ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រកាសថាលោកបានលុបចោលគម្រោងស្នើសុំការស្ថាបនាផ្លូវពីខេត្តកំពង់ឆ្នាំងទៅដល់ខេត្តកំពង់ធំ ដោយលោកយល់ថាគម្រោងនេះនឹងប៉ះពាល់ដល់បរិស្ថាន និងបឹងទន្លេសាប។
ក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមខេត្តកោះកុង លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាគម្រោងផ្លូវជាតិលេខ៥២ពីផ្សារក្រោមកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងទៅភ្នំសន្ទុក ខេត្តកំពង់ធំ ដែលមានតម្លៃប្រហែល២០០លានដុល្លារ ត្រូវបានលុបចោល ដោយសារខ្លាចគម្រោងនេះប៉ះពាល់ដល់បរិស្ថាន និងត្រីនៅក្នុងទន្លេសាប។ លោកបន្តថាការស្ថាបនាផ្លូវនេះនឹងត្រូវចាក់ដីលុបបឹងទន្លេសាប ឬធ្វើស្ពានឆ្លងទឹក ដែលមានប្រវែងប្រហែល៣៨០០ម៉ែត្រ។ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ច្បាស់ពីចម្ងាយផ្លូវដែលត្រូវស្ថាបនានោះទេ តែលោកចាត់ទុកថាមានប្រវែងប្រហែល៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា«បងតឹក!(រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក) ឥឡូវខ្ញ្ញុំសូមលុបចោលហើយ អាគម្រោងផ្លូវ៥២ពីកំពង់ឆ្នាំងដល់កំពង់ធំ។ បញ្ហាថ្លៃអត់ជាចំណោទទេ ព្រោះយើងខ្ចីលុយចិនយកមកធ្វើ។ ខ្ញុំលុបចោលហើយគម្រោងហ្នឹង។ ប្រកាសពីហ្នឹងឲ្យហើយ ដើម្បីសុំអង្វរកអ្នកកំពង់ឆ្នាំង និងកំពង់ធំ។ ចម្ងាយដូចជាមិនឆ្ងាយទេ។ បញ្ហាមិនមែនរឿងលុយទេ តែរឿងមិនច្បាស់លាស់លើបរិស្ថាន» ។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា «ចាំគេ អ្នកកាន់អំណាចជាន់ក្រោយ…២០ឆ្នាំអីទៀត គេនឹកឃើញធ្វើ ។ អាលេងក្នុងទន្លេសាប ខ្ញុំអត់ប្រថុយទេ! អត់ប្រថុយទេ បើឆ្លងកាត់ទន្លេមេគង្គ អូខេ!» ។
លោកនាយករដ្ឋមន្រ្តីស្នើឲ្យផ្លាស់ប្តូរគម្រោងស្ថាបនាផ្លូវនេះទៅការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញវិញ ។
ប្រជាពលរដ្ឋម្នាក់ក្នុងខេត្តកំពង់ឆ្នាំង លោក គីម សេង មានប្រសាសន៍ថាលោកធ្លាប់ឮការនិយាយតៗគ្នាពីការស្ថាបនាផ្លូវនេះ ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ។ លោកបន្តថាជាធម្មតាប្រជាពលរដ្ឋធ្វើដំណើរទៅតាមស្ពានព្រែកក្តាម រួចឆ្លងទៅខេត្តកំពង់ធំ ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
តាមតែក្បាលវ៉ាល់របស់បងទេ ចង់ធើក៏ធើទៅ ចង់ថាម៉េចក៏ថាទៅ មិនបាច់សិក្សា គ្មានច្បាស់លាស់អីទេ។
ដុល្លារមិនទាន់ដល់ បើដល់ទន្លេសាបត្រូវលប់ៗភ្លាម។