ដោយ សុជីវី
2015-03-21
RFA

ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ថ្លែងនៅក្នុងវេទិកាមួយក្នុងឱកាសជួបជាមួយអង្គការ ភីស ខរ (Peace Corps) ដែលកំពុងប្រឹងប្រែងលើកស្ទួយការអប់រំនៅកម្ពុជា នាខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។ RFA/Hang Savyouth
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ស្ត្រីទី១ អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) បានជំរុញឲ្យក្មេងស្រីខ្មែរយកគំរូនៃអ្នកស្ម័គ្រចិត្ត ភីស ខរ (Peace Corps) ដើម្បីបំពេញតួនាទីជួយសហគមន៍ដែលពួកគេកំពុងរស់នៅ។ ស្របគ្នានេះ ក្មេងស្រីមួយចំនួនដែលទទួលចំណេះដឹងពីអ្នកស្ម័គ្រចិត្ត ភីស ខរ សង្ឃឹមថា នឹងមានឱកាសបំពេញការងារសម្រាប់សហគមន៍ពួកគេដែរ។
អ្នកស្រី មីស៊្ហែល អូបាម៉ា ចាត់ទុកក្រុមស្ម័គ្រចិត្ត ភីស ខរ របស់អាមេរិក ដែលចុះអប់រំសហគមន៍ គឺជាមធ្យោបាយល្អមួយក្នុងការជំរុញឲ្យមានចំនួនក្មេងស្រីកាន់តែច្រើនបានទៅសាលារៀន។
អ្នកស្រីបានថ្លែងបែបនេះនៅចំពោះមុខក្រុមយុវតីខ្មែរ និងក្រុមអ្នកស្ម័គ្រចិត្ត ភីស ខរ ជាជនជាតិអាមេរិក ប្រមាណជិត ១០០នាក់មកពីទូទាំងប្រទេសនៅព្រឹកថ្ងៃទី២១ ខែមីនា។ អ្នកស្រីបានបញ្ជាក់ថា ការងាររបស់ក្រុម ភីស ខរ នេះមានទំនាក់ទំនងនឹងគម្រោងផ្ដល់ឱកាសឲ្យក្មេងស្រីបានសិក្សា (Let girls learn)៖ «គឺអ្នកស្ម័គ្រចិត្តរបស់ ភីស ខរ រួមនឹងអ្នកដឹកនាំសហគមន៍ ឪពុក ម្ដាយ និងកុមារីខ្លួនឯង នឹងជួយឲ្យក្មេងស្រីបានទៅសាលា និងមិនបោះបង់ការសិក្សា។ អ្នកទាំងអស់នេះហើយ ដែលគាំទ្រភាពជាអ្នកដឹកនាំ ក្រុមពិភាក្សា និងក្រុមកីឡារបស់កុមារី។ អ្នកកំពុងតែធ្វើសួនបន្លែ កំពុងបង្រៀនកុមារីពីអាហារូបត្ថម្ភ ជួយពួកគេឲ្យចេះរៀបចំផែនការទៅអនាគត ពិសេសអ្នកជាគំរូដល់ក្មេងស្រី បង្ហាញពីតម្លៃនៃការអប់រំ។ ចំណែកអ្នកស្ម័គ្រចិត្តជាបុរស ក៏បង្ហាញដល់ក្មេងស្រីពីអ្វីដែលគេគួររំពឹងពីបុរស គឺភាពស្មើគ្នា កិត្តិយស និងការគោរព»។
គំនិតផ្ដួចផ្ដើមថ្មីផ្ដល់ឱកាសឲ្យកុមារីបានសិក្សារបស់ ភីស ខរ ចាប់ផ្ដើមក្នុងឆ្នាំនេះនៅក្នុងប្រទេសចំនួន១១ រួមមានកម្ពុជា ដែរ។
