ដោយ យន់ សាមៀន
2015-04-15
RFA

លោក សម រង្ស៊ី (ឆ្វេង) និងលោក កឹម សុខា (កណ្ដាល) ជជែកជាមួយលោក ហ៊ុន សែន ក្រោយចេញពីជំនួបប្រជុំកំពូលកាលពីថ្ងៃទី២២ កក្កដា ២០១៤ នាវិមានព្រឹទ្ធសភា។ RFA/Tin Zakariya
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយរិះគន់វប្បធម៌សន្ទនារបស់មេដឹកនាំ គណបក្សកាន់អំណាច និងបក្សប្រឆាំងថា នឹងបណ្ដាលឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ និងបក្សប្រឆាំង។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំបក្សទាំងពីរបន្តអះអាងថា វប្បធម៌ថ្មីនេះនឹងបានជាប្រយោជន៍ជាតិ និងសន្តិភាព។
ប្រមុខដឹកនាំរដ្ឋាភិបាលអះអាងថា អង្គរសង្ក្រាន្ត ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសារតែមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងបានដឹកដៃគ្នា ប្ដីជាមួយប្ដី និងប្រពន្ធមួយប្រពន្ធ ចូលរួមពិធីចូលឆ្នាំថ្មី កាលពីថ្ងៃទី១៤ មេសា។ ក្នុងពិធីនោះ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានអង្គុយស្ដាប់សន្ទរកថា របស់លោក ហ៊ុន សែន នឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលមានរយៈពេលប្រមាណមួយម៉ោង និងសាមសិបនាទី។ សារសំខាន់របស់លោក ហ៊ុន សែនគឺត្រូវបញ្ចប់វប្បធម៌សងសឹក បែរទៅរកវប្បធម៌សន្ទនា។
អ្នកវិភាគនយោបាយ បណ្ឌិត កែម ឡី បញ្ជាក់ថា វប្បធម៌សន្ទនារវាង លោក សម រង្ស៊ី និង លោក ហ៊ុន សែន អាចជាគ្រោះថ្នាក់មួយដល់ប្រទេសជាតិ ពិសេសគណបក្សប្រឆាំងតែម្ដង។ លោកថា ប្រជាប្រិយភាពបក្សប្រឆាំងអាចនឹងបាត់បង់ ប្រសិនបើគណបក្សនេះបន្តស៊ុមគ្រលុំ និងបក្សកាន់អំណាចដើម្បីប្ដូរយកតំណែង និងលាភសក្ការៈផ្សេងទៀត។
បណ្ឌិត កែម ឡី បញ្ជាក់ទៀតថា កន្លងមកបក្សប្រឆាំងទទួលបានការគាំទ្រ ដោយសារតែគណបក្សធ្វើការរិះគន់រដ្ឋាភិបាលបណ្ដាលឲ្យមានការកែទម្រង់ខ្លះ។ ប្រសិនបើបក្សប្រឆាំងឈប់រិះគន់រដ្ឋាភិបាលនោះ ពលរដ្ឋនឹងបាត់បង់ប្រយោជន៍ ហើយប្រទេសជាតិនឹងគ្មានការកែទម្រង់ឡើយ៖ «យើងឃើញពេលគណបក្សប្រឆាំង ដើរតួសំខាន់មែនទែននោះ មន្ត្រីរាជការបានឡើងប្រាក់សមរម្យ។ ពេលបក្សប្រឆាំងសហការ នឹងសហជីពកម្មករបានឡើងប្រាក់ខែគួរសម។ រដ្ឋាភិបាលត្រៀមកែច្រើនណាស់កន្លងមក ក្រោយការបោះឆ្នោតប្រសិនបើបក្សប្រឆាំងនៅខ្លាំង គណបក្សប្រជាជនកម្ពុជានឹងដំក្បាលចុះហើយ»។
លោកក៏រំលឹក គណបក្សសង្គ្រោះជាតិចំពោះប្រវត្តិគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបានបាត់បង់ការគាំទ្រទាំងស្រុង ដោយសារតែចូលរួមនឹងបក្សប្រជាជនកម្ពុជានោះ។
ចំណែកមន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត វិញ ស្នើឲ្យលោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្តរក្សាវប្បធម៌សន្ទនា កុំប្រើប្រាស់តែមួយរយៈពេលខ្លី៖ «គណបក្សសង្គ្រោះជាតិប្រសិនបើធ្វើដូចគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំគិតថានឹងចុះប្រជាប្រិយភាពហើយដូចជាការដុតផ្នែកនយោបាយខ្លួនឯង»។
