​វិភាគ​៖ តើ​ការបង្កើត​ក្រសួង​អន្តោប្រវេសន៍ និង​ការពង្រឹង​នាយកដ្ឋាន​នេះ​មួយណា​សំខាន់​ជាង​?​

ដោយ៖​ ណុល ដា​រ៉ា​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ផ្ទះ​បណ្តែត​ទឹក​របស់​ជន​ជាតិ​វៀតណាម ស្ថិត​ក្នុង​ខេត្ត​កំពុង​ឆ្នាំង

​ក្នុង​ការយាងត្រឡប់​មក​រក​ឆាកនយោបាយ​វិញ របស់​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅ​ដើមឆ្នាំ​២០១៥​នេះ ក្រៅពី​លើកតម្កើង​ខ្លួនឯង ទ្រង់​ក៏​បាន​សរសើរ និង​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។​

​សរសើរ​ត្រង់​ថា​លោក​ហ៊ុន សែន ជា​អ្នក​នាំ​មក​វិញ​នូវ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ ដល់​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន ។ ឯ​ការរិះគន់​វិញ ព្រះអង្គ​មានបន្ទូលថា លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ចង់​បង្កើត​ក្រសួង​អន្តោប្រវេសន៍ ដើម្បី​គ្រប់គ្រង​លំហូរ​ចូល​ជនបរទេស​មក​កាន់​កម្ពុជា​ឡើយ ។​

​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UNTAC  គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់ឆ្នោត ។ កាល​នោះ​មនុស្ស​សំខាន់​បី​នាក់​របស់​គណបក្ស​នេះ រួមមាន​លោក​ស៊ិន សុង​, ស៊ិន សេន (​ស៊ិន ពិន​សេន​) និង​សម្ដេច​នរោត្តម ចក្រពង្ស បាន​បញ្ចេញ​ទ័ព និង​រទេះតង់ ក្នុង​បំណង​បង្កើត​តំបន់​អប្បគមន៍​នៅ​ខេត្ត​ភាគ​ខាងកើត ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ។​

ដើម្បី​បញ្ចៀស​ការបែកបាក់​ជាតិ​បន្តទៀត សម្ដេចព្រះ​នរោត្តម សីហនុ បាន​បង្កើត​ឲ្យមាន​នាយក​រដ្ឋមន្ត្រី​ពីរ​សម្រាប់​កម្ពុជា គឺ​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ ឯ​លោក​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ ។​

​ក្រៅពីនោះ ក្រសួង​សំខាន់ៗ​ពីរ​ដែល​ទាក់ទង​នឹង​កម្លាំងប្រដាប់អាវុធ ក៏​មាន​សហរដ្ឋមន្ត្រី​ដែរ គឺ​ក្រសួង​ការពារជាតិ មាន​លោក ទៀ បាញ់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ទា ចំ​រ៉ាត់ មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។ ឯ​ក្រសួងមហាផ្ទៃ​មាន​លោក ស ខេង មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យូ ហុកគ្រី មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។​
​នៅពេលនោះ ក្រៅ​ពី​ព័ត៌មាន​ចង់​បង្កើត​ក្រសួង​អន្តោប្រវេសន៍ ដោយ​បំបែក​ចេញពី​ក្រសួងមហាផ្ទៃ ក៏​មាន​ព័ត៌មាន​ពី​ការចង់​បំបែក​ខេត្តកំពង់ចាម​ជា​ពីរ​ផងដែរ គឺ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។ ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​បាន​រលត់ទៅវិញ រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ខេត្ត​នេះ​បាន​១០​អាសនៈ ឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​៨​អាសនៈ ការ​បំបែក​ខេត្ត​ដូច​ព័ត៌មាន​លេចឮ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​នោះ បាន​ក្លាយជា​ការពិត ។​

​ខណៈ​នេះ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​រំឭក​ឡើងវិញពី​ចេតនា​ចង់​បង្កើត​ក្រសួង​អន្តោប្រវេសន៍​នោះ ។ តើ​រវាង​ការបង្កើត​ក្រសួង​អន្តោប្រវេសន៍ និង​ការពង្រឹង​នាយក​រដ្ឋា​ន​អន្តោប្រវេសន៍​ដែលមាន​ស្រាប់ មួយណា​សំខាន់​ជាង​?