អ្នកស្រី មីស៊្ហែល អូបាម៉ា បញ្ជាក់ទៀតថា ការផ្លាស់ប្ដូរក្នុងផ្នែកអប់រំកុមារី ត្រូវចាប់ផ្ដើមពីមូលដ្ឋាន៖ «ខ្ញុំដឹងថា ការផ្លាស់ប្ដូរពិតប្រាកដ និងមានអត្ថន័យ គឺនៅសហគមន៍ មិនមែនកើតពីអ្នកនៅខាងលើនោះទេ ពោល គឺវាកើតឡើងពីអ្នកខាងក្រោមឡើងទៅវិញទេ។ វាកើតឡើងនៅពេលអ្នកបង្កើនបន្ថែមនូវចំណុចខ្លាំងដែលមានស្រាប់។ វាកើតឡើងនៅពេលអ្នកផ្ដល់អំណាចដល់អ្នកដឹកនាំ ហើយអ្នកដឹកនាំនោះបន្តផ្ដល់អំណាចដល់អ្នកដទៃទៀត។ ខ្ញុំបានឃើញជាក់ស្ដែងនៅពេលខ្ញុំចុះទៅវិទ្យាល័យមួយ ដែលគម្រោង រូម ធូ រីដ (Room to Read) កំពុងជួយកុមារីឲ្យរៀន។ កុមារីទាំងនោះមានក្ដីស្រមៃដ៏ធំ និងមានគម្រោងប្រើចំណេះដឹងរបស់គេជួយដល់សហគមន៍ និងប្រទេសរបស់គេ។ ដូច្នេះ គំរូរបស់អ្នកធ្វើការនៅសហគមន៍ កំពុងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ បំផុសទឹកចិត្តដល់អ្នកដទៃទៀតពុំមានព្រំដែនកំណត់»។
នៅក្នុងរបាយការណ៍របស់ ភីស ខរ ឲ្យដឹងថា ភ្នាក់ងារនេះបានធ្វើការនៅក្នុងប្រទេសចំនួន៦០ ក្នុងពិភពលោកកាលពីឆ្នាំកន្លងទៅ ក្នុងនោះមានអ្នកស្ម័គ្រចិត្តប្រមាណ ២ពាន់នាក់ ធ្វើការងារជំរុញការសិក្សារបស់ក្មេងស្រី និងសកម្មភាពផ្ដល់អំណាចដល់ស្ត្រី។ នៅកម្ពុជា ក្រុមនេះបានចាប់ផ្ដើមការងារចាប់តាំងពីឆ្នាំ២០០៧ ដោយមានអ្នកស្ម័គ្រចិត្តចំនួន ២៩២នាក់ នៅក្នុងខេត្តចំនួន២៤។ ពួកគេចុះទៅតាមសហគមន៍ដោយរស់នៅជាមួយគ្រួសារខ្មែរ។ ក្នុងឆ្នាំ២០១៤ មានអ្នកស្ម័គ្រចិត្តចំនួន ៨៦នាក់នៅក្នុងខេត្តចំនួន១៦។ ពួកគេចុះជួយបង្រៀនភាសាអង់គ្លេស បំប៉នបន្ថែមដល់គ្រូបង្រៀន និងអប់រំការថែទាំសុខភាពក្នុងសហគមន៍ និងសកម្មភាពជួយដល់ការអភិវឌ្ឍសហគមន៍ដទៃទៀត។
នាយកភ្នាក់ងារ ភីស ខរ អ្នកស្រី ខែរី ហេសល័រ រ៉េដេឡេត (Carrie Hessler-Radelet) ថ្លែងនៅក្នុងឱកាសនោះដែរថា ការងាររបស់អ្នកស្ម័គ្រចិត្ត ក៏នឹងជួយឲ្យកុមារីរកឃើញតម្លៃពិតរបស់ពួកគេ៖ «ទំនាក់ទំនងរបស់អ្នកជួយឲ្យកុមារីអាចរកឃើញនូវតម្លៃល្អឯក ថាមពល និងសក្ដានុពលរបស់គេ។ ទំនាក់ទំនងនេះក៏នឹងគាំទ្រក្ដីស្រមៃដ៏ធំធេងរបស់គេ។ ទំនាក់ទំនងនេះ ក៏នឹងផ្ដល់ក្ដីសង្ឃឹម និងការចុះសម្រុងគ្នាទៅដល់ក្មេងស្រី និងក្មេងប្រុស»។
ក្មេងស្រីម្នាក់ក្នុងចំណោមអ្នកដែលចូលរួមក្នុងកម្មវិធីអ្នកស្ម័គ្រចិត្ត ភីស ខរ កញ្ញា ពេជ្រ ណាវី។ នាងជាសិស្សថ្នាក់ទី១២ រស់នៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ណាវី លើកឡើងថា អ្នកស្ម័គ្រចិត្តរបស់ ភីស ខរ ជាស្ត្រីជនជាតិអាមេរិកាំងម្នាក់កំពុងចុះបង្រៀនក្នុងសហគមន៍របស់នាង។ អ្នកស្ម័គ្រចិត្ត បានបង្រៀនអ្នកភូមិឲ្យយល់ដឹងពីការថែទាំសុខភាព ភាសាអង់គ្លេស និងផ្ដល់ភាពក្លាហានដល់ក្មេងស្រី។ ណាវី សង្ឃឹមថា នាងនឹងអាចធ្វើការជាអ្នកស្ម័គ្រចិត្តដែរនៅក្រោយពេលនាងបញ្ចប់ការសិក្សា។
