លើ​ស្ពាន​អ្នក​លឿង​ថ្មី មិន​មែន​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ទេ!

Content image - Phnom Penh Post

ភាព​អនាធិបតេយ្យ​​នៅ​កណ្តាល​ស្ពាន​ត្សឹបាសា (ស្ពានអ្នក​លឿង​)​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

វា​ហាក់​ដូច​ជា​ហួស​សម័យ​បន្តិច​ទៅ​ហើយ នៅ​ពេល​ដែល​អ្វីៗ ត្រូវ​បាន​គេ​លើក​យក​មក​ទម្លាក់​កំហុស​ដោយសារ​តែ​សង្គ្រាម ឬក៏​របប ប៉ុល​ ពត​ដដែល​ៗ​នោះ។ ដូចជា​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ដែល​លក់​ដូរ ផឹក​ស៊ី និង​ចត​កម្សាន្ត​នៅ​លើ​ស្ពាន​អ្នក​លឿង​ថ្មី (ត្សឹបាសា) ដែល​ទើប​តែ​សម្ពោធ​កាល​ពី​សប្តាហ៍​មុន​នេះ​ជា​ដើម គឺ​មិន​មែន​មក​ពី​សង្គ្រាម​នោះ​ទេ គឺ​មក​ពី​ជំងឺ​អួត​ដាក់​គ្នា​រឿង​ផឹកស៊ី កុំឲ្យ​តែ​មាន​កន្លែង​រាង​ទំនង​បន្តិច​តាំង​មាន​អ្នក​ចត មាន​អ្នក​លក់​ដូរ​ មាន​អ្នក​អង្គុយ​ដំ​កង់​ផឹក​ស៊ី​ភ្លាម​ដោយ​មិន​គិត​ពី​សុវត្ថិភាព​ ឬក៏​បញ្ហា​ដែល​អាច​កើត​មាន​ប៉ះ​ពាល់​សិទ្ធិ​អ្នក​ដទៃ​ទេ។

តើ​ការ​ដែល​យក​ស្ពាន​អ្នក​លឿង​ថ្មី ​មក​ធ្វើ​ជាក​ន្លែង​លក់​ដូរ​ហូប​ចុក​ ផឹក​ស៊ី ដែល​មិន​ចេះ​​ខ្មាស​អៀន​បែប​នេះ​មកពី​ទម្លាប់​របស់​អ្នក​ទាំង​នោះ ​ឬក៏​មក​ពី​ការ​ធ្វើ​មិន​ដឹង​មិន​ឮរ​បស់​អាជ្ញាធរ​ដែន​ដី​នៅទី​នោះ? ឬ​មួយ​មក​ពីនៅ​លើ​ស្ពាន​អ្នក​លឿង​នៅ​ចន្លោះ​កណ្តាល ​មិន​មាន​ការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​រវាង​ស្រុក​លើក​ដែក ខេត្ត​កណ្តាល និង​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង?​ ឬ​មួយ​អាជ្ញាធរ​នៅ​ទីនោះ​កំពុ​ង​តែ​រវល់​ខិតខំ​រៀប​ចំ​ធ្វើ​ប្រជាភិថុត ជាមួយ​សម្ព័ន្ធ​យុវជន​ក្នុង​អំឡុង​​ចូល​ឆ្នាំនេះ​ បាន​ជា​មិន​ខ្វល់​ខ្វាយ​រឿង​ភាព​អនាធិបតេយ្យ​នៅ​លើ​ស្ពាន​អ្នក​លឿង​ថ្មី​​បែប​នេះ?

មក​ទល់​សម័យ​នេះ​ហើយ ប្រជា​ពល​រដ្ឋ​មិន​ទាន់​យល់​នូវ​អ្វី​​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​កេរ​មរតក​របស់​ដូន​តា ​ឬ ក៏​គេ​សាង​សង់​ឲ្យ​ក៏​ដោយ។ ដូច​នៅ​តំបន់​អង្គរវត្ត​ដែល​ជា​កេរ​សល់​ពី​ដូន​តា​អ៊ីចឹង នៅ​ពេល​ដែល​ឃើញ​ខ្លួន​ជា​ម្ចាស់​ប្រទេស ម្ចាស់​ប្រាសាទ​អង្គរវត្ត​ខ្លះ​កំពុង​ដើរ​រើស​ដប​ទឹក​សុទ្ធ និង​កំប៉ុង​ទឹក​ក្រូច​តាម​ផ្លូវ​ ធុង​សំរាម ឬក៏​រង់​ចាំ​ភ្ញៀវ​ទេសចរ ពេល​គេ​ផឹក​អស់​ន្អាលនឹង​រើស​យក​សម្បក​កំប៉ុង​ ឬ​ដប​ទឹក​សុទ្ធ​ពីគេ។