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការបង្កើត​ក្រសួង​បន្ថែម​មិនមែនជា​ដំណោះស្រាយ​នោះ​ទេ ។ លោក​យល់ថា ត្រឹម​នាយកដ្ឋាន​ក៏​ធ្វើការ​បាន​ដែរ តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ហើយ​ដើម្បី​អនុវត្តន៍​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព រដ្ឋ​ត្រូវ​គិតគូរ​ដល់​ជីវភាព​មន្ត្រីរាជកា​ររ​បស់​ខ្លួន​ឲ្យបាន​រស់​នៅ​សមរម្យ ។ លោក​បណ្ឌិត សុខ ទូច ស្ដីបន្ទោស​ដល់​ការបង្កើត​ក្រសួង​ថ្មីៗ​ជាច្រើន ប៉ុន្តែ​មិន​បាន​បម្រើ​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ជាតិ ដូចជា​មាន​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន តែ​រលាយ​ព្រៃឈើ មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ប៉ុន្តែ​ផ្លូវ​ថ្នល់​នៅ​តែ​ដី​ហុយ​ជាដើម ។ លោក​ថា «​ទេសចរ​ច្រើន យើង​មាន​ហើយ​ក្រសួង​ទេសចរណ៍ ប៉ុន្តែ​យើង​គ្រប់គ្រង​ទេសចរណ៍​អត់​បាន ឥឡូវ​អន្តោប្រវេសន៍​មក​ច្រើន យើង​ចង់​បង្កើត​អន្តោប្រវេសន៍​មួយទៀត ចុះ​បើ​ក្នុង​ករណី​ទៅ​ថ្ងៃ​អនាគត ត្រី​ច្រើន​ត្រូវ​បង្កើត​ក្រសួង​មួយទៀត​ដើម្បី​គ្រប់គ្រង​ត្រី ឧបមា​ដឹក​ត្រី​ចេញ​ការ​នេសាទ​ខុសច្បាប់​យើង​ត្រូវ​បង្កើត​ក្រសួង​មួយ​ទៀត ដោយ​គ្រប់គ្រង​មិន​បាន​យើង​ត្រូវ​បង្កើត​ក្រសួង​មួយទៀត នេះ​យើង​ត្រូវតែ​យក​មក​ពិចារណា ។ អ៊ីចឹង​ទេ​នាយកដ្ឋាន​អន្តោប្រវេសន៍​ហ្នឹង រៀបចំ​ច្បាប់ មានច្បាប់​ហើយ​ត្រូវអនុវត្ត ហើយ​បើ​ធ្វើ​មិន​បាន​ទេ ដក​ចេញ​ទៅ​» ។ 

លោក​បណ្ឌិត សុខ ទូច បន្ត​ថា​ការបង្កើត​ក្រសួង​ច្រើន​ជា​ការបង្កើន​បន្ទុក​ចំណាយ​ថវិកាជាតិ ។​

​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បច្ចុប្បន្ន​អ្នកវិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ មានប្រសាសន៍ថា ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍ គឺ​មាន​បី​ចំណុច ។ ទី​១ លោក​ថា កន្លងមក​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ឡើយ ព្រោះ​បញ្ហា​នេះ​គឺ​ទាក់ទង​ជាមួយ​ជនជាតិ​វៀតណាម មិនមែន​ជា​រឿង​អន្តោប្រវេសន៍​ទូទៅ​ទេ ។ លោក អ៊ូ វីរៈ បន្ថែមថា ចំណុច​ទី​២ គឺ​ទាក់ទង​នឹង​បញ្ហា​ផ្ទៃក្នុង​បក្ស ។ លោក​ថា ការបង្កើត​ក្រសួង​អន្តោប្រវេសន៍ វា​ត្រូវ​ផ្ដាច់ចេញ​ពី​ក្រសួង​មហាផ្ទៃ ដែល​ធ្វើ​ឲ្យ​ក្រសួង​នេះ​មិន​សប្បាយចិត្ត ។ ឯ​ចំណុច​ទី​៣ លោក អ៊ូ វីរៈ មានប្រសាសន៍ថា​វា​ទាក់ទង​នឹង​ថវិកា ។ លោក​អ៊ូ វីរៈ យល់​ថា​ត្រឹមតែ​នាយកដ្ឋាន​ដែលមាន​ស្រាប់​ក៏​គ្រប់គ្រាន់​ដែរ ។ លោក​បញ្ជាក់ថា «​តើ​[​ការបង្កើត​]​ក្រសួងអន្តោប្រវេសន៍​ចាំបាច់​ដែរ​ឬ​អត់​? ចំពោះ​ខ្ញុំ​មិនចាំបាច់​ទេ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​ត្រូវតែ​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​យើង ខ្ញុំ​មើល​ទៅ​វា​អាច​មាន​ភាពរ​លូត​បាត់​ទៅហើយ​» ។​

​ជារឿយៗ បក្ស​ប្រឆាំង​តែងតែ​រិះគន់​រដ្ឋាភិបាល ថា​មិន​មាន​តួលេខ​ច្បាស់លាស់ អំពី​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា ហើយ​ការ​មិន​គ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់​លើ​ជនអន្តោប្រវេសន៍​វៀតណាម ជា​បុព្វហេតុ​មួយ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បាត់​សំឡេងឆ្នោត​យ៉ាងច្រើន ។​

