Thu, 19 March 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: មជ្ឈដ្ឋានជាច្រើនច្រាស់ច្រាល់ចង់ដឹងថាតើកំពូលតារាចម្រៀងល្បីៗស្រុកខ្មែររូបណាខ្លះនឹងមានវត្តមានច្រៀងជាកិត្តិយសអបអរពិធីអាពាហ៍ពិពាហ៍សេដ្ឋីជំនួញស្រុកខ្មែរលោក គិត ម៉េង និងអតីតតារាសម្តែងកូនកសិករមកពីទឹកដីស្វាយរៀងអ្នកនាង ស្រីតូច ចំណាន នៅទីក្រុងកោះពេជ្រ នាថ្ងៃទី ២០ មីនា ប្រជុំដោយមន្ត្រី និងអ្នកជំនួញធំៗរាប់សិបនាក់នោះ?
ពិធីមង្គលការជាទីចំណាប់អារម្មណ៍ចង់ដឹងចង់ឮពីមហាជននេះ ក៏មានការប៉ាន់ស្មានផងដែរថា ឆាកតន្ត្រីប្រគំកំដរភ្ញៀវលំដាប់ខ្ពស់ច្បាស់ជាមិនរំលងវត្តមានកំពូលតារាចម្រៀងបីបួនដួងក្នុងចិត្តយុវវ័យសព្វថ្ងៃនោះទេ ហើយតម្លៃខ្លួនក៏ទំនងជាថ្លៃទ្វេដងពីកម្មវិធីទូទៅដែរ។
ការសន្និដ្ឋានរបស់មហាជនហាក់បំព្រួញទៅលើតារាចម្រៀងលំដាប់កំពូលៗ មានដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និងមាស សុខសោភា។ ប៉ុន្តែការទម្លាយឲ្យដឹងពីបុគ្គលិកបម្រើការទូរទស្សន៍ស៊ីធីអិន មិនមាននាមតារាចម្រៀងទាំងនោះឡើយ។
តាមការឲ្យដឹងពីបុគ្គលិកទូរទស្សន៍ក្រោមការបោះទុនពីខាងកូនកំលោះនោះ បានបញ្ជាក់ថា៖ «វត្តមានច្រៀងក្នុងពិធីអាពាហ៍ពិពាហ៍លោកថៅកែមាន តារាចម្រៀង សុគន្ធ និសា មកពីផលិតកម្មថោន លោក ណុប បាយ៉ារិទ្ធ មកពីរស្មីហង្សមាស អ្នកនាង ហ៊ឹម ស៊ីវន និងលោក សួស សងវាចា»។
អ្វីដែលបង្កជាចម្ងល់ជជែកដេញដោលគ្នាគឺថា តារាចម្រៀងបួនដួងនេះមានអ្វីពិសេសទើបបានទទួលការអញ្ជើញទៅច្រៀងក្នុងកម្មវិធីដ៏ធំបែបនេះ? ហើយតើបទចម្រៀងអ្វីដែលពួកគេត្រូវច្រៀងក្នុងពិធីនោះ? ចម្រៀងទាំងឡាយបង្កប់អត្ថន័យស្នេហ៍យ៉ាងណាចំពោះប្ដីប្រពន្ធលំដាប់សេដ្ឋីរួមរស់មានកូនបួនមួយគូនេះ?