តើឯណា​ទៅ​ខ្លួន​ជា​ម្ចាស់​អង្គរ​វត្ត​យ៉ាង​ម៉េច? បើ​អត់​ស្គាល់​តម្លៃ​ខ្លួន​ឯង​គួរ​ឲ្យ​ខ្មាសអៀន​ភ្ញៀវ​បន្តិច​សោះអ៊ីចឹង? ម្យ៉ាង​វិញទៀត មិន​បាច់​​មើល​ទៅ​​ឆ្ងាយទេ គ្រាន់​​តែ​ផ្លូវ​រថភ្លើង ២ ខ្សែ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅ​អូរជ្រៅ ដែល​ជា​កេរ​អតីត​សម្តេច​ឪ ក៏ថែ​ទាំ​មិន​គង់វង្ស​ល្អ​ផង ​មាន​តាំង​ពី​ដាក់​គ្រាប់​មីន​បំផ្ទុះ​រថភ្លើង​ ដើម្បី​ប្លន់​អ្នក​រកស៊ី​អ្នក​ដំណើរ ឯ​អ្នក​ខ្លះ​ទៀត​យ៉ាង​ហោច​ណាស់​ឈរ​នោម ឬក៏​បន្ទោបង់​ដាក់​កំ​ណល់​ផ្លូវ​រថភ្លើង​នោះដែរ។

ភាព​កញ្ជើ​ធ្លុះ ក្នុងការ​ថែ​ទាំ​ទ្រព្យ​សម្បត្តិ​រដ្ឋ​បែប​នេះក៏​មាន​ស្ពាន​ជ្រោយ​ចង្វារ​ដែល​ប្រទេស​ជប៉ុន​គេ​សាង​សង់​ឲ្យ​ហើយ​ ក៏បែក​ក្រ​ហេង​ក្រហូង​មិន​ខ្ចី​ជួស​ជុល​ឲ្យល្អ​ដែរ នេះ​សុទ្ធ​តែ​ពួក​ចាក់​ស្តើង​ស៊ី​ក្រាស់។ ហ្នឹង​ដែល​ហៅ​ថា​ជំងឺ​អត់​មារយាទ​នោះ​ឯង ​ដែល​មិន​បង្ហាញ​ខ្លួន​ជា​ម្ចាស់​ទ្រព្យ​សម្បត្តិ​​ទាំង​នោះ​សោះ​ឡើយ។

ឥឡូវ​ចូល​ដល់​បញ្ហា​នៅ​លើ​ស្ពាន​អ្នក​លឿង​ថ្មី​នេះ ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ធ្វើ​ត្រាប់​តាម​អ្នក​មានៗ​ដែល​គ្មាន​សណ្តាប់​ធ្នាប់​មក​លេង​កោះ​ពេជ្រ​ឈប់​ឡាន​ទាញ​គ្រឿង​ក្លែម ​និង​ធុង​ទឹក​កក​មក​មាន​ស្រា​ផឹក​ស៊ី​កម្សាន្ត​ក្រោម​ដើម​ស្វាយ​ យ៉ាង​ព្រងើយ​គ្មាន​ជំ​ពាក់​នរណា​មួយ​រៀល​ នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​កោះ​ពេជ្រ។

បើ​យើង​ពិចារណា​ឡើង​វិញ​ តើ​តាំង​ពី​ដូនតា​មក​ហើយ យើង​ឆ្លង​តែទូក កាណូត ​និង​សាឡាង​ទេ ចុះ​ឥឡូវ​យើង​បាន​ស្ពាន​ថ្មី​ហើយ ហេតុ​អ្វី​បាន​ជា មិន​នាំ​គ្នា​ថែ​ទាំ​វា? បើ​មិន​បាន​អី​ក៏​ខ្មាស​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ថវិកា​សាង​សង់​ស្ពាន​នេះ​បាន​មក​ពីការ​បង់​ពន្ធ​របស់​ពួកគេ​ចំណាយ​ជាង ១០០ លាន​ដុល្លារ​ សម្រាប់​ស្ពាន​នេះ ចុះ​បើ​ពួក​គេ​មក​ឃើញ​យើង​លក់​ដូរ​ ផឹកស៊ី បោះ​ចោល​សំរាម​ចូល​ក្នុង​ទឹក និង​ពង្រាយ​ពាស​វាល​ពាស​កាល ​ហើយ​ពួកគេ​ដើរ​មក​ប្រមូល​សំរាម​ទាំង​នេះ​វិញ​វាជា​រឿង​មួយ​គួរ​ឲ្យខ្មាស​អៀន​ណាស់ និង​ធ្វើ​ឲ្យ​អាប់​ឱនជាតិ​ទៀត​ផង? តើ​កិច្ចការ​ទាំង​នេះ ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​បាន​នាំ​គ្នា​ធ្វើ​ឬ​អី? ឬក៏​ចាំ​ទាល់​តែ​ត្រូវ​ដក​តំណែង​ចេញ​ដូច​លោក​ស្នង​ការ​ខេត្ត​ព្រះ​សីហនុ​ រឿង​ដោះ​ស្រាយ​សុវត្ថិភាព​មិន​បាន​នោះ​ បាន​នាំ​គ្នា​ចែក​ជើង​គ្នា? ឬក៏​ឥរិយាបថ​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​ផ្លាស់​ប្តូរ​អវិជ្ជមាន​ដែល​មិន​​មាន​ភាព​ជា​ម្ចាស់​នេះ មកពី​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ទឹក​ដី​ព្រៃ​ឈើ ​ដីធ្លី​ បឹងបួ​ទៅ​ឲ្យ​វិនិ​យោគទុន​ជន​បរទេស ​និង​ឈ្មួញ​ក្នុង​ស្រុក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពល​រដ្ឋ​គិត​ថា​អ្វីៗ​​ខ្លួន​មិន​មែន​​ជា​ម្ចាស់​ទៀត​នោះ?

