយម្ចាស់ឆ្នោតទទួលព័ត៌មានមិនគ្រប់គ្រាន់ ។ លោកបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិចង់ឲ្យរក្សាដដែលនេះ គឺក្នុងគោលដៅមួយកុំឲ្យឃើញត្បិតត្បៀតសេរីភាពសេរីភាពនៃការបញ្ចេញមតិ ពីព្រោះនៅក្នុងរដ្ឋធម្មនុញ្ញយើង មាត្រា៣០ គឺថាសេរីភាពពេញលេញសម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ មានសិទ្ធិពេញលេញសេរីភាពនៃការបញ្ចេញមតិ ហើយជាពិសេសគេកាន់តែសិទ្ធិពិសេសថែមទៀតនៅក្នុងឱកាសនៃការស្វែងរកការគាំទ្រ ពីព្រោះ៥ឆ្នាំទើបមានតែរយៈពេល៣០ថ្ងៃ សម្រាប់ផ្សព្វផ្សាយអំពីកម្មវិធីគោលការណ៍ គោកនយោបាយរបស់ខ្លួន សម្រាប់ដឹកនាំរដ្ឋាភិបាលនៅពេលគណបក្សណាដែលឈ្នះឆ្នោត» ។
ទោះជាយ៉ាងណា តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងថាការកាត់បន្ថយថ្ងៃឃោសនា គឺជាការបន្ថយចំណាយថវិកាឃោសនាបោះឆ្នោត និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ជាដើម ។ លោកថា «គណបក្សប្រជាជន ចង់កាត់បន្ថយការប្រឈមក្នុងសង្គម ។ ឧទាហរណ៍ថាយើងនៅភ្នំពេញអ៊ីចឹង វារាំងស្ទះចរាចរណ៍ បើឃោសនាតែបួនដប់ថ្ងៃ យើងគិតចុះ ហែរាល់តែថ្ងៃហ្នឹង រកតែទៅផ្សារមិនបានដែរ។ អ៊ីចឹងប្រជាពលរដ្ឋត្រូវទិញឥវ៉ាន់មកទុកនៅផ្ទះ ហើយអង្គុយហូបនៅផ្ទះ អត់មានទៅផ្សារបានទេ បើហែយ៉ាងហ្នឹង ។ អ៊ីចឹងយើងកុំឲ្យវាខាតបង់លុយកាក់ឃោសនាហ្នឹង គឺថាវាទាំងអស់គ្នាទេរឿងហ្នឹង» ។
ទោះជាយ៉ាងណា បញ្ហាខ្វែងគំនិតនេះក្រុមការងាររបស់គណបក្សទាំងពីរបញ្ជាក់ថា នឹងលើកសំណើនេះទៅថ្នាក់ដឹកនាំដើម្បីសម្រេច ។ ហើយគណបក្សទាំងពីរនឹងបន្តការចរចានៅថ្ងៃសុក្រ សប្តាហ៍នេះទៀត ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ(និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថាគណបក្សទំាងពីរគួរតែកំណត់យកថ្ងៃឃោសនាដូចច្បាប់ចាស់ ដើម្បីផ្តល់ឱកាសដល់បក្សនយោបាយដែលមានធនធានតិច ប្រើប្រាស់ពេលវេលាគ្រប់គ្រាន់ សម្រាប់ហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួនប្រាប់ទៅម្ចាស់ឆ្នោត ។ លោកបន្ថែមថា «គណបក្សទាំងពីរ គួររក្សាច្បាប់ចាស់ដដែល បានន័យថាឃោសនា៣០ថ្ងៃ ទាំងការហែក្បួន ទាំងការឃោសនាធម្មតា ។ នេះគឺជាការផ្តល់ឲ្យឱកាសគណបក្សនយោបាយ ដែលលោកមានធនធានតិចអាចប្រើប្រាស់ពេលវេលាណា ថ្ងៃណាដើម្បីហែក្បួនឲ្យសមស្របនឹងស្ថានភាពនយោបាយនៃគណបក្សរៀងៗខ្លួន ប្រសិនជាយើងកាត់បន្ថយនូវថ្ងៃឃោសនា នេះគឺធ្វើឲ្យគណបក្សដែលមានធនធានច្រើនមានឱកាសច្រើនជាងគណបក្សដែលមិនសូវមានធនធាន» ។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំពុងចរចាត្រង់ជំពូកទី៧ ស្ដីពីការឃោសនាបោះឆ្នោត ដែលមាន២៤មាត្រា ហើយសម្រេចបាន១៤មាត្រា និងខ្វែងគំនិតគ្នាត្រង់ការកាត់បន្ថយថ្ងៃឃោសនា និងថ្ងៃហែក្បួន ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
ហែរអោយច្រើនថ្ងៃបន្តិចទៅបានលុយសាំងម៉ូតូផង បានអំណោយ លុយថ្ងៃ មិនបាច់ធ្វើសំណង់។