ពលរដ្ឋ​១៥​គ្រួសារ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ​និង​ភរិយា​ជួយ​អន្តរាគមន៍​ទំនាស់​ដី

ដោយ ដែន អយុធ្យា
2015-03-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដី ព្រះសីហនុ ៦២០
លោក​យាយ ង៉ែត យី អាយុ ៨៣​ឆ្នាំ ជូន​ទឹក​ភ្នែក​យំ​រៀបរាប់​អំពី​ករណី​រំលោភ​ដី​លំនៅឋាន​នៅ​ក្រុង-​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​ភូមិ​៥ សង្កាត់​៤។ RFA/Den Ayuthyea

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១៥​គ្រួសារ រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ដែល​ឈ្មួញ​មាន​ទ្រព្យធន​ឃុបឃិត​ជាមួយ​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន​កំពុង​រស់​នៅ។ ​លើស​ពី​នេះ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​បន្ត​ប្ដឹង​ពួកគាត់​ទៅ​តុលាការ ហើយ​សាលា​ដំបូង​ព្រះសីហនុ កោះហៅ​ពួក​គាត់​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ខាង​មុខ។

មាន​ស្បែក​ជ្រីវជ្រួញ ភ្នែក​មើល​មិន​ច្បាប់ និង​មាន​ដំណើរ​កោង​ខ្នង​ផង​នោះ លោក​យាយ​មាន​អាយុ​ជាង ៨០​ឆ្នាំ ឈ្មោះ ង៉ែត យី រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង-​ខេត្ត​ព្រះសីហនុ បាន​យំ​រៀបរាប់​ពី​ភាព​អយុត្តិធម៌​ដែល​ត្រូវ​លោក ង៉ាន់ វណ្ណា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​លួច​ធ្វើ​ប្លង់​ដីធ្លី​រំលោភ​យក​ដី​លំនៅឋាន​ពួកគាត់​កំពុង​រស់​នៅ៖ «គេ​ធ្វើ​បាប​គ្រប់​បែប​យ៉ាង អស់​ពី​បុគ្គល​ឈ្មោះ លឹម ហ៊ុយឡេង មក​ដល់​អ្នក​ក្រោយ​នេះ គឺ​លោក ង៉ាន់ វណ្ណា បាន​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​លើ​ដី​លំនៅឋាន​កំពុង​រស់នៅ​ដោយ​ប្រជាពលរដ្ឋ​មិន​ដឹង​ខ្លួន​នោះ​ទេ។ ឥឡូវ​តុលាការ​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ពួកគាត់​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា។ ឥឡូវ​ហ្នឹង​វា​ទៅ​ជា​អ្នក​មិន​មែន​ជា​ម្ចាស់​ដី បែរ​ជា​មក​ប្ដឹង​យើង​ជា​ម្ចាស់​ដី​ទៅ​វិញ»

ក្នុង​កាយវិការ​លើក​ដៃ​សំពះ និង​ឆ្លៀត​ជូត​ទឹក​ភ្នែក​ដែល​ហូរ​មិន​ដាច់​ផង ស្ត្រី​ចំណាស់​ដែល​តែង​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​ធ្វើបុណ្យ​នៅ​វត្ត​ជា​រៀងរាល់ថ្ងៃ​សីល បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹក​នាំ​និង​ភរិយា ឲ្យ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត​លើ​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នឹង​លោក ង៉ាន់ វណ្ណា។ លោក​យាយ​បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ១៥​គ្រួសារ គឺ​មាន​ពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទី​លំនៅ​លើ​ដី​កំពុង​មាន​ទំនាស់​នៅ​ឆ្នាំ​១៩៨៧ មក​ម្ល៉េះ។ លោក​យាយ ង៉ែត យី បាន​រៀប​រាប់ទាំង​សំឡេង​អួល​ដើម​ក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មុន​នឹង​គាត់​លាក​ចាក​ពី​លោក​នេះ​ទៅ រូប​គាត់​ចង់​ឃើញ​យុត្តិធម៌ និង​ទទួល​បាន​សិទ្ធិ​រស់​នៅ​ស្របច្បាប់​នៅ​លើ​ដី​កំពុង​សង់​លំនៅឋាន​ដោយ​គ្មាន​ការ​រំលោភ​បំពាន ឬ​បំភិតបំភ័យ។