ចំណែកយុវតីម្នាក់ទៀត កញ្ញា ឆោម ស៊ីនួន ដែលជាឆ្មបនៅមណ្ឌលសុខភាពក្នុងឃុំរុក្ខគិរី ខេត្តបាត់ដំបង ក៏រំពឹងថា ទៅថ្ងៃមុខនឹងមានយុវតីខ្មែរចាប់ផ្ដើមការងារស្ម័គ្រចិត្ត ឬងាកមកធ្វើការងារក្នុងសហគមន៍ដូចរូបនាងដែរ។
ទាក់ទងនឹងចំណុចនេះដែរ ស្ត្រីទី១ អ្នកស្រី មីស្ហែល អូបាម៉ា បានលើកទឹកចិត្តឲ្យយុវតីខ្មែរយកគំរូនៃក្រុម ភីស ខរ ហើយជួយការងារសហគមន៍៖ «ខ្ញុំមកនេះ ដើម្បីរំឭកដល់អ្នកឲ្យខិតខំធ្វើការ និងរៀនសូត្រតាមដែលអ្នកអាចធ្វើបាន។ ខ្ញុំសង្ឃឹមថា អ្នកនឹងធ្វើតាមគំរូនៃអ្នកដឹកនាំ និងអ្នកស្ម័គ្រចិត្ត ហើយងាកទៅជួយក្មេងស្រីដទៃទៀតឲ្យទទួលបានការសិក្សា»។
តាមរយៈគម្រោងផ្ដល់ឱកាសឲ្យកុមារីបានសិក្សានេះ នឹងបន្ថែមចំនួនអ្នកស្ម័គ្រចិត្តចំនួន ៦៥០នាក់ទៀតទៅក្នុងប្រទេសចំនួន១១ ដែលអនុវត្តគម្រោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកស្រី មីស៊្ហែល អូបាម៉ា និងអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្ដេជ្ញាជំរុញក្មេងស្រីឲ្យរៀនខ្ពង់ខ្ពស់
- ស្ត្រីនិងកុមារីខ្មែររំពឹងថាភរិយាប្រធានាធិបតីអាមេរិកនឹងអាចជួយជំរុញវិស័យអប់រំនៅកម្ពុជា
- HRW ការពាររបាយការណ៍ស្ដីពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរ
- ខួប៥០ឆ្នាំទិវាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
- ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញមកដល់ខេត្តសៀមរាប
- រដ្ឋាភិបាលប្រកាសបើកបៀវត្សនិងប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការឲ្យបានមុនចូលឆ្នាំ
- អង្គការក្រៅរដ្ឋាភិបាលនិងពលរដ្ឋនៅកំពង់ចាមប្រារព្ធបុណ្យផ្កាយកថវិកាជួយសាលារៀន
- ឪពុករបស់ជនជាប់ចោទក្នុងរឿងចោរកម្មអះអាងថាប៉ូលិសខេត្តរតនគិរីប្រើទារុណកម្ម
- ស្ថាប័នស្រាវជ្រាវរកឃើញថាគម្លាតពលករជំនាញកាន់តែធំជាងមុននៅឆ្នាំ២០១៥
Welcome to Cambodia the US First Lady Michelle OBama!
With great honor we wholeheartedly commend your compassionate
and historic trip to our country.
We wish your Let Girls Learn project the best success for Khmer girls.
We wish your concerns on Civil and Political Rights in Cambodia would, in general, bear great fruits and, in particular, would at least help secure the “stay out of jail on bail” for all those Khmer women and men civil and political activists, i.e. Ms. Tep Vanny’s and Mr. Meach Sovannara’s groups.
We wish you the best cultural experience and pleasant visit.
22 March 2015