បញ្ហា​លក់​ដូរ​ ផឹ​កស៊ី ​ចោល​សំរាម​ និង​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​អ្នក​លឿង​ថ្មី​ ជា​រឿង​មួយ​ តែ​រឿង​មួយ​ទៀត​ គឺ​អំពើ​ពុក​រលួយ​បណ្តោយ​ឲ្យ​រថយន្ត​កុង​តឺ​ន័រ​ដឹក​លើស​ទម្ងន់​នឹង​ការ​លក់​ពោត​ស្ងោរ​មាន​ភ្លើង​ក្តៅ​ នៅ​លើ​ផ្លូវ​ចុះពី​ស្ពាន​ដែល​ជា​​បញ្ហា​គ្រោះ​ថ្នាក់​ទាំង​ស្ពាន​ ទំាង​គ្រោះ​ថ្នាក់​ចរាចរណ៍ តើ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ​ទាល់​តែ​យក​កម្លាំង​ចម្រុះ​ពី​ភ្នំពេញ​បាន​ដោះ​ស្រាយ​បាន ​ដូ​ចនៅ​ខេត្តព្រះ​សីហនុ​ឬ​?

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ អ៊ីមែល soprach.tong@phnompenhpost.com


What Next?

Recent Articles

5 Responses to "លើ​ស្ពាន​អ្នក​លឿង​ថ្មី មិន​មែន​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ទេ!"

  1. people says:

    unbelievable’ people ‘ please make yourself a good moral .this is the bridge not the market place or restaurant ‘it look ugly to see theses people on the new bridge and drink ,scatter the rubbish everywhere .the authority must look after kick them out if they still do the polices must have the job to clean or kick them out or fine them .the government must draw the law quickly and fine them otherwise they never learn.GOD bless all cambodian people’

  2. Khmer ISO says:

    Why don’t the local authorities take legal action???

  3. Judge says:

    កុំព្រួយអោយសោះអស់លោក កន្លងមកថ្មីៗនេះ លោកអគ្គស្នងការបានប្តេជ្ញារួចស្រេចហេីយក្នុងការថែរក្សាសុវត្ថិភាព និងរបៀបរៀបរយ ជូន។ សង្ឃឹមថា បំរាមនៅគល់ស្ពាន និងកណ្តាលស្ពាននឹង បន្ថយនូវអំពេីខ្វះសណ្តាប់ធ្នាប់បែបនេះ។
    ឬមួយក៏ សួននិងការហូបចុក សាធារណៈ ត្រូវសង់ឡេីង អាស្រ័យទៅលេីការរៀបចំរបស់ខ័ណ្ឌ និង ក្រុង និងនគររូបនិយកម្ម ។ នគរបាលនឹងពង្រឹងសណ្តាប់ធ្នាប់នេះ។
    សំនៀង

  4. Battambang says:

    It’s so naïve! Why do they do that?

  5. ពលរដ្ឋកម្ពុជា says:

    ប្រជាជនខ្មែរមួយចំនួនដូចជាអត់របបពេកហើយ
    ហើយក៍ចូលចិត្តអំពើថោកទាបឱ្យបរទេសរិះគន់ដែរ
    នេះមកពីរដ្ឋាភិបាល ហ៊ុន សែនល្ងង់ខ្លៅនេះ មួយថ្ងៃៗ
    គិតតែពីផលប្រយោជន៍របស់ខ្លួន ។