លោក​យាយ​បញ្ជាក់​ថា រូប​គាត់​គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ ថា​អាច​ជួយ​រក​យុត្តិធម៌​លើ​ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពលរដ្ឋ​ពួក​គាត់​ទាំង ១៥​គ្រួសារ​រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដែល​មាន​ផ្ទៃដី​សរុប​មិន​ដល់​មួយ​ហិកតារ​នេះ​ទេ។ ប៉ុន្តែ​លោក​យាយ​មាន​ក្តី​រំពឹង​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់៖ «សូម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ​ជួយ​ដល់​ពួកគាត់​ទាំង ១៥​គ្រួសារ​ផង គឺ​ការ​រស់​នៅ​ត្រូវ​រង​ទុក្ខវេទនា​ខ្លាំង​ណាស់​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​គេ​រំលោភ​បំពាន​ដីធ្លី​សង់​លំនៅឋាន​ជា​បន្តបន្ទាប់។ កើតទុក្ខ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ទៅ​សុំ​សីល​ក៏​អារម្មណ៍​មិន​ល្អ​ដែរ។ ឥឡូវ​នេះ​ខកខាន​មិន​បាន​ទៅ​ធ្វើ​បុណ្យទាន​អស់​ហើយ ហើយ​ខ្លាច​ភាគី​មាន​ជម្លោះ​ប្រើ​ប្រព័ន្ធ​តុលាការ ឬ​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាមកំហែង​ចាប់​ដាក់គុក​ច្រវាក់​ជាដើម»

លោក​យាយ ង៉ែត យី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ខាង​មុខ តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រជាពលរដ្ឋ​ពួក​គាត់​ចំនួន ១២​គ្រួសារ ក្នុង​ចំណោម ១៥​គ្រួសារ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​លោក ង៉ាន់ វណ្ណា ដែល​ប្ដឹង​ប្រជាពលរដ្ឋ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​លើ​ដី​កំពុង​រស់​នៅ​ដោយ​សំអាង​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​យាយ​បន្ត​ថា ពេល​នេះ​ប្រជាពលរដ្ឋ​ពួកគាត់ ពិសេស​រូប​គាត់​មិន​ហ៊ាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​តាម​ដីកាកោះ​នោះ​ទេ ព្រោះ​ខ្លាច​ការ​ចាប់ចង និង​គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទេ។ ជាង​នេះ ប្រជាពលរដ្ឋ​ពួកគាត់​ក៏​គ្មាន​មេធាវី​ដើម្បី​ការពារ​ក្តី​ដែរ ព្រោះ​មិន​មាន​លទ្ធភាព​ជួល​មេធាវី។

​បន្ថែម​លើ​នេះ លោកស្រី ប៉ាក់ ស៊ីណា តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ១៥​គ្រួសារ នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ចោទ​ថា ក្រុម​អ្នក​ដែល​ឃុបឃិត​ធ្វើ​ប្លង់​រំលោភ​យក​ដី​លំនៅឋាន​ពួកគាត់​ទាំង ១៥​គ្រួសារ គឺ​ផ្ដើម​ដោយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

​លោកស្រី​បន្ត​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៥​គ្រួសារ ដែល​មក​រស់នៅ​ក្បែរ​តំបន់​អាង​ចម្រោះ​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទីលំនៅ​លើ​ដី​នេះ តាំង​ពី​ឆ្នាំ​១៩៨៧ មក​ម្ល៉េះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ និង​ទទួល​ស្គាល់​ជា​បន្តបន្ទាប់ រហូត​ដល់​​មាន​សកម្មភាព​ចុះ​វាស់វែង​ដីធ្លី ត្រៀម​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ថែម​ទៀត​កន្លង​មក។ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ដីធ្លី​កើន​ខ្ពស់ និង​មាន​ការ​ប្តឹង​ទាស់​ពី​ឈ្មួញ​មាន​ទ្រព្យធន ហើយ​ជាប់​សែស្រឡាយ​មន្ត្រី​មាន​អំណាច ទំនាស់​ដីធ្លី​នេះ​ក៏​បាន​កើត​មាន​ជា​បន្តបន្ទាប់ ដោយ​ឈ្មួញ​បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​រំលោភ​យក​ដីធ្លី​ពួកគាត់​រហូត​មក​ដល់​ពេល​នេះ។

តំណាង​ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ថា ទីតាំង​ដី​របស់​លោក ង៉ាន់ វណ្ណា គឺ​មាន​ព្រំ​នៅ​ជាប់​ខាង​ក្រោយ​ផ្ទៃដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ពួកគាត់​ទាំង ១៥​គ្រួសារ ដែល​មាន​ព្រំ ឬ​ទីតាំង​ជាប់​ថ្នល់​ក្រាល​កៅស៊ូ។ ប៉ុន្តែ​ចំណែក​ដី​លោក ង៉ាន់ វណ្ណា មិន​ជាប់​ថ្នល់​កៅស៊ូ​ទេ។

​ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៥​គ្រួសារ នា​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ស្នើ​ឲ្យ​ជួយ​បញ្ឈប់​រាល់​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​ពួកគាត់​ត​ទៅ​ទៀត។

ជាង​នេះ ក៏​បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​លើ​ករណី​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឈ្មោះ ង៉ាន់ វណ្ណា ដែល​គ្មាន​វត្តមាន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ រំលោភ​ដី​លំនៅឋាន​ពលរដ្ឋ​ពួក​គាត់​ចំនួន ១៥​គ្រួសារ​ដោយ​អនុគ្រោះ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ង៉ាន់ វណ្ណា ដែល​ពលរដ្ឋ​ចោទ​ថា បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​រំលោភ​យក​ដី​លំនៅឋាន​ចំនួន ១៥​គ្រួសារ និង​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​មានកម្ម​សិទ្ធិ​ស្របច្បាប់​របស់​គាត់​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កុម្ភៈ។

​បញ្ហា​នេះ លោក ហ៊ុន ភី ប្រធាន​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា ពិត​ជា​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​កម្មសិទ្ធិ​ដីធ្លី​ជូន​លោក ង៉ាន់ វណ្ណា មាន​ទីតាំង​នៅ​ភូមិ​៥ សង្កាត់​៤ ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី​សរុប​ជាង ៦​ម៉ឺន ៤​ពាន់​ម៉ែត្រ​ការ៉េ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ ពិត​មែន។ ប៉ុន្តែ​លោក​ថា ការ​ចេញ​ប័ណ្ណ​នេះ គឺ​មន្ទីរ​អនុវត្ត​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្គាប់​បញ្ជា​មក​តែប៉ុណ្ណោះ៖ «ការងារ​នេះ​បើ​ចង់​ដឹង​ច្បាប់​ទាល់តែ​ជួប​ទំនាក់ទំនង​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ទើប​ច្បាស់ ព្រោះ​ករណី​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ គឺ​អនុវត្ត​ទៅតាម​សេចក្ដី​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ថ្នាក់​ជាតិ​ជា​អ្នក​ដាក់​ឲ្យ​អនុវត្ត ឬ​បង្គាប់​បញ្ជា​មក​តែប៉ុណ្ណោះ»

​លោក​ត្អូញត្អែរ​ថា ការ​ចេញ​កម្មសិទ្ធិ​ដីធ្លី​ជូន​លោក ង៉ាន់ វណ្ណា នេះ កំហុស​ឆ្គង​បាន​ធ្លាក់​មក​លើ​ពួកគាត់​អ្នក​អនុវត្ត។ យ៉ាង​ណា​លោក ហ៊ុន ភី ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​បង្គាប់​បញ្ជា​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជាន់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ ទៅ​អោយ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ថ្នាក់​ជាតិ។

ការ​ឆ្លើយ​បញ្ហា​ដាក់​គ្នា​របស់​លោក ហ៊ុន ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​ដីធ្លី នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​មន្ទិល​ថា អាច​មាន​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​កើត​មាន​ក្នុង​សកម្មភាព​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រំលោភ​​យក​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន មាន​ប្រសាសន៍​ថា អង្គការ​នេះ​កំពុង​ជួយ​ប្រឹក្សា​ផ្លូវ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៥​គ្រួសារ ក្រោយ​ពេល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពួកគេ។

លោក​រិះគន់​ថា សង្គម​កម្ពុជា​បច្ចុប្បន្ន ដ៏​រាប​ណា​មាន​សកម្មភាព​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​មន្ត្រី​តាម​ក្រសួង ឬ​ស្ថាប័ន​មួយ​ចំនួន​ដូច​រាល់​ថ្ងៃ​នេះ គឺ​ទំនាស់​ធ្លី​នឹង​បន្ត​កើត​មាន និង​មិន​អាច​ដោះស្រាយ​បាន​ទេ។ ជាង​នេះ អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​បាន​បង្កើត​ឡើង​ក៏​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​បាន​កើតមាន​ស្ទើរ​ទូទាំង​ប្រទេស ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ទេ។

លោក ឃុន សាវឿន ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ពេល​ថ្មីៗ​នេះ បាន​ចាត់​ទុក​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជូន​បុគ្គល​ឈ្មោះ លោក ង៉ាន់ វណ្ណា ជាន់​លើ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ ថា​មាន​ភាព​មិន​ប្រក្រតី និង​អាច​មាន​បញ្ហា​ពុករលួយ​រវាង​ឈ្មួញ និង​មន្ត្រី​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។