ពាក់ព័ន្ធនឹងក្ដីកង្វល់របស់អង្គការសង្គមស៊ីវិលនេះ មន្ត្រីនាំពាក្យបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា វប្បធម៌សន្ទនានោះ ដើម្បីដោះស្រាយវិបត្តិនយោបាយ ប៉ុន្តែគណបក្សប្រឆាំងនឹងរក្សាគោលជំហរបក្សដដែល។ លោកមិនគិតថា គណបក្សសង្គ្រោះជាតិនឹងមានវាសនាដូច គណបក្ស ហ៊្វុនស៊ិនប៉ិចឡើយ៖ «ពាក្យសន្ទនាមានជាការជជែកគ្នា។ ប៉ុន្តែហើយបង្ហាញថាអ្វីដែលមានត្រឹមត្រូវ ហើយត្រូវកែលម្អ ហើយយើងត្រូវបានបន្តការតាមដានបន្តទៅទៀត»។
នៅក្នុងពិធីអង្គរសង្ក្រាន្តនៅខត្តសៀមរាប លោក ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី ជាដៃគូដ៏ល្អមួយ និងជាសហស្ថាបនិកនៃវប្បធម៌សន្ទនា។ ក្រៅតែពីសហការគ្នាធ្វើឲ្យប្រទេសមានសន្តិភាពនោះ លោក និងលោក សម រង្ស៊ី នឹងជំរុញឲ្យបំបាត់ការអើសអើងពូជសាសន៍ប្រទេសជិតខាងថែមទៀតផង។
បើតាមការបញ្ជាក់របស់លោក ហ៊ុន សែន ទំនាក់ទំនងរវាងមេដឹកនាំបក្សប្រឆាំង និងលោក មិនត្រឹមតែក្នុងក្របខ័ណ្ឌការងារនោះទេ គឺថែមទាំងជាលក្ខណៈបុគ្គលទៀតផង។ លោកថា អ្នកទាំងពីរ ធ្លាប់ផ្ញើសារផ្លាស់ប្ដូរ មានទាំងរូបភាពទៅវិញទៅមកផង តាមរយៈបណ្ដាញសង្គមដូចជាវ៉ាយប័រ (Viber) ជាដើម នៅពេលលោក សម រង្ស៊ី និងភរិយានៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រធានគ.ជ.បថ្មីលោក ស៊ិក ប៊ុនហុក សរសើរការងាររបស់គ.ជ.បចាស់
- តុលាការដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់និងព្រះសង្ឃ៣អង្គ
- អ្នកនយោបាយបង្ហាញមោទនភាពចំពោះវប្បធម៌សន្ទនានៅមុនពិធីបុណ្យចូលឆ្នាំថ្មី
- សមាជិកគ.ជ.បថ្មីទាំង៩នាក់ស្បថចូលបំពេញការងារ
- សកម្មជនដីធ្លី១០នាក់ជាស្ត្រីត្រូវបានដោះលែងពីពន្ធនាគារព្រៃស
- សកម្មជននយោបាយនិងសកម្មជនដីធ្លី១៩នាក់អាចនឹងត្រូវដោះលែងមុនចូលឆ្នាំថ្មី
ឆាវៗចាប់ស្ដេចគំរាមមន្រ្តីខ្ញុំដឹកដៃស៊ីក្ដោបប្រជាប្រិយភាព !
It’s better to talk to each other face to face than attacking each other with bad words or weapons.
the culture of conversation, negotiation, was a must for every countries in the world. without this kind of dialogue the world can not be safe. please thinking about that, do not just saying without reason. even right now the world is in a big problem it’s depending on this negotiation and conversation……….peace for our nation
គាំទ្រៗ សូមជូនពរឱ្យបានជោគជ័យនាំមកនូវសុខសន្តិភាពដល់ខ្មែរគ្រប់រូប !
i support mr ?? 100% ‘we should learn from the democracy country like USA or western country for the sake of people and for the nation .it is enough to kill each other and we should followed the real democracy ,law and order ,equality ,respect each and all the same even you are big boss or top government but must respect ordinary people because people have their own duty or own job not abuse the lower rank and all people must have the same justice.GOD bless all cambodian people’