ខាត់​ សុឃីម ផ្ទុះ​ជម្លោះ​ជា​មួយ​ម្ចាស់​ដរព្រែក​លៀប

ដោយ៖​ វង្ស សុម៉ាលីន​
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រថយន្ត​របស់​អ្នក​នាង​ ខាត់ សុឃីម (រូបថតពីហ្វេសប៊ុក)

ពេញ​មួយ​​ល្ងាចថ្ងៃ​​ទី​២២ ខែ​មីនា ​តារា​ចម្រៀង​ ខាត់ សុឃីម និង​ម្ចាស់​​កំពង់​ចម្លង​ព្រែក​លៀប​ឆ្ពោះ​​ទៅ​កោះ​​ដាច់ បាន​ផ្ទុះ​ជម្លោះ​ដាក់​គ្នាដាច់​​ក្បាល​ដាច់​កន្ទុយ ​ ដែល​អ្នក​នាង ខាត់ សុឃីម ​បាន​ហៅ​ជម្លោះ​នោះ​ថា​បង្ក​ពី​ហេតុ​ផល​​ម្ចាស់​ដរ​​​ទារតម្លៃឡាន​ហួស​ហេតុ​។

​អ្នក​នាង​ ខាត់ សុឃីម ​បាន​ផ្ដល់​បទ​សម្ភាសន៍​​តាម​ទូរស័ព្ទថា​ជម្លោះដែល​បាន​កើត​ឡើង​នោះ ដោយ​សារ​តែ​​​នៅ​​កាល​ពី​វេលា​ម៉ោង​​១១​ថ្ងៃ​ត្រង់ ​ក្នុង​ថ្ងៃ​កើត​ហេតុ គឺ​អ្នក​នាង និង​ក្រុម​ការងារ​បាន​​​​បើក​ឡាន​​ដឹក​ឆាក​ដែល​មាន​ទម្ងន់​​ប្រមាណ​ជា​​២​តោន​កន្លះ​មក​ឆ្លង​ដរ​ ហើយ​ត្រូ​វ​​ម្ចាស់​ដរ​កំណត់​ទារ​ថ្លៃ​១០០​ដុល្លារ​ក្នុង​មួយ​​​បក​។ អ្នក​នាង​និយាយ​ថា«​ខ្ញុំ​អត់​ដឹង​ថា តម្លៃ​ឆ្លង​ដរ​​នៅ​កន្លែង​​ហ្នឹង​ គេគិត​​យ៉ាង​មិច​ទេ ប៉ុន្តែ​សម្រាប់​ឡាន​ក្រុម​ការងារ​​របស់​ខ្ញុំ គឺគាត់​យក​​​​​៣ម៉ឺន​(រៀល)​ សម្រាប់​ឡាន​ប្រភេទ​មួយ​តោន​កន្លះ និង​​​៤៥០០០​(រៀល)​សម្រាប់ឡាន​​ប្រភេទ​២​តោន​!»