លោក ឃុន សាវឿន៖ «ទាក់ទង​ទំនាស់​ដីធ្លី​នៅ​ក្នុង​ភូមិ​៥ សង្កាត់​៤ ខេត្ត​ព្រះសីហនុ​ហ្នឹង គឺ​គេ​បាន​ធ្វើ​ប្លង់​ជាន់​ពីលើ​ដី​លំនៅឋាន​របស់​ពលរដ្ឋ​ចំនួន ១៥​គ្រួសារ ហើយ​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​នោះ ក៏​បាន​ដាក់​ពាក្យសុំ​ធ្វើ​ប្លង់​រួច​ហើយ ប៉ុន្តែ​មន្ទីរ​ពាក់ព័ន្ធ​មិន​ធ្វើ​ប្លង់​ជូន​ពួកគាត់​ទេ។ ប៉ុន្តែ​បែរ​ជា​ចេញ​ប្លង់​ឲ្យ​ភាគី​ម្ខាង​ទៀត ឬ​អ្នក​ដទៃ​ទៅ​វិញ។ សំណួរ​សួរ​ថា តើ​ប្លង់​នៅ​លើ​ដី​តែមួយ ហេតុ​អ្វី​បាន​ជា​អ្នក​ធ្លាប់​រស់​នៅ ឬ​កំពុង​រស់នៅ​លើ​ដី​តាំងពី​យូរ​មក​ហើយ​ស្នើ​សុំ​ធ្វើ​ប្លង់​មិន​បាន? ចុះ​ហេតុ​អី​បាន​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ប្លង់​ជូន​អ្នក​ដទៃ​នៅ​លើ​ចំណុច​ដី​កំពុង​តែ​មាន​វិវាទ​នេះ? ដូច្នេះ​ចំណុច​ហ្នឹង​ជា​ភាព​មិន​ប្រក្រតី​មួយ»

​លោក​ថា បញ្ហា​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី ផ្តើម​ដោយ​មន្ត្រី​នៃ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ នា​ខេត្ត​ព្រះសីហនុ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ បញ្ហា​នេះ ធ្លាប់​កើត​មាន​ជា​ហូរហែ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ហើយ​ភាគ​ច្រើន​ឈ្មួញ​ដី ឬ​មន្ត្រី​មាន​អំណាច​តែង​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង និង​ចាប់​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ក្រីក្រ​ដាក់​គុក​ច្រវាក់​ជា​បន្តបន្ទាប់។

​ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ លោក​បាន​ចុះ​ហត្ថលេខា​ឯកភាព​តាម​សំណើ​សុំ​គោលការណ៍​លុប​ក្បាល​ដី​លេខ ២៣១៩ ចោល និង​កែតម្រូវ​ក្បាល​ដី​លេខ ២៤០២ ឲ្យ​ជាប់​ផ្លូវ​ឡើង​វិញ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង និង​ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម ខេត្ត​ព្រះសីហនុ ទៅ​តាម​ការ​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម។

​សេចក្ដី​សម្រេច​នេះ ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង ១៥​គ្រួសារ បាន​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គាត់​ជា​ថ្មី​ទៀត ព្រោះ​បាន​រំលោភ​ដី​លំនៅឋាន​ពួកគាត់​កំពុង​រស់​នៅ​ដើម្បី​ផ្គាប់​ចិត្ត​តាម​មហិច្ឆតា​របស់​បុគ្គល​ឈ្មោះ ង៉ាន់ វណ្ណា។

​ជាង​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​អះអាង​ថា កង្វល់​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន ផ្ដើម​ដោយ​ក្រសួង​រៀបចំ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពួកគាត់​ធ្លាប់​បាន​ដាក់ពាក្យ​បណ្ដឹង​ជូន​ស្ថាប័ន​កំពូលៗ នៃ​រាជរដ្ឋាភិបាល មាន​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម ដើម្បី​ស្នើ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ទេ។

​ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ដឹកនាំ​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ដោយ​ស្នើ​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង ១៥​គ្រួសារ រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដោយ​យុត្តិធម៌។

​បញ្ហា​នេះ​ដែរ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១​រដ្ឋសភា បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ខែ​មីនា ឆ្នាំ​២០១៥ លោក​មាន​គម្រោង​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ និង​ស៊ើប​អង្កេត​លើ​ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កើត​មាន​រ៉ាំរ៉ៃ និង​ឈាន​ដល់​អញ្ជើញ​អ្នក​ជាប់​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ការ​រំលោភ​ដីធ្លី​មក​បំភ្លឺ និង​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​១៥​គ្រួសារ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ​និង​ភរិយា​ជួយ​អន្តរាគមន៍​ទំនាស់​ដី"

  1. លឹង្គនាគរាជ says:

    ហៅពីណាអោយជួយមិនហៅទៅហៅព្រាយអោយជួយ,មានតែជួយថែម។