ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com
របាយការណ៍មួយបង្ហាញថាតាមការប៉ាន់ប្រមាណ ប្រទេសកម្ពុជាខាតបង់ថវិកាចន្លោះពី១ទៅ២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារការប្រើប្រាស់លុយដុល្លារនៅលើទីផ្សារកម្ពុជា ដោយមិនមានការគ្រប់គ្រង។
នេះបើយោងតាមការសិក្សាមួយ(Cambodia Economic Review) និងតាមរយៈការឲ្យដឹងពីសេដ្ឋវិទូបម្រើការនៅធនាគារពិភពលោក លោក លី សូដេត។
ការសិក្សាបានឲ្យដឹងថាចំណូលពីការបោះពុម្ពរូបិយប័ណ្ណ គឺជាប្រាក់ចំណេញពីការដាក់ឲ្យចរាចរណ៍រូបិយប័ណ្ណ ដោយដកតម្លៃបោះពុម្ពរូបិយប័ណ្ណនោះ។ ការប្រើប្រាស់ដុល្លារច្រើនក្នុងសេដ្ឋកិច្ចបានន័យថាកម្ពុជាកំពុងតែបាត់បង់នូវចំណូលពីការបោះពុម្ពរូបិយប័ណ្ណក្នុងស្រុក។ ការសិក្សាបញ្ជាក់ថាតាមការតាមគណនាត្រួសៗ កម្ពុជាខាតបង់ប្រាក់ពី១ទៅ២ពាន់លានដុល្លារពីការខកខានមិនបានចំណូលពីការបោះពុម្ពប្រាក់ដោយប្រើប្រាស់លុយដុល្លារនៅលើទីផ្សារ។
កាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថាការកាត់បន្ថយរូបិយប័ណ្ណអន្តរជាតិនៅកម្ពុជា ត្រូវធ្វើឡើងដោយសន្សឹមៗ។ លោក ហ៊ុន សែន បញ្ជាក់ថាការបន្សល់ទុករូបិយប័ណ្ណអន្តរជាតិជាច្រើននៅកម្ពុជា ដោយសារតែកម្ពុជាឆ្លងកាត់សង្គ្រាម ជាពិសេសរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្រោយពីការរំដោះពីរបបខ្មែរក្រហម កម្ពុជាមិនបានប្រើប្រាស់រូបិយប័ណ្ណជាតិនោះទេ ដោយទីផ្សារ ធ្វើការដោះដូរទំនិញ ដោយប្រើអង្ករ និងមាស។
លោកនាយករដ្ឋមន្ត្រីបន្តថា ជនបរទេស និងជនជាតិខ្មែរមួយចំនួនអាចចោទសួរហេតុអ្វីបានជាកម្ពុជា មិនកាត់បន្ថយរូបិយប័ណ្ណអន្តរជាតិ តែលោកថា«កុំអាល សន្សឹមៗ»។ លោកបន្តថាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩៩៧ អាចជាឧទាហរណ៍មួយថា កម្ពុជាលោតមិនទាន់ខ្ពស់ ដូច្នេះការធ្លាក់វិញ ក៏មិនទាន់ឈឺដែរ។
គួរបញ្ជាក់ថា ការចាយលុយដុល្លារនៅកម្ពុជាពុំមានការហាមឃាត់ដោយច្បាប់នោះទេ។ ប្រជាជនកម្ពុជានាំគ្នាចាយលុយដុល្លារ ដោយសារតែមិនសូវមានទំនុកចិត្តទៅលើរូបិយប័ណ្ណលុយរៀល។ អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថាការដែលប្រជាជនបាត់បង់ទំនុកចិត្តលើលុយរៀល ដោយសារតែកង្វះឯករាជ្យភាពរវាងធនាគារកណ្តាល និងរដ្ឋាភិបាលកម្ពុជា។ ធនាគារជាតិកម្ពុជាអាចបោះពុម្ពលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីបំពេញតាមតម្រូវការនៃការចំណាយរបស់រដ្ឋាភិបាល ដែលនឹងបង្កឲ្យមានអតិផរណា ហើយលុយរៀលត្រូវអស់តម្លៃ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

= សូម សួរថា តើ លុយខ្មែរ ចាយនៅក្រៅ ប្រទេស គេយក ឬ ទេ ?
រូបីយប័នខ្មែរសូម្បីស្ថានខ្មោចក៏មិនទទួលស្គាល់ផង!!!