Mon, 23 March 2015
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ព្រះសង្ឃនៅគង់នៅវត្តសាមគ្គីរង្សី បានបង្វិលដីកាកោះទៅសាលាដំបូងរាជធានីភ្នំពេញវិញដោយសំអាងថា ពុំមានលក្ខណៈគ្រប់គ្រាន់បន្ទាប់ពីសាលាដំបូង បានចេញដីកាកោះឲ្យព្រះចៅអធិការវត្តព្រះនាម ថាច់ ហាសំអាង និងព្រះអង្គ ៤ អង្គទៀតឲ្យនិមន្តមកតុលាការ នៅថ្ងៃទី ២៧ ខែមីនា ដើម្បីចោទសួរពីបទប្រើហិង្សា និងបរិហារកេរ្តិ៍ជាសាធារណៈ។
ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង មិនអាចទាក់ទងដើម្បីបញ្ជាក់ពីដីកាកោះនេះបាននៅឡើយទេ ដោយសារព្រះអង្គបាននិមន្តទៅប្រទេសបារាំង។ ប៉ុន្តែ ព្រះតេជគុណ ថាច់ សារាយ ព្រះចៅអធិការវត្តស្តីទីបានថ្លែងថា ព្រះអង្គទាំង ៥ អង្គដែលបានទទួលដីកាពីសាលាដំបូង ពីដើមបណ្តឹងតែមួយពីឈ្មោះ សុទ្ធ ឆៃយ៉ា ប្តឹងពីបទប្រើហិង្សា និងបរិហារកេរ្តិ៍ជាសាធារណៈបានបង្វិលដីកាទៅវិញអស់ហើយ។ ព្រះអង្គមានសង្ឃដីកាថា៖ «ព្រះសង្ឃទាំងអស់មិនអាចទទួលយកដីកានោះបានទេដោយសារតែដីកានោះពុំមានលក្ខណៈគ្រប់គ្រាន់ គឺគ្រាន់តែដាក់ ឈ្មោះមិនបញ្ជាក់អំពីភេទ សញ្ជាតិច្បាស់លាស់»។
ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គពុំបានដឹងច្បាស់ថា តើរឿងប្រើហិង្សាតាំងពីពេលណានោះទេ ប៉ុន្តែវត្តរបស់ព្រះអង្គគឺ តែងតែរងនូវការចោទប្រកាន់រហូតនាពេលកន្លងមកនេះ។ ព្រះអង្គថា៖ «គេចោទយើងប្រើហិង្សាប៉ុន្តែនៅពេលដែលចុះមកពិនិត្យមើលពុំដែលឃើញមានអ្វីដូចចោទប្រកាន់នោះទេ»។
លោក គី ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែបើតាមដីកាកោះរបស់លោក ដែលបានចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៥ នោះ បានឲ្យដឹងថា លោកសុំនិមន្ត ព្រះតេជគុណ ថាច់ ហាសំអាង ឲ្យព្រះអង្គនិមន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ នៅម៉ោង ៨ ព្រឹក ។
លោកបញ្ជាក់ក្នុងដីកានោះថា ៖«ការនិមន្តព្រះចៅអធិការអង្គនោះ មកតុលាការ គឺដើម្បីសាកសួរពីដំណើររឿង ឈ្មោះ សុទ្ធ ឆៃយ៉ា ប្តឹងពីបទហិង្សាដោយចេតនា និងបរិហារកេរ្តិ៍ជាសាធារណៈ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន»។
សូមរំឭកថា វត្តសាមគ្គីរង្សី ធ្លាប់បានអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ បែបបទរដ្ឋបាលវត្តម្តងហើយកាលពីខែកុម្ភៈ កន្លងមក ដើម្បីស្វែងរកពីភាពស្របច្បាប់នៃការគ្រប់គ្រងវត្តនេះ។ ប៉ុន្តែមកទល់ពេលនេះ សាលារាជធានីភ្នំពេញ មិនទាន់ប្រកាសជាសាធារណៈ ពីចំណាត់ការបែបណានៅឡើយទេ។ វត្តមួយគ្រប់គ្រងដោយ ព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះ បានផ្តល់កន្លែងស្នាក់អាស្រ័យដល់អ្នកមានជម្លោះដីធ្លីមកពីតាមបណ្តាខេត្តនានាឲ្យស្នាក់នៅបណ្តោះអាសន្ន ដើម្បីចេញតវ៉ារកកិច្ចអន្តរាគមន៍ពីស្ថាប័នដែលជាប់ពាក់ព័ន្ធក្នុងជម្លោះរឿងដីធ្លីរបស់ពួកគេ ហើយព្រះសង្ឃគង់នៅក្នុងវត្តនេះ ក៏បាននិមន្តចូលរួមជាមួយពុទ្ធបរិស័ទអ្នកមានជម្លោះដីធ្លីដើម្បីទាមទារ យុត្តិធម៌សង្គមផងដែរ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងថា មួយរយៈក្រោយមកនេះលោកតែងតែសង្កេតឃើញថា តុលាការកោះនិមន្តព្រះសង្ឃឲ្យនិមន្ដឡើងតុលាការជាបន្តបន្ទាប់ដោយសារតែព្រះសង្ឃចេញមុខចូលរួមរកយុត្តិធម៌ឲ្យជនរងគ្រោះ និងដើម្បីឲ្យសង្គមមានការរីកចម្រើន។ លោកបានថ្លែងថា ៖«ការកោះហៅនេះគឺជា ការគំរាមមួយដល់ព្រះសង្ឃដែរដើម្បីឲ្យព្រះអង្គឈប់ចេញតវ៉ាទៀត។ ប៉ុន្តែបាននិយាយពីវិស័យព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ ដែលយើងគោរពទាំងអស់គ្នានោះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យសាសនា»៕
Politic monks, Violant monks, Gang monks, ISISmonks…..
Crasy monks, violant monks, ISIS monks…..