អ្នក​ច្បាប់​នៃ​អង្គការ​អាដហុក​លោក នី ចរិយា មានប្រសាសន៍​ថា​ការបង្កើត​ក្រសួង​មិន​មែន​ជា​រឿង​មួយ​ដែល​ចាំបាច់​ទេ ។ លោក​យល់ថា អ្វី​ដែល​សំខាន់​គឺ​ការពង្រឹង​យន្តការ​អនុវត្ត​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ដែល​កើតមានឡើង ។ លោក​ពន្យល់​ថា «​ពង្រឹង​ការអនុវត្ត​គឺ​ប្រសើរ​ជាង​[​ការបង្កើត​ក្រសួង​] ។ ឧទាហរណ៍​ថា​មាន​ក្រសួងអន្តោប្រវេសន៍ ហើយ​ក្រសួង​ហ្នឹង​ធ្វើ​ផ្តេសផ្តាស​ទៅ ក៏​វា​មិន​បាន​ជា​ផលប្រយោជន៍​អី​សម្រាប់​ក្នុង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែរ ។ យើង​ឧទាហរណ៍​ជាង​ស្តែង ដូច​ក្រសួង​កិច្ចការនារី ក្រសួង​បរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​បង្កើតឡើង​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេច​ក្រុមព្រះ សួរថា​តើ​មាន​ប្រសិទ្ធភាព​ទេ​» ។​

ផ្អែក​តាម​មតិ​អ្នកវិភាគ​ខាងលើ ឃើញ​ថា​ការបង្កើត​ក្រសួង​អន្តោប្រវេសន៍ មិនមែន​ជា​ការចាំបាច់​នោះ​ទេ ផ្ទុយទៅវិញ វា​នឹង​ជា​ការបង្កើន​បន្ទុក​លើ​ការចំណាយ​ថវិកាជាតិ​។ អ្នកវិភាគ​ទាំងអស់​ឯកភាព​គ្នា​ថា ការពង្រឹង​ការអនុវត្ត​ច្បាប់​គឺជា​រឿង​សំខាន់ ៕

សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com​

What Next?

Recent Articles

3 Responses to "​វិភាគ​៖ តើ​ការបង្កើត​ក្រសួង​អន្តោប្រវេសន៍ និង​ការពង្រឹង​នាយកដ្ឋាន​នេះ​មួយណា​សំខាន់​ជាង​?​"

  1. Judge says:

    អំពេីពុករលួយ ដែលបានធ្វេីអោយគ្រប់ ក្រសួង មានទុពលភាព។
    ពេលបៀវត្ស បង្កេីន តាមកំរិតជីវភាពសមរម្យ ជំរុញកាន់អនុវត្តន៏ ច្បាប់ការងារ /សិលធម៌ និងពិន័យ ឬផ្តន្ទាទោស
    អ្នកមានអំណាចពុករលួយ ប្រសិទ្ធិភាពឬសមត្ថភាពនឹងកេីតមានឡេីង ជាលទ្ធផល។
    តំឡេីងក្រសួងកាន់តែច្រេីន លួចកាន់តែច្រេីន មិនចេះចប់។ ទីបំផុត រាស្ត្រ ក្ររហាម ខ្ញុំគេដដែល។
    ៉ខ្មែរនៅធ្វេី ខ្ញុំ អ្នកធំសីុកេរ្តិ(អំណាច) អ្នកមានជាងគេ ឡេីងមហាឧកញ៉ា កម្ពុជាខ្ចីគេដដែល ៉។
    សំនៀង

  2. អ្នកក្រ says:

    ប្រទេសមួយត្រឹមត្រូវ លូតលាស់ គឺច្បាប់ បើមិនគោរពច្បាប់អ្វីក៏អាចមានដែរ ដូចជា
    ក្រសួង បរិស្ថាន រលាយព្រៃឈើ
    ក្រសួង យុត្តិធម៍ រលួយពេញប្រទេស
    ក្រសួងការងារ ពលរដ្ឋខ្ញុំបរទេស ហើយក្នុងស្រុកសីុមិនគ្រប់
    ក្រសួង អប់រំ គ្រូលក់នំ ចិញ្ចឹមជីត សាលាលេចទឹក
    ក្រសួងសុខាភិបាល មានលក់ថ្នាំក្លែងក្លាយ មន្រីគ្មានក្រមសីលធម៍
    ក្រសួងមហាផ្ទៃ ប៉ូលីសគ្មានជំនាញ កាន់កាំភ្លើងរេលកៃស្លាប់ពលរដ្ឋ ឃុបឃិតពួកឈ្មួញខុសច្បាប់
    ទាំងអស់នេះសុទ្ធតែត្រូវការច្បាប់មើលថែ

  3. ?? says:

    this is a very good question to current leaders and our nation. the way I’m thinking these two importance point is a must.1 immigration reform will make our country standing on our nation sovereignty be for Asian community come in affect . 2 to make our country in stable situation this government have to make a big change. clean up all corruption among this leadership in the whole nation. the way I see our country having too many government worker or representative this way was not good for our nation. too many representative is just good for CPP party only . because of the state budget have limited ,and have to pay too many gov sector that not including the over warming number of every high level in this gov.they did it just to take from state budget to get rich . the budget have to be reduce for individual in a small amount that mad corruption start it way. this situation is not safe for any country in the world.please think about that>>>>>>>>>>>>>> to solving Vietnamese immigration is so easy to do it . just like the way I said it. at first set up the refugee camp and those illegal Vietnamese let UNHCR take care it .that way HUN SEN will out of trouble maker master. PEACE TO ALL CAMBODIAN