ដោយ ម៉ៅ សុធានី
2015-04-16
RFA

ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) RFA
មន្ត្រីសង្គមស៊ីវិលខ្លះមានទស្សនៈថា ដំណើរការចាត់ចែងការបោះឆ្នោតនាពេលខាងមុខ នៅតែមានបញ្ហាកើតឡើង បើទោះបីជាមានការប្ដេជ្ញារបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីក៏ដោយ។ ការលើកឡើងនេះ គឺផ្អែកទៅលើនីតិវិធីក្នុងសេចក្តីតាក់តែងច្បាប់ថ្មីនេះ និងគោលជំហររបស់ក្រុមអ្នករៀបចំការបោះឆ្នោត។
នាយិកាប្រតិបត្តិអង្គការសីលការ (SILAKA) អ្នកស្រី ធីតា ឃិះ បង្ហាញក្តីសង្ឃឹមតិចតួចអំពីដំណើរការចាត់ចែងការងាររបស់ គ.ជ.បថ្មី ទៅថ្ងៃអនាគត។ អ្នកស្រីលើកហេតុផលថា ខ្លឹមសារច្បាប់របស់ គ.ជ.បថ្មីនេះមិនមានតម្លាភាព និងបន្ថយការចូលរួមរបស់សង្គមស៊ីវិល និងជាពិសេស គឺគោលជំហរស្មោះត្រង់របស់សមាជិកភាព គ.ជ.បថ្មីទាំងនោះ៖ «និយាយតាមត្រង់ទៅដូចជាមិនទុកចិត្ត ដូចជាមិនដំណើរការល្អប្រហែល ៤០% មិនបាន ៥០% ផង ពីព្រោះរបៀបសរសេរច្បាប់មិនសូវមានតុល្យភាព និងកាត់បន្ថយលទ្ធភាពរបស់សង្គមស៊ីវិលក្នុងការចូលរួម។ យើងអត់ទាន់ឃើញគេរៀបចំអគ្គលេខាធិការ និងបុគ្គលិកគាំទ្រ ព្រមទាំងយន្តការទទួលថវិកា ដើម្បីដំណើរការហ្នឹងមិនទាន់ឃើញរៀបចំយ៉ាងម៉េច…»។
អ្នកស្រី ធីតា ឃិះ បន្តថា បញ្ហាសំខាន់នៃស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះ គឺអព្យាក្រឹតភាព និងតម្លាភាពរបស់មន្ត្រីរាជការដែលត្រូវជ្រើសរើសចូលរួមក្នុងដំណើរការបោះឆ្នោត និងភាពស្មោះត្រង់របស់សមាសភាពទាំង ៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
សមាជិក គ.ជ.បថ្មីទាំង ៩រូបនោះរួមមាន លោក ស៊ិក ប៊ុនហុក ជាប្រធាន និងសមាជិក ៣នាក់ផ្សេងទៀត គឺលោក មាន សទិ លោក ឌុច សុន លោក ឯម សូផាត ពីខាងគណបក្សប្រជាជនកម្ពុជា។ ចំណែកពីខាងគណបក្សសង្គ្រោះជាតិ វិញរួមមាន លោក គួយ ប៊ុនរឿន ជាអនុប្រធាន អ្នកស្រី តែ ម៉ានីរ៉ុង លោក រ៉ុង ឈុន និងលោក ហ៊ីង ធីឫទ្ធិ ហើយសមាជិកទី៩ គឺលោក ហង្ស ពុទ្ធា ជ្រើសរើសពីអង្គការសង្គមស៊ីវិល។
ក្នុងពិធីប្រកាសផ្ទេរតំណែងសមាសភាព គ.ជ.បថ្មី កាលពីថ្ងៃទី១៣ ខែមេសា លោកប្រធាន ស៊ិក ប៊ុនហុក ប្ដេជ្ញាថានឹងប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយឯករាជ្យ អព្យាក្រឹត្យ និងតម្លាភាព ដើម្បីធានាឲ្យការបោះឆ្នោតក្នុងពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីទទួលយកបាន។ បន្ថែមពីនេះ សមាជិកភាពទាំងអស់ក៏បានប្ដេជ្ញាផងដែរថា នឹងចាត់ចែងការរៀបចំបោះឆ្នោតទៅតាមបទដ្ឋានបច្ចេកទេសមួយដ៏សមរម្យ ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
ចំណែកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មរបស់អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមថា គ.ជ.បថ្មីនេះនឹងមានដំណើរការល្អ ទទួលបានជោគជ័យ និងបញ្ចៀសរាល់បញ្ហាដែលនាំឲ្យរាំងស្ទះនយោបាយក្រោយការបោះឆ្នោតនាពេលខាងមុខ៖ «ខ្ញុំមានសង្ឃឹមមែនទែនទៅ សង្ឃឹមថាក្រុមការងារនេះនឹងជួយកាត់បន្ថយ និងបំបាត់មិនឲ្យមានវិបត្តិនយោបាយជារៀងរាល់ពេលក្រោយការបោះឆ្នោតតទៅទៀត។ ម្យ៉ាងទៀត ខ្ញុំក៏សង្ឃឹមដែរថា មេដឹកនាំនយោបាយធំៗដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រកាស និងបង្ហាញទឹកចិត្តរួមថា សមាជិក គ.ជ.បថ្មីនេះ ត្រូវលាលែងពីបក្សនយោបាយ និងគិតគូរធ្វើការតាមវិជ្ជាជីវៈ ដោយមិនស្តាប់បង្គាប់បញ្ជាពីខាងណាឡើយ។ ចំណុចនេះហើយ ខ្ញុំគិតថា ស្ថាប័ននេះនឹងធ្វើឲ្យជាតិបានសុខតាមរយៈជ្រើសរើសមេដឹកនាំខ្មែរក្នុងរបបប្រជាធិបតេយ្យនេះ…»។
ទោះជាមានការប្ដេជ្ញាចិត្តរបស់មន្ត្រីស្ថាប័ន គ.ជ.បថ្មី ឬការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ថានឹងប្រឹងប្រែងអនុវត្តដំណើរការបោះឆ្នោតឲ្យមានប្រសិទ្ធភាព និងតម្លាភាពក៏ដោយ អ្នកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិអង្គការសីលការ អំពាវនាវសុំឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសគឺយុវជន និងមន្ត្រីសង្គមស៊ីវិល យកចិត្តទុកដាក់បន្ថែម ដើម្បីពិនិត្យមើលដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូបង្រៀននៅពោធិ៍សាត់ចោទប្រធានមន្ទីរអប់រំថារើសអើងនិន្នាការនយោបាយ
- អូស្ត្រាលីនឹងបញ្ជូនជនភៀសខ្លួនលើកដំបូងពីកោះណាវរូមកកម្ពុជានៅក្រោយចូលឆ្នាំ
- បក្សប្រឆាំងនិងអង្គការសិល្បៈខ្មែរអមតៈគ្រោងប្រារព្ធពិធីរំឭកខួបថ្ងៃទី១៧មេសា
- គ.ជ.បថ្មីនឹងជ្រើសរើសអគ្គលេខាធិការក្រោយចូលឆ្នាំ
- សង្គមស៊ីវិលនិងអ្នកវិភាគរិះគន់វប្បធម៌សន្ទនារបស់មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរ
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រធានគ.ជ.បថ្មីលោក ស៊ិក ប៊ុនហុក សរសើរការងាររបស់គ.ជ.បចាស់
មានន័យថា ពុំល្អដូច គជប. របស់ លោក អ៊ឹម សួស្តី ទេ។
ប្រាប់ទៅ លោកស្រី ស្អីគេនេះ ផង ថា « រដ្ឋសភា មានតំណាងរាស្ត្រ ១២៣ នាក់ ដែលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ប្រមាណ ៦ លាន នាក់ នោះ ពុំមានតម្លៃស្មើលោកស្រី ម្នាក់ ដែលមិនដឹងថា ខ្លួនឯងកកើត ចេញពីស្អី ផង នោះទេ មែនទេ។
ល្មមហើយ ល្មមទុកឲ្យគេធ្វើការសិន!
ទម្រាំកើតចញជា គជប. ថ្មី នេះ តើគេបានធ្វើអ្វីខ្លះ?
ឲ្យគេធ្វើការសិនទៅ!