​​​អ្នក​នាងឲ្យ​ដឹង​ទៀត​ថា​អ្នក​នាង​ និង​ក្រុម​ការងារ​បាន​ទាំង​យក​រថយន្ត​ដឹក​ជញ្ជូន​ឥវ៉ាន់​ប្រភេទ​មួយ​បំាង​កន្លះ និង​រថ​យន្ត​​ដឹក​ផ្នួង​​​​ចំនួន​៦​គ្រឿង ឆ្លង​ចុះ​ឆ្លង​ឡើងនៅ​ថ្ងៃ​ដដែល​មុន​ពេល​ជម្លោះ​កើត​ឡើង​ ដោយ​ការ​ចំណាយ​រថយន្ត​មួយ​មិន​ទៅ​ដល់​១០០ដុល្លារ​នោះ​ទេ។​ ជម្លោះ​​បាន​កើត​ឡើង បន្ទាប់​ពី​រថយន្ត​​ដឹក​ឆាករបស់​អ្នក​នាង​បាន​ធ្វើ​ដំណើរ​​មក​ដល់​កំពង់​ដរ ហើយ​ត្រូវ​ម្ចាស់​ដរ​កំណត់​ទារ​ប្រាក់​មួយ​ជើង​​​​១០០ដុល្លារ ដោយ​សូម្បី​តែអ្នក​នាង​សុំ​​ឲ្យ​​យក​​ត្រឹម​តែ​​​២០ ឬ៣០​ដុល្លារ​ក៏​មិន​ព្រម​​។ ​​​ អ្នក​នាង​និយាយ​ថា«​​ឡាន​ខ្ញុំ​សំពីង​សំពោងមែន​​ ប៉ុន្តែ​ទម្ងន់​វាតែ​២​តោន​កន្លះ​អី​ទេ ព្រោះ​ខ្ញុំ​ដឹក​ទៅ​ឆ្លង​ស្ពាន​នៅ​កន្លែង​ណា ឬទៅ​ឆ្លង​ដរ​នៅ​កន្លែង​ណា​ក៏​គេ​​គិត​​ជា​ប្រភេទ​​​ឡាន​​២​តោន​កន្លះ​អញ្ចឹង​ដែរ! អញ្ចឹង​ហើយ​បាន​ខ្ញុំ​​ចម្លែក​ត្រង់​​កំពង់​ដរ​ហ្នឹង​ ​គាត់ទារ​១០០​ដុល្លារ​(មួយ​ជើង)! ពី​ដំបូង​​កូន​ចៅ​ខ្ញុំ​​ខល​មក​ខ្ញុំ​អត់​ជឿ​ទេ ​លុះ​ពេល​ខ្ញុំ​​​មក​ជួប​គាត់ គាត់​​ដាច់​ប៉ុណ្ណឹង​មែន! ប្ដី​ខ្ញុំអត់​យក​វែង​ឆ្ងាយ​​សុំតែ​៥០ដុល្លារ​ក៏​មិន​ព្រមដែរ​ ហើយគាត់​​​និយាយ​ឈ្លើយ​ទាំង​ប្ដី​ទាំង​ប្រពន្ធ គឺ​មិន​ឆ្លង​អត់​ ​គាត់​និយាយ​តែ​មួយ​ម៉ាត់​គត់​​ ​ថា​ឡាន​ខ្ញុំ​ធំ ​​គឺ​មួយ​បក​១០០ដុល្លារ​​​បាន​​ចម្លង!»

​អ្នក​នាង ខាត់ សុឃីម ​​​ប្រាប់​ថាមិន​ដឹង​ម្ចាស់​ដរ​​​ឈ្មោះ​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​​​ម្ចាស់​ដរ​នោះ ​​ស្ថិត​នៅ​កំពង់​ចម្លង​ព្រែក​លៀប ដោយ​​​​​ជា​កំពង់​ចម្លង​ឆ្លង​​ពី​ទីតាំង​ព្រែក​លៀប​ទៅ​​​កាន់​កោះ​ដាច់ និង​កោះឧកញ៉ា​តី។ ​កំពង់​ដរ​នោះ​មាន​​ច​ម្ងាយ​ជិត​ជាង​គេ​ក្នុង​តំបន់​ព្រែល​លៀប​ទៅ​កាន់​កោះ​ដាច់ ដោយ​​អាច​រក​ឃើញ​ភ្លាម​ៗ​តាម​​ច្រក​​អតីត​​ភោជ​នីយដ្ឋាន​​ហង្ស​នាគ​នៅ​តំបន់​ព្រែក​លៀប។ អ្នក​នាង​និយាយ​ថា«​ពេលគាត់​កាត់​ខ្ញុំ​១០០​ដុល្លារ​ហ្នឹង អ្នក​ម៉ូតូ​ឌុប​ និង​អ្នក​​​​ឆ្លង​ទៅ​ជា​មួយ​សុទ្ធ​តែ​ជួយ​អង្វរ ព្រោះ​ធ្វើ​មិច​​យើង​​​អត់​ចង់​ទៅ​​រក​កំពង់​ដរ​​ទៀត​ទេ ប៉ុន្តែ​ម្ចាស់​ដរ​ហ្នឹង​អត់​ចុះ​​ឲ្យ​យើង​​ហើយ ​និយាយ​ឈ្លើយ​ដាក់​យើង​ទៀត! សម្រាប់​ខ្ញុំ​គាត់​កោរ​​ប៉ុណ្ណឹង ចុះ​ក្រៅ​ពី​ខ្ញុំ​​នឹង​ដល់​ថ្នាក់​ណា? អញ្ចឹង​ហើយ​​​ទើប​​អ្នក​ណា​ក៏​ហួស​ចិត្ត ពេល​ខ្ញុំ​បង្ហោះ​តាម​​ហ្វេកប៊ុក​ មាន​អ្នក​តេ​មក​ខ្ញុំ​ថា កន្លែង​ហ្នឹង​យក​​ថ្លៃ​តែ​អញ្ចឹង ពិសេស​ឲ្យ​តែ​មាន​ឡាន​ដឹក​​​ទំនិញ​អី​ធំ​ៗ​ទៅ​ឆ្លង​​គឺ​បាន​ដៃ​តែ​ម្ដង​!»

