ដោយ៖ ខាន់ លក្ខិណា
ថ្ងៃព្រហស្បតិ៍ ទី19 មិនា 2015
http://vodhotnews.com
អង្គការចំនួនពីរដែលធ្វើការលើវិស័យអប់រំរកឃើញថា សាលារៀនចំនួន៥ខេត្តកំពង់ចាម ដែលខ្វះខាតបង្គន់អនាម័យ និងបន្ទប់ទឹកសម្រាប់ប្រើប្រាស់នោះកំពុងបង្កជាបញ្ហាប្រឈមដល់សិស្សានុសិស្សក្នុងការសិក្សា ។
សេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ និងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ចេញផ្សាយក្រោយពីចុះសិក្សាវាយតម្លៃទៅលើគុណភាពសេវាអប់រំរបស់គម្រោងជួយមើលសាលា (Check my school) នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម បានលើកឡើងថា សាលារៀនចំនួន៥នៅកំពង់ចាមកំពុងតែខ្វះខាតបង្គន់អនាម័យ បន្ទប់ទឹក និងតម្រូវការសេវាអប់រំផ្សេងៗទៀត ។ សាលាទាំង៥រួមមាន អនុវិទ្យាល័យគគរ អនុវិទ្យាល័យខែលជ័យ អនុវិទ្យាល័យគៀនជ្រៃ អនុវិទ្យាល័យកោះទន្ទឹម និងអនុវិទ្យាល័យអង្គរ ។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ លោក សេង ឫទ្ធី មានប្រសាសន៍ថា ការខ្វះបន្ទប់ទឹក និងបង្គន់អនាម័យប៉ះពាល់ដល់សុខភាពសិស្ស ។ លោកបន្តថា ពិសេសសិស្សស្រីមួយចំនួនអាចសម្រេចចិត្តឈប់រៀនដោយសារគ្មានបង្គន់អនាម័យប្រើប្រាស់ ។
VOD មិនអាចសុំការអត្ថាធិប្បាយពីប្រធានមន្ទីរអប់រំខេត្តកំពង់ចាម លោក ស្វាយ ផល្លា បានទេ ដោយលោកប្រាប់ថាជាប់រវល់ ចំណែកលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ មិនលើកទូរសព្ទ ។
បន្ទាប់ពីសិក្សាស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ និងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា និងព្រះសង្ឃរៀបចំធ្វើជាបុណ្យផ្កាតាមបែបព្រះពុទ្ធសាសនា ដើម្បីប្រមូលប្រាក់យកកសាងបន្ទប់ទឹក និងបង្គន់អនាម័យនៅតាមសាលារៀនដែលកំពុងខ្វះខាតទាំងនោះ ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
បើបានជារកឃើញហើយ ម៉េចមិនជួយស្វែងរកជំនួយយកមកសាងសង់ជូនក្មេងៗខ្មែរផង។ បើត្រឹមតែស្វែងរក និងចាប់កំហុស Post យកប្រជាប្រិយ៍ទេ ហាក់មិនសមនឹងឈ្មោះអង្គការទេ ។ តាមពិតទៅមិនមែនតែត្រឹមមួយ ឬ ពីរ សាលានោះទេ ។ គួរតែឆ្ងល់ណាស់ លោកអើយ លោក !!!!!