ពលរដ្ឋ​បាត់ដំបង៖ ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​ត្រូវ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រុក​រាន​យក

ដោយ ហ៊ុំ ចំរើន
2015-01-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​អើពើ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​លិចទឹក​នោះ​ទេ​​ គឺ​បណ្ដោយ​ឲ្យ​អ្នក​មាន​អំណាច មាន​លុយ​​​​កាក់​វាតទី​យក​ដី​នោះ​​ធ្វើ​ជា​កម្មសិទ្ធិ​​ដោយ​​ខុស​ច្បាប់។ អ្នក​ភូមិ​បញ្ជាក់​ថា​ ​ ព្រៃលិចទឹក ឬ​ព្រៃ​រនាម​រាប់ពាន់​ហិកតារ ត្រូវ​គេ​កាប់​យក​ដី​អស់​ទៅ​ហើយ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ទេ។

​​​​​​​​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​សកម្មភាព​នៅ​តំបន់​ព្រៃលិចទឹក​នោះ​ សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាប់​រុករាន​យក​ដី​នោះ​ថា​ អាច​នឹង​ហិនហោច​អស់​គ្មាន​សល់​​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ ដើម្បី​រក្សា​ព្រៃលិចទឹក​នោះ​ទុកជា​ជម្រក​ត្រី​ពង​កូន​នៅ​ថ្ងៃ​អនាគត។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​កំពង់ព្រៀង​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ថ្លែង​​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និង​សំឡេង​ថា​ ដី​ព្រៃលិចទឹក​នៅ​ក្នុង​តំបន់​២ និង​តំបន់​៣​ ប្រមាណ ២​ពាន់​ហិកតារ​នៅ​ចំណុច​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ត្រូវ​អ្នក​មាន​លុយ​​មាន​អំណាច​ឈ្មោះ​ លោក​ ឡុង​ ផលគុណ​ ​ជា​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បាត់ដំបង រុករាន​​យក​ដី​​ធ្វើ​កម្មសិទ្ធិ ក្នុង​រូបភាព​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​មេ​ភូមិ​កាច់រទេះ​ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាប់​យក​ដី​ ហើយ​កាប់​ព្រៃ​លិច​ទឹក​លក់​ឲ្យ​លោក​ ឡុង​​ ផលគុណ​ ក្នុង​តម្លៃ​មួយ​ហិកតារ​ប្រមាណ ៣០០​ដុល្លារ​អាមេរិក។ ពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា​ អាជ្ញាធរ​ភូមិ​ និង​ឃុំ​សុទ្ធតែ​បាន​ដឹង​រឿង​នេះ ប៉ុន្តែ​មិន​អើពើ​ទប់ស្កាត់​នោះ​ទេ គឺ​ខ្លាច​អំណាច​របស់​ប្រធាន​មន្ទីរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បាត់ដំបង​ លោក​ ឡុង​ ផលគុណ​ មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​លោក​​ធ្វើ​ការ​ងារ​ដើម្បី​ប្រទេស​ជាតិ​​​ គឺ​ពុំ​មាន​ពាក់​ព័ន្ធ​នឹង​ការ​​ទិញ​ដី​ព្រៃ​លិច​ទឹក​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

​​​ចំណែក​ឯ​មេភូមិ​កាច់រទេះ​ ឃុំ​កំពង់ព្រៀង​ លោក សុខ​ ប៊ុនរា មាន​ប្រសាសន៍​បដិសេធ​ថា​ លោក​ពុំ​បាន​ទិញ​ដី​ព្រៃ​លិច​ទឹក​ពី​ប្រជាពលរដ្ឋ​​តម្លៃ ៣​០០​ដុល្លារ​ក្នុង​មួយ​ហិកតារ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ លោក​ទទួល​ស្គាល់​ថា​ ប្រជាពលរដ្ឋ​ពិតជា​លក់​ដី​ព្រៃ​លិច​ទឹក​ដែល​ពួកគាត់​កាន់​កាប់​ខ្លះ​មែន ប៉ុន្តែ​ពុំ​ដឹង​ថា​នរណា​ជា​​អ្នក​ទិញ​ដី​នោះ​ឡើយ៖ «ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ទេ​ ខ្ញុំ​គ្រាន់​តែ​ឃើញ​មាន​គេ​មក​ទិញ​ដី​ព្រៃ​លិច​ទឹក​នោះ​ពី​ប្រជាពលរដ្ឋ​​ ហើយ​មាន​ការ​កក់លុយ​កក់​កាក់​ដល់​ប្រជាពលរដ្ឋ​មែន។ បញ្ហា​នេះ​មេឃុំ​ក៏​គាត់​បាន​ដឹង​ដែរ​ ហើយ​ខ្ញុំ​ក៏​បាន​សាកសួរ​ទៅ​ប្រធាន​មន្ទីរ​ធនធាន​ទឹក ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​នៅ​តំបន់​៣​នោះ​​គួរ​ធ្វើ​យ៉ាង​ម៉េច? ហើយ​ខាង​មន្ទីរ​គាត់​និយាយ​ថា កន្លែង​ណា​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទុក​ដី​នោះ​ឲ្យ​ពួកគាត់ ប៉ុន្តែ​មិន​ឲ្យ​រុករាន​ទៅ​មុខ​នោះ​ឡើយ»