អ្នកនាងខាត់ សុឃីម ពេល​នៅ​កន្លែង​ឆ្លងដរ(រូបថតពីហ្វេសប៊ុក)

អ្នក​នាង​ និង​ក្រុម​ការងារ​បាន​​​សម្រេច​​បើក​ឡាន​ដឹក​ឆាកទៅ​ឆ្លង​​​​​នៅ​​​​​​​កំពង់​ចម្ងង​ក្ដី​ចាស់​ដែល​ស្ថិត​នៅ​ស្ពាន​ទី​៩ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦វិញ​ ​បន្ទាប់​ពី​​បាន​​​​ផ្ទុះ​ជម្លោះ​រឿង​ត​ថ្លៃ​គ្នា​មិន​ត្រូវ បើ​ទោះ​ជា​មាន​ភាព​​យឺត​យ៉ាវ​បន្តិច សម្រាប់​​ការ​រៀប​ចំ​​ឆាក​ឲ្យ​ម្ចាស់​​ដើម។ ​អ្នក​នាង​និយាយ​ថា«ខ្ញុំទៅ​ដល់​កំពង់​ចម្លង​ក្ដី​ចាស់ ​​គេ​ទា​រ​ខ្ញុំ​​តែ​​១ម៉ឺន​រៀល​ទេ សម្រាប់​ឡាន​ដឹក​ឆាក​ហ្នឹង អញ្ចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា ត្រូវ​តែ​ធ្វើ​ឲ្យ​កន្លែងហ្នឹង(កំពង់​ដរ​ព្រែក​លៀប)​​ល្បី​ម្ដង! ខ្ញុំ​ឡើង​ប៉ុស្ដិ៍​ណា​នឹង​និយាយ​ប៉ុស្ដិ៍​ហ្នឹង កុំ​ឲ្យ​គាត់​កោរ​គេ​អញ្ចឹង​ទៀត​!  ខ្ញុំ​ឆ្ងល់​មែន​ទែន ​តើ​មន្ត្រី​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ម្ចាស់​ដរ​ហ្នឹង​រក​ស៊ី មាន​ដឹង​អត់​ថា​ម្ចាស់​ដរ​ហ្នឹង កោរ​គេ​ដល់​ថ្នាក់​ហ្នឹង នេះ​ម៉ោង​ឆ្លង​ធម្មតា​ផង ចុះ​បើ​​​ជួល​គាត់​ខុស​ម៉ោង​យប់​ព្រលប់ទៀត តើ​​កាប់​គេ​ដល់​ថ្នាក់ណា? នេះ​កោរ​ខ្ញុំ​មាន​គេ​ដឹង​ឮ ចុះ​មុន​ខ្ញុំ​​អ្នក​ណា​ជួយ​គាត់​?»

VOD មិន​ទាន់​អាច​ទាក់​ទង​​សុំ​ការបំភ្លឺ​ពី​ម្ចាស់​កំពង់ចម្លង​ព្រែក​លៀប​បាន​នៅ​ឡើយ​ទេ៕

សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

What Next?

Recent Articles

2 Responses to "ខាត់​ សុឃីម ផ្ទុះ​ជម្លោះ​ជា​មួយ​ម្ចាស់​ដរព្រែក​លៀប"

  1. Chourn says:

    ល្មមធ្វើករវាចោលម្តងទៅម្ចាស់ដរចាប់ជំរិត

  2. អាឡេវ says:

    គេយកច្រើនចំពោះតែអ្នកមានទេដឹង តែ១០០ដុល្លារ១ជើងដូចជាហួសហេតុដែរ។