បង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលមានឈ្មោះច្រៀងនៅឆាកប្រគំតន្ត្រីអបអរពិធីទទួលភ្ញៀវនៃអាពាហ៍ពិពាហ៍លោក គិត ម៉េង និងអតីតតារាសម្តែង ស្រីតូច ចំណាន រៀបចំចំនួន ៥ អគារនោះ តារាចម្រៀង ៣ រូបដែលផ្តល់បទសម្ភាសជាមួយ ភ្នំពេញប៉ុស្តិ៍ ម្នាក់ៗសុទ្ធតែបង្ហាញភាពត្រេកអរជាមួយពាក្យថា «មិននឹកស្មានខ្លួនមានវត្តមានក្នុងពិធីធំនោះ»។
តារាចម្រៀងមកពីផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ប្រាប់ថាលោកបានត្រៀមលក្ខណៈរួចរាល់អស់ហើយក្នុងឱកាសច្រៀងអបអរពិធីអាពាហ៍ពិពាហ៍លោក គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន។
តារាចម្រៀងនិយមតែងខ្លួនបែបយុវវ័យរូបនេះលើកឡើងថា៖ «សម្រាប់ខ្ញុំមានចម្រៀងទាំងបទថ្មីច្រៀងនៅផលិតកម្មហង្សមាស និងបទពីដើមៗនោះមិនក្រោម ៨-៩ បទទេ»។
លើកពីអត្ថន័យចម្រៀងក្នុងពិធីសុទ្ធតែភ្ញៀវជាន់ខ្ពស់នោះ លោក ណុប បាយ៉ារិទ្ធ បញ្ជាក់ថា៖ «បទចម្រៀងទាំងនោះ មិនមែនជាបទដែលច្រៀងពីភាពឈឺចាប់ បែកបាក់និរាស ណាមួយនោះទេ។ ទាំងបទពីដើម និងបទថ្មីសុទ្ធតែបង្ហាញន័យស្នេហ៍ផ្អែមល្ហែម យល់ចិត្តគ្នា និងមានសុភមង្គល»។
ក្រៅពីអះអាងថា មិនហ៊ានទទួលការអញ្ជើញច្រៀងនៅកម្មវិធីដទៃខ្លាចជាន់ថ្ងៃរៀបការអ្នកនាង ស្រីតូច ចំណាន នោះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏បានសម្ដែងការគិតគូរហ្មត់ចត់ខ្លាចមិនគប្បីដល់ម្ចាស់ពិធីក្នុងករណីមានអ្នកសំណូមពរច្រៀងបទផ្សេងក្រៅពីចម្រៀងដែលរៀបចំទុកមុននោះ។
លោកបញ្ជាក់ថា៖ «បើមានករណីនោះ ត្រូវចាំបាច់សួរអ្នករៀបចំ មិនមែនចេះតែហ៊ានច្រៀងនោះទេ»។
តារាចម្រៀងស្រីមកពីទឹកដីនេនទុំ ហ៊ឹម ស៊ីវន ក៏បានត្រៀមច្រៀងជូនពរកូនកំលោះកូនក្រមុំ តាមរយៈបទ «ជូនពរអាពាហ៍ពិពាហ៍» ដែលអ្នកស្រីនឹងបង្ហើរសំនៀងឆ្លងឆ្លើយជាមួយលោក សួស សងវាចា។
លោកស្រី ហ៊ឹម ស៊ីវន ប្រាប់ថា៖ «ខ្ញុំបានសម្រិតសម្រាំងបទចម្រៀងល្អៗ ដែលសុទ្ធជាបទជូនពរគូស្នេហ៍ មិនមានបទណាមួយ អត្ថន័យប្រាសចាកន័យស្នេហ៍ជួបជុំនោះទេ»។
ដូចគ្នាដែរលោក សួស សងវាចា បានប្រាប់ថា៖ «ក្រៅពីបទចម្រៀងច្រៀងឆ្លងឆ្លើយជាមួយអ្នកស្រី ហ៊ឹម ស៊ីវន មាន ៨ បទទៀតត្រៀមជាពិសេស»។
ដោយឡែកមិនមានចម្លើយបកស្រាយពីតារាចម្រៀងមកពីផលិតកម្មថោននាង សុគន្ធ នីសា នោះទេ ខណៈមិនអាចទាក់ទងរូបនាងបាន។
ឆ្លើយតបនឹងតម្លៃខ្លួនដែលមហាជនគិតថា អាចថ្លៃគុណនឹងពីរ ឬគុណនឹងបីលើសតម្លៃជួលច្រៀងក្នុងកម្មវិធីទូទៅនោះ តារាចម្រៀងល្បីៗបីដួងខាងលើនេះបានប្រាប់ ភ្នំពេញប៉ុស្តិ៍នូវចម្លើយដូចៗគ្នាថា៖ «តម្លៃមិនខុសគ្នានឹងកម្មវិធីច្រៀងធម្មតានោះទេ»៕

ជូនពរ១កញ្ឆេតែបើដល់ពេលត្រូវទៅវាទៅហើយ។បាត់អត់ឃើញយក់ចិន្តា,បែបរវល់ដេកយំហើយ…
Good wish happiness to you all.