ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះបានប្រកាសថាសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងរងការទិតៀន ត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ដោយអំពាវនាវកុំឲ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែឧសភានេះ ឲ្យដឹងថាក្នុងរយៈពេលថ្មីៗកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមជ្ឈដ្ឋានមួយចំនួនបានសម្តែងនូវចំណាប់អារម្មណ៍ និងមានកង្វល់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការតម្រូវឲ្យមានច្បាប់ស្តីពីសមគម និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីប្រកាសបន្តថារដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីសារសំខាន់នៃការចូលរួមចំណែកមិនអាចខ្វះបានរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជាលើគ្រប់វិស័យ។ ក្រសួងមហាផ្ទៃបញ្ជាក់ថាច្បាប់នេះ នឹងលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខណ្ឌនីតិរដ្ឋ ព្រមទាំងលើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសង្គមស៊ីវិលលើគ្រប់វិស័យតាមគោលការណ៍ប្រជាធិបតេយ្យ។
បើតាមសេចក្តីប្រកាស ក្នុងដំណាក់ការរៀបចំសេចក្តីព្រាងច្បាប់នេះ ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលបានធ្វើការសិក្សាស្រាវជ្រាវនូវបទពិសោធន៍ និងការអនុវត្តជាអន្តរជាតិអំពីក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធនឹងការបង្កើត និងការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីប្រកាសបន្តថាតាមរយៈការសិក្សាស្រាវជ្រាវបង្ហាញថាការបង្កើតសមាគម ឬអង្គការមិនមែនរ្ឋាភិបាល គឺជាសិទ្ធពលរដ្ឋ ប៉ុន្តែក៏មានភ្ជាប់ជាមួយកាតព្វកិច្ចមួយចំនួនក្នុងការអនុវត្តសិទ្ធិនៃផងដែរ។ សេចក្តីប្រកាសបន្ថែមថា«ទន្ទឹមនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំដោយផ្នែក និងគិតគូរគ្រប់ជ្រុងជ្រោយលើមូលដ្ឋាននៃធាតុចូល ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិចំនួន២លើក ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងពីមតិយោល់នានាដែលទទួលបានពីជំនួបពិភាក្សាដោយឡែកៗពីគ្នាជាច្រើន លើកច្រើនសារវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាមួយតំណាងស្ថានទូត និងតំណាងអង្គការស៊ីវិលជាតិ និងអន្តរជាតិ»។
ក្រសួងមហាផ្ទៃបញ្ជាក់ថា«សេចក្តីព្រាងច្បាប់បានផ្អែកលើបទពិសោធន៍ និងការអនុវត្តដូចបណ្តាប្រទេសនានាលើសកលលោក។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងលើមូលដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ដូច្នេះការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួនទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គឺមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតប្រាកដនៃសេចក្តីព្រាងច្បាប់នេះទេ»។
ការបកស្រាយរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលរាប់រយបានស្នើឲ្យផ្តល់សេចក្តីព្រាងច្បាប់ជាផ្លូវការដល់សាធារណជន និងទាមទារឲ្យបើកទូលាយក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផ្សេងៗ។ ពាក់ព័ន្ធនឹងការទិតៀនសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៤ដែលរិះគន់សេចក្តីព្រាងច្បាប់នេះ មកសាកសួរ។ ទីភ្នាក់ងារទាំង៤នោះរួមមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ (UNICEF) អង្គការសហប្រជាជាតិ ដើម្បីស្ត្រី (UN Women) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសកម្ពុជាបានដាក់កំណត់ទូតមួយទៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការរិះគន់របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd)លើសេចក្តីព្រាងច្បាប់។ កំណត់ទូតបានក្រើនរំឭកលោក វាលៀម ថដ ពីការជ្រៀតជ្រែកកិច្ចការកម្ពុជា ពាក់ព័ន្ធនឹងករណីលោករិះគន់សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងសមាគម ដែលរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាង។
បើតាមសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលកាលពីកន្លងទៅ បានឲ្យដឹងថាអង្គការសង្គមស៊ីវិលបានធ្វើការភាពជាដៃគូជាមួយរដ្ឋាភិបាលជាង៣០ឆ្នាំមកហើយ ក្នុងការស្តារ ការផ្សះផ្សារជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងការអភិវឌ្ឍលើវិស័យផ្សេងៗទៀត។ បើតាមសេចក្តីថ្លែងការណ៍ ក្នុងឆ្នាំ២០១២ អង្គការសង្គមស៊ីវិលប្រមាណ១១៣០បានចូលរួមចំណែកថវិកាចន្លោះពី៦០០ទៅ៧០០លានដុល្លារអាមេរិក ដើម្បីគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លងគណៈរដ្ឋមន្រ្តី ក្នុងខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ ដោយលោកអំពាវនាវឲ្យមានការផ្តល់យោបល់ជាជាងការរារាំងកុំឲ្យមានការអនុម័តច្បាប់នេះ។ លោកបន្តថាការបង្កើតច្បាប់នេះ គឺដើម្បីការគ្រប់គ្រងមួយ មិនមែនដើម្បីរារាំងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលនោះទេ។
អានអត្ថបទ….
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«អង្គការក្រៅរដ្ឋាភិបាលកុំជ្រួលជ្រើមពេក ល្មមៗបានហើយ អស់លោកមិនទាន់មានសិទ្ធិអនុម័តនោះទេ។ លោកចង់និយាយក៏និយាយទៅចុះ ក៏ប៉ុន្តែសិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភា គឺអនុម័តហើយ…ប្រហែលចាប់ពីខែ៥(ឧសភា)ហ្នឹងទៅ គឺប្រជុំដាក់ចូលគណៈរដ្ឋមន្រ្តីហើយចង់នរណាគាំទ្រឬមិនគាំទ្រ សំឡេងរបស់សមាជិកសភាដែលមានសិទ្ធិអនុម័ត៥០បូក១គឺគ្រប់គ្រាន់ដើម្បីនឹងអនុម័ត។ យល់ល្អផ្តល់មតិវិញ ជៀសវាងទប់ស្កាត់មិនឲ្យចេញ»
បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប៤៣៧៨(សមាគម១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល២៦៧២)។ របាយការណ៍បន្តថានៅក្នុងឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៣៩(សមាគម ១៧៧ និងអង្គការមិនមែនរដ្ឋាភិបាល៣៦២)៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

មន្រ្តីគណបក្សប្រជាជនបង្កើតច្បាប់នេះ ដើម្បីបំបាត់សម្លេងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
ឯអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ អាចទំនើងជេរប្រមាថប្រើពាក្យអសុរោះទៅលើ
ពួកអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនិងគណបក្សដទៃទៀតបានតាមចិត្ត គ្មានទោសពៃអីទេ ។