ទោះ​ជា​នេះ​ក្ដី ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​កំពង់ព្រៀង​ ឲ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​​នៅ​ឃុំ​កំពង់ព្រៀង រាប់​ពាន់​ហិកតារ​ ត្រូវ​គេ​កាប់​យក​ដី​អស់​​ព្រៃ​​គ្មាន​សល់ ពុំ​មាន​ជា​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ៖ «បាទ! គេ​កាប់​ព្រៃ​អស់​រាប់ពាន់​ហិកតារ​យក​ដី​លក់​ ក្នុង​នោះ​មាន​គ្រឿង​ម៉ាស៊ីន មាន​ត្រាក់ទ័រ​​ជា​ច្រើន​គ្រឿង​កាប់​ព្រៃ​ផ្ដួល​ចោល​អស់​គ្មាន​សល់»

​​​​​​​​​​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​២ និង​តំបន់​៣ ជា​ដី​ហាមឃាត់​មិន​អាច​ជន​ណា​ម្នាក់​ទៅ​រុករាន​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ឡើយ។

លោក​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​​គួរ​មាន​វិធាន​ទប់ស្កាត់​ដី​ទាំង​នោះ​ជា​បន្ទាន់​​ ដើម្បី​រក្សា​​ទុកជា​ជម្រក​ត្រី​ពង​កូន ជា​ប្រយោជន៍​របស់​ជាតិ​នៅ​ថ្ងៃ​អនាគត៖ «អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​អ្នក​កាប់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​មច្ឆាជាតិ​​នោះ​ឲ្យ​បាន។ ព្រោះ​ការ​កាប់​ព្រៃ​លិច​ទឹក​នេះ​ មិន​មែន​តែ​នៅ​ក្នុង​ស្រុក​សង្កែ​មួយ​នោះ​ទេ​ នៅ​ស្រុក​ឯកភ្នំ ក៏​មាន​ដែរ ហើយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ខ្ញុំ​បាន​ចុះ​ទៅ​តំបន់​ព្រៃលិចទឹក​ជា​មួយ​សហគមន៍​អឺរ៉ុប​​ ប្រទះ​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ​ ត្រូវ​គេ​កាប់​យក​ដី​ធ្វើ​កសិកម្ម​ផង​ និង​ភ្លើង​ឆេះ​ផង​អស់​គ្មាន​សល់។ អ៊ីចឹង​ត្រូវ​តែ​វែក​មុខ​អ្នក​ដែល​កាប់​ព្រៃ​ទាំង​នោះ​យក​ទៅ​​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ​បាន​ចុះ​​បង្ក្រាប​ការ​កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ឃុំ​កំពង់ព្រៀង នោះ​ម្ដង​រួច​ទៅ​ហើយ​ ប៉ុន្តែ​ត្រូវ​បរាជ័យ។ ក្រោយ​មក​​សកម្មភាព​កាប់​រុករាន​ដី​ចេះ​តែ​រីក​ធំ​ឡើយ​ជា​បន្តបន្ទាប់ រហូត​ដល់​អស់​ដី​ព្រៃលិចទឹក​ប្រមាណ​ជាង ២​ពាន់​ហិកតារ។ សកម្មភាព​នេះ​ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​មាន​វិធានការ​ទាន់​ពេល​ទេ​ ព្រៃ​លិច​ទឹក​នៅ​​តំបន់​នោះ​នឹង​ហិនហោច​អស់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​បាត់ដំបង៖ ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​ត្រូវ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រុក​រាន​យក"

  1. ?? says:

    what is this articles talking about Mr ???????????? why you are so blind and stubborn by not seeing any thing wrong at all???????????